ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ពួក​ចៅ‌ហ្វាយ 11 - អាល់គីតាប អាល់គីតាប
ពួក​ចៅ‌ហ្វាយ 11

លោក​យែបថា​ឡើង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រ‌អែល

1 នៅ​ស្រុក​កាឡាដ មាន​អ្នក​ចំបាំង​ដ៏​អង់​អាច​មួយ​នាក់ ឈ្មោះ​យែបថា ជា​កូន​របស់​ស្រី​ពេស្យា​ម្នាក់ និង​បុរស​ឈ្មោះ​កាឡាដ។

2 រីឯ​ភរិយា​របស់​លោក​កាឡាដ​ក៏​បាន​បង្កើត​កូន​ប្រុសៗ​ជូន​គាត់​ដែរ។ លុះ​កូន​ទាំង​នោះ​ធំ​ឡើង គេ​នាំ​គ្នា​បណ្តេញ​លោក​យែបថា ដោយ​និយាយ​ថា៖ «ឯង​គ្មាន​សិទ្ធិ​នឹង​ទទួល​មត៌ក​របស់​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​របស់​ស្រី​ដទៃ»។

3 ពេល​នោះ លោក​យែបថា​បាន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​បង‌ប្អូន​របស់​គាត់​ទៅ​រស់​នៅ​ក្នុង​ស្រុក​ថូប។ មាន​មនុស្ស​ពាល​មក​ចូល​ដៃ​ជា​មួយ​គាត់ ហើយ​នាំ​គ្នា​ចេញ​ទៅ​ប្លន់។

4 ចំណេរ​ក្រោយ​មក ជន‌ជាតិ​អាំម៉ូន​លើក​គ្នា​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។

5 ពេល​មាន​សង្គ្រាម​ផ្ទុះ​ឡើង​ដូច្នេះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​នាំ​គ្នា​ទៅ​រក​លោក​យែបថា​នៅ​ស្រុក​ថូប

6 ដោយ​ពោល​ថា៖ «សូម​លោក​អញ្ជើញ​មក​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​យើង​ទៅ ដើម្បី​ឲ្យ​យើង​អាច​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន​បាន»។

7 លោក​យែបថា​ឆ្លើយ​តប​ទៅ​ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ​វិញ​ថា៖ «អស់​លោក​បាន​ស្អប់​ខ្ញុំ ហើយ​បណ្តេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ​ឪពុក​របស់​ខ្ញុំ ឥឡូវ​នេះ ពេល​មាន​អាសន្ន អស់​លោក​បែរ​ជា​រត់​មក​រក​ខ្ញុំ​ទៅ​វិញ!»។

8 ពួក​ចាស់​ទុំ​តប​ថា៖ «ព្រោះ​តែ​យើង​ខ្ញុំ​មាន​អាសន្ន​ដូច្នេះ​ហើយ បាន​ជា​ពេល​នេះ យើង​ខ្ញុំ​រត់​មក​រក​អ្នក​វិញ ដើម្បី​អញ្ជើញ​អ្នក​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អាំម៉ូន​ជា​មួយ​យើង​ខ្ញុំ ហើយ​សូម​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​យើង​ខ្ញុំ និង​លើ​ប្រជា‌ជន​នៅ​ស្រុក​កាឡាដ​ទាំង​មូល»។

9 លោក​យែបថា​ឆ្លើយ​ទៅ​ចាស់​ទុំ​ទាំង​នោះ​ថា៖ «ប្រសិន​បើ​អស់​លោក​ហៅ​ខ្ញុំ​ទៅ​វិញ ដើម្បី​ប្រយុទ្ធ​នឹង​ជន‌ជាតិ​អាំម៉ូន ហើយ​បើអុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​ជា​មេ​លើ​អស់​លោក»។

10 ពេល​នោះ ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ ក៏​ប្រកាស​ចំពោះ​លោក​យែបថា ថា៖ «អុលឡោះ‌តាអាឡា​ជា​សាក្សី​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក!»។

11 លោក​យែបថា​ក៏​ចេញ​ទៅ​ជា​មួយ​ពួក​ចាស់​ទុំ​នៃ​ស្រុក​កាឡាដ ហើយ​ប្រជា‌ជន​បាន​លើក​គាត់​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មេ‌ទ័ព​របស់​ពួក​គេ។ ពេល​នោះ លោក​យែបថា​រំលឹក​ឡើង​វិញ​នូវ​ពាក្យ​ដែល​លោក​បាន​ព្រម​ព្រៀង​ជា​មួយ​ពួក​ចាស់​ទុំ នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​មីសប៉ា។

12 លោក​យែបថា បាន​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​សួរ​ស្តេច​នៃ​ជន‌ជាតិ​អាំម៉ូន​ថា៖ «តើ​យើង​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​ស្តេច​លើក​ទ័ព​មក​វាយ​ស្រុក​ខ្ញុំ​ដូច្នេះ?»។

13 ស្តេច​ជន‌ជាតិ​អាំម៉ូន​ឆ្លើយ​តប​មក​អ្នក​នាំ​សារ​វិញ​ថា៖ «ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ដណ្តើម​យក​ទឹក​ដី​របស់​យើង ចាប់​ពី​ស្ទឹង​អើណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ទន្លេ​យ័រ‌ដាន់។ ឥឡូវ​នេះ ចូរ​ប្រគល់​ទឹក​ដី​ទាំង​នោះ​មក​ឲ្យ​យើង​វិញ​តាម​សំរួល​ទៅ»។

14 លោក​យែបថា​ក៏​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​របស់​លោក ទៅ​ជម្រាប​ស្តេច​ជន‌ជាតិ​អាំម៉ូន​សា​ជា​ថ្មី​ថា៖

15 «ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​បាន​ដណ្តើម យក​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់ ឬ​ទឹក​ដី​របស់​ជន‌ជាតិ​អាំម៉ូន​ទេ។

16 នៅ​ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ឆ្លង​កាត់​វាល​រហោ‌ស្ថាន​រហូត​ដល់​សមុទ្រ​ក្រហម ហើយ​ក៏​មក​ដល់​កាដែស។

17 ពេល​នោះ គេ​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​ជួប​ស្តេច​ស្រុក​អេដុម ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អេដុម តែ​ស្តេច​មិន​បាន​យល់​ព្រម​ទេ។ ជន‌ជាតិ អ៊ីស្រ‌អែល​ក៏​បាន​ធ្វើ​សំណូម​ពរ​ដូច​គ្នា​ចំពោះ​ស្តេច​ស្រុក​ម៉ូអាប់ តែ​ស្តេច​នោះ​ក៏​បដិសេធ​ដែរ។ ដូច្នេះ ពួក​គេ​ក៏​ស្នាក់​នៅ​ត្រង់​កាដែស​នោះ​ទៅ។

18 ក្រោយ​មក ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្លង​កាត់​វាល​រហោ‌ស្ថាន ដោយ​ដើរ​វាង​ស្រុក​អេដុម និង​ស្រុក​ម៉ូអាប់ មក​ដល់​ខាង​កើត​ស្រុក​ម៉ូអាប់។ ពួក​គេ​បោះ​ជំរំ​នៅ​ត្រើយ​ខាង​នាយ​ស្ទឹង​អើណូន គឺ​ឥត​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់​ទេ។ ស្ទឹង​អើណូន​ជា​ព្រំ​ប្រទល់​នៃ​ទឹក​ដី​របស់​ជន‌ជាតិ​ម៉ូអាប់។

19 នៅ​ទី​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​ទៅ​ជួប​ស្តេច​ស៊ីហុន ជា​ស្តេច​នៃ​ជន‌ជាតិ​អាម៉ូ‌រី ដែល​គ្រង​រាជ្យ​នៅ​ក្រុង​ហេស‌បូន ដើម្បី​សុំ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូ‌រី ឆ្ពោះ​ទៅ​កាន់​ស្រុក​ដែល​អុលឡោះ​បាន​បំរុង​ទុក​សម្រាប់​ពួក​គេ។

20 ប៉ុន្តែ ស្តេច​ស៊ីហុន​ពុំ​ទុក​ចិត្ត​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​ឲ្យ​ពួក​គេ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូ‌រី​ឡើយ។ ស្តេច​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​បោះ​ទី​តាំង​នៅ​យ៉ា‌ហាស់ ហើយ​វាយ​ជន‌ជាតិ​អ៊ីស្រ‌អែល។

21 ពេល​នោះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ៊ីស្រ‌អែល បាន​ប្រគល់​ស្តេច​ស៊ីហុន និង​ពល​ទ័ព​របស់​ស្តេច មក​ក្នុង​កណ្តាប់​ដៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ជន‌ជាតិ​អ៊ីស្រ‌អែល​ទទួល​ជ័យ​ជំនះ ហើយ​ចាប់​យក​ទឹក​ដី​ទាំង​មូល​របស់​ជន‌ជាតិ​អាម៉ូ‌រី។

22 ជន‌ជាតិ​អ៊ីស្រ‌អែល​កាន់​កាប់​ទឹក​ដី​ទាំង​មូល​របស់​ជន‌ជាតិ​អាម៉ូ‌រី ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ខាង​កើត រហូត​ដល់​ទន្លេ​យ័រ‌ដាន់។

23 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​អ៊ីស្រ‌អែល​ទេ​តើ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដណ្តើម​យក​បាន​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូ‌រី។ ឥឡូវ​នេះ តើ​ស្តេច​ចង់​ដណ្តើម​យក​ពី​យើង​វិញ​ឬ?

24 ស្តេច​បាន​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌កេម៉ូស ជា​ម្ចាស់​របស់​ស្តេច​បាន​ប្រគល់​ឲ្យ រីឯ​យើង​វិញ តើ​យើង​គ្មាន​សិទ្ធិ​នឹង​កាន់​កាប់​ទឹក​ដី ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ប្រទាន​ឲ្យ​យើង​ដណ្តើម​យក​បាន​នោះ​ទេ​ឬ​អី?

25 តើ​ស្តេច​គិត​ថា គាត់​ខ្លាំង​ពូកែ​ជាង​ស្តេច​បាឡាក់ ជា​បុត្រ​របស់​ស្តេច​ស៊ីបព័រ ស្តេច​នៃ​ជន‌ជាតិ​ម៉ូអាប់​ឬ? ស្តេច​បាឡាក់​ពុំ​បាន​រក​រឿង​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ក៏​មិន​បាន​ច្បាំង​នឹង​ពួក​គេ​ដែរ។

26 ជន‌ជាតិ​អ៊ីស្រ‌អែល​រស់​នៅ​ក្នុង​ក្រុង​ហេស‌បូន និង​ក្រុង​អារ៉ូ‌អ៊ើរ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ និង​ស្រុក​ភូមិ​ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើណូន អស់​រយៈ​ពេល​បី​រយ​ឆ្នាំ​កន្លង​មក​ហើយ ហេតុ​អ្វី​បាន​ជា​ស្តេច​មិន​រំដោះ​យក​ទឹក​ដី​ទាំង​នេះ ក្នុង​ជំនាន់​នោះ​ទៅ?

27 ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ស្តេច​ឡើយ គឺ​ស្តេច​ទេ​តើ​ដែល​ប្រព្រឹត្ត​ខុស ដោយ​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​ខ្ញុំ។ សូមអុលឡោះ‌តាអាឡា​ដែល​ជា​ចៅ‌ក្រម មេត្តា​កាត់​ក្តី​រវាង​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន‌ជាតិ​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ផង!»។

28 ប៉ុន្តែ ស្តេច​នៃ​ជន‌ជាតិ​អាំម៉ូន​មិន​អើ​ពើ​នឹង​សំដី ដែល​លោក​យែបថា​ចាត់​អ្នក​នាំ​ពាក្យ​ឲ្យ​មក​ប្រាប់​នោះ​ឡើយ។

ពាក្យ​សន្យា​របស់​លោក​យែបថា

29 គ្រា​នោះ រស​នៃអុលឡោះ‌តាអាឡា​សណ្ឋិត​លើ​លោក​យែបថា គាត់​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាដ និង​ស្រុក​ម៉ាណា‌សេ រួច​ទៅ​ដល់​មីស‌ប៉ា ក្នុង​ស្រុក​កាឡាដ។ បន្ទាប់​មក គាត់​បន្ត​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ស្រុក​អាំម៉ូន។

30 លោក​យែបថា​បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​ទ្រង់​ប្រគល់​ជន‌ជាតិ​អាំម៉ូន​មក​ក្នុង​កណ្តាប់​ដៃ​របស់​ខ្ញុំ

31 ហើយ​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​ជោគ​ជ័យ បើ​នរណា​ម្នាក់​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​របស់​ខ្ញុំ មក​ទទួល​ខ្ញុំ​មុន​គេ ខ្ញុំ​នឹង​យក​អ្នក​នោះ​មក​ធ្វើ​ជា​គូរបាន​ជូនអុលឡោះ‌តាអាឡា»។

32 លោក​យែបថា​ក៏​ឆ្លង​ចូល​ទៅ​វាយ​ជន‌ជាតិ​អាំម៉ូន ហើយអុលឡោះ‌តាអាឡា​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់។

33 លោក​យែបថា​បាន​វាយ​កំទេច​ពួក​គេ​យ៉ាង​ដំណំ គឺ​ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ រហូត​ដល់​តំបន់​ជិត​ខាង​ក្រុង​មីនីត-សរុប​ទាំង​អស់​ម្ភៃ​ក្រុង-បន្ទាប់​មក រហូត​ដល់​ក្រុង​អបិល-កេរ៉ា‌មីម។ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អាំម៉ូន​បរា‌ជ័យ​បាក់​មុខ​យ៉ាង​ខ្លាំង។

កូន​ស្រី​លោក​យែបថា

34 ពេល​លោក​យែបថា វិល​ត្រឡប់​មក​ផ្ទះ​របស់​គាត់​នៅ​មីស‌ប៉ា​វិញ កូន​ស្រី​របស់​គាត់​ចេញ​មក​ទទួល ទាំង​រាំ និង​វាយ​ក្រាប់។ នាង​ជា​កូន​ស្រី​តែ​មួយ​គត់​របស់​គាត់ គឺ​ក្រៅ​ពី​នាង​គាត់​គ្មាន​កូន​ប្រុស កូន​ស្រី​ណា​ទៀត​ឡើយ។

35 កាល​គាត់​ក្រឡេក​ឃើញ​នាង គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​លោក ទាំង​ស្រែក​ថា៖ «ឱ!​កូន​ស្រី​អើយ! កូន​ធ្វើ​ឲ្យ​ពុក​កើត​ទុក្ខ​ហើយ កូន​ធ្វើ​ឲ្យ​ពុក​គ្រាំ‌គ្រា​ក្នុង​ចិត្ត ដ្បិត​ពុក​បាន​សន្យា​ជា​មួយអុលឡោះ‌តាអាឡា​រួច​ស្រេច​ទៅ​ហើយ ពុក​មិន​អាច​លេប​ពាក្យ​សំដី​នោះ​វិញ​បាន​ទេ»។

36 នាង​ឆ្លើយ​ទៅ​គាត់​ថា៖ «ពុក​អើយ! បើ​ពុក​បាន​សន្យា​ជា​មួយអុលឡោះ‌តាអាឡា​រួច​ស្រេច​ទៅ​ហើយ​ដូច្នេះ សូម​ប្រព្រឹត្ត​ចំពោះ​កូន​តាម​ពាក្យ​របស់​ពុក​ចុះ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ពុក​វាយ​ឈ្នះ​ពួក​អាំម៉ូន ដែល​ជា​ខ្មាំង​សត្រូវ​របស់​ពុក​ហើយ»។

37 នាង​ក៏​ពោល​ទៅ​ឪពុក​ទៀត​ថា៖ «សូម​ពុក​មេត្តា​អនុ‌គ្រោះ​ឲ្យ​កូន​ពីរ​ខែ​សិន ដើម្បី​ឲ្យ​កូន​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត‌ភក្តិ​ស្រីៗ យំ​សោក​ស្តាយ​ព្រហ្មចារី​របស់​កូន»។

38 លោក​យែបថា​ក៏​យល់​ព្រម​ឲ្យ​នាង​ចេញ​ទៅ ក្នុង​រយៈ​ពេល​ពីរ​ខែ។ ដូច្នេះ នាង​ក៏​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​មិត្ត​ស្រីៗ យំ​សោក​ស្តាយ​ព្រហ្មចារី​របស់​នាង។

39 លុះ​គំរប់​ពីរ​ខែ​ហើយ នាង​ក៏​វិល​ត្រឡប់​មក​រក​ឪពុក​វិញ រួច​គាត់​យក​នាង​ធ្វើ​គូរបាន តាម​ពាក្យ​ដែល​គាត់​បាន​សន្យា​ជា​មួយ​អុលឡោះ‌ជាអម្ចាស់។ នាង​ពុំ​ដែល​បាន​ស្គាល់​បុរស​ណា​នៅ​ឡើយ​ទេ។ ចាប់​ពី​ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រកាន់​ទំនៀម​ទម្លាប់​ដូច​ត​ទៅ:

40 រៀង​រាល់​ឆ្នាំ កូន​ក្រមុំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​នាំ​គ្នា​ទៅ​យំ​រំលឹក​ដល់​កូន​ស្រី​លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ ចំនួន​បួន​ថ្ងៃ។

© 2014 United Bible Societies, UK.

United Bible Societies