នៅពេលខ្ញុំមានអាសន្ន សូមកុំលាក់មុខឡើយ!ពាក្យទូរអារបស់ជនទុគ៌ត នៅពេលអស់សង្ឃឹម គេចូលមកសូមអង្វរ អុលឡោះតាអាឡា ។ 1 ឱអុលឡោះតាអាឡាអើយ សូមស្តាប់ពាក្យ ទូរអាអង្វររបស់ខ្ញុំ សូមមេត្តាទទួលពាក្យដែលខ្ញុំ ស្រែកអង្វរនេះផង! 2 នៅពេលខ្ញុំមានអាសន្ន សូមកុំលាក់មុខឡើយ! នៅថ្ងៃខ្ញុំស្រែកអង្វរទ្រង់ សូមស្តាប់ខ្ញុំផង! សូមឆ្លើយតបមកខ្ញុំជាប្រញាប់! 3 ដ្បិតជីវិតខ្ញុំនឹងត្រូវរសាត់បាត់ទៅ ដូចជាផ្សែង ហើយខ្លួនប្រាណខ្ញុំក្ដៅដូចរងើកភ្លើង។ 4 ខ្ញុំអស់ទឹកចិត្ត ប្រៀបដូចជាស្មៅក្រៀមស្ងួត សូម្បីតែអាហារក៏ខ្ញុំលែងនឹកនាទៀតដែរ។ 5 ខ្ញុំចេះតែស្រែកថ្ងូរជានិច្ច ខ្ញុំនៅសល់តែស្បែក និងឆ្អឹង 6 ខ្ញុំប្រៀបដូចជាសត្វក្អែក នៅវាលរហោស្ថាន ឬដូចសត្វទីទុយនៅទីស្មសាន។ 7 ខ្ញុំនៅទន្ទឹងរង់ចាំប្រៀបដូចជា សត្វស្លាបឯកោទំនៅលើដំបូលផ្ទះ។ 8 រៀងរាល់ថ្ងៃ ខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាប្រមាថមាក់ងាយខ្ញុំ ពួកគេចំអកឡកឡឺយឲ្យខ្ញុំ ហើយយកឈ្មោះខ្ញុំទៅដាក់បណ្ដាសាគ្នា។ 9 ខ្ញុំបរិភោគទាំងទុក្ខសោក ខ្ញុំបរិភោគលាយជាមួយទឹកភ្នែក 10 ព្រោះទ្រង់ខឹង នឹងខ្ញុំយ៉ាងខ្លាំង ទ្រង់លើកខ្ញុំបោះទៅឆ្ងាយ។ 11 អាយុជីវិតខ្ញុំប្រៀបដូចជាស្រមោល នៅពេលល្ងាច និងដូចស្មៅដែលក្រៀមស្ងួតដែរ។ 12 រីឯទ្រង់វិញ ឱអុលឡោះតាអាឡាអើយ ទ្រង់គ្រងរាជ្យអស់កល្បជានិច្ច គេនឹងរំលឹកពីទ្រង់អស់កល្ប ជាអង្វែងតរៀងទៅ។ 13 ដោយទ្រង់អាណិតមេត្តាក្រុងស៊ីយ៉ូន ទ្រង់មុខជាក្រោកឡើង ព្រោះដល់ពេលកំណត់ដែលទ្រង់ ត្រូវប្រណីសន្ដោសក្រុងនេះហើយ។ 14 យើងខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ យើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់ សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះ ក៏យើងខ្ញុំជាប់ចិត្តដែរ។ 15 សូមឲ្យប្រជាជាតិនានាកោតខ្លាច នាមរបស់អុលឡោះតាអាឡា ហើយឲ្យស្ដេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ទ្រង់! 16 ពេលអុលឡោះតាអាឡាសង់ក្រុងស៊ីយ៉ូនឡើងវិញ ទ្រង់នឹងសំដែងសិរីរុងរឿងឲ្យគេឃើញ។ 17 ទ្រង់បែរមើលទៅមនុស្សទុគ៌ត ទ្រង់លែងព្រងើយកន្តើយ នឹងពាក្យសូមអង្វររបស់គេទៀតហើយ។ 18 ចូរសរសេរសេចក្ដីទាំងនេះទុក ឲ្យមនុស្សនៅជំនាន់ក្រោយបានដឹង ដើម្បីឲ្យប្រជារាស្ត្រដែលនឹងកកើតឡើងវិញ នាំគ្នាសរសើរតម្កើងអុលឡោះតាអាឡា! 19 ដ្បិតទ្រង់មើលពីទីសក្ការៈរបស់ទ្រង់មក អុលឡោះតាអាឡាមើលពីសូរ៉កាមកផែនដី 20 ដើម្បីស្ដាប់សំរែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំង និងដើម្បីរំដោះអស់អ្នក ដែលគេកាត់ទោសប្រហារជីវិត។ 21 ពេលនោះ គេនឹងប្រកាសអំពីកិត្តិនាម របស់អុលឡោះតាអាឡានៅក្រុងស៊ីយ៉ូន គេនឹងសរសើរតម្កើងទ្រង់នៅក្រុងយេរូសាឡឹម 22 គឺនៅពេលដែលប្រជាជាតិនានាមកជួបជុំគ្នា ហើយប្រជាជនពីនគរទាំងឡាយ នាំគ្នាគោរពបម្រើអុលឡោះតាអាឡា។ 23 ពេលខ្ញុំនៅពេញកម្លាំងនៅឡើយ ទ្រង់ធ្វើឲ្យខ្ញុំទន់ជង្គង់ ទ្រង់បង្រួញអាយុជីវិតរបស់ខ្ញុំ។ 24 ហេតុនេះហើយបានជាខ្ញុំអង្វរទ្រង់ថា «ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ទ្រង់នៅអស់កល្ប ពីជំនាន់មួយទៅជំនាន់មួយ សូមកុំដកជីវិតខ្ញុំក្នុងពេលដែល ខ្ញុំមិនទាន់ចាស់នៅឡើយ!»។ 25 ទ្រង់បានបង្កើតផែនដី តាំងពីដើមដំបូងម្ល៉េះហើយ ហើយផ្ទៃមេឃក៏ជាស្នាដៃរបស់ទ្រង់ដែរ។ 26 ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យទៅ រីឯទ្រង់វិញ ទ្រង់នៅស្ថិតស្ថេររហូតតទៅ ផ្ទៃមេឃ និងផែនដី នឹងរិចរឹលទៅ ដូចសំលៀកបំពាក់ ទ្រង់នឹងផ្លាស់វាដូចផ្លាស់សំលៀកបំពាក់ ហើយវានឹងបាត់សូន្យទៅ។ 27 ចំពោះទ្រង់វិញ ទ្រង់នៅតែដដែល អាយុរបស់ទ្រង់គ្មានទីបញ្ចប់ទេ។ 28 កូនចៅយើងខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ នឹងរស់នៅដោយសុខសាន្ត ហើយទ្រង់នឹងថែរក្សាកូនចៅរបស់គេ រហូតតទៅ។ |
© 2014 United Bible Societies, UK.
United Bible Societies