ក្រិត្យវិន័យស្តីអំពីជំងឺសើស្បែក1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ 2 «កាលណាមនុស្សម្នាក់មានដុំពកនៅលើស្បែក កើតស្រែង ឬកើតភ្លឺ ហើយក្លាយទៅជាជំងឺសើស្បែក ដូចកើតឃ្លង់ គេត្រូវនាំមនុស្សនោះមកជួបអ៊ីមុាំហារូន ឬកូនប្រុសណាម្នាក់របស់គាត់។ 3 អ៊ីមុាំពិនិត្យស្នាមនៅលើស្បែក ប្រសិនបើរោមដែលដុះនៅត្រង់នោះប្រែជាមានពណ៌ស រីឯស្បែកហាក់ដូចជាស្រុតចុះ បានសេចក្តីថា អ្នកនោះកើតឃ្លង់ហើយ។ ក្រោយពីបានពិនិត្យរួច អ៊ីមុាំត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។ 4 ប្រសិនបើជំងឺនោះគ្រាន់តែជាស្នាមភ្លឺពណ៌ស ស្បែកមិនស្រុត ហើយរោមក៏មិនប្រែទៅជាពណ៌សដែរនោះ អ៊ីមុាំត្រូវនាំអ្នកជំងឺឲ្យទៅនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។ 5 លុះគំរប់ប្រាំពីរថ្ងៃ អ៊ីមុាំត្រូវពិនិត្យមើលម្តងទៀត ប្រសិនបើសង្កេតឃើញថា ស្នាមដែលកើតឡើងនោះ ពុំបានប្រែប្រួល ហើយមិនរាលធំទៅលើស្បែកថែមទៀតនោះ អ៊ីមុាំត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។ 6 នៅថ្ងៃទីប្រាំពីរ អ៊ីមុាំត្រូវពិនិត្យសាជាថ្មីម្តងទៀត ប្រសិនបើស្នាមនោះប្រែជាស្រអាប់ ហើយមិនរាលទៅលើស្បែកទេអ៊ីមុាំត្រូវប្រកាសថា អ្នកនោះជាមនុស្សបរិសុទ្ធ គឺគ្រាន់តែកើតស្រែងប៉ុណ្ណោះ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគាត់បានបរិសុទ្ធ។ 7 ប៉ុន្តែ ក្រោយពេលដែលអ៊ីមុាំប្រកាសថា គាត់បានបរិសុទ្ធ ហើយស្រាប់តែស្រែងរាលធំឡើងថែមទៀត អ្នកនោះត្រូវត្រឡប់មកជួបអ៊ីមុាំវិញ។ 8 អ៊ីមុាំពិនិត្យជំងឺរបស់គេសាជាថ្មី ហើយពេលគាត់សង្កេតឃើញស្រែងបានរាលធំនៅលើស្បែក លោកត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ គឺកើតឃ្លង់។ 9 កាលណាមនុស្សម្នាក់កើតឃ្លង់ គេត្រូវនាំអ្នកនោះទៅជួបអ៊ីមុាំ 10 ហើយអ៊ីមុាំពិនិត្យអ្នកជំងឺនោះ។ ប្រសិនបើគាត់សង្កេតឃើញមានដុំពកពណ៌សនៅលើស្បែក ហើយដុំពកនោះធ្វើឲ្យរោមប្រែជាមានពណ៌ស និងមានសាច់ខ្ចីដុះចេញពីដុំពក 11 នោះបានសេចក្តីថាអ្នកជំងឺកើតរោគឃ្លង់រ៉ាំរ៉ៃ។ អ៊ីមុាំត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ។ ក្នុងករណីនេះ អ៊ីមុាំមិនចាំបាច់ឲ្យគាត់នៅដាច់តែឯងទេ ដ្បិតគាត់មិនបរិសុទ្ធរួចទៅហើយ។ 12 ផ្ទុយទៅវិញប្រសិនបើអ៊ីមុាំឃើញថា រោគឃ្លង់កើតពេញនៅលើស្បែក ហើយរាលដាលពេញខ្លួនអ្នកជំងឺ តាំងពីក្បាលដល់ជើងនោះ 13 អ៊ីមុាំត្រូវពិនិត្យមើលដោយម៉ត់ចត់។ បើគាត់សង្កេតឃើញថារោគឃ្លង់កើតពេញខ្លួនអ្នកជំងឺ គាត់ត្រូវប្រកាសថា អ្នកជំងឺនេះជាមនុស្សបរិសុទ្ធ ដ្បិតរូបកាយរបស់គាត់ប្រែជាមានពណ៌សទាំងអស់ ដូច្នេះបានសេចក្តីថាគាត់បរិសុទ្ធ។ 14 ប៉ុន្តែ នៅថ្ងៃណា គេសង្កេតឃើញមានសាច់ខ្ចីដុះចេញពីខ្លួនគាត់ នោះគាត់នឹងទៅជាមិនបរិសុទ្ធ។ 15 អ៊ីមុាំឃើញសាច់ខ្ចី គាត់ត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ ដ្បិតសាច់ខ្ចីបញ្ជាក់ពីភាពមិនបរិសុទ្ធទេ ដូច្នេះ អ្នកនោះកើតឃ្លង់ហើយ។ 16 ប្រសិនបើសាច់ខ្ចីនោះប្រែជាមានពណ៌សវិញ អ្នកជំងឺត្រូវទៅជួបអ៊ីមុាំ។ 17 អ៊ីមុាំត្រូវពិនិត្យមើលគាត់ ប្រសិនបើឃើញថាដំបៅប្រែជាមានពណ៌ស អ៊ីមុាំត្រូវប្រកាសថា អ្នកជំងឺនោះជាមនុស្សបរិសុទ្ធ។ 18 ពេលមនុស្សម្នាក់កើតដំបៅ នៅលើស្បែករួចបានជាវិញ 19 ហើយប្រសិនបើឃើញមានដុំពកពណ៌ស ឬស្នាមក្រហមព្រឿងៗ លេចឡើងត្រង់កន្លែងដែលកើតដំបៅនោះ អ្នកជំងឺត្រូវតែទៅជួបអ៊ីមុាំ។ 20 អ៊ីមុាំត្រូវពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះខូងចូលទៅក្នុងស្បែក ហើយរោមប្រែជាមានពណ៌ស អ៊ីមុាំត្រូវប្រកាសថាអ្នកជំងឺជាមនុស្សមិនបរិសុទ្ធ ព្រោះមានរោគឃ្លង់កើតនៅកន្លែងដែលមានដំបៅ។ 21 ប៉ុន្តែ បើអ៊ីមុាំមិនឃើញមានរោមពណ៌ស នៅកន្លែងដែលមានស្នាម ហើយដំបៅមិនខូងចូលទៅក្នុងស្បែក រីឯស្នាមនៅលើស្បែកក៏មិនស្រអាប់ទេនោះ អ៊ីមុាំអ្នកជំងឺនៅដាច់តែឯងក្នុងរយៈពេលប្រាំពីរថ្ងៃ។ 22 ប្រសិនបើស្នាមនោះរាលនៅលើស្បែក អ៊ីមុាំត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺគេកើតរោគឃ្លង់។ 23 ផ្ទុយទៅវិញបើស្នាមនោះនៅដដែល គឺមិនរាលដាលទេ បានសេចក្តីថាគ្រាន់តែជាស្នាមដំបៅប៉ុណ្ណោះ។ អ៊ីមុាំត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។ 24 ពេលមនុស្សម្នាក់រលាកស្បែកដោយសារភ្លើង ហើយត្រង់កន្លែងរលាកនោះប្រែជាមានស្នាមពណ៌ស ឬពណ៌ក្រហមព្រឿង 25 អ៊ីមុាំត្រូវពិនិត្យមើលអ្នកជំងឺ ប្រសិនបើរោមប្រែជាមានពណ៌ស ហើយមានស្នាមខូងចូលទៅក្នុងស្បែក នោះជារោគឃ្លង់កើតត្រង់កន្លែងដែលរលាក។ ដូច្នេះ អ៊ីមុាំត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។ 26 ប៉ុន្តែ បើអ៊ីមុាំមិនឃើញមានរោមពណ៌ស នៅកន្លែងដែលមានស្នាម ហើយដំបៅមិនខូងចូលទៅក្នុងស្បែក រីឯស្នាមនៅលើស្បែកក៏មិនស្រអាប់ទេនោះ អ៊ីមុាំត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។ 27 នៅថ្ងៃទីប្រាំពីរ ពេលអ៊ីមុាំពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះរាលនៅលើស្បែក អ៊ីមុាំត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺគេកើតរោគឃ្លង់។ 28 ផ្ទុយទៅវិញ បើស្នាមនោះនៅដដែល គឺមិនរាលដាលនៅលើស្បែក ហើយប្រែទៅជាស្រអាប់ បានសេចក្តីថាជាស្នាមរលាក។ អ៊ីមុាំត្រូវប្រកាសថា គាត់ជាមនុស្សបរិសុទ្ធ ព្រោះគ្រាន់តែជាស្នាមរលាកប៉ុណ្ណោះ។ 29 ពេលបុរស ឬស្ត្រីម្នាក់ កើតជំងឺសើស្បែកនៅលើក្បាល ឬនៅត្រង់ចង្កា 30 អ៊ីមុាំត្រូវពិនិត្យត្រង់កន្លែងដែលឈឺ ប្រសិនបើមានស្នាមខូងចូលទៅក្នុងស្បែក រោមប្រែជាមានពណ៌លឿង ហើយជ្រុះនៅសល់រង្វើលៗ នោះអ៊ីមុាំត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺកើតអង្គែ ដែលជារោគឃ្លង់ម៉្យាងនៅលើក្បាល ឬនៅត្រង់ចង្កា។ 31 ផ្ទុយទៅវិញ ប្រសិនបើអ៊ីមុាំសង្កេតឃើញថា រោគអង្គែនោះគ្មានស្នាមខូងចូលទៅក្នុងស្បែក ហើយក៏គ្មានរោមពណ៌ខ្មៅទេនោះ គាត់ត្រូវឲ្យអ្នកជំងឺ នៅដាច់តែឯងក្នុងរយៈពេលប្រាំពីរថ្ងៃ។ 32 នៅថ្ងៃទីប្រាំពីរ អ៊ីមុាំត្រូវពិនិត្យមើលអ្នកជំងឺ ប្រសិនបើគាត់សង្កេតឃើញថា ស្នាមអង្គែពុំបានរាលដាល ព្រមទាំងគ្មានរោមពណ៌លឿង ហើយគ្មានស្នាមខូងទៅចូលទៅក្នុងស្បែកទេនោះ 33 អ្នកជំងឺត្រូវកោរសក់របស់ខ្លួន តែមិនត្រូវកោរត្រង់កន្លែងកើតអង្គែឡើយ។ អ៊ីមុាំត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។ 34 លុះគំរប់ពេលប្រាំពីរថ្ងៃហើយ អ៊ីមុាំត្រូវពិនិត្យកន្លែងកើតអង្គែម្តងទៀត បើអង្គែមិនរាលដាលទៅលើស្បែក ហើយគ្មានស្នាមខូងទេអ៊ីមុាំត្រូវប្រកាសថាគាត់ជាមនុស្សបរិសុទ្ធ។ គាត់ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយគាត់នឹងបានបរិសុទ្ធ។ 35 ផ្ទុយទៅវិញ ក្រោយពីពេលដែលអ៊ីមុាំប្រកាសថា អ្នកនោះជាមនុស្សបរិសុទ្ធ ស្រាប់តែរោគអង្គែរាលដាល 36 នោះអ៊ីមុាំត្រូវពិនិត្យឡើងវិញ។ ប្រសិនបើអង្គែនោះពិតជារាលដាលនៅលើស្បែកមែន អ៊ីមុាំមិនចាំបាច់រកមើលរោមពណ៌លឿងទេ ដ្បិតអ្នកនោះជាមនុស្សមិនបរិសុទ្ធ។ 37 ប្រសិនបើស្នាមអង្គែនៅដដែលឥតប្រែប្រួល ហើយបើមានរោមពណ៌ខ្មៅដុះឡើង នោះបានសេចក្តីថា រោគអង្គែជាសះស្បើយហើយ រីឯអ្នកជំងឺក៏បរិសុទ្ធដែរ។ ដូច្នេះអ៊ីមុាំត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។ 38 ពេលបុរស ឬស្ត្រីម្នាក់ មានស្នាមពណ៌សនៅលើស្បែក 39 អ៊ីមុាំត្រូវពិនិត្យមើលគាត់។ ប្រសិនបើស្នាមសនៅលើស្បែក ប្រែជាស្រអាប់វិញ នោះគ្រាន់តែជារោគសើស្បែកធម្មតាប៉ុណ្ណោះ។ គាត់ជាមនុស្សបរិសុទ្ធទេ។ 40 កាលណាបុរសម្នាក់ជ្រុះសក់ទៅជាទំពែក នោះគេនៅជាមនុស្សបរិសុទ្ធដដែល។ 41 ប្រសិនបើគេជ្រុះសក់ផ្នែកខាងមុខ គេមានក្បាលឆក ហើយគេក៏នៅបរិសុទ្ធដែរ។ 42 ប៉ុន្តែ បើត្រង់កន្លែងដែលទំពែក ទោះបីនៅកណ្តាលក្បាល ឬនៅផ្នែកខាងមុខក្តី គេឃើញមានស្បែកឡើងពណ៌ក្រហមព្រឿងៗ នោះបានសេចក្តីថា គាត់កើតរោគឃ្លង់ហើយ។ 43 អ៊ីមុាំត្រូវពិនិត្យអ្នកនោះ ប្រសិនបើមានដុំពកពណ៌ក្រហមព្រឿងៗ ដូចជារោគឃ្លង់នៅត្រង់កន្លែងទំពែកទោះបីនៅកណ្តាលក្បាល ឬនៅផ្នែកខាងមុខក្តី 44 បានសេចក្តីថាគាត់កើតឃ្លង់ហើយ គាត់ក្លាយទៅជាមនុស្សមិនបរិសុទ្ធ។ អ៊ីមុាំត្រូវប្រកាសថាគាត់ជាមនុស្សមិនបរិសុទ្ធ ព្រោះគាត់កើតឃ្លង់នៅលើក្បាល។ 45 អ្នកដែលកើតឃ្លង់ត្រូវស្លៀកសម្លៀកបំពាក់រហែក ទុកក្បាលឲ្យនៅទទេ ឃ្លុំមុខនៅត្រង់កន្លែងដែលមានពុកមាត់ ហើយស្រែកថា “ខ្ញុំជាមនុស្សមិនបរិសុទ្ធ! ខ្ញុំជាមនុស្សមិនបរិសុទ្ធ!”។ 46 ក្នុងពេលដែលគាត់កើតរោគឃ្លង់នោះ គាត់ជាមនុស្សមិនបរិសុទ្ធ ដូច្នេះគាត់ត្រូវរស់នៅដាច់ឡែកពីគេ គឺនៅខាងក្រៅជំរំ»។ សម្លៀកបំពាក់ដុះផ្សិត47 «ប្រសិនបើមានស្នាមដុះផ្សិត កើតឡើងនៅលើសម្លៀកបំពាក់ ទោះបីសម្លៀកបំពាក់ធ្វើពីក្រណាត់រោមចៀមក្តី សំពត់ទេសឯកក្តី 48 ឬស្នាមលើក្រណាត់ លើអំបោះរោមចៀម អំបោះឆៅសម្លៀកបំពាក់ និងវត្ថុធ្វើអំពីស្បែក 49 ហើយប្រសិនបើស្នាមទាំងនោះឡើងពណ៌បៃតង ឬពណ៌ក្រហមព្រឿងៗ នោះជាស្នាមដុះផ្សិតហើយ។ គេត្រូវតែយកសម្លៀកបំពាក់ និងវត្ថុទាំងនោះទៅជូនអ៊ីមុាំពិនិត្យ។ 50 ក្រោយពីបានពិនិត្យហើយ អ៊ីមុាំត្រូវយកវត្ថុទាំងនោះទៅទុកក្នុងរយៈពេលប្រាំពីរថ្ងៃ។ 51 នៅថ្ងៃទីប្រាំពីរ គាត់ត្រូវពិនិត្យម្តងទៀត ប្រសិនបើមានស្នាមរាលដាលលើសម្លៀកបំពាក់ ឬវត្ថុនោះ បានសេចក្តីថាមានដុះផ្សិតហើយ ដូច្នេះ របស់ទាំងនោះជាវត្ថុមិនបរិសុទ្ធ។ 52 អ៊ីមុាំត្រូវដុតសម្លៀកបំពាក់ ក្រណាត់ អំបោះរោមចៀម អំបោះឆៅ និងវត្ថុធ្វើអំពីស្បែក ដែលមានដុះផ្សិតនោះចោល ព្រោះជាវត្ថុដុះផ្សិត មិនអាចបំបាត់បានឡើយ គឺត្រូវតែដុតចោល។ 53 ក៏ប៉ុន្តែ ប្រសិនបើអ៊ីមុាំពិនិត្យមើល ឃើញថាផ្សិតនោះមិនរាលដាលនៅលើសម្លៀកបំពាក់ និងលើវត្ថុទាំងនោះទេ 54 គាត់ត្រូវបញ្ជាឲ្យគេលាងសំអាតវត្ថុដែលដុះផ្សិតនោះ រួចយកវាទៅទុកក្នុងរយៈពេលប្រាំពីរថ្ងៃទៀត។ 55 ក្រោយពីលាងសំអាតហើយ អ៊ីមុាំត្រូវពិនិត្យមើលវត្ថុទាំងនោះសាជាថ្មី។ ប្រសិនបើស្នាមដុះផ្សិតនៅតែដដែល ទោះបីមិនរាលដាលក៏ដោយ វត្ថុទាំងនោះជារបស់មិនបរិសុទ្ធ ហើយត្រូវតែដុតវាចោល ព្រោះមានដុះផ្សិតទាំងខាងក្នុង ទាំងខាងក្រៅ។ 56 ផ្ទុយទៅវិញ ប្រសិនបើអ៊ីមុាំពិនិត្យមើលក្រោយពេលលាងសំអាត ហើយឃើញថាស្នាមដុះផ្សិតនោះបានរលុប នោះគាត់ត្រូវកាត់ត្រង់កន្លែងដែលមានស្នាមចេញពីសម្លៀកបំពាក់ ស្បែក ឬអំបោះនោះ។ 57 ក្រោយមក ប្រសិនបើមានស្នាមដុះផ្សិតលេចឡើងវិញ នៅលើសម្លៀកបំពាក់ក្រណាត់អំបោះ ឬលើវត្ថុអំពីស្បែក នោះមានផ្សិតបានកើតឡើងជាថ្មីទៀតហើយ។ ដូច្នេះត្រូវតែដុតវត្ថុទាំងនោះចោល។ 58 ពេលណាគេបោកសម្លៀកបំពាក់ ក្រណាត់អំបោះ ឬវត្ថុធ្វើអំពីស្បែកដែលមានដុះផ្សិត ហើយស្នាមដុះផ្សិតនោះរលុបបាត់ គេត្រូវយកវត្ថុនោះទៅបោកម្តងទៀត ទើបវត្ថុនោះទៅជាបរិសុទ្ធ។ 59 នេះជាហ៊ូកុំស្តីអំពីស្នាមដុះផ្សិត នៅលើសម្លៀកបំពាក់ធ្វើពីរោមចៀម ឬពីអំបោះធ្មៃនៅលើក្រណាត់ លើអំបោះរោមចៀម ឬលើវត្ថុធ្វើអំពីស្បែក។ ហ៊ូកុំនេះអាចជួយឲ្យគេសន្មតបានថា វត្ថុដែលដុះផ្សិតនោះបរិសុទ្ធ ឬមិនបរិសុទ្ធ»។ |
© 2014 United Bible Societies, UK.
United Bible Societies