ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 25 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 25

សូម​ណែ‌នាំ​ខ្ញុំ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ទ្រង់
ទំនុក​របស់​ណាពី​ទត។

1 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ទ្រង់។

2 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ ដូច្នេះ សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​មុខ! សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​អាច​មាន​ជ័យ‌ជំនះ លើ​ខ្ញុំ​ឡើយ!។

3 អស់​អ្នក​ដែល​សង្ឃឹម​លើ​ទ្រង់ នឹង​មិន​ត្រូវ​ខក​ចិត្ត​ទេ គឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ទ្រង់​ប៉ុណ្ណោះ ដែល​ត្រូវ​ខក​ចិត្ត។

4 ឱ​អុលឡោះ‌តាអាឡា​អើយ! សូម​ណែ‌នាំ​ខ្ញុំ ឲ្យ​ស្គាល់​មាគ៌ា​របស់​ទ្រង់ សូម​បង្រៀន​ខ្ញុំ​អំពី​ផ្លូវ​របស់​ទ្រង់​ផង

5 សូម​អប់រំ​ខ្ញុំ​ឲ្យ​រស់​នៅ ស្រប​តាម​សេចក្ដី​ពិត​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ម្ចាស់‌សង្គ្រោះ​ខ្ញុំ ខ្ញុំ​សង្ឃឹម​លើ​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ។

6 ឱ​អុលឡោះ‌តាអាឡា​អើយ! សូម​កុំ​ភ្លេច​ថា តាំង​ពី​ដើម​រៀង​មក ទ្រង់​តែងតែ​សំដែង ចិត្ត​អាណិត​អាសូរ និង​ចិត្ត មេត្តា‌ករុណា​ចំពោះ​ខ្ញុំ​ជា‌និច្ច។

7 សូម​បំភ្លេច​អំពើ​បាប និង​កំហុស ដែល​ខ្ញុំ​ធ្លាប់​ប្រព្រឹត្ត កាល​នៅ​ពី​ក្មេង​នោះ​ទៅ!។ ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​តែង​មាន​ចិត្ត មេត្តា‌ករុណា និង​ចិត្ត​សប្បុរស​ជា‌និច្ច សូម​កុំ​បំភ្លេច​ខ្ញុំ​ឡើយ!។

8 អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស និង​ទៀង​ត្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​បង្ហាញ ឲ្យ​មនុស្ស​បាប​ស្គាល់​មាគ៌ា​ដែល​គេ​ត្រូវ​ដើរ។

9 ទ្រង់​នាំ​មនុស្ស​មាន​ចិត្ត​សុភាព ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត ទ្រង់​បង្រៀន​គេ​ឲ្យ​ស្គាល់ ចិត្ត​របស់​ទ្រង់។

10 អុលឡោះ‌តាអាឡា​មាន​ចិត្ត​មេត្តា‌ករុណា និង​ស្មោះ​ត្រង់​ទាំង​ស្រុង ចំពោះ​អស់​អ្នក​ដែល​គោរព​សម្ពន្ធ‌មេត្រី និង​គោរព​ដំបូន្មាន​របស់​ទ្រង់។

11 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់ ដោយ​យល់​ដល់​នាម​ទ្រង់ សូម​លើក‌លែង​ទោស​ឲ្យ​ខ្ញុំ​ផង។

12 អ្នក​ណា​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា ទ្រង់​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ ស្គាល់​មាគ៌ា​ដែល​គាត់​ត្រូវ​ជ្រើស​រើស។

13 គាត់​នឹង​មាន​សុភ‌មង្គល​ជា‌និច្ច ហើយ​ពូជ‌ពង្ស​របស់​គាត់ នឹង​បាន​គ្រប់‌គ្រង​ស្រុក​នេះ​ទុក​ជា​មត៌ក។

14 អុលឡោះ‌តាអាឡា​តែងតែ​សំដែង​ភក្ដី‌ភាព ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ហើយ​បង្រៀន​គេ​ឲ្យ​គោរព​សម្ពន្ធ‌មេត្រី របស់​ទ្រង់។

15 ខ្ញុំ​សម្លឹង​ឆ្ពោះ​ទៅ​រក​អុលឡោះ‌តាអាឡា​ជា‌និច្ច ព្រោះ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អន្ទាក់។

16 សូម​មើល​មក​ខ្ញុំ ហើយ​ប្រណី​សន្ដោស​ខ្ញុំ​ផង! ដ្បិត​ខ្ញុំ​នៅ​ឯកោ និង​វេទនា​ជា​ខ្លាំង។

17 ខ្ញុំ​លំបាក​ចិត្ត​ពន់​ពេក​ណាស់ សូម​ដក​ការ​តប់‌ប្រមល់​នេះ ចេញ​ពី​ចិត្ត​ខ្ញុំ​ទៅ។

18 សូម​មើល​មក​ទុក្ខ​វេទនា និង​ការ​នឿយ​ព្រួយ​របស់​ខ្ញុំ សូម​អត់‌ទោស​ឲ្យ​ខ្ញុំ បាន​រួច​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​ផង។

19 សូម​មើល​ចុះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ មាន​គ្នា​ច្រើន​ប៉ុន​ណា ហើយ​គេ​ស្អប់​ខ្ញុំ​ខ្លាំង​យ៉ាង​ណា។

20 សូម​ការពារ និង​រំដោះ​ខ្ញុំ​ផង! សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​មុខ​ឲ្យ​សោះ ដ្បិត​ខ្ញុំ​មក​ពឹង​ផ្អែក​លើ​ទ្រង់​ហើយ!។

21 ខ្ញុំ​សង្ឃឹម​ទុក​ចិត្ត​លើ​ទ្រង់​ជា‌និច្ច សូម​រក្សា​ជីវិត​ខ្ញុំ ដោយ​សេចក្ដី​សប្បុរស និង​ទៀង​ត្រង់​ផង!។

22 ឱ​អុលឡោះ​អើយ! សូម​រំដោះ​អ៊ីស្រ‌អែល​ឲ្យ​រួច​ពី​ទុក្ខ​វេទនា ទាំង​ប៉ុន្មាន​ផង!។

© 2014 United Bible Societies, UK.

United Bible Societies