ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 17 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 17

អធិស្ឋានសុំព្រះឲ្យការពារ
សេចក្ដីអធិស្ឋាន​របស់​ដាវីឌ​។

1 ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យបណ្ដឹង​ដ៏សុចរិត​របស់ទូលបង្គំ​ផង សូម​ប្រុងស្ដាប់​សម្រែក​របស់ទូលបង្គំ​ផង​! សូម​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ដែល​ចេញពី​បបូរមាត់​គ្មាន​សេចក្ដីបោកបញ្ឆោត​ផង​!

2 សូមឲ្យ​មាន​សាលក្រមបំភ្លឺភាពត្រឹមត្រូវ​សម្រាប់​ទូលបង្គំ ចេញមក​ពី​ចំពោះ​ព្រះអង្គ សូមឲ្យ​ព្រះនេត្រ​របស់ព្រះអង្គ​ទត​មើល​សេចក្ដីទៀងត្រង់​ផង​។

3 ព្រះអង្គ​បាន​ពិសោធ​ចិត្ត​របស់ទូលបង្គំ ព្រះអង្គ​បាន​ពិនិត្យមើល​ទូលបង្គំ​នៅ​ពេលយប់​; ព្រះអង្គ​បាន​បន្សុទ្ធ​ទូលបង្គំ ក៏​រក​មិន​ឃើញ​ការល្មើស​អ្វីឡើយ​; ទូលបង្គំ​បាន​សម្រេចចិត្ត​ថា​នឹង​មិន​ធ្វើខុស​ដោយ​មាត់​របស់ទូលបង្គំ​ឡើយ​។

4 ចំពោះ​ការប្រព្រឹត្ត​របស់​មនុស្ស ទូលបង្គំ​បាន​ចៀសវាង​ពី​ផ្លូវ​របស់​មនុស្សកំណាច ដោយព្រោះ​ព្រះបន្ទូល​ពី​ព្រះរឹម​របស់ព្រះអង្គ​។

5 ជំហាន​របស់ទូលបង្គំ​នៅជាប់​ក្នុង​គន្លង​របស់ព្រះអង្គ ជើង​របស់ទូលបង្គំ​មិនដែល​រអិល​ឡើយ​។

6 ឱ​ព្រះ​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​ឆ្លើយ​មក​ទូលបង្គំ​; សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ទូលបង្គំ សូម​សណ្ដាប់​ពាក្យ​របស់ទូលបង្គំ​ផង​!

7 សូម​សម្ដែងយ៉ាងអស្ចារ្យ​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង ព្រះអង្គដែល​សង្គ្រោះ​អ្នកដែល​ជ្រកកោន​ឲ្យរួចពី​ពួក​អ្នកតតាំង ដោយ​ព្រះហស្តស្ដាំ​អើយ​!

8 សូម​រក្សា​ទូលបង្គំ​ដូច​ប្រស្រី​ភ្នែក សូម​បំពួន​ទូលបង្គំ​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ

9 ឲ្យរួចពី​មនុស្ស​អាក្រក់​ដែល​បំផ្លាញ​ទូលបង្គំ ឲ្យរួចពី​ពួក​សត្រូវ​ដែល​ទាស់នឹង​ព្រលឹង​របស់ទូលបង្គំ ដែល​ឡោមព័ទ្ធ​ទូលបង្គំ​ផង​។

10 ចិត្ត​ដ៏ស្ពឹក​របស់ពួកគេ​បាន​បិទជិត មាត់​របស់ពួកគេ​និយាយ​យ៉ាងក្រអឺតក្រទម​។

11 ឥឡូវនេះ ពួកគេ​បាន​ដេញតាម​យើងខ្ញុំ ហើយ​ព័ទ្ធជុំវិញ​យើងខ្ញុំ​; ពួកគេ​តម្រង់​ភ្នែក​ដើម្បី​ផ្ដួល​យើងខ្ញុំ​ដល់​ដី​។

12 ពួកគេ​មាន​ដំណូច​ដូចជា​សិង្ហ​ដែល​ចង់​ហែកស៊ី​យ៉ាងខ្លាំង ក៏​ដូចជា​សិង្ហស្ទាវ​ដែល​សម្ងំចាំ​ក្នុង​ទីស្ងាត់កំបាំង​។

13 ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង សូម​ប្រឈមមុខ​នឹង​ពួកគេ សូម​ធ្វើឲ្យ​ពួកគេ​ចុះចូល​ផង​! សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​មនុស្ស​អាក្រក់​ដោយ​ដាវ​របស់ព្រះអង្គ​ផង​!

14 ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ទូលបង្គំ​រួចពី​មនុស្ស​ដោយ​ព្រះហស្ត​របស់ព្រះអង្គ​ផង គឺ​ឲ្យរួចពី​មនុស្សលោក​ដែល​ចំណែក​របស់គេ​នៅក្នុង​ជីវិត​នេះ​។ ព្រះអង្គ​បាន​បំពេញ​ពោះ​ពួកគេ​ដោយ​អ្វីដែល​ព្រះអង្គ​សន្សំទុក នោះ​ពួកគេ​ក៏​ស្កប់ចិត្ត​ដែល​មាន​កូនចៅ ហើយ​បន្សល់​អ្វីដែលសល់​ដល់​ទារក​របស់ខ្លួន​។

15 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មើល​ព្រះភក្ត្រ​របស់ព្រះអង្គ​ក្នុង​សេចក្ដីសុចរិត​; នៅពេល​ភ្ញាក់ឡើង ទូលបង្គំ​នឹង​ស្កប់ចិត្ត​ដោយឃើញ​រូបរាង​របស់ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative