ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 144 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 144

ពាក្យ​ទូរអា​របស់​ស្តេច
ទំនុក​របស់​ណាពី​ទត។

1 សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ ទ្រង់​បង្រៀន​ខ្ញុំ​អំពី​យុទ្ធ‌សាស្ត្រ ហើយ​ហ្វឹក‌ហ្វឺន​ខ្ញុំ​ដើម្បី​ធ្វើ​សឹក។

2 ទ្រង់​សំដែង​ចិត្ត​មេត្តា‌ករុណា ចំពោះ​ខ្ញុំ ទ្រង់​ជួយ​ការពារ​ខ្ញុំ ទ្រង់​ជា​ទី​ជំរក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ទ្រង់​រំដោះ​ខ្ញុំ ទ្រង់​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​តែង​មក​ជ្រក​កោន​នឹង​ទ្រង់​ជា‌និច្ច ទ្រង់​ប្រគល់​ប្រជា‌ជាតិ​នានា​មក​ក្រោម អំណាច​របស់​ខ្ញុំ

3 ឱ​អុលឡោះ‌តាអាឡា​អើយ តើ​មនុស្ស​ជា​អ្វី​បាន​ជា​ទ្រង់ យក​ចិត្ត​ទុក​ដាក់​នឹង​គេ​ដូច្នេះ? តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ​ដូច្នេះ?​

4 មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ អាយុ​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល ដែល​តែងតែ​រសាត់​បាត់​ទៅ។

5 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ផ្អៀង​ផ្ទៃ​មេឃ របស់​ទ្រង់ ហើយ​ចុះ​មក! សូម​ពាល់​ភ្នំ ដើម្បី​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង។

6 សូម​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ កំចាត់‌កំចាយ​ខ្មាំង​សត្រូវ សូម​បាញ់​ព្រួញ​របស់​ទ្រង់​បំបាក់​ទ័ព​ពួក​គេ។

7 សូម​ផ្តល់​អំណាច​ពី​សូរ៉កា​មក​រំដោះ​ខ្ញុំ សូម​ស្រង់​ខ្ញុំ​ឲ្យ​ចេញ​ផុត​ពី​ទឹក​សមុទ្រ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អំណាច របស់​ជន​បរទេស​ទាំង​នេះ​ផង។

8 ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ សម្បថ​របស់​ខ្លួន​ដែរ។

9 ឱ​អុលឡោះ​អើយ ខ្ញុំ​សូម​ច្រៀង​បទ​ថ្មី​ជូន​ទ្រង់ ខ្ញុំ​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់ ដោយ​លេង​ឃឹម​កំដរ​ផង។


គីតាបសាបូរ​ជូន​ទ្រង់

10 អុលឡោះ‌តាអាឡា​សង្គ្រោះ​ស្ដេច​នានា ទ្រង់​រំដោះ​ទត​ជា​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។

11 សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អំណាច របស់​ជន​បរទេស​ទាំង​នេះ​ផង ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ សម្បថ​របស់​ខ្លួន​ដែរ។

12 សូម​ឲ្យ​កូន​ប្រុសៗ​របស់​យើង​ប្រៀប​ដូច​ជា កូន​ឈើ ដែល​ដុះ​ឡើង​យ៉ាង​ស្រស់​បំព្រង សូម​ឲ្យ​កូន​ស្រីៗ​របស់​យើង​មាន​រូប​ឆោម​ស្អាត ដូច​រូប​ទេព‌អប្សរ​ដ៏​ល្អ​ប្រណីត។

13 សូម​ឲ្យ​ជង្រុក​របស់​យើង​មាន​ពោរ‌ពេញ ទៅ​ដោយ​ភោគ‌ផល​សព្វ​បែប​យ៉ាង សូម​ឲ្យ​ហ្វូង​ចៀម​នៅ​តាម​វាល​ស្មៅ របស់​យើង​កើន​ចំនួន​ឡើង​រាប់​ពាន់​រាប់​ម៉ឺន។

14 សូម​ឲ្យ​ហ្វូង​គោ​របស់​យើង បាន​កើន​ចំនួន​ជា​ច្រើន គ្មាន​បាត់ គ្មាន​នរណា​លួច​ចាប់​យក​ទៅ​ឡើយ ហើយ​សូម​កុំ​ឲ្យ​មាន​សំរែក​ភ័យ​អាសន្ន នៅ​តាម​ទី​សាធារណៈ​របស់​យើង​ដែរ។

15 ប្រជា‌ជាតិ​ណា​មាន​ពរ​ដូច្នេះ ប្រជា‌ជាតិ​នោះ​មាន​សុភ‌មង្គល​ហើយ ប្រជា‌ជាតិ​ណា​គោរព​អុលឡោះ‌តាអាឡា ទុក​ជា​ម្ចាស់​របស់​ខ្លួន ប្រជា‌ជាតិ​នោះ​មាន​សុភ‌មង្គល​ហើយ!

© 2014 United Bible Societies, UK.

United Bible Societies