1 កុំស្ដីបន្ទោសបុរសចំណាស់ឡើយ ផ្ទុយទៅវិញ ចូរអង្វរគាត់ទុកដូចជាឪពុក។ ចំពោះបុរសក្មេង ចូរចាត់ទុកពួកគេដូចជាប្អូនប្រុស 2 ស្ត្រីចំណាស់ទុកដូចជាម្ដាយ ហើយស្ត្រីក្មេងទុកដូចជាប្អូនស្រីដោយសេចក្ដីបរិសុទ្ធទាំងស្រុង។ ការជួយស្ត្រីមេម៉ាយ3 ចូរគោរពស្ត្រីមេម៉ាយ ដែលពិតជាមេម៉ាយមែន។ 4 ប៉ុន្តែប្រសិនបើស្ត្រីមេម៉ាយណាម្នាក់មានកូន ឬចៅ នោះចូរឲ្យពួកគេរៀនឲ្យចេះបង្ហាញភាពកតញ្ញូដល់ក្រុមគ្រួសាររបស់ខ្លួនជាមុនសិន ព្រមទាំងសងគុណដល់ឪពុកម្ដាយផង ដ្បិតការនេះជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះ។ 5 ចំពោះស្ត្រីមេម៉ាយពិតប្រាកដដែលរស់នៅតែឯង គេសង្ឃឹមលើព្រះ ហើយនៅជាប់ក្នុងសេចក្ដីទូលអង្វរ និងសេចក្ដីអធិស្ឋានទាំងយប់ទាំងថ្ងៃ 6 រីឯស្ត្រីមេម៉ាយដែលរស់នៅតាមអំពើចិត្ត ទោះបីជានៅរស់ក៏ដោយ ក៏ដូចជាស្លាប់ហើយ។ 7 ចូរបង្គាប់សេចក្ដីទាំងនេះដែរ ដើម្បីឲ្យពួកគេទៅជាឥតកន្លែងបន្ទោសបាន។ 8 ប្រសិនបើអ្នកណាមិនគិតគូរដល់សាច់ញាតិរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះបានបដិសេធជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។ 9 ស្ត្រីមេម៉ាយដែលរាប់ចូលក្នុងបញ្ជី ត្រូវមានអាយុមិនតិចជាងហុកសិបឆ្នាំ ជាប្រពន្ធរបស់ប្ដីតែម្នាក់ 10 ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អខាងអំពើល្អ ដូចជា បានចិញ្ចឹមកូន បានទទួលអ្នកដទៃដោយរាក់ទាក់ បានលាងជើងឲ្យវិសុទ្ធជន បានជួយអ្នកដែលរងទុក្ខ បាននៅជាប់ក្នុងការល្អគ្រប់បែបយ៉ាង ជាដើម។ 11 ចំពោះស្ត្រីមេម៉ាយវ័យក្មេងវិញ ត្រូវបដិសេធកុំឲ្យរាប់ចូលក្នុងបញ្ជីឡើយ។ ដ្បិតកាលណាពួកនាងបែរចេញពីព្រះគ្រីស្ទដោយមានចិត្តស្រើបស្រាល ពួកនាងក៏ចង់រៀបការ។ 12 ដូច្នេះ ពួកនាងត្រូវបានផ្ដន្ទាទោស ពីព្រោះពួកនាងបានបោះបង់ចោលពាក្យសម្បថដើមរបស់ខ្លួន។ 13 លើសពីនេះទៅទៀត ពួកនាងចេះធ្វើជាមនុស្សខ្ជិល ទាំងដើរចុះឡើងពីផ្ទះមួយទៅផ្ទះមួយ ហើយមិនគ្រាន់តែខ្ជិលប៉ុណ្ណោះទេ គឺថែមទាំងនិយាយដើម និងជ្រៀតជ្រែករឿងអ្នកដទៃ ព្រមទាំងនិយាយអ្វីដែលមិនគួរនិយាយទៀតផង។ 14 ដោយហេតុនេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយវ័យក្មេងរៀបការ បង្កើតកូន ហើយមើលខុសត្រូវក្នុងផ្ទះ ដើម្បីកុំឲ្យផ្ដល់ឱកាសដល់អ្នកដែលរករឿងបានត្មះតិះដៀលឡើយ។ 15 ដ្បិតមានអ្នកខ្លះបានបែរទៅតាមសាតាំងហើយ។ 16 ប្រសិនបើស្ត្រីជាអ្នកជឿណាម្នាក់មានសាច់ញាតិជាស្ត្រីមេម៉ាយ ស្ត្រីនោះត្រូវជួយស្ត្រីមេម៉ាយទាំងនោះ កុំដាក់បន្ទុកលើក្រុមជំនុំឡើយ ដើម្បីឲ្យក្រុមជំនុំបានជួយស្ត្រីមេម៉ាយពិតប្រាកដ។ ការគោរពចាស់ទុំ17 ចំពោះចាស់ទុំដែលគ្រប់គ្រងបានល្អ ត្រូវរាប់អ្នកនោះថាស័ក្ដិសមនឹងកិត្តិយសទ្វេដង ជាពិសេសចាស់ទុំដែលធ្វើការនឿយហត់ក្នុងការប្រកាសព្រះបន្ទូល និងការបង្រៀន។ 18 ជាការពិត ព្រះគម្ពីរចែងថា: “កុំឃ្លុំមាត់គោ ពេលវាកំពុងបញ្ជាន់ស្រូវឡើយ” ហើយថា:“អ្នកធ្វើការសមនឹងទទួលឈ្នួលរបស់ខ្លួន”។ 19 កុំទទួលយកពាក្យចោទប្រកាន់ទាស់នឹងចាស់ទុំឡើយ លើកលែងតែមានសាក្សីពីរ ឬបីនាក់។ 20 ចំពោះអ្នកដែលប្រព្រឹត្តបាប ត្រូវស្ដីបន្ទោសនៅមុខទាំងអស់គ្នា ដើម្បីឲ្យអ្នកឯទៀតៗមានការភ័យខ្លាចដែរ។ 21 ខ្ញុំសូមដាស់តឿនយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះ និងព្រះគ្រីស្ទយេស៊ូវ ព្រមទាំងបណ្ដាទូតសួគ៌ដែលត្រូវបានជ្រើសតាំងថា អ្នកត្រូវកាន់តាមសេចក្ដីទាំងនេះដោយគ្មានការរើសមុខ ទាំងមិនធ្វើអ្វីដោយភាពលំអៀងឡើយ។ 22 កុំដាក់ដៃលើអ្នកណាជាប្រញាប់ឡើយ ហើយក៏កុំឲ្យមានចំណែកក្នុងបាបរបស់អ្នកដទៃដែរ។ ចូររក្សាខ្លួនឲ្យបរិសុទ្ធ។ 23 កុំផឹកតែទឹកទៀតឡើយ តែចូរផឹកស្រាទំពាំងបាយជូរបន្តិចសម្រាប់ក្រពះ និងសម្រាប់ជំងឺរបស់អ្នកដែលមានជាញឹកញាប់។ 24 បាបរបស់អ្នកខ្លះជាក់ច្បាស់ ដែលនាំមុខគេទៅការជំនុំជម្រះ រីឯបាបរបស់អ្នកខ្លះទៀតលេចមកនៅពេលក្រោយ។ 25 អំពើល្អក៏ជាក់ច្បាស់ដូចគ្នាដែរ ហើយអំពើណាដែលមិនជាក់ច្បាស់ ក៏មិនអាចលាក់បាំងបានឡើយ៕ |