សេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ធំធេងណាស់ រហូតដល់អាចនិយាយបានថា វាមានតម្លៃជាងជីវិតទៅទៀត។ ចូរគិតអំពីរឿងនេះ៖ បើគ្មានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ជារៀងរាល់ព្រឹកទេ ជីវិតនឹងគ្មានន័យអ្វីឡើយ។ ទោះបីជាមានកំហុសច្រើនយ៉ាងណាក៏ដោយ ព្រះអង្គនៅតែស្រឡាញ់ និងមិនបោះបង់ចោលឡើយ។
តើអ្នកណាអាចរកឃើញសន្តិភាពបាន បើគ្មានសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ក្នុងជីវិត? ខ្ញុំគិតថាគ្មានអ្នកណាម្នាក់អាចធ្វើបានទេ។ អ្នកដែលគ្មានព្រះជាម្ចាស់គឺទទេស្អាត លិចលង់ក្នុងអំពើបាប និងនៅក្នុងលោកនៃសេចក្ដីវិនាស។
ប៉ុន្តែពេលដែលបានជួបប្រទះនឹងសេចក្ដីល្អរបស់ព្រះជាម្ចាស់ អ្នកនឹងដឹងអំពីអ្វីៗគ្រប់យ៉ាងដែលទ្រង់ធ្វើសម្រាប់អ្នក តាំងពីពេលភ្ញាក់ពីដំណេករហូតដល់ពេលចូលគេង។ ពេលនោះ អ្នកនឹងគិតអំពីទង្វើអាក្រក់ និងអំពើទុច្ចរិតរបស់ខ្លួន ហើយចិត្តរបស់អ្នកនឹងរំជួលចិត្ត រហូតដល់មានអារម្មណ៍ដឹងគុណជានិច្ច។
គ្រាន់តែការដែលអ្នកនៅមានដង្ហើមរស់នៅ គឺជាសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់សម្រាប់អ្នកហើយ។ ព្រះអង្គបានអត់ទោសឱ្យអ្នក លាងជម្រះអំពើអាក្រក់របស់អ្នក ហើយទទួលយកទណ្ឌកម្មជំនួសអ្នក។
ដូច្នេះ ចូរអរព្រះគុណ បើកមាត់ថ្លែងអំណរគុណដល់ព្រះជាម្ចាស់។ ទ្រង់បានប្រព្រឹត្តល្អចំពោះអ្នក គិតគូរអំពីអ្នក មើលអ្នកដោយសេចក្ដីស្រឡាញ់ ហើយមិនដែលបដិសេធសេចក្ដីមេត្តាករុណាដ៏ធំធេង និងគ្មានទីបញ្ចប់របស់ទ្រង់ឡើយ។
ចូរឲ្យតម្លៃសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះយេស៊ូវចំពោះអ្នកជារៀងរាល់ថ្ងៃ ឲ្យតម្លៃព្រះលោហិតដ៏វិសុទ្ធរបស់ទ្រង់ ហើយជ្រមុជខ្លួនអ្នកនៅក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់។
ដ្បិតព្រះអង្គមានព្រះបន្ទូលទៅលោកម៉ូសេថា៖ «យើងនឹងមេត្តាករុណាដល់អ្នកណាដែលយើងមេត្តាករុណា ហើយយើងនឹងក្តួលអាណិត ដល់អ្នកណាដែលយើងក្តួលអាណិត» ។ ដូច្នេះ មិនមែនស្រេចលើបំណង ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចលើព្រះ ដែលទ្រង់មេត្តាករុណាវិញ។
៙ ព្រះយេហូវ៉ាប្រកប ដោយព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយពោរពេញដោយ ព្រះហឫទ័យសប្បុរស។ ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានព្រះហឫទ័យមេត្តាករុណាវិញ។
ឱ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច! ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ តែក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំគ្រប់ទិស តែក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! គេបានឡោមព័ទ្ធខ្ញុំដូចឃ្មុំ តែគេត្រូវរលត់ទៅ ដូចភ្លើងដែលឆេះបន្លា ក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល តែព្រះយេហូវ៉ាបានជួយខ្ញុំ។ ព្រះយេហូវ៉ា ជាកម្លាំង និងជាបទចម្រៀងរបស់ខ្ញុំ ព្រះអង្គបានត្រឡប់ជាការសង្គ្រោះរបស់ខ្ញុំ។ ៙ នៅក្នុងជំរំរបស់មនុស្សសុចរិត មានចម្រៀងយ៉ាងសប្បាយរីករាយ អំពីការសង្គ្រោះ គឺព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើង ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ! ៙ ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះយេហូវ៉ា ។ ព្រះយេហូវ៉ា បានវាយផ្ចាលខ្ញុំយ៉ាងខ្លាំង តែមិនបានបណ្ដោយឲ្យខ្ញុំស្លាប់ទេ។ ៙ សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា ។ ៙ ចូរឲ្យសាសន៍អ៊ីស្រាអែលពោលថា៖ «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច»។
ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីព្រះហឫទ័យមេត្តាដ៏ទន់សន្ដោស និងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដ្បិតសេចក្ដីទាំងនោះ មានតាំងពីបុរាណរៀងមក។ សូមកុំនឹកចាំអំពើបាប ដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង ឬអំពើរំលងរបស់ទូលបង្គំឡើយ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីទូលបង្គំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គវិញ ដោយយល់ដល់ព្រះគុណរបស់ព្រះអង្គ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
បងប្អូនអើយ ប្រសិនបើមានអ្នកណាម្នាក់ត្រូវគេទាន់ពេលកំពុងប្រព្រឹត្តអ្វីមួយខុស អ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរតម្រង់អ្នកនោះដោយចិត្តសុភាព។ ចូរប្រយ័ត្នខ្លួនឯងផង ក្រែងធ្លាក់ក្នុងការល្បួងដូចគេដែរ។
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
ប៉ុន្ដែ ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តា និងប្រណីសន្ដោស ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ជាបរិបូរ។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។
ចូរទៅរៀនពីន័យរបស់ពាក្យនេះថា "យើងចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ"។ ដ្បិតខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ តែមកហៅមនុស្សបាបវិញ»។
ដ្បិតព្រះបានបង្ខាំងឲ្យមនុស្សទាំងអស់ ជាប់នៅក្នុងការមិនស្តាប់បង្គាប់របស់គេ ដើម្បីឲ្យព្រះអង្គបានសម្ដែងសេចក្តីមេត្តាករុណាដល់មនុស្សគ្រប់គ្នា។
តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គ ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។
ដូច្នេះ គាត់ក៏ក្រោកឡើង ហើយទៅរកឪពុកវិញ។ កាលឪពុកឃើញពីចម្ងាយ គាត់ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបកូន។ កូនពៅនិយាយទៅឪពុកថា "លោកឪពុក កូនបានប្រព្រឹត្តអំពើបាបចំពោះព្រះ និងចំពោះលោកឪពុក កូនមិនសមឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ"។
ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ! ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា ហើយមានសេចក្ដីប្រោសលោះ ជាបរិបូរនៅនឹងព្រះអង្គ។ ព្រះអង្គនឹងលោះអ៊ីស្រាអែល ឲ្យរួចពីគ្រប់អំពើទុច្ចរិតរបស់គេ។
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ
ពីមុនខ្ញុំនៅក្មេង ហើយឥឡូវនេះចាស់ហើយ តែមិនដែលឃើញព្រះបោះបង់ចោល មនុស្សសុចរិតឡើយ ក៏មិនដែលឃើញពូជពង្សរបស់គេ សុំទានអាហារដែរ។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។
៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំ ដ្បិតព្រះហឫទ័យសប្បុរស របស់ព្រះអង្គល្អណាស់ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ សូមបែរមករកទូលបង្គំផង!
ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនរបស់ឯង ដូចយើងបានអាណិតមេត្តាដល់ឯងទេឬ?"
ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមលុបអំពើរំលងរបស់ទូលបង្គំចេញ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ។ ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ សូមកុំបោះបង់ទូលបង្គំ ចេញពីព្រះវត្តមានព្រះអង្គ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គ ចេញពីទូលបង្គំឡើយ។ សូមប្រោសប្រទានឲ្យទូលបង្គំ មានអំណរចំពោះការសង្គ្រោះ របស់ព្រះអង្គឡើងវិញ ហើយសូមជួយទូលបង្គំ ឲ្យមានវិញ្ញាណដែលព្រមធ្វើតាម។ នោះទូលបង្គំនឹងបង្រៀនពីផ្លូវរបស់ព្រះអង្គ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ហើយមនុស្សបាបនឹងវិលត្រឡប់មករកព្រះអង្គ។ ឱព្រះ ជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ សូមរំដោះទូលបង្គំឲ្យរួចពីទោសកម្ចាយឈាម នោះអណ្ដាតទូលបង្គំនឹងស្រែកច្រៀង អំពីសេចក្ដីសុចរិតរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យ នឹងយញ្ញបូជាទេ ប្រសិនបើទូលបង្គំត្រូវថ្វាយតង្វាយដុត នោះក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។ យញ្ញបូជាដែលសព្វព្រះហឫទ័យដល់ព្រះ គឺវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអើយ ព្រះអង្គមិនមើលងាយចិត្តខ្ទេចខ្ទាំ និងចិត្តសោកស្ដាយឡើយ។ ៙ សូមព្រះអង្គប្រព្រឹត្តដោយសប្បុរស ដល់ក្រុងស៊ីយ៉ូន តាមព្រះហឫទ័យដ៏ល្អរបស់ព្រះអង្គ សូមសង់កំផែងក្រុងយេរូសាឡិមឡើងវិញផង ពេលនោះ ព្រះអង្គមុខជាសព្វព្រះហឫទ័យ នឹងយញ្ញបូជាដែលថ្វាយដោយវិញ្ញាណត្រឹមត្រូវ ព្រមទាំងតង្វាយដុត គឺតង្វាយដុតទាំងមូលផង ដូច្នេះ គេនឹងថ្វាយគោឈ្មោលនៅលើអាសនា របស់ព្រះអង្គ។ សូមលាងទូលបង្គំឲ្យបានស្អាត ពីអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសូមសម្អាតទូលបង្គំពីអំពើបាបផង!
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
ប៉ុន្ដែ កាលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ព្រះ ជាព្រះសង្គ្រោះនៃយើងបានលេចមក ព្រះអង្គក៏បានសង្គ្រោះយើង មិនមែនដោយអំពើដែលយើងបានប្រព្រឹត្តសុចរិតនោះទេ គឺដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញ ដោយសារការលាងសម្អាតឲ្យបានកើតជាថ្មី និងការធ្វើឲ្យមានជីវិតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។
៙ គឺព្រះអង្គហើយដែលបាននឹកចាំពីយើង កាលយើងនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។
សូមអត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។
ដ្បិតយើងនឹងប្រោសប្រណីចំពោះអំពើទុច្ចរិតរបស់គេ ហើយយើងនឹងលែងនឹកចាំពីអំពើបាបរបស់គេទៀត» ។
មានពរហើយ អ្នកដែលព្រះអត់ទោស ឲ្យអំពើរំលងរបស់ខ្លួន គឺដែលព្រះបានគ្របបាំងអំពើបាបរបស់ខ្លួន។ មនុស្សអាក្រក់ត្រូវរងទុក្ខវេទនាជាច្រើន តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះព្រះហឫទ័យសប្បុរស របស់ព្រះអង្គព័ទ្ធជុំវិញ។ ឱមនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយក្នុងព្រះយេហូវ៉ា អស់អ្នកដែលមានចិត្តទៀតត្រង់អើយ ចូរស្រែកហ៊ោរដោយអំណរចុះ។ មានពរហើយ អ្នកដែលព្រះយេហូវ៉ា មិនរាប់ថាមានទោស ជាអ្នកដែលគ្មានកលឧបាយក្នុងចិត្ត។
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គធំវិសេសណាស់ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមវិន័យរបស់ព្រះអង្គ។
មិនត្រូវឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ តែត្រូវឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អវិញ។
ហាលេលូយ៉ា ! ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ គ្រប់ជំនាន់តរៀងទៅ។
ព្រះបាទដាវីឌមានរាជឱង្ការតបថា៖ «យើងមានសេចក្ដីចង្អៀតចិត្តជាខ្លាំង សូមឲ្យយើងរាល់គ្នាធ្លាក់ទៅក្នុងព្រះហស្តនៃព្រះយេហូវ៉ាវិញចុះ ដ្បិតសេចក្ដីមេត្តាករុណារបស់ព្រះអង្គធំណាស់ សូមកុំឲ្យយើងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សឡើយ»។
ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់
ព្រោះយើងឥតមានអំណរចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះ ចូរអ្នករាល់គ្នាវិលមក ដើម្បីឲ្យបានរស់នៅ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
រីឯព្រះអង្គវិញ ព្រះអង្គមានព្រះហឫទ័យ អាណិតអាសូរ ព្រះអង្គអត់ទោសអំពើទុច្ចរិតរបស់គេ ហើយមិនបានបំផ្លាញគេទេ ព្រះអង្គទប់ព្រះហឫទ័យរបស់ព្រះអង្គ ជាច្រើនលើកច្រើនសា មិនឲ្យសេចក្ដីក្រោធរបស់ព្រះអង្គ ឆួលឡើងទាំងអស់ឡើយ។
ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំខ្សោយណាស់ហើយ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតឆ្អឹងរបស់ទូលបង្គំញ័ររន្ធត់ញាប់ញ័រ។
អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។
ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមលុបអំពើរំលងរបស់ទូលបង្គំចេញ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់អ្នក ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។
ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតទូលបង្គំអំពាវនាវរកព្រះអង្គរាល់ថ្ងៃ។
ព្រះបានប្រគល់ព្រះអង្គជាយញ្ញបូជាប្រោសលោះ ដោយសារព្រះលោហិតព្រះអង្គ តាមរយៈជំនឿ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីបង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះអង្គ ហើយចំពោះការដែលព្រះអង្គបានទតរំលងអំពើបាបដែលគេបានប្រព្រឹត្តពីមុន ព្រោះព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
ឱព្រះយេហូវ៉ា អើយ ប្រសិនបើព្រះអង្គកត់ចំណាំអំពើទុច្ចរិត ឱព្រះអម្ចាស់អើយ តើអ្នកណាអាចធន់នៅបាន? ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យអត់ទោស ដើម្បីឲ្យគេបានកោតខ្លាចព្រះអង្គ។
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
ពីដើមអ្នករាល់គ្នាមិនមែនជាប្រជារាស្រ្តរបស់ព្រះទេ តែឥឡូវនេះ ជាប្រជារាស្រ្តរបស់ព្រះវិញ។ ពីដើមមិនបានទទួលសេចក្តីមេត្តាករុណាទេ តែឥឡូវនេះបានទទួលសេចក្តីមេត្តាករុណាហើយ។
មនុស្សអាក្រក់ខ្ចីគេ តែមិនសងវិញឡើយ ឯមនុស្សសុចរិតវិញ មានចិត្តសទ្ធា ហើយចេះឲ្យទៅអ្នកដទៃ
សូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ គឺដល់ព្រះអង្គដែលបានប្រហារ អស់ទាំងកូនច្បងរបស់ពួកអេស៊ីព្ទ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គបាននាំសាសន៍អ៊ីស្រាអែល ចេញពីក្នុងចំណោមពួកគេ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺដល់ព្រះអង្គដែលបានញែក សមុទ្រក្រហមចេញជាពីរ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គឲ្យសាសន៍អ៊ីស្រាអែល ដើរកាត់កណ្ដាលសមុទ្រនោះ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច តែព្រះអង្គបានបោះទម្លាក់ផារ៉ោន ព្រមទាំងពលទ័ពរបស់ស្ដេច ទៅក្នុងសមុទ្រក្រហម ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺដល់ព្រះអង្គដែលបាននាំប្រជារាស្ត្រ របស់ព្រះអង្គដើរកាត់ទីរហោស្ថាន ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺដល់ព្រះអង្គដែលបានប្រហារស្ដេចធំៗ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គបានសម្លាប់ពួកស្តេចដ៏ខ្លាំងពូកែ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺស៊ីហុន ជាស្តេចនៃសាសន៍អាម៉ូរី ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច សូមអរព្រះគុណដល់ព្រះដ៏ធំលើអស់ទាំងព្រះ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ និងអុក ជាស្តេចស្រុកបាសាន ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយប្រគល់ស្រុករបស់គេ ទុកជាមត៌ក ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺជាមត៌កដល់អ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ គឺព្រះអង្គហើយដែលបាននឹកចាំពីយើង កាលយើងនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយបានសង្គ្រោះយើងឲ្យរួចពីខ្មាំងសត្រូវ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គជាព្រះដែលប្រទានអាហារ ដល់អស់ទាំងសាច់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ សូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមអរព្រះគុណដល់ព្រះអម្ចាស់ ដ៏ធំលើអស់ទាំងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
៙ ព្រះយេហូវ៉ាប្រកបដោយព្រះហឫទ័យ ប្រណីសន្ដោស ហើយសុចរិត ព្រះនៃយើងប្រកបដោយ ព្រះហឫទ័យមេត្តាករុណា។
ពេលនោះ ពេត្រុសចូលមកជិតព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ បើបងប្អូនរបស់ទូលបង្គំចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឲ្យគាត់ប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកថា មិនមែនប្រាំពីរដងទេ គឺចិតសិបដងប្រាំពីរដង។
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
ព្រះអង្គនឹងក្រោកឡើង ហើយអាណិតមេត្តាក្រុងស៊ីយ៉ូន ដ្បិតដល់ពេលប្រណីសន្ដោសក្រុងនេះហើយ អើ ពេលកំណត់បានមកដល់ហើយ។
ដោយហេតុនេះ ព្រះមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទ បានសម្តែងព្រះហឫទ័យអត់ធ្មត់របស់ព្រះអង្គក្នុងខ្ញុំ ដែលជាអ្នកលេខមួយនេះ ឲ្យខ្ញុំបានធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿដល់ព្រះអង្គ សម្រាប់ជីវិតអស់កល្បជានិច្ច។
សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ជាគ្រឹះទ្រទ្រង់បល្ល័ង្ករបស់ព្រះអង្គ ព្រះហឫទ័យសប្បុរស និព្រះហឫទ័យស្មោះត្រង់ ដើរនាំមុខព្រះអង្គ។
ព្រះអង្គរកយុត្តិធម៌ឲ្យពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន។ ព្រះយេហូវ៉ាដោះលែងអ្នកជាប់ឃុំឃាំង
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ព្រះយេហូវ៉ានឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។
ហើយដើម្បីឲ្យពួកសាសន៍ដទៃបានថ្វាយសិរីល្អដល់ព្រះ ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ដូចមានសេចក្តីចែងទុកមកថា៖ «ហេតុនេះបានជាទូលបង្គំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ ហើយច្រៀងសរសើរព្រះនាមព្រះអង្គ» ។
ឱព្រះនៃការសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីល្អនៃព្រះនាមព្រះអង្គ សូមប្រាសយើងខ្ញុំឲ្យរួច ហើយអត់ទោសអំពើបាបរបស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមព្រះអង្គ!
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ តាមសេចក្ដីដែលព្រះអង្គបានសន្យា ដល់អ្នកបម្រើរបស់ព្រះអង្គ។
នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។
ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។
ឯអ្នកទារពន្ធ គាត់ឈរនៅឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា "ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាមនុស្សបាបផង"។
គេមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅ ឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ព្រះអង្គនឹងនាំគេទៅ ព្រះអង្គនឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក។
សូមឲ្យទូលបង្គំបានឮព្រះហឫទ័យសប្បុរស របស់ព្រះអង្គ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តដល់ព្រះអង្គ។ សូមប្រោសឲ្យទូលបង្គំ ស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំលើកព្រលឹងទូលបង្គំ ទៅរកព្រះអង្គ។
ដូច្នេះ មិនមែនស្រេចលើបំណង ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចលើព្រះ ដែលទ្រង់មេត្តាករុណាវិញ។
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។
៙ ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច!
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។
ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះអស់អ្នក ដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ខ្ពស់ដល់ស្ថានសួគ៌ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គសងដល់មនុស្សទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត។
«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច
ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
៙ សូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ បានឡើងលិចក្បាលទូលបង្គំហើយ ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន។
ហេតុនេះហើយបានជាគួរឲ្យព្រះអង្គ មានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ជំពូកដែរ ដើម្បីធ្វើជាសម្តេចសង្ឃ ដែលមានព្រះហឫទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការបម្រើព្រះ ដើម្បីថ្វាយយញ្ញបូជាសម្រាប់រំដោះប្រជាជនឲ្យរួចពីបាប។
កាលព្រះអង្គទតឃើញមហាជន ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចចៀមគ្មានគង្វាល។
៙ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពេលទូលបង្គំអំពាវនាវ សូមប្រណីសន្ដោសទូលបង្គំ និងឆ្លើយតបមកទូលបង្គំផង!
ប៉ុន្តែ ព្រះដែលមានសេចក្តីមេត្តាករុណាដ៏លើសលុប ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំងដែលព្រះអង្គបានស្រឡាញ់យើង ទោះជាពេលដែលយើងបានស្លាប់ដោយសារអំពើរំលងរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសឲ្យយើងបានរស់ រួមជាមួយព្រះគ្រីស្ទ (អ្នករាល់គ្នាបានសង្រ្គោះដោយសារព្រះគុណ)
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនបំផ្លាញអ្នកដែរ ហើយមិនភ្លេចសេចក្ដីសញ្ញាជាមួយបុព្វបុរសរបស់អ្នក ដែលព្រះអង្គបានស្បថនឹងគេឡើយ។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
មិនត្រូវហែកអាវខ្លួនទេ គឺត្រូវហែកចិត្ត ហើយវិលមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ដ្បិតព្រះអង្គប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងដាក់ទោសទេ។
ព្រះយេហូវ៉ាគង់ជាមួយលោកយ៉ូសែប ហើយព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះលោក ព្រមទាំងធ្វើឲ្យមេគុកមានចិត្តសន្ដោសដល់លោក។
ព្រះអង្គក៏បានសង្គ្រោះយើង មិនមែនដោយអំពើដែលយើងបានប្រព្រឹត្តសុចរិតនោះទេ គឺដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញ ដោយសារការលាងសម្អាតឲ្យបានកើតជាថ្មី និងការធ្វើឲ្យមានជីវិតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។
ចូរមានចិត្តមេត្តាករុណា ដូចព្រះវរបិតារបស់អ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ។
គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត សេចក្ដីទាំងនោះ ចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។
ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។
ដូច្នេះ ចូរវិលមករកព្រះរបស់អ្នកវិញចុះ ចូរកាន់ចិត្តសប្បុរស និងយុត្តិធម៌ ហើយរង់ចាំព្រះរបស់អ្នកជានិច្ចផង។
ប្រាកដជា ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា នឹងតាមជាប់ជាមួយខ្ញុំ រាល់ថ្ងៃដរាបអស់មួយជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ជារៀងរហូត ។
ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីព្រះហឫទ័យមេត្តាដ៏ទន់សន្ដោស និងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដ្បិតសេចក្ដីទាំងនោះ មានតាំងពីបុរាណរៀងមក។
ព្រះអង្គសម្ដែងសេចក្ដីមេត្តា ចំពោះអ្នកណាដែលមានចិត្តមេត្តា ហើយសម្ដែងសេចក្ដីគ្រប់លក្ខណ៍ ចំពោះអ្នកណាដែលគ្រប់លក្ខណ៍
សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ ជួបគ្នា សេចក្ដីសុចរិត និងសេចក្ដីសុខសាន្ត ថើបគ្នា។
សូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។