យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គវិញ។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសូមអ្វីពីខ្ញុំទៀតទេ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗដែលអ្នករាល់គ្នាសូមព្រះវរបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន។
គ្រានោះ គេស្រែករកព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ ព្រះអង្គធ្វើឲ្យព្យុះសង្ឃរានៅស្ងៀម ហើយធ្វើឲ្យរលកសមុទ្រស្ងប់។ ហើយបានប្រមូលមកពីស្រុកទាំងប៉ុន្មាន គឺពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង និងពីទិសខាងត្បូង ។ ពេលនោះ គេមានចិត្តរីករាយ ដោយព្រោះរលកស្ងប់ ហើយព្រះអង្គក៏នាំគេទៅដល់ជម្រក ដែលគេប្រាថ្នាចង់ទៅ។
ខ្ញុំស្រែកដង្ហោយហៅរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ពីភ្នំបរិសុទ្ធ របស់ព្រះអង្គ។ -បង្អង់
សូមព្រះយេហូវ៉ាឆ្លើយតបដល់ព្រះករុណា នៅថ្ងៃមានចលាចល សូមព្រះនាមនៃព្រះរបស់លោកយ៉ាកុប ការពារព្រះករុណា!
កាលលោកយ៉ូបបានអធិស្ឋានឲ្យពួកមិត្តសម្លាញ់រួចហើយ នោះព្រះយេហូវ៉ាប្រោសឲ្យលោករួចពីចំណង ហើយព្រះអង្គប្រទានឲ្យមានលើសជាងដើមមួយជាពីរផង។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ
«ចូរត្រឡប់ទៅទូលដល់ហេសេគា ជាមេលើប្រជារាស្ត្ររបស់យើងថា "ព្រះយេហូវ៉ា ជាព្រះរបស់ដាវីឌបុព្វបុរសឯង ព្រះអង្គមានព្រះបន្ទូលដូច្នេះ យើងបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែករបស់ឯងហើយ យើងនឹងប្រោសឲ្យឯងបានជា ដល់ថ្ងៃទីបី ឯងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន។
នៅគ្រាមានសេចក្ដីវេទនា នោះទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា គឺបានស្រែករកព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងទូលបង្គំពីក្នុងព្រះវិហារ របស់ព្រះអង្គ សម្រែករបស់ទូលបង្គំ បានឮនៅព្រះកាណ៌របស់ព្រះអង្គ។
មាត់ខ្ញុំបានអំពាវនាវរកព្រះអង្គ ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងព្រះអង្គ។
លោកក៏សម្លឹងមើលទៅទេវតាទាំងភ័យ ហើយឆ្លើយថា៖ «ព្រះអម្ចាស់អើយ តើមានការអ្វី?» ទេវតាប្រាប់ថា៖ «ការអធិស្ឋាន និងការធ្វើទានរបស់លោក បានឡើងទុកជាការរំឭកនៅចំពោះព្រះហើយ។
ដូច្នេះ លោកពេត្រុសត្រូវជាប់នៅក្នុងគុក ប៉ុន្តែ ក្រុមជំនុំអធិស្ឋានដល់ព្រះឲ្យលោកយ៉ាងអស់ពីចិត្ត។
សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ ហើយការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជានៅពេលល្ងាច!
ព្រោះអាហារទាំងនោះបានញែកជាបរិសុទ្ធ ដោយសារព្រះបន្ទូលរបស់ព្រះ និងសេចក្ដីអធិស្ឋាន។
គ្រានេះ បើអ្នកអំពាវនាវ ព្រះយេហូវ៉ានឹងតបឆ្លើយ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា យើងនៅឯណេះហើយ គឺបើអ្នកដកនឹមរបស់អ្នកចេញ លែងគំរាមកំហែង ព្រមទាំងឈប់និយាយកាចអាក្រក់
ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួច ពីអស់ទាំងការភ័យខ្លាចរបស់ខ្ញុំ។
បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់នឹងអ្នករាល់គ្នា ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខាន។
ដោយអ្នករាល់គ្នាក៏ចូលរួមជួយយើងដោយការអធិស្ឋានដែរ។ ហេតុនោះ មនុស្សជាច្រើននឹងអរព្រះគុណជំនួសយើង ដោយព្រោះអំណោយទានដែលព្រះបានប្រទានដល់យើង តាមរយៈសេចក្ដីអធិស្ឋានរបស់មនុស្សជាច្រើន។
នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានចម្រើនកម្លាំងចិត្តទូលបង្គំ ។
គឺខ្ញុំបានអធិស្ឋានសូមឲ្យមានកូននេះ ហើយព្រះយេហូវ៉ាក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ព្រះយេហូវ៉ាស្តាប់តាមលោកអេលីយ៉ា ហើយព្រលឹងរបស់កូននោះក៏ត្រឡប់ចូលមកក្នុងខ្លួនវា ឲ្យរស់ឡើងវិញ
ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។ ខ្ញុំបានជឿ ទោះជាពេលដែលខ្ញុំពោលថា៖ «ខ្ញុំមានទុក្ខព្រួយខ្លាំងណាស់»។ ខ្ញុំបានពោលទាំងប្រញាប់ប្រញាល់ថា «មនុស្សទាំងអស់សុទ្ធតែភូតកុហក»។ ៙ តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះយេហូវ៉ា ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ? ខ្ញុំនឹងលើកពែងនៃការសង្គ្រោះឡើង ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា នៅចំពោះមុខប្រជាជនទាំងប៉ុន្មាន របស់ព្រះអង្គ។ ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា មានតម្លៃវិសេសណាស់ នៅចំពោះព្រះនេត្ររបស់ព្រះអង្គ ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ កូនរបស់ស្ត្រីជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានស្រាយចំណងរបស់ទូលបង្គំហើយ។ ទូលបង្គំនឹងថ្វាយយញ្ញបូជា នៃការអរព្រះគុណដល់ព្រះអង្គ ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា។ ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា នៅចំពោះមុខប្រជាជនទាំងប៉ុន្មានរបស់ព្រះអង្គ នៅក្នុងព្រះលាននៃព្រះដំណាក់ របស់ព្រះយេហូវ៉ា នៅកណ្ដាលអ្នក ឱក្រុងយេរូសាឡិមអើយ។ ហាលេលូយ៉ា ! ដោយព្រោះព្រះអង្គបានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ដូច្នេះ ខ្ញុំនឹងអំពាវនាវរកព្រះអង្គអស់មួយជីវិត។
ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកើតទុក្ខលំបាកឬទេ? ត្រូវឲ្យអ្នកនោះអធិស្ឋាន។ តើមានអ្នកណាអរសប្បាយឬទេ? ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ សូមប្រញាប់យាងមករកទូលបង្គំ ពេលទូលបង្គំអំពាវនាវរកព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំផង!
«ចូរទៅប្រាប់ហេសេគាថា ព្រះយេហូវ៉ាជាព្រះនៃដាវីឌ បុព្វបុរសអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងបានឮពាក្យអធិស្ឋានរបស់អ្នក ក៏បានឃើញទឹកភ្នែកអ្នកហើយ។ យើងនឹងចម្រើនអាយុអ្នកឡើងដប់ប្រាំឆ្នាំទៀត
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
មិនមែនអ្នករាល់គ្នាទេដែលបានរើសខ្ញុំ គឺខ្ញុំទេតើដែលបានរើសអ្នករាល់គ្នា ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលនោះបាននៅជាប់ ដើម្បីឲ្យអ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះវរបិតា ក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉្យាងដ៏ល្អិត នោះអ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា "ចូររើចេញពីទីនេះ ទៅទីនោះទៅ!" នោះវានឹងរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះឡើយ។
៙ សូមលើកតម្កើងព្រះយេហូវ៉ា! ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេង ដែលខ្ញុំទូលអង្វរ។
កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះគង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ អ្នកត្រូវមានសម្ដីតិចវិញ។
បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។
ដូច្នេះ លោកបានចូលទៅក្នុង ហើយបិទទ្វារ មានតែគ្នាពីរនាក់ ក៏អធិស្ឋានទូលដល់ព្រះយេហូវ៉ា។
មួយទៀត ចំណែកខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានសម្រាប់អ្នករាល់គ្នាឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឲ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ។
ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា ដែលព្រះអង្គស័ក្ដិសមនឹងលើកសរសើរ យ៉ាងនោះខ្ញុំនឹងបានសង្គ្រោះ រួចពីពួកខ្មាំងសត្រូវរបស់ខ្ញុំ។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំទូលរៀបរាប់ថ្វាយព្រះអង្គ ព្រមទាំងរក្សាពេលចាំយាមផង។
ទូលបង្គំនឹងស្រែករកព្រះដ៏ខ្ពស់បំផុត គឺរកព្រះដែលសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ។
នោះយើងនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់យើង ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់យើង ដែលសម្រាប់ជាទីអធិស្ឋាន យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់យើងត្រូវហៅថា ជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍។
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
គេនឹងអធិស្ឋានដល់ព្រះ ហើយព្រះអង្គស្ដាប់គេ ឲ្យគេបានឃើញព្រះភក្ត្រព្រះអង្គដោយអំណរ ហើយព្រះអង្គនឹងប្រគល់ សេចក្ដីសុចរិតដល់គេវិញ។
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងអាចឆ្លងផុតពីការទាំងនេះ ដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្ស»។
នៅពេលថ្ងៃ ព្រះយេហូវ៉ាសម្ដែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយនៅវេលាយប់ បទចម្រៀងរបស់ព្រះអង្គ នៅជាមួយទូលបង្គំ ជាពាក្យអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
៙ ក្នុងគ្រាដែលខ្ញុំមានទុក្ខវេទនា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ខ្ញុំបានស្រែករកជំនួយដល់ព្រះនៃខ្ញុំ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ព្រះអង្គឮសំឡេងខ្ញុំ ហើយសម្រែកដែលខ្ញុំស្រែករកព្រះអង្គ បានទៅដល់ព្រះកាណ៌របស់ព្រះអង្គ។
ព្រះយេហូវ៉ាគង់នៅឆ្ងាយពីមនុស្សអាក្រក់ តែព្រះអង្គស្តាប់សេចក្ដីអធិស្ឋាន របស់មនុស្សសុចរិតវិញ។
មុនដែលគេអំពាវនាវ នោះយើងតបឆ្លើយហើយ កាលគេកំពុងតែចេញសម្ដីនៅឡើយ នោះយើងក៏ស្តាប់ដែរ។
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេ ដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។
ព្រះអង្គទទួលពាក្យអធិស្ឋានរបស់មនុស្សវេទនា ហើយមិនមើលងាយពាក្យទូលអង្វរ របស់គេឡើយ។
ខ្ញុំនឹងធ្វើកិច្ចការគ្រប់យ៉ាង ដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងក្នុងព្រះរាជបុត្រា។ បើអ្នករាល់គ្នាសូមអ្វី ក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមកលើមនុស្សសុចរិត ហើយទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់គេ ប៉ុន្តែ ព្រះភក្ត្ររបស់ព្រះអម្ចាស់ទាស់ទទឹងនឹងអស់អ្នកដែលប្រព្រឹត្តអាក្រក់» ។
ចូរសង្កិនរកព្រះយេហូវ៉ា និងឥទ្ធានុភាពរបស់ព្រះអង្គ ចូររកព្រះភក្ត្រព្រះអង្គជានិច្ច
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ពេលដល់កន្លែងហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអធិស្ឋានទៅ ដើម្បីកុំអ្នករាល់គ្នាចាញ់សេចក្តីល្បួង»។
ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។ បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។
ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង
នោះបើប្រជារាស្ត្ររបស់យើង ដែលបានហៅតាមឈ្មោះយើង បន្ទាបខ្លួន ហើយអធិស្ឋានរកមុខយើង ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះយើងនឹងស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
ប៉ុន្តែ ពេលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ បិទទ្វារ ហើយអធិស្ឋានដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅទីស្ងាត់កំបាំងចុះ នោះព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា អ្នករាល់គ្នាបានទទួលហើយ នោះអ្នកនឹងបានមែន។
ខ្ញុំអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងល្ងាច ទាំងព្រឹក ហើយទាំងថ្ងៃត្រង់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
កាលគេបានអធិស្ឋានរួចហើយ កន្លែងដែលគេប្រជុំគ្នានោះក៏រញ្ជួយ គេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយគេប្រកាសព្រះបន្ទូលរបស់ព្រះដោយចិត្តក្លាហាន។
ដូច្នេះ បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក។
ហើយអ្វីក៏ដោយដែលយើងទូលសូមពីព្រះអង្គ នោះយើងនឹងទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ហើយប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។
យ៉ាបេសបានអំពាវនាវដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា «ឱបើទ្រង់ប្រទានពរមកទូលបង្គំ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំឲ្យទូលាយ ហើយឲ្យព្រះហស្តរបស់ព្រះអង្គបាននៅជាមួយទូលបង្គំ ដើម្បីរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ កុំឲ្យទូលបង្គំកើតចិត្តព្រួយ»។ ព្រះបានប្រោសប្រទានដល់គាត់ដូចជាបានសូម។
នៅគ្រានោះ ព្រះអង្គយាងចេញទៅភ្នំ ដើម្បីអធិស្ឋាន។ ព្រះអង្គអធិស្ឋានដល់ព្រះពេញមួយយប់។
បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង និងដោយសេចក្តីស្រឡាញ់របស់ព្រះវិញ្ញាណថា ចូរខំប្រឹងជាមួយខ្ញុំក្នុងការអធិស្ឋានដល់ព្រះសម្រាប់ខ្ញុំ
ឱប្រជាជនអើយ ចូរទុកចិត្តដល់ព្រះអង្គគ្រប់ពេលវេលា ចូរថ្លែងរៀបរាប់នៅចំពោះព្រះអង្គចុះ ដ្បិតព្រះជាទីពឹងជ្រកសម្រាប់យើង។ –បង្អង់
ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមទ្រង់ប្រោសមេត្តាទទួលពាក្យដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ អធិស្ឋាន ហើយទូលអង្វរ ដើម្បីនឹងស្តាប់តាមសម្រែក និងសេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលសូមចំពោះព្រះអង្គនៅថ្ងៃនេះ
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។
មួយទៀត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដី ព្រមព្រៀងគ្នាទូលសូមអ្វីក៏ដោយ នោះព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ នឹងសម្រេចឲ្យអ្នករាល់គ្នាជាមិនខាន។
អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋានសុំទាំងមានជំនឿ អ្នករាល់គ្នានឹងបានទទួល»។
អ្នកនឹងអធិស្ឋានដល់ព្រះអង្គ ហើយព្រះអង្គនឹងទទួល យ៉ាងនោះឯងនឹងបានលាបំណន់របស់អ្នក។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្តេចទេ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបាន។
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
ដូច្នេះ ជាដំបូងខ្ញុំសូមដាស់តឿនថា ចូរទូលសូម អធិស្ឋាន ទូលអង្វរ ហើយពោលពាក្យអរព្រះគុណសម្រាប់មនុស្សទាំងអស់
នៅថ្ងៃទូលបង្គំមានសេចក្ដីវេទនា ទូលបង្គំអំពាវនាវរកព្រះអង្គ ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។
លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។
កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ លោកក៏ចូលទៅក្នុងផ្ទះរបស់លោក ដែលមានបង្អួចនៅបន្ទប់ខាងលើ បើកចំហឆ្ពោះទៅក្រុងយេរូសាឡិម។ លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក មួយថ្ងៃបីដង ដូចលោកបានធ្វើពីមុន។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន របស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ របស់ទូលបង្គំ! សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យស្មោះត្រង់ និងដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
ដ្បិតខ្ញុំដឹងថា តាមរយៈសេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា និងដោយសារព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទបានជួយផង ការនេះនឹងត្រឡប់ជាការសង្គ្រោះដល់ខ្ញុំវិញ។
ប៉ុន្ដែ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីមេកំណាច។
នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។