ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 26 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេសាយ 26

ចម្រៀងរបស់យូដា

1 នៅ​ថ្ងៃ​នោះ គេ​នឹង​ច្រៀង​ចម្រៀង​នេះ​នៅក្នុង​ដែនដី​យូដា​ថា​៖ “យើង​មាន​ទីក្រុង​មួយ​ដ៏រឹងមាំ ព្រះអង្គ​ទ្រង់​តាំង​សេចក្ដីសង្គ្រោះ​ឡើង ទុកជា​កំពែង និង​ជា​ប៉ម​។

2 ចូរ​បើក​ទ្វារក្រុង ដើម្បីឲ្យ​ប្រជាជាតិ​សុចរិត​ដែល​រក្សា​សេចក្ដីស្មោះត្រង់ បាន​ចូលមក​!

3 ព្រះអង្គ​ទ្រង់​រក្សា​អ្នកដែល​មាន​បំណង​ខ្ជាប់ខ្ជួន ឲ្យ​មាន​សេចក្ដីសុខសាន្តពេញលេញ ពីព្រោះ​គេ​ជឿទុកចិត្ត​ព្រះអង្គ​។

4 ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​ជារៀងរហូត ដ្បិត​ព្រះអម្ចាស់​យេហូវ៉ា​ជា​ថ្មដា​ដ៏អស់កល្ប​!

5 ព្រះអង្គ​បាន​បន្ទាប​អ្នកដែល​រស់នៅ​កន្លែងខ្ពស់​ចុះ គឺ​ទីក្រុង​ដ៏ខ្ពស់ ព្រះអង្គ​ទ្រង់​ពង្រាប​វា គឺ​ពង្រាប​វា​ដល់​ដី ក៏​បោះ​វា​ដល់​ធូលី​ផង​។

6 ជើង​នឹង​ជាន់ឈ្លី​វា គឺទាំង​ជើង​របស់​អ្នក​ទ័លក្រ និង​ជំហាន​របស់​អ្នកក្រខ្សត់​ផង”។

ប្រជារាស្ត្ររបស់ព្រះប្រាថ្នាចង់បានព្រះអង្គ

7 ផ្លូវ​របស់​មនុស្ស​សុចរិត គឺ​សេចក្ដីទៀងត្រង់​។ ឱ​ព្រះអង្គ​ដ៏ទៀងត្រង់​អើយ ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ផ្លូវ​របស់​មនុស្ស​សុចរិត​រាបស្មើ​។

8 មែនហើយ ព្រះយេហូវ៉ា​អើយ យើងខ្ញុំ​ទន្ទឹងរង់ចាំ​ព្រះអង្គ ក្នុង​ផ្លូវ​នៃ​ការជំនុំជម្រះ​របស់ព្រះអង្គ​; ព្រះនាម​របស់ព្រះអង្គ និង​ការនឹកចាំ​អំពី​ព្រះអង្គ គឺជា​បំណងប្រាថ្នា​នៃ​ចិត្ត​របស់យើងខ្ញុំ​!

9 នៅ​ពេលយប់ ព្រលឹង​របស់ទូលបង្គំ​ប្រាថ្នាចង់បាន​ព្រះអង្គ វិញ្ញាណ​របស់ទូលបង្គំ​ដែល​នៅក្នុង​ទូលបង្គំ ក៏​ខំប្រឹងស្វែងរក​ព្រះអង្គ ដ្បិត​នៅពេល​ការជំនុំជម្រះ​របស់ព្រះអង្គ​មកដល់​ផែនដី អ្នកដែល​រស់នៅ​ពិភពលោក​ក៏​រៀនចេះ​សេចក្ដីសុចរិត​។

10 ទោះបីជា​ព្រះអង្គ​មេត្តា​ដល់​មនុស្ស​អាក្រក់​ក៏ដោយ ក៏​គេ​មិន​រៀនចេះ​សេចក្ដីសុចរិត​ដែរ គេ​ប្រព្រឹត្តអំពើទុច្ចរិត​នៅក្នុង​ទឹកដី​នៃ​សេចក្ដី​ទៀងត្រង់ ហើយ​មិន​ឃើញ​ភាពឧត្ដុង្គឧត្ដម​របស់​ព្រះយេហូវ៉ា​ឡើយ​។

11 ព្រះយេហូវ៉ា​អើយ ព្រះហស្ត​របស់ព្រះអង្គ​បាន​លើកឡើង​ហើយ ប៉ុន្តែ​ពួកគេ​មិន​ឃើញ​ឡើយ​។ សូមឲ្យ​ពួកគេ​ឃើញ​ចិត្តឆេះឆួល​របស់ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ ហើយ​អាម៉ាស់មុខ​! សូមឲ្យ​ភ្លើង​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះអង្គ​ស៊ីបំផ្លាញ​ពួកគេ​!

12 ព្រះយេហូវ៉ា​អើយ ព្រះអង្គ​នឹង​តាំង​សេចក្ដីសុខសាន្ត​ឡើង​សម្រាប់​យើងខ្ញុំ ដ្បិត​ព្រះអង្គ​ក៏​បាន​ធ្វើ​សម្រាប់​យើងខ្ញុំ​នូវ​អស់ទាំង​កិច្ចការ​របស់យើងខ្ញុំ​ដែរ​!

13 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​អើយ មាន​ចៅហ្វាយ​ជាច្រើន​ក្រៅពី​ព្រះអង្គ​បាន​ត្រួតត្រា​លើ​យើងខ្ញុំ ប៉ុន្តែ​យើងខ្ញុំ​នឹកចាំ​ព្រះនាម​របស់ព្រះអង្គ គឺ​តែ​ព្រះអង្គ​ប៉ុណ្ណោះ​។

14 មនុស្ស​ស្លាប់​មិន​រស់​ទៀត​ទេ ព្រលឹងមនុស្សស្លាប់​ក៏មិន​ងើបឡើងវិញ​ដែរ ដូច្នេះ​ព្រះអង្គ​បាន​ដាក់ទោស ហើយ​បំផ្លាញ​គេ ព្រមទាំង​បំបាត់​អស់ទាំង​ការនឹកចាំ​អំពី​គេ​ផង​។

15 ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជាជាតិ​នេះ​កើនឡើង ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជាជាតិ​នេះ​កើនឡើង​ហើយ​! ព្រះអង្គ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​! ព្រះអង្គ​បាន​ពង្រីក​អស់ទាំង​ព្រំដែន​នៃ​ទឹកដី​ហើយ​!

16 ព្រះយេហូវ៉ា​អើយ គេ​បាន​ស្វែងរក​ព្រះអង្គ​ក្នុង​ទុក្ខវេទនា គេ​បាន​បង្ហូរចេញ​នូវ​ពាក្យអធិស្ឋានខ្សឹបៗ​ពេលមាន​ការប្រៀនប្រដៅ​របស់ព្រះអង្គ​ដល់​គេ​!

17 ព្រះយេហូវ៉ា​អើយ ដូចដែល​ស្ត្រី​មានផ្ទៃពោះ​ដែល​រៀបនឹង​សម្រាលកូន នាង​ឈឺចុកចាប់យ៉ាងខ្លាំង ហើយ​ស្រែកថ្ងូរ​ដោយ​ការឈឺពោះឆ្លងទន្លេ​យ៉ាងណា យើងខ្ញុំ​ក៏យ៉ាងនោះដែរ នៅ​ចំពោះ​ព្រះអង្គ​។

18 យើងខ្ញុំ​បាន​មានផ្ទៃពោះ យើងខ្ញុំ​បាន​ឈឺចាប់ ប៉ុន្តែ​យើងខ្ញុំ​សម្រាលចេញ​ជា​ខ្យល់ យើងខ្ញុំ​មិន​បាន​សម្រេចបាន​នូវ​សេចក្ដីសង្គ្រោះ​សម្រាប់​ផែនដី ហើយ​អ្នកដែល​រស់នៅ​លើ​ពិភពលោក​ក៏​មិន​បាន​កើតមក​ដែរ​។

19 ពួកមនុស្ស​ស្លាប់​របស់អ្នក​នឹង​មានជីវិតរស់ សាកសព​របស់គេ​នឹង​ក្រោកឡើង​។ ពួកអ្នកដែល​រស់នៅ​ក្នុង​ធូលី​អើយ ចូរ​ភ្ញាក់ឡើង ហើយ​ស្រែកហ៊ោសប្បាយ​! ដ្បិត​ទឹកសន្សើម​របស់អ្នក ប្រៀបដូចជា​ទឹកសន្សើម​ពេលព្រលឹម ហើយ​ផែនដី​នឹង​បញ្ចេញ​ព្រលឹងមនុស្សស្លាប់​មក​។

20 ប្រជាជន​របស់ខ្ញុំ​អើយ ចូរ​ទៅ​! ចូរ​ចូលទៅ​ក្នុង​បន្ទប់​របស់ខ្លួន ហើយ​បិទ​ទ្វារ​នៅខាងក្រោយ​អ្នក​ចុះ ចូរ​លាក់ខ្លួន​បន្តិច​សិន រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​កន្លងផុតទៅ​!

21 ដ្បិត​មើល៍! ព្រះយេហូវ៉ា​បាន​យាង​ចេញ​ពី​កន្លែង​របស់ព្រះអង្គ​មក ដើម្បី​ដាក់ទោស​អ្នកដែល​រស់នៅ​លើ​ផែនដី​ចំពោះ​សេចក្ដីទុច្ចរិត​របស់គេ ហើយ​ផែនដី​នឹង​លាតត្រដាង​ការបង្ហូរឈាម​លើ​វា ក៏​មិន​គ្របបាំង​មនុស្សដែល​ត្រូវគេ​សម្លាប់​ទៀត​ឡើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative