ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 41 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 41

សេចក្ដីអធិស្ឋានក្នុងពេលមានជំងឺ
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។

1 មានពរ​ហើយ អ្នកដែល​យកចិត្តទុកដាក់​នឹង​អ្នកក្រខ្សត់​! ព្រះយេហូវ៉ា​នឹង​រំដោះ​គេ​នៅ​ថ្ងៃ​នៃ​មហន្តរាយ​។

2 ព្រះយេហូវ៉ា​នឹង​ការពារ​គេ ហើយ​រក្សាជីវិត​គេ ដូច្នេះ​គេ​ត្រូវបាន​ហៅថាមានព្រះពរ​នៅលើ​ផែនដី​។ សូម​កុំ​ប្រគល់​គេ​តាម​ចំណង់​ពួក​សត្រូវ​របស់គេ​ឡើយ​!

3 ព្រះយេហូវ៉ា​នឹង​ទ្រទ្រង់​គេ​នៅលើ​គ្រែអ្នកជំងឺ​; នៅគ្រា​គេ​មាន​រោគា ព្រះអង្គ​នឹង​ប្រោស​គេ​ឲ្យជា​ទាំងស្រុង​នៅលើ​គ្រែ​របស់គេ​។

4 ខ្ញុំ​បាន​ទូលថា​៖ “ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! សូម​ប្រោស​ព្រលឹង​របស់ទូលបង្គំ​ឲ្យជា​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ”។

5 ពួក​សត្រូវ​របស់ខ្ញុំ​និយាយ​អាក្រក់​ទាស់នឹង​ខ្ញុំ​ថា​៖ “តើ​ពេលណា​ទើប​វា​ស្លាប់ ហើយ​ឈ្មោះ​របស់វា​បាន​វិនាស​បាត់ទៅ​?”។

6 សូម្បីតែ​នៅពេល​ពួកគេ​មក​ជួប​ខ្ញុំ ក៏​ពួកគេ​និយាយ​សេចក្ដីមិនពិត​ដែរ​; ចិត្ត​របស់ពួកគេ​ប្រមូល​សេចក្ដីទុច្ចរិត​សម្រាប់​ខ្លួនឯង​; ពេល​ចេញទៅ​ខាងក្រៅ ពួកគេ​ក៏​និយាយ​សេចក្ដីនោះ​។

7 អស់អ្នក​ដែល​ស្អប់​ខ្ញុំ ខ្សឹបខ្សៀវ​គ្នា​ទាស់នឹង​ខ្ញុំ​; ពួកគេ​គិតគូរ​ការអាក្រក់​ទាស់នឹង​ខ្ញុំ ដោយពោលថា​៖

8 “សេចក្ដីចង្រៃ​ត្រូវបាន​ចាក់បង្ហូរ​លើ​វា ដូច្នេះ​វា​នឹង​មិន​ក្រោកឡើង​ពី​កន្លែងដែល​វា​ដេក​ទៀត​ឡើយ​!”។

9 សូម្បីតែ​មិត្តដ៏ស្និទ្ធស្នាល​ដែល​ខ្ញុំ​បាន​ទុកចិត្តលើ​នោះ ជា​អ្នកដែល​ហូប​នំប៉័ង​របស់ខ្ញុំ ក៏​បាន​លើក​កែងជើង​ទាស់នឹង​ខ្ញុំ​ដែរ​។

10 រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​ធ្វើឲ្យ​ទូលបង្គំ​ក្រោកឡើង​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​តបសង​ដល់​ពួកគេ​។

11 ដោយសារតែ​ការនេះ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​ទូលបង្គំ គឺ​សត្រូវ​របស់ទូលបង្គំ​មិន​ស្រែកដោយមានជ័យជម្នះ​លើ​ទូលបង្គំ​ឡើយ​។

12 រីឯ​ទូលបង្គំ​វិញ ព្រះអង្គ​បាន​ទ្រទ្រង់​ទូលបង្គំ ដោយសារតែ​សេចក្ដីគ្រប់លក្ខណ៍​របស់ទូលបង្គំ ហើយ​ឲ្យ​ទូលបង្គំ​ឈរ​នៅចំពោះ​ព្រះភក្ត្រ​របស់ព្រះអង្គ​ជារៀងរហូត​។

13 សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល ចាប់ពី​អស់កល្ប​រហូតដល់​អស់កល្ប​។ អាម៉ែន​! អាម៉ែន​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative