ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ ពេត្រុស 4 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
១ ពេត្រុស 4

ការដើរតាមព្រះគ្រីស្ទ

1 ដូច្នេះ ដោយ​ព្រះ​គ្រីស្ទ​បាន​រងទុក្ខ​ក្នុង​រូបកាយ អ្នករាល់គ្នា​ក៏​ត្រូវ​ប្រដាប់ខ្លួន​ដោយ​បំណង​ដូច​ព្រះអង្គ​ដែរ ដ្បិត​អ្នកណា​ដែល​រងទុក្ខ​ក្នុង​រូបកាយ អ្នកនោះ​បាន​ឈប់ពាក់ព័ន្ធ​នឹង​បាប​ហើយ

2 ដើម្បី​បាន​រស់នៅ មិនមែន​តាម​តណ្ហា​របស់​មនុស្ស​ទៀតទេ គឺ​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​វិញ ក្នុង​ពេល​ដែល​នៅសល់​ក្នុង​លោក​នេះ​។

3 ជាការពិត រយៈពេល​កន្លងមក​ដែល​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​តាម​បំណង​របស់​សាសន៍ដទៃ ដូចជា​រស់នៅ​ក្នុង​ការល្មោភកាម ការលោភលន់ ការប្រមឹក ការស៊ីផឹកអាវាសែ ការស៊ីផឹកជ្រុល និង​ការថ្វាយបង្គំរូបបដិមាករ​ដែល​ខុសនឹងក្រឹត្យវិន័យ នោះ​ល្មម​ហើយ​។

4 ឥឡូវនេះ ដោយ​អ្នករាល់គ្នា​មិន​រត់ចូល​ទៅក្នុង​ជំនន់​អបាយមុខ​ដូចគ្នា​នោះ​ជាមួយ​ពួកគេ ពួកគេ​ក៏​ប្លែកចិត្ត ទាំង​មួលបង្កាច់​អ្នករាល់គ្នា​។

5 ពួកគេ​ត្រូវ​រៀបរាប់ទូល​ព្រះអង្គ​ដែល​ត្រៀមជាស្រេច​នឹង​ជំនុំជម្រះ​ទាំង​មនុស្ស​រស់ និង​មនុស្សស្លាប់​។

6 ហេតុនេះហើយបានជា​ដំណឹងល្អ​ត្រូវបាន​ផ្សាយ​ដល់​ពួក​អ្នកដែលស្លាប់​ដែរ ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​ផ្ដន្ទាទោស​តាម​គំនិត​របស់​មនុស្ស​ខាងសាច់ឈាម ប៉ុន្តែ​ខាងវិញ្ញាណ​វិញ មានជីវិតរស់​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​។

ក្រមសីលធម៌នៅគ្រាចុងបញ្ចប់

7 ទីបញ្ចប់​នៃ​របស់​សព្វសារពើ​មកជិតដល់​ហើយ ដូច្នេះ​ចូរ​ដឹងស្មារតី ហើយ​មានគំនិតមធ្យ័ត​ក្នុង​ការអធិស្ឋាន​។

8 ដែលសំខាន់ជាងគេ គឺ​ត្រូវ​រក្សា​សេចក្ដីស្រឡាញ់​យ៉ាងអស់ពីចិត្ត​ចំពោះ​គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់​គ្របបាំង​បាប​ដ៏ច្រើនសន្ធឹក​។

9 ចូរ​រាក់ទាក់​គ្នាទៅវិញទៅមក​ដោយគ្មាន​ការរអ៊ូរទាំ​ឡើយ​។

10 ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​បម្រើ​គ្នាទៅវិញទៅមក​តាម​អំណោយទាន​ដែល‍ខ្លួន​បាន​ទទួល ក្នុងនាមជា​មេការ​ដ៏ល្អ​នៃ​ព្រះគុណ​ផ្សេងៗ‍របស់​ព្រះ​។

11 ប្រសិនបើ​អ្នកណា​និយាយ ត្រូវ​និយាយ​ស្របតាម​ព្រះបន្ទូល​របស់​ព្រះ​; ប្រសិនបើ​អ្នកណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​ព្រះ​ប្រទានឲ្យ ដើម្បីឲ្យ​ព្រះ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ក្នុង​គ្រប់ការទាំងអស់ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​។ សូមឲ្យ​សិរីរុងរឿង និង​ព្រះចេស្ដា មាន​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។

រងទុក្ខសម្រាប់ព្រះគ្រីស្ទ

12 អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​ប្លែកចិត្ត​នឹង​ការពិសោធដូចភ្លើង​ក្នុងចំណោម​អ្នករាល់គ្នា ដែល​មកដល់​ដើម្បី​សាកល្បង​អ្នករាល់គ្នា ហាក់ដូចជា​មាន​រឿង​ចម្លែក​កើតឡើង​ចំពោះ​អ្នករាល់គ្នា​ឡើយ​។

13 ផ្ទុយទៅវិញ ចូរ​អរសប្បាយ​ដែល​អ្នករាល់គ្នា​មានចំណែក​ក្នុង​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ ដើម្បីឲ្យ​អ្នករាល់គ្នា​មានអំណរ​អរសប្បាយ​យ៉ាងខ្លាំង​នឹង​ការសម្ដែងឲ្យឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ​ដែរ​។

14 ប្រសិនបើ​អ្នករាល់គ្នា​ត្រូវគេ​ត្មះតិះដៀល​ដោយព្រោះ​ព្រះនាម​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​ព្រះវិញ្ញាណ​នៃ​សិរីរុងរឿង គឺ​ព្រះវិញ្ញាណ​របស់​ព្រះ សណ្ឋិត​លើ​អ្នករាល់គ្នា​។

15 កុំឲ្យ​មាន​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា រងទុក្ខ​ក្នុងនាមជា​ឃាតករ ជា​ចោរលួច ជា​មនុស្សធ្វើអាក្រក់ ឬ​ជា​អ្នកជ្រៀតជ្រែករឿងអ្នកដទៃ​ឡើយ

16 ប៉ុន្តែ​ប្រសិនបើ​មានអ្នកណារងទុក្ខ​ក្នុងនាមជា​គ្រីស្ទាន អ្នកនោះ​មិន​ត្រូវ​អៀនខ្មាស​ឡើយ ផ្ទុយទៅវិញ ត្រូវ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ដោយព្រោះ​នាម​នោះ​។

17 ដ្បិត​ពេលកំណត់​មកដល់ហើយ ដើម្បីឲ្យ​ការជំនុំជម្រះ​ចាប់ផ្ដើម​ពី​ដំណាក់​របស់​ព្រះ ហើយ​ប្រសិនបើ​ចាប់ផ្ដើម​ពី​យើង ចុះ​ចុងបញ្ចប់​របស់​ពួក​អ្នក​ដែល​មិនព្រមជឿ​ដំណឹងល្អ​របស់​ព្រះ តើ​នឹងទៅជា​យ៉ាងណា​?

18 “ប្រសិនបើ​មនុស្ស​សុចរិត​ទទួល​ការ​សង្គ្រោះ​សឹងតែមិនបាន​ទៅហើយ ចុះទម្រាំ​មនុស្ស​មិនគោរពព្រះ និង​មនុស្សបាប តើនឹងទៅជាយ៉ាងណា​? ​”។

19 ដោយហេតុនេះ អ្នក​ដែល​រងទុក្ខ​ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ ត្រូវ​ផ្ទុកផ្ដាក់​ព្រលឹង​របស់​ខ្លួន​នឹង​ព្រះអាទិករ​ដ៏ស្មោះត្រង់ ដោយ​ការធ្វើល្អ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative