យ៉ាកុបចាកចេញពីផ្ទះ1 អ៊ីសាកហៅយ៉ាកុបមកឲ្យពរ រួចបង្គាប់គាត់ថា៖ “កុំយកប្រពន្ធពីពួកកូនស្រីកាណានឡើយ។ 2 ចូរក្រោកឡើងទៅប៉ាដាន់-អើរ៉ាម ទៅឯផ្ទះបេធូអែលឪពុករបស់ម្ដាយឯង ហើយយកប្រពន្ធពីទីនោះសម្រាប់ខ្លួនឯង គឺពីពួកកូនស្រីរបស់ឡាបាន់បងប្រុសរបស់ម្ដាយឯងចុះ។ 3 សូមឲ្យព្រះដ៏មានព្រះចេស្ដាប្រទានពរឯង ហើយធ្វើឲ្យឯងបង្កើតកូន និងកើនចំនួនឡើងចុះ ដើម្បីឲ្យឯងបានទៅជាសហគមន៍នៃជាតិសាសន៍នានា។ 4 សូមឲ្យព្រះអង្គប្រទានដល់ឯង និងពូជពង្សរបស់ឯងដែលនៅជាមួយឯង នូវពររបស់អ័ប្រាហាំ ដើម្បីឲ្យឯងបានយកទឹកដីដែលឯងស្នាក់នៅបណ្ដោះអាសន្នជាកម្មសិទ្ធិ គឺទឹកដីដែលព្រះបានប្រទានដល់អ័ប្រាហាំ”។ 5 គឺយ៉ាងនេះឯងដែលអ៊ីសាកបញ្ជូនយ៉ាកុបទៅ យ៉ាកុបក៏ទៅប៉ាដាន់-អើរ៉ាម ទៅឯឡាបាន់កូនប្រុសរបស់បេធូអែលជនជាតិអើរ៉ាម ដែលជាបងប្រុសរបស់រេបិកាម្ដាយយ៉ាកុប និងអេសាវ។ 6 នៅពេលអេសាវឃើញថាអ៊ីសាកបានឲ្យពរយ៉ាកុប ហើយបញ្ជូនគាត់ទៅប៉ាដាន់-អើរ៉ាមដើម្បីយកប្រពន្ធពីទីនោះសម្រាប់ខ្លួនឯង ហើយឃើញថាអ៊ីសាកបានឲ្យពរយ៉ាកុប ទាំងបង្គាប់គាត់ថា៖ “កុំយកប្រពន្ធពីពួកកូនស្រីកាណានឡើយ” 7 ព្រមទាំងឃើញថា យ៉ាកុបស្ដាប់តាមឪពុក និងម្ដាយរបស់គាត់ ហើយចេញទៅប៉ាដាន់-អើរ៉ាម 8 នោះអេសាវក៏ឃើញថាពួកកូនស្រីកាណានជាទីមិនពេញចិត្តក្នុងភ្នែកអ៊ីសាកឪពុករបស់គាត់ 9 ដូច្នេះ អេសាវក៏ទៅរកអ៊ីសម៉ាអែល ហើយយកម៉ាហាឡាត់ ធ្វើជាប្រពន្ធមួយទៀត ផ្សេងពីប្រពន្ធដែលគាត់មាន។ នាងជាកូនស្រីរបស់អ៊ីសម៉ាអែលដែលជាកូនប្រុសរបស់អ័ប្រាហាំ ហើយនាងជាប្អូនស្រីរបស់នេបាយ៉ូត។ យ៉ាកុបនៅបេត-អែល10 យ៉ាកុបបានចាកចេញពីបៀរ-សេបា ហើយធ្វើដំណើរឆ្ពោះទៅហារ៉ាន។ 11 គាត់មកដល់កន្លែងមួយ ក៏ស្នាក់នៅទីនោះមួយយប់ ពីព្រោះថ្ងៃលិចហើយ។ គាត់យកថ្មមួយពីកន្លែងនោះមកកើយក្បាល រួចដេកនៅកន្លែងនោះទៅ។ 12 គាត់បានយល់សប្តិ នោះមើល៍! មានជណ្ដើរមួយបញ្ឈរនៅលើដី រីឯចុងវាទៅដល់មេឃ ហើយមើល៍! មានបណ្ដាទូតសួគ៌របស់ព្រះ ឡើងចុះៗតាមជណ្ដើរនោះ! 13 ពេលនោះមើល៍! ព្រះយេហូវ៉ាទ្រង់ឈរពីលើជណ្ដើរ ហើយមានបន្ទូលថា៖ “យើងជាយេហូវ៉ាព្រះរបស់អ័ប្រាហាំជីតារបស់អ្នក និងជាព្រះរបស់អ៊ីសាក។ យើងនឹងប្រគល់ទឹកដីដែលអ្នកកំពុងដេកនៅលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។ 14 ពូជពង្សរបស់អ្នកនឹងបានដូចជាធូលីនៃផែនដី ហើយអ្នកនឹងរីកសាយទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង; ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក។ 15 មើល៍! យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅគ្រប់កន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកមកទឹកដីនេះវិញ ដ្បិតយើងនឹងមិនបោះបង់អ្នកចោលឡើយ រហូតដល់យើងបានបំពេញឲ្យសម្រេចនូវអ្វីដែលយើងបានសន្យាដល់អ្នក”។ 16 នៅពេលយ៉ាកុបភ្ញាក់ឡើងពីដំណេក គាត់និយាយថា៖ “ព្រះយេហូវ៉ាពិតជាគង់នៅកន្លែងនេះមែន ប៉ុន្តែខ្ញុំមិនបានដឹងសោះ!”។ 17 គាត់ក៏ភ័យខ្លាច ហើយនិយាយថា៖ “កន្លែងនេះគួរឲ្យខ្លាចណាស់ហ្ន៎! ទីនេះមិនមែនជាអ្វីផ្សេងទេ គឺជាដំណាក់របស់ព្រះ ហើយនេះជាទ្វារនៃស្ថានសួគ៌”។ 18 យ៉ាកុបក្រោកឡើងពីព្រលឹម ហើយយកថ្មដែលគាត់បានកើយក្បាលនោះ បញ្ឈរវាជាបង្គោល រួចចាក់ប្រេងលើក្បាលបង្គោលនោះ។ 19 គាត់ដាក់ឈ្មោះកន្លែងនោះថា បេត-អែល ប៉ុន្តែពីមុនទីក្រុងនោះមានឈ្មោះថា លូស។ 20 បន្ទាប់មក យ៉ាកុបបន់ថា៖ “ប្រសិនបើព្រះគង់នៅជាមួយទូលបង្គំ ហើយថែរក្សាទូលបង្គំតាមផ្លូវដែលទូលបង្គំទៅនេះ ព្រមទាំងប្រទានអាហារឲ្យទូលបង្គំហូប និងប្រទានសម្លៀកបំពាក់ឲ្យទូលបង្គំស្លៀកពាក់ 21 ហើយទូលបង្គំបានត្រឡប់ទៅផ្ទះរបស់ឪពុកទូលបង្គំវិញដោយសុខសាន្ត នោះព្រះយេហូវ៉ានឹងបានជាព្រះរបស់ទូលបង្គំ។ 22 រីឯថ្មនេះដែលទូលបង្គំបានបញ្ឈរជាបង្គោល នឹងបានជាដំណាក់របស់ព្រះ ហើយអ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំនឹងថ្វាយមួយភាគដប់ដល់ព្រះអង្គ”៕ |