លេវីវិន័យ 14 - អាល់គីតាបពិធីជម្រះកាយមនុស្សឃ្លង់ 1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2 «នេះជាហ៊ូកុំសម្រាប់ពិធីជម្រះកាយមនុស្សឃ្លង់ឲ្យបានបរិសុទ្ធ: នៅថ្ងៃធ្វើពិធីជម្រះកាយ គេត្រូវនាំមនុស្សឃ្លង់មកជួបអ៊ីមុាំ។ 3 អ៊ីមុាំត្រូវចេញពីជំរំទៅពិនិត្យមើលមនុស្សឃ្លង់។ ប្រសិនបើឃើញមនុស្សឃ្លង់នោះបានជាហើយ 4 អ៊ីមុាំត្រូវបញ្ជាឲ្យគេយកសត្វស្លាបពីរក្បាល ដែលនៅរស់ហើយបរិសុទ្ធ ព្រមទាំងយកឈើតាត្រៅ អំបោះរោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប។ 5 អ៊ីមុាំត្រូវឲ្យគេអារកសត្វស្លាបមួយ ពីលើផើងធ្វើអំពីដីដែលដាក់ទឹកដងមកពីជ្រោះ។ 6 អ៊ីមុាំយកសត្វស្លាបមួយទៀតដែលនៅរស់ ព្រមទាំងយកឈើតាត្រៅ អំបោះរោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប ជ្រលក់ទៅក្នុងឈាមរបស់សត្វដែលគេបានអារកនៅពីលើទឹកដងពីជ្រោះនោះ។ 7 បន្ទាប់មក គាត់ត្រូវប្រោះចំនួនប្រាំពីរដង ទៅលើមនុស្សទទួលពិធីជម្រះកាយ។ អ៊ីមុាំប្រកាសថាមនុស្សឃ្លង់នោះបានបរិសុទ្ធហើយ រួចលែងសត្វស្លាបដែលនៅរស់ឲ្យហើរទៅវាល។ 8 អ្នកដែលទទួលពិធីជម្រះកាយនោះត្រូវបោកសម្លៀកបំពាក់ ហើយកោររោមទាំងអស់ រួចងូតទឹកជម្រះកាយ ទើបគាត់បានបរិសុទ្ធ។ បន្ទាប់មក គាត់ចូលទៅក្នុងជំរំវិញ តែត្រូវស្នាក់នៅក្រៅទីលំនៅរបស់ខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។ 9 នៅថ្ងៃទីប្រាំពីរគាត់ត្រូវកោរសក់ពុកចង្ការោមចិញ្ចើម និងរោមទាំងអស់របស់ខ្លួនសាជាថ្មីម្តងទៀត។ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយងូតទឹកទើបគាត់បានបរិសុទ្ធ។ 10 នៅថ្ងៃទីប្រាំបី គាត់ត្រូវយកកូនចៀមពីរល្អឥតខ្ចោះ និងចៀមញីអាយុមួយខួបល្អឥតខ្ចោះ ព្រមទាំងម្សៅម៉ដ្តបីរង្វាល់លាយជាមួយប្រេង និងយកប្រេងកន្លះលីត្រទៀតមក។ 11 អ៊ីមុាំដែលធ្វើពិធីជម្រះកាយនាំសាម៉ីខ្លួន និងជំនូនរបស់គាត់ចូលទៅចំពោះអុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ 12 អ៊ីមុាំយកកូនចៀមមួយ និងប្រេងកន្លះលីត្រមកធ្វើជាគូរបានលោះបាប រួចលើកជូនអុលឡោះតាអាឡា។ 13 អ៊ីមុាំអារកកូនចៀមនៅត្រង់កន្លែងដែលគេអារកសត្វ សម្រាប់ធ្វើគូរបានរំដោះបាប ឬគូរបានដុត នៅក្នុងទីសក្ការៈ ដ្បិតគូរបានលោះបាបក៏ដូចជាគូរបានរំដោះបាបដែរ សាច់របស់វាត្រូវបានជាចំណែករបស់អ៊ីមុាំ ព្រោះជាជំនូនដ៏វិសុទ្ធបំផុត។ 14 អ៊ីមុាំយកឈាមសត្វដែលធ្វើជាគូរបានលោះបាប លាបលើស្លឹកត្រចៀកស្តាំ លើមេដៃស្តាំ និងមេជើងស្តាំរបស់អ្នកទទួលពិធីជម្រះកាយនោះ។ 15 អ៊ីមុាំយកប្រេងអារក្នុងបាតដៃឆ្វេងរបស់គាត់ 16 រួចយកម្រាមដៃស្តាំរបស់គាត់ជ្រលក់ទៅក្នុងប្រេង ដែលស្ថិតនៅក្នុងបាតដៃឆ្វេងរបស់គាត់ ហើយប្រោះប្រាំពីរដងនៅចំពោះមុខអុលឡោះតាអាឡា។ 17 បន្ទាប់មក អ៊ីមុាំយកប្រេងដែលនៅសល់ក្នុងដៃ លាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់អ្នកទទួលពិធីជម្រះកាយ គឺលាបពីលើឈាមរបស់សត្វដែលធ្វើជាគូរបានលោះបាប។ 18 រីឯប្រេងដែលនៅសល់ក្នុងបាតដៃរបស់អ៊ីមុាំ គាត់ត្រូវចាក់ទៅលើក្បាលអ្នកទទួលពិធីជម្រះកាយ ហើយធ្វើពិធីរំដោះបាបឲ្យគេនៅចំពោះអុលឡោះតាអាឡា។ 19 អ៊ីមុាំធ្វើគូរបានរំដោះបាប ហើយធ្វើពិធីលោះគេឲ្យរួចផុតភាពសៅហ្មង។ បន្ទាប់មក គាត់អារកសត្វធ្វើជាគូរបានដុត។ 20 អ៊ីមុាំធ្វើគូរបានដុត និងជំនូនម្សៅនៅលើអាសនៈ បន្ទាប់មក គាត់ធ្វើពិធីរំដោះបាបម្តងទៀត ទើបអ្នកនោះបានបរិសុទ្ធ។ 21 ប្រសិនបើសាម៉ីខ្លួនជាអ្នកក្រ គ្មានលទ្ធភាពនឹងជូនជំនូនគ្រប់ចំនួនទេ គាត់ត្រូវយកកូនចៀមមួយធ្វើជាគូរបានលោះបាប ដើម្បីឲ្យអ៊ីមុាំលើកជូនអុលឡោះតាអាឡាសម្រាប់លោះបាបគាត់។ គាត់ត្រូវយកម្សៅម៉ដ្តតែមួយរង្វាល់លាយជាមួយប្រេងទុកជាជំនូនម្សៅ និងយកប្រេងកន្លះលីត្រទៀត។ 22 គាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរ តាមលទ្ធភាពរបស់គាត់ គឺមួយសម្រាប់ធ្វើជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត។ 23 នៅថ្ងៃទីប្រាំបីគាត់ត្រូវនាំយកជំនូនទាំងនោះមកជូនអ៊ីមុាំ នៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា គឺនៅចំពោះអុលឡោះដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ 24 អ៊ីមុាំយកកូនចៀមដែលត្រូវធ្វើជាគូរបានលោះបាប និងយកប្រេងលើកជូនអុលឡោះតាអាឡា។ 25 អ៊ីមុាំអារកកូនចៀមដែលត្រូវធ្វើជាគូរបានលោះបាបនោះ ហើយយកឈាមសាច់នោះលាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់អ្នកទទួលពិធីជម្រះកាយ។ 26 អ៊ីមុាំចាក់ប្រេងក្នុងបាតដៃឆ្វេងរបស់គាត់ 27 ហើយយកម្រាមដៃស្តាំរបស់គាត់ជ្រលក់ទៅក្នុងប្រេង ដែលស្ថិតនៅក្នុងបាតដៃឆ្វេងរបស់គាត់ រួចប្រោះចំនួនប្រាំពីរដងនៅចំពោះអុលឡោះតាអាឡា។ 28 បន្ទាប់មក អ៊ីមុាំយកប្រេងដែលនៅក្នុងដៃ លាបលើស្លឹកត្រចៀកស្តាំមេដៃស្តាំ និងមេជើងស្តាំរបស់អ្នកទទួលពិធីជម្រះកាយ គឺលាបពីលើឈាមរបស់សត្វដែលធ្វើជាគូរបានលោះបាប។ 29 រីឯប្រេងដែលនៅសល់ក្នុងបាតដៃ អ៊ីមុាំត្រូវចាក់ទៅលើក្បាលរបស់អ្នកទទួលពិធីជម្រះកាយ ហើយធ្វើពិធីរំដោះបាបឲ្យគេ នៅចំពោះអុលឡោះតាអាឡា។ 30 បន្ទាប់មក អ៊ីមុាំយកលលកមួយ ឬព្រាបជំទើរមួយតាមលទ្ធភាពដែលសាម៉ីខ្លួនអាចរកបាន 31 ធ្វើជាគូរបានរំដោះបាប រួចគាត់យកសត្វមួយទៀតធ្វើជាគូរបានដុត រួមជាមួយជំនូនម្សៅ។ បន្ទាប់មក អ៊ីមុាំធ្វើពិធីរំដោះបាបឲ្យសាម៉ីខ្លួន នៅចំពោះអុលឡោះតាអាឡា។ 32 នេះជាហ៊ូកុំសម្រាប់ធ្វើពិធីជម្រះកាយឲ្យអ្នកដែលមានរោគឃ្លង់ ហើយគ្មានលទ្ធភាពគ្រប់គ្រាន់»។ ករណីស្លែនៅលើជញ្ជាំងផ្ទះ 33 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងហារូនថា៖ 34 «ពេលអ្នករាល់គ្នាចូលទៅដល់ទឹកដីកាណាន ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទុកជាកម្មសិទ្ធិ ប្រសិនបើយើងធ្វើឲ្យមានស្លែនៅតាមផ្ទះ ក្នុងស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់ 35 នោះម្ចាស់ផ្ទះត្រូវតែទៅប្រាប់អ៊ីមុាំថា: “ខ្ញុំបានឃើញដូចជាមានស្នាមម៉្យាងនៅផ្ទះរបស់ខ្ញុំ”។ 36 អ៊ីមុាំត្រូវបញ្ជាឲ្យគេរើឥវ៉ាន់ចេញពីក្នុងផ្ទះ មុនពេលគាត់ចូលទៅពិនិត្យស្នាមនៅផ្ទះនោះ។ ធ្វើបែបនេះ អ្វីៗដែលនៅក្នុងផ្ទះ នៅតែបរិសុទ្ធដដែល។ បន្ទាប់មក អ៊ីមុាំចូលទៅក្នុងផ្ទះ ដើម្បីពិនិត្យមើល។ 37 ប្រសិនបើគាត់ឃើញស្នាមនៅតាមជញ្ជាំងផ្ទះនោះ មានសភាពខូងពណ៌បៃតង ឬក្រហមព្រឿងៗ ឬប្រសិនបើស្នាមនោះរូងចូលទៅក្នុងជញ្ជាំងផ្ទះ 38 អ៊ីមុាំត្រូវចេញពីផ្ទះ។ ពេលមកដល់មាត់ទ្វារ គាត់ត្រូវបិទទ្វារផ្ទះនោះក្នុងរយៈពេលប្រាំពីរថ្ងៃ។ 39 នៅថ្ងៃទីប្រាំពីរ អ៊ីមុាំត្រឡប់មកពិនិត្យសាជាថ្មី។ បើស្នាមនោះរាលលើជញ្ជាំងផ្ទះថែមទៀត 40 អ៊ីមុាំបញ្ជាឲ្យគេដកដុំថ្មដែលមានដុះស្លែនោះយកទៅបោះចោលនៅកន្លែងមិនបរិសុទ្ធ ខាងក្រៅទីក្រុង។ 41 គាត់ត្រូវឲ្យគេកោសជញ្ជាំងខាងក្នុងផ្ទះ ហើយយកកំទេចទៅបោះចោលនៅកន្លែងមិនបរិសុទ្ធ ខាងក្រៅទីក្រុង។ 42 បន្ទាប់មក ត្រូវយកដុំថ្មផ្សេងទៀតមកដាក់ជំនួសរួចយកបាយអ មកបូកសាជាថ្មី។ 43 ក្រោយពីបានដកថ្ម កោសជញ្ជាំង និងបូកបាយអរួចហើយ ប្រសិនបើស្នាមស្លែលេចឡើងសាជាថ្មីនៅក្នុងផ្ទះនោះ 44 អ៊ីមុាំត្រូវពិនិត្យម្តងទៀត។ បើគាត់ឃើញស្នាមរាលដាលនៅក្នុងផ្ទះ បានសេចក្តីថាជាស្លែដែលមិនអាចបំបាត់បាន ហើយផ្ទះនោះមិនបរិសុទ្ធ។ 45 គេត្រូវកំទេចផ្ទះនោះ ទាំងដុំថ្ម ទាំងឈើ ទាំងបាយអ រួចយកទៅបោះចោលនៅកន្លែងមិនបរិសុទ្ធខាងក្រៅទីក្រុង។ 46 អ្នកណាចូលផ្ទះនេះក្នុងអំឡុងពេលដែលគេបិទទ្វារ អ្នកនោះនឹងក្លាយទៅជាមនុស្សមិនបរិសុទ្ធរហូតដល់ល្ងាច។ 47 អ្នកដែលដេកនៅក្នុងផ្ទះនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយអ្នកដែលបរិភោគអាហារនៅក្នុងផ្ទះនោះក៏ត្រូវបោកសម្លៀកបំពាក់របស់ខ្លួនដែរ។ 48 ផ្ទុយទៅវិញ ក្រោយពីគេបូកបាយអឡើងវិញហើយ ប្រសិនបើអ៊ីមុាំចូលទៅពិនិត្យមើលឃើញថាស្នាមមិនចេញមកទៀតទេ គាត់ត្រូវប្រកាសថាផ្ទះនោះបរិសុទ្ធ ព្រោះលែងដុះស្លែទៀតហើយ។ 49 អ៊ីមុាំត្រូវយកសត្វស្លាបពីរក្បាល ឈើតាត្រៅអំបោះរោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុបមកធ្វើពិធីជម្រះបាបពីក្នុងផ្ទះនោះ។ 50 គាត់ត្រូវអារ កសត្វស្លាបមួយពីលើផើងធ្វើអំពីដី ដែលដាក់ទឹកដងមកពីជ្រោះ។ 51 អ៊ីមុាំយកឈើតាត្រៅ មែកហ៊ីសុប អំបោះរោមចៀមពណ៌ក្រហមទុំ និងសត្វស្លាបមួយទៀតដែលនៅរស់ជ្រលក់ក្នុងឈាមសត្វដែលគេបានអារកលាយជាមួយទឹកដងពីជ្រោះ 52 ហើយប្រោះចំនួនប្រាំពីរដងទៅលើផ្ទះនោះ ដើម្បីជម្រះឲ្យបានបរិសុទ្ធជ្រះស្រឡះពីអំពើបាប។ 53 អ៊ីមុាំត្រូវលែងសត្វដែលនៅរស់ ឲ្យហើរពីទីក្រុងចេញទៅវាល។ គាត់ធ្វើពិធីរំដោះបាបចេញពីផ្ទះ ហើយផ្ទះនោះនឹងបានបរិសុទ្ធ។ 54 នេះជាហ៊ូកុំស្តីអំពីរោគឃ្លង់គ្រប់យ៉ាងរោគអង្គែស៊ី 55 ការកើតដុំពក កើតភ្លឺ និងកើតស្រែង 56 ស្តីអំពីការដុះផ្សិតនៅលើសម្លៀកបំពាក់ និងដុះស្លែនៅតាមជញ្ជាំងផ្ទះ។ 57 ហ៊ូនេះអាចជួយឲ្យគេសន្មតអំពីមនុស្ស ឬវត្ថុដែលបរិសុទ្ធ ឬមិនបរិសុទ្ធ។ នេះជាហ៊ូកុំស្តីអំពីរោគឃ្លង់»។ |
© 2014 United Bible Societies, UK.
United Bible Societies