ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដូច្នេះ កុំខ្វល់ខ្វាយថា តើយើងមានអ្វីបរិភោគ មានអ្វីផឹក ឬមានអ្វីស្លៀកពាក់នោះឡើយ ដ្បិតសាសន៍ដទៃទេ ដែលខំស្វះស្វែងរកតែរបស់អស់ទាំងនោះ ឯព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់អស់ទាំងនោះដែរ។
ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ?
ព្រះអង្គដែលផ្គត់ផ្គង់ពូជដល់អ្នកសាបព្រោះ និងអាហារសម្រាប់បរិភោគផងនោះ ទ្រង់នឹងផ្គត់ផ្គង់ ហើយធ្វើឲ្យពូជរបស់អ្នករាល់គ្នាកើនចំនួនកាន់តែច្រើនឡើង ព្រមទាំងចម្រើនផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាថែមទៀតផង។
ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ ដោយស្ងៀមស្ងាត់ ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។
សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
ដ្បិតព្រះអង្គប្រោសព្រលឹង ដែលស្រេកឲ្យបានស្កប់ ហើយព្រះអង្គចម្អែតព្រលឹងដែលឃ្លាន ដោយសេចក្ដីល្អ។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំខ្លាច ឬភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយដែលយាងទៅជាមួយអ្នក។ ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ»។
បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់នឹងអ្នករាល់គ្នា ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខាន។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។
ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
ប៉ុន្ដែ កាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានអ្វីនៅសល់ ហើយអ្នកណារើសបានតិចក៏មិនខ្វះដែរ គឺម្នាក់ៗប្រមូលបានល្មមតែខ្លួនបរិភោគប៉ុណ្ណោះ។
ហើយបើអ្នកផ្តល់សេចក្ដីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចម្អែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់អ្នកនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្ដីងងឹតរបស់អ្នកនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់
លោកអ័ប្រាហាំដាក់ឈ្មោះកន្លែងនោះថា «ព្រះយេហូវ៉ានឹងផ្គត់ផ្គង់ » ដូចមានគេនិយាយរហូតមកដល់ថ្ងៃនេះថា «នៅលើភ្នំរបស់ព្រះយេហូវ៉ា ព្រះអង្គនឹងផ្គត់ផ្គង់ឲ្យ »។
ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
អ្នកណាដែលមើលគេដោយចិត្តល្អ នឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួន ដល់មនុស្សទាល់ក្រ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ពួកអ្នកបម្រើយើងនឹងបានស៊ី តែអ្នករាល់គ្នានឹងត្រូវឃ្លាន ពួកអ្នកបម្រើយើងនឹងបានផឹក តែអ្នករាល់គ្នានឹងត្រូវស្រេក ពួកអ្នកបម្រើយើងនឹងអរសប្បាយ តែអ្នករាល់គ្នានឹងត្រូវខ្មាស
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "មនុស្សមិនមែនរស់ដោយសារតែនំបុ័ង ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋរបស់ព្រះមកដែរ"» ។
តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
យ៉ាងនោះ ព្រះអង្គនឹងប្រទានឲ្យមានភ្លៀងធ្លាក់មកសម្រាប់ពូជអ្នក ដើម្បីឲ្យអ្នកបានសាបព្រោះនៅដី ហើយអាហារជាផលចម្រើនពីដី នោះនឹងមានឱជារស ហើយសម្បូរ។ នៅគ្រានោះ ហ្វូងសត្វរបស់អ្នកនឹងរកស៊ីនៅវាលស្មៅធំទូលាយ។
អ្នករាល់គ្នានឹងអំពាវនាវដល់យើង ហើយនឹងទៅអធិស្ឋានដល់យើង រួចយើងនឹងយល់ព្រមតាម។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉្យាងដ៏ល្អិត នោះអ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា "ចូររើចេញពីទីនេះ ទៅទីនោះទៅ!" នោះវានឹងរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះឡើយ។
យើងនឹងឲ្យឃ្លាំងលាក់កំបាំង និងទ្រព្យសម្បត្តិដែលកប់ទុកដល់អ្នក ដើម្បីឲ្យអ្នកបានដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅអ្នកតាមឈ្មោះ។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ដូចព្រះអង្គបានសន្យាជាមួយអ្នក គឺអ្នកនឹងឲ្យសាសន៍ជាច្រើនខ្ចី ឥតមានខ្ចីពីគេវិញឡើយ ហើយអ្នកនឹងត្រួតត្រាលើសាសន៍ជាច្រើន តែគេមិនត្រូវត្រួតត្រាលើអ្នកទេ។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
មើល៍ ព្រះនេត្ររបស់ព្រះយេហូវ៉ា ទតមកលើអស់អ្នក ដែលកោតខ្លាចព្រះអង្គ គឺមកលើអស់អ្នកដែលសង្ឃឹម ដល់ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យព្រះអង្គបានរំដោះព្រលឹងគេ ឲ្យរួចពីសេចក្ដីស្លាប់ ហើយការពារគេ ឲ្យបានរស់នៅក្នុងគ្រាអំណត់។
តើគេមិនលក់ចាបពីរថ្លៃមួយសេនទេឬ? តែគ្មានចាបណាមួយធ្លាក់ដល់ដី ដែលព្រះវរបិតារបស់អ្នករាល់គ្នាមិនយល់ព្រមនោះឡើយ។ ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជាអ្នកទារពន្ធ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និង[លេបេ ដែលហៅថា] ថាដេ សូម្បីតែសក់របស់អ្នករាល់គ្នានៅលើក្បាល ក៏ព្រះអង្គរាប់ទាំងអស់ដែរ។ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃវិសេសជាងចាបជាច្រើនទៅទៀត»។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
មើល៍ យើងចាត់ទេវតាមួយរូបឲ្យនាំមុខអ្នក ដើម្បីការពារអ្នកតាមផ្លូវ និងនាំអ្នកទៅដល់ទីកន្លែងដែលយើងបានរៀបចំទុកឲ្យ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។
ព្រះអង្គបានបន្ទាបចិត្តអ្នក ហើយឲ្យអ្នកឃ្លានផង រួចបានចិញ្ចឹមអ្នកដោយនំម៉ាណា ដែលអ្នក និងដូនតារបស់អ្នកមិនធ្លាប់ស្គាល់ ដើម្បីឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះយេហូវ៉ាមកដែរ ។
អ្នករាល់គ្នាត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះយើង នឹងប្រទានពរដល់អាហារ និងទឹករបស់អ្នក ហើយយើងនឹងដកជំងឺរោគាចេញពីចំណោមអ្នករាល់គ្នា។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។
៙ គ្រប់សត្វទាំងអស់នោះសង្ឃឹមលើព្រះអង្គ គឺឲ្យព្រះអង្គប្រទានចំណីដល់វាតាមពេលកំណត់។ ពេលព្រះអង្គប្រទានចំណីឲ្យ វាក៏ទទួលយក កាលព្រះអង្គលាព្រះហស្ត វាក៏បានឆ្អែតដោយរបស់ល្អ។
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងអ្នកនៅក្នុងទីហួតហែង ព្រះអង្គនឹងធ្វើឲ្យឆ្អឹងអ្នកបានមាំមួន អ្នកនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ។
ព្រះយេហូវ៉ាមិនព្រមឲ្យព្រលឹង នៃមនុស្សសុចរិតត្រូវស្រេកឃ្លានទេ តែព្រះអង្គច្រានសេចក្ដីលោភ របស់មនុស្សអាក្រក់ចេញ។
ព្រះអង្គជាព្រះដែលប្រទានអាហារ ដល់អស់ទាំងសាច់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
មើល៍! យើងនឹងធ្វើការមួយថ្មី ការនោះកំពុងលេចមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយនៅទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងព្រះអង្គ។ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើ ដែលដាំនៅមាត់ទឹក ចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងស្ងួតឡើយ ក៏មិនដែលខាននឹងកើតផលដែរ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ភ្នែករបស់មនុស្សទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។ ព្រះអង្គលាព្រះហស្ត ព្រះអង្គប្រទានឲ្យជីវិតទាំងឡាយ ឲ្យឆ្អែតបានស្កប់ស្កល់។
ពួកសិង្ហស្ទាវ អាចជួបនឹងការខ្វះខាត ហើយអត់ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះមិនខ្វះអ្វីដែលល្អឡើយ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ពីមុនខ្ញុំនៅក្មេង ហើយឥឡូវនេះចាស់ហើយ តែមិនដែលឃើញព្រះបោះបង់ចោល មនុស្សសុចរិតឡើយ ក៏មិនដែលឃើញពូជពង្សរបស់គេ សុំទានអាហារដែរ។
ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យអ្នករាល់គ្នា ហើយរាល់ថ្ងៃ ប្រជាជនត្រូវចេញទៅរើសឲ្យល្មមសម្រាប់តែមួយថ្ងៃ ដើម្បីឲ្យយើងបានល្បងលគេមើល ប្រយោជន៍ឲ្យដឹងថា តើគេនឹងគោរពតាមច្បាប់របស់យើងឬទេ។
ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះចំណង់បើព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អដល់អស់អ្នកដែលសូម លើសជាងអម្បាលម៉ានទៅទៀត!»
ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ ចូរមកទិញស្រាទំពាំងបាយជូរ និងទឹកដោះគោឥតបង់លុយ ឥតថ្លៃទេ។
ចូរពិចារណាពីក្អែក ដ្បិតវាមិនដែលសាបព្រោះ ឬច្រូតកាត់ឡើយ ក៏គ្មានឃ្លាំង គ្មានជង្រុកអ្វីផង តែព្រះចិញ្ចឹមវា ចំណង់បើអ្នករាល់គ្នា តើមានតម្លៃលើសជាងសត្វស្លាបអម្បាលម៉ានទៅទៀត?
នាងក៏ទៅជម្រាបដល់អ្នកសំណព្វរបស់ព្រះ ហើយលោកប្រាប់ថា៖ «ចូរយកប្រេងនោះទៅលក់ សងបំណុលគេទៅ ចំណែកដែលនៅសល់ ចូរទុកចិញ្ចឹមខ្លួន និងកូនចុះ»។
ប្រជារាស្ត្រព្រះអង្គរកបាន ទីអាស្រ័យក្នុងស្រុកនោះ ឱព្រះអើយ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រះអង្គបានផ្គត់ផ្គង់មនុស្សកម្សត់ទុគ៌ត។
គេទាំងអស់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានដប់ពីរកន្ត្រក។
ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «កាលខ្ញុំចាត់អ្នករាល់គ្នា ឲ្យទៅដោយគ្មានកាបូប គ្មានថង់យាម និងគ្មានស្បែកជើង តើមានខ្វះអ្វីទេ?» គេទូលឆ្លើយថា៖ «គ្មានខ្វះអ្វីទេ»។
គេមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅ ឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ព្រះអង្គនឹងនាំគេទៅ ព្រះអង្គនឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក។
មនុស្សសុចរិតគេបរិភោគទាល់តែស្កប់ស្កល់ តែពោះរបស់មនុស្សអាក្រក់ នឹងត្រូវអត់ឃ្លានវិញ។
ព្រះយេហូវ៉ា ជាកម្លាំងរបស់ខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀង ព្រះអង្គបានសង្គ្រោះខ្ញុំ ហើយជាព្រះរបស់ខ្ញុំ ខ្ញុំនឹងសរសើរតម្កើងព្រះអង្គ ជាព្រះនៃឪពុករបស់ខ្ញុំ ខ្ញុំនឹងលើកតម្កើងព្រះអង្គ។
ចូរដាស់តឿនពួកអ្នកមាននៅលោកីយ៍នេះ កុំឲ្យគេមានឫកខ្ពស់ ឬសង្ឃឹមលើទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ តែត្រូវសង្ឃឹមលើព្រះដែលទ្រង់ប្រទានអ្វីៗទាំងអស់មកយើងយ៉ាងបរិបូរ ឲ្យយើងបានអរសប្បាយ។
នៅគ្រាគ្រោះអំណត់ ព្រះអង្គនឹងលោះអ្នក ឲ្យរួចពីសេចក្ដីស្លាប់ ហើយនៅគ្រាសឹកសង្គ្រាម ឲ្យរួចពីអំណាចដាវផង។
ព្រះអង្គរកយុត្តិធម៌ឲ្យពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន។ ព្រះយេហូវ៉ាដោះលែងអ្នកជាប់ឃុំឃាំង
ឱពួកបរិសុទ្ធរបស់ព្រះអង្គអើយ ចូរកោតខ្លាចព្រះយេហូវ៉ា ដ្បិតអស់អ្នកដែលកោតខ្លាចព្រះអង្គ មិនខ្វះអ្វីឡើយ!
ឲ្យសេចក្តីបរិបូររបស់អ្នករាល់គ្នាសព្វថ្ងៃ បានបំពេញសេចក្ដីខ្វះខាតរបស់គេ ហើយកាលណាគេមានបរិបូរ នោះគេអាចនឹងបំពេញសេចក្ដីខ្វះខាតរបស់អ្នករាល់គ្នាវិញ។ ធ្វើដូច្នោះទើបស្មើគ្នា
ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញា របស់ព្រះអង្គជាប់ជានិច្ច។
យើងនឹងឲ្យពរក្រុងនេះមានអ្វីៗជាបរិបូរ យើងនឹងឲ្យអ្នកក្រនៅក្រុងនេះ មានអាហារបរិភោគឆ្អែតស្កប់ស្កល់។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
ទោះជាយ៉ាងនេះក្ដី ព្រះអង្គបានបង្គាប់ផ្ទៃមេឃនៅខាងលើ ព្រះអង្គបានបើកទ្វារស្ថានសួគ៌ ហើយបង្អុរនំម៉ាណាឲ្យធ្លាក់មកលើគេដូចភ្លៀង ដើម្បីឲ្យគេបរិភោគ ព្រះអង្គប្រទានស្រូវពីស្ថានសួគ៌ដល់គេ ។ គេបានបរិភោគនំប៉័ងរបស់ពួកទេវតា ព្រះអង្គប្រទានឲ្យគេមានអាហារជាបរិបូរ។
ដ្បិតព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "ម្សៅក្នុងខាប់នោះនឹងមិនដែលផុតទៅ ហើយប្រេងក្នុងដបក៏មិនដែលរលោះឡើយ ដរាបដល់ថ្ងៃដែលព្រះយេហូវ៉ានឹងបង្អុរភ្លៀងមកលើផែនដី"»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមករកខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។
មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
អ្នកនោះនឹងបាននៅក្នុងទីខ្ពស់ ទីពំនាក់របស់អ្នកនោះនឹងនៅលើថ្មដាដ៏មាំមួន ឯអាហារនឹងបានប្រទានមកអ្នកនោះ ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ»។
ព្រះយេហូវ៉ានឹងបើកឃ្លាំងដ៏វិសេសរបស់ព្រះអង្គឲ្យដល់អ្នក គឺជាផ្ទៃមេឃ ឲ្យមានភ្លៀងធ្លាក់ដល់ស្រុករបស់អ្នកតាមរដូវកាល ហើយឲ្យពរគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ។ អ្នកនឹងឲ្យសាសន៍ជាច្រើនខ្ចី តែអ្នកនឹងមិនខ្ចីគេឡើយ។
លោកឆ្លើយទៅគេថា៖ «អ្នកណាដែលមានអាវពីរ ត្រូវចែកដល់អ្នកដែលគ្មាន ហើយអ្នកណាដែលមានចំណីអាហារ ក៏ត្រូវធ្វើដូច្នោះដែរ»។
ពួកវង្សអ៊ីស្រាអែលក៏ហៅនំនោះថា "ម៉ាណា" នំនោះមើលទៅមានសណ្ឋានដូចជាគ្រាប់ល្ង មានពណ៌ស ហើយមានរសជាតិដូចនំដែលធ្វើពីទឹកឃ្មុំ។