លើកតម្កើងព្រះដ៏ខ្ពស់បំផុត1 ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ចូរឲ្យផែនដីត្រេកអរ! ចូរឲ្យកោះជាច្រើនអរសប្បាយ! 2 ពពក និងភាពងងឹតដ៏ក្រាស់នៅជុំវិញព្រះអង្គ សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ជាគ្រឹះនៃបល្ល័ង្ករបស់ព្រះអង្គ។ 3 ភ្លើងដើរនៅមុខព្រះអង្គ ហើយបញ្ឆេះបច្ចាមិត្តនៅជុំវិញព្រះអង្គ។ 4 ផ្លេកបន្ទោររបស់ព្រះអង្គបានបំភ្លឺពិភពលោក ផែនដីបានឃើញ ក៏ញ័ររន្ធត់។ 5 ភ្នំនានាបានរលាយដូចក្រមួននៅចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល។ 6 ផ្ទៃមេឃបានប្រកាសសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ ហើយប្រជាជាតិទាំងអស់បានឃើញសិរីរុងរឿងរបស់ព្រះអង្គ។ 7 សូមឲ្យអស់អ្នកដែលបម្រើរូបឆ្លាក់ គឺពួកអ្នកដែលអួតខ្លួនដោយអាងរូបបដិមាករឥតប្រយោជន៍ទាំងនោះបានអាម៉ាស់មុខ; ព្រះទាំងអស់អើយ ចូរថ្វាយបង្គំព្រះអង្គ! 8 ព្រះយេហូវ៉ាអើយ ស៊ីយ៉ូនបានឮ ក៏អរសប្បាយ កូនស្រីយូដាក៏ត្រេកអរដែរ ដោយសារតែការជំនុំជម្រះរបស់ព្រះអង្គ! 9 ដ្បិតព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល; ព្រះអង្គត្រូវបានលើកតម្កើងយ៉ាងខ្ពស់លើព្រះទាំងអស់! 10 អ្នកដែលស្រឡាញ់ព្រះយេហូវ៉ាអើយ ចូរស្អប់ការអាក្រក់! ព្រះអង្គទ្រង់រក្សាព្រលឹងនៃវិសុទ្ធជនរបស់ព្រះអង្គ ព្រះអង្គនឹងរំដោះពួកគេពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។ 11 ពន្លឺត្រូវបានសាបព្រោះសម្រាប់មនុស្សសុចរិត ហើយអំណរត្រូវបានសាបព្រោះសម្រាប់អ្នកដែលមានចិត្តទៀងត្រង់។ 12 មនុស្សសុចរិតអើយ ចូរអរសប្បាយក្នុងព្រះយេហូវ៉ា ហើយអរព្រះគុណដល់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ!៕ |