ទំនុកតម្កើង 26 - អាល់គីតាបពាក្យសូមអង្វររបស់មនុស្សសុចរិត ទំនុករបស់ណាពីទត។ 1 ឱអុលឡោះតាអាឡាអើយ សូមរកយុត្តិធម៌ឲ្យខ្ញុំផង ដ្បិតខ្ញុំបានប្រព្រឹត្តយ៉ាងត្រឹមត្រូវ! ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ដោយឥតសង្ស័យឡើយ។ 2 ឱអុលឡោះតាអាឡាអើយ សូមស្ទង់ និងល្បងមើលចិត្តខ្ញុំ សូមពិនិត្យមើលជម្រៅចិត្តគំនិតខ្ញុំចុះ។ 3 ខ្ញុំនឹកគិតពីចិត្តមេត្តា ករុណារបស់ទ្រង់ជានិច្ច ហើយខ្ញុំប្រព្រឹត្តតាម សេចក្ដីពិតរបស់ទ្រង់។ 4 ខ្ញុំមិនអង្គុយរួមជាមួយមនុស្សខិលខូចឡើយ ខ្ញុំក៏មិនសេពគប់ជាមួយ មនុស្សមានពុតត្បុតដែរ។ 5 ខ្ញុំមិនចូលចិត្តនៅរួមជាមួយ ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ហើយខ្ញុំមិនអង្គុយរួមជាមួយ មនុស្សពាលទេ។ 6 ឱអុលឡោះតាអាឡាអើយ ខ្ញុំលាងដៃទុកជា សញ្ញាបញ្ជាក់ថា ខ្ញុំជាមនុស្សឥតសៅហ្មង ហើយខ្ញុំដើរជុំវិញអាសនៈរបស់ទ្រង់ 7 ទាំងបន្លឺសំឡេងច្រៀងអរគុណទ្រង់ និងរៀបរាប់អំពីការអស្ចារ្យ ទាំងប៉ុន្មានរបស់ទ្រង់។ 8 ឱអុលឡោះតាអាឡាអើយ! ខ្ញុំចូលចិត្តស្នាក់នៅក្នុង ដំណាក់របស់ទ្រង់ណាស់ គឺនៅក្នុងកន្លែងដែលមានសិរីរុងរឿង របស់ទ្រង់ស្ថិតនៅ។ 9 សូមកុំទុកឲ្យខ្ញុំស្លាប់ជាមួយ មនុស្សបាបឡើយ ហើយក៏កុំដកជីវិតខ្ញុំ រួមជាមួយមនុស្សដែលបង្ហូរឈាមគេដែរ។ 10 អ្នកទាំងនោះតែងប្រព្រឹត្តអំពើទុច្ចរិត គ្រប់ពេលវេលា ហើយពួកគេក៏ចូលចិត្តស៊ីសំណូកដែរ! 11 រីឯខ្ញុំវិញ ខ្ញុំប្រព្រឹត្តតែអំពើទៀងត្រង់។ សូមរំដោះខ្ញុំ សូមប្រណីសន្ដោសខ្ញុំផង!។ 12 ខ្ញុំឈរនៅកន្លែងដ៏សុចរិត ខ្ញុំនឹងលើកតម្កើងអុលឡោះតាអាឡា នៅក្នុងអង្គប្រជុំ!។ |
© 2014 United Bible Societies, UK.
United Bible Societies