ផ្ទុយទៅវិញ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់បរិសុទ្ធយ៉ាងណា ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់យ៉ាងនោះដែរ។ ដ្បិតមានចែងទុកមកថា៖ «អ្នករាល់គ្នាត្រូវបរិសុទ្ធ ដ្បិតយើងបរិសុទ្ធ» ។
ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។
៙ តើអ្នកណាអាចឡើងទៅលើភ្នំ របស់ព្រះយេហូវ៉ាបាន? តើអ្នកណាអាចឈរនៅក្នុងទីបរិសុទ្ធ របស់ព្រះអង្គបាន? គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបណ្ដោយឲ្យព្រលឹងខ្លួន ទៅតាមសេចក្ដីភូតភរ ក៏មិនពោលពាក្យស្បថបំពានឡើយ។
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។
៙ តើមនុស្សកំលោះធ្វើដូចម្ដេច ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ? គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
គំនិតអាក្រក់ជាសេចក្ដីស្អប់ខ្ពើម ដល់ព្រះយេហូវ៉ា តែពាក្យសម្ដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ។
យើងក៏នឹកក្នុងចិត្តថា ព្រះនឹងជំនុំជម្រះទាំងពួកអ្នកសុចរិត និងទុច្ចរិតផង ដ្បិតមានពេលសម្រាប់គ្រប់ទាំងបំណងដែលប៉ងធ្វើ និងកិច្ចការទាំងប៉ុន្មាន។
ហើយនៅទីនោះនឹងមានថ្នល់មួយ ជាផ្លូវដែលគេហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ ទុកសម្រាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯអ្នកដំណើរ ទោះបើជាមនុស្សល្ងីល្ងើ ក៏មិនវង្វេងដែរ។
ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ឱក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់អ្នក ឱយេរូសាឡិមជាទីក្រុងបរិសុទ្ធអើយ ចូរប្រដាប់ដោយសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នកចុះ ដ្បិតពីនេះទៅមុខនឹងគ្មានពួកមិនកាត់ស្បែក ឬពួកស្មោកគ្រោកចូលមកក្នុងអ្នកទៀតឡើយ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។ ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។ ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។ ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។ ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំជាមួយអ្នកណាដែលយំ ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។ កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។ ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។ បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។ មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ដោយមានសេចក្តីសន្យាទាំងនេះ ចូរយើងសម្អាតខ្លួនពីគ្រប់ទាំងសេចក្តីស្មោកគ្រោកខាងសាច់ឈាម និងខាងវិញ្ញាណចេញ ទាំងខំឲ្យបានបរិសុទ្ធទាំងស្រុង ដោយកោតខ្លាចដល់ព្រះ។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
រីឯអំពើសហាយស្មន់ សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្តីលោភលន់ នោះមិនត្រូវឲ្យឮឈ្មោះក្នុងចំណោមអ្នករាល់គ្នាផង ព្រោះមិនគួរគប្បីក្នុងពួកបរិសុទ្ធឡើយ។ ព្រោះយើងជាអវយវៈនៃព្រះកាយរបស់ព្រះអង្គ។ «ដោយហេតុនេះបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ »។ សេចក្តីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយដូច្នោះ សំដៅលើព្រះគ្រីស្ទ និងក្រុមជំនុំវិញ។ ប៉ុន្តែ អ្នករាល់គ្នាម្នាក់ៗត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយប្រពន្ធក៏ត្រូវគោរពប្តីរបស់ខ្លួនដែរ។ ឯរឿងគួរខ្មាស ពាក្យសម្ដីចម្កួត និងពាក្យសម្ដីអាសគ្រាម ក៏មិនត្រូវឲ្យមានដែរ គឺត្រូវពោលពាក្យអរព្រះគុណវិញ។ ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះឲ្យច្បាស់ថា អ្នកប្រព្រឹត្តអំពើសហាយស្មន់ មនុស្សស្មោកគ្រោក ឬមនុស្សដែលមានចិត្តលោភលន់ (គឺមនុស្សថ្វាយបង្គំរូបព្រះ) មិនអាចគ្រងមត៌កក្នុងព្រះរាជ្យរបស់ព្រះគ្រីស្ទ និងរបស់ព្រះបានឡើយ។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំព្រះហស្តរបស់ព្រះនោះវិញ។ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។ ក្នុងសណ្ឋាននោះ គ្មានសាសន៍ក្រិក និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ពួកជនជាតិភាគតិច អ្នកបម្រើ ឬអ្នកជាទៀតឡើយ គឺព្រះគ្រីស្ទជាគ្រប់ទាំងអស់ ហើយគង់នៅក្នុងគ្រប់ទាំងអស់! ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។ ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។ ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។ ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។ ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលចំពោះប្តីរបស់ខ្លួន ព្រោះជាការត្រឹមត្រូវនៅក្នុងព្រះអម្ចាស់។ ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ ចូរគិតពីអ្វីៗដែលនៅខាងលើ កុំគិតពីអ្វីៗដែលនៅផែនដីឡើយ
ព្រះសព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីអំពើសហាយស្មន់ អ្នករាល់គ្នាម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយ របស់ខ្លួន ដោយបរិសុទ្ធ និងថ្លៃថ្នូរ មិនមែនដោយរំជួលតាមតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ
កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តបរិសុទ្ធ។
ដូច្នេះ ប្រសិនបើអ្នកណាបានសម្អាតខ្លួនពីអំពើអាក្រក់ អ្នកនោះនឹងត្រឡប់ជាគ្រឿងប្រដាប់ដ៏វិសេស ដោយបានញែកជាបរិសុទ្ធ មានប្រយោជន៍ដល់ម្ចាស់ ជាគ្រឿងប្រដាប់ដែលបានរៀបចំជាស្រេច សម្រាប់ការល្អគ្រប់ជំពូក។
ព្រះគុណរបស់ព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងឲ្យលះចោលសេចក្ដីទមិឡល្មើស និងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពប្រតិបត្តិដល់ព្រះ
នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។
ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។ ដ្បិតពេលណាចិត្តរបស់យើងដាក់ទោសយើង នោះព្រះទ្រង់ធំជាងចិត្តរបស់យើងទៅទៀត ហើយទ្រង់ជ្រាបគ្រប់ទាំងអស់។ ពួកស្ងួនភ្ងាអើយ ប្រសិនបើចិត្តរបស់យើងមិនដាក់ទោសយើងទេ នោះយើងមានសេចក្ដីក្លាហាននៅចំពោះព្រះ ហើយអ្វីក៏ដោយដែលយើងទូលសូមពីព្រះអង្គ នោះយើងនឹងទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ហើយប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។ រីឯបទបញ្ជារបស់ព្រះអង្គ គឺយើងត្រូវជឿដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ ហើយត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះអង្គបានបង្គាប់មកយើង។ អ្នកណាដែលកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់ក្នុងគេដែរ។ យើងដឹងដោយសារសេចក្ដីនេះថា ព្រះអង្គស្ថិតនៅជាប់ក្នុងយើង ដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។ អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ព្រះអង្គ អ្នកនោះតែងជម្រះខ្លួនឲ្យបានស្អាត ដូចព្រះអង្គដែលស្អាតដែរ។
តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។
ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានសម្រិតសម្រាំងយ៉ាងល្អ ហើយអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។
ព្រះយេហូវ៉ាសុចរិតក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ របស់ព្រះអង្គដែរ។
ព្រះអង្គបម្រុងទុកសេចក្ដីដែលមានប្រយោជន៍ សម្រាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នក ដែលដើរក្នុងសេចក្ដីទៀងត្រង់
យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គវិញ។
ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបសោះនោះទេ។
មួយបន្លឺទៅកាន់មួយថា៖ «បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ា នៃពួកពលបរិវារព្រះអង្គបរិសុទ្ធ ផែនដីទាំងមូលមានពេញ ដោយសិរីល្អរបស់ព្រះអង្គ»។
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ»។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ខ្ញុំនិយាយតាមរបៀបមនុស្សលោកដូច្នេះ ព្រោះតែភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ដ្បិតដូចដែលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈរបស់ខ្លួន ឲ្យធ្វើជាបាវបម្រើឲ្យសេចក្តីស្មោកគ្រោក និងសេចក្តីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរប្រគល់អវយវៈរបស់អ្នករាល់គ្នា ធ្វើជាបាវបម្រើឲ្យសេចក្តីសុចរិតវិញ ដើម្បីឲ្យបានបរិសុទ្ធយ៉ាងនោះដែរ។
ព្រះអង្គជាប្រភពនៃជីវិតរបស់យើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានត្រឡប់ជាប្រាជ្ញាមកពីព្រះ ជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើង
ប្រសិនបើអ្នកណាបំផ្លាញព្រះវិហាររបស់ព្រះ នោះព្រះនឹងបំផ្លាញអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាវត្ថុបរិសុទ្ធ គឺអ្នករាល់គ្នាហ្នឹងហើយជាព្រះវិហារ។
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត» ។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។ អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។
តាមដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះព្រះអង្គ ដោយសេចក្តីស្រឡាញ់។
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។
ឥឡូវនេះ ព្រះអង្គបានផ្សះផ្សាក្នុងរូបសាច់ព្រះអង្គ ដោយបានទទួលសុគត ដើម្បីថ្វាយអ្នករាល់គ្នាជាតង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះព្រះអង្គ
សូមព្រះប្រទានឲ្យអ្នករាល់គ្នាមានចិត្តរឹងប៉ឹងដោយបរិសុទ្ធ ឥតសៅហ្មង នៅចំពោះព្រះ ជាព្រះវរបិតារបស់យើង ក្នុងពេលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងយាងមក ជាមួយពួកបរិសុទ្ធទាំងអស់របស់ព្រះអង្គ។
រីឯយើងវិញ បងប្អូនស្ងួនភ្ងារបស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ច អំពីអ្នករាល់គ្នា ព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នា ជាផលដំបូងដើម្បីឲ្យបានសង្គ្រោះ ដោយសារព្រះវិញ្ញាណញែកជាបរិសុទ្ធ និងដោយសារជំនឿតាមសេចក្ដីពិត។
ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។
ដែលទ្រង់បានសង្គ្រោះយើង ហើយបានត្រាស់ហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងប្រព្រឹត្តនោះទេ គឺដោយសារបំណង និងព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនសម័យកាលទាំងអស់មកម៉្លេះ
គ្រប់ទាំងអស់ជាស្អាតបរិសុទ្ធ ដល់អ្នកណាដែលស្អាតបរិសុទ្ធ តែចំពោះពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿ នោះគ្មានអ្វីស្អាតបរិសុទ្ធឡើយ គឺគេស្មោកគ្រោកទាំងគំនិត ទាំងមនសិការ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
កុំស្រឡាញ់លោកីយ៍ ឬអ្វីៗនៅក្នុងលោកីយ៍នេះឡើយ បើអ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។ លោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងតែរសាត់បាត់ទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។
យើងដឹងថា អស់អ្នកដែលកើតមកពីព្រះ មិនធ្វើបាបទៀតឡើយ គឺព្រះអង្គដែលកើតមកពីព្រះ ទ្រង់ការពារអ្នកនោះ ហើយមេកំណាចមិនអាចប៉ះអ្នកនោះបានឡើយ។
ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។
មើល៍ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិត នៅក្នុងជម្រៅចិត្តមនុស្ស ហើយព្រះអង្គបង្រៀនឲ្យទូលបង្គំមានប្រាជ្ញា នៅក្នុងចិត្តដែលលាក់កំបាំង។
អ្នកណាដែលប្រព្រឹត្តដោយទៀតត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ។
ជីវិតស្ថិតនៅក្នុងផ្លូវនៃសេចក្ដីសុចរិត ហើយក្នុងផ្លូវច្រកនោះ គ្មានសេចក្ដីស្លាប់ឡើយ។
សេចក្ដីសុចរិតតែងតែការពារអ្នកណា ដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។
សេចក្ដីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសម្ដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តិរបស់ព្រះអង្គចុះ ដ្បិតនេះជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ។ ព្រះនឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជម្រះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អ ឬអាក្រក់ក្តី។:៚
ហើយនៅទីនោះនឹងមានថ្នល់មួយ ជាផ្លូវដែលគេហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ ទុកសម្រាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯអ្នកដំណើរ ទោះបើជាមនុស្សល្ងីល្ងើ ក៏មិនវង្វេងដែរ។ នឹងគ្មានសិង្ហ ឬសត្វកំណាចណា ឡើងមកតាមនោះឡើយ គេក៏នឹងមិនដែលប្រទះឃើញវាដែរ គឺមានតែពួកប្រោសលោះដែលនឹងដើរតាមនោះ។
«ភ្នែកជាចង្កៀងរបស់រូបកាយ ដូច្នេះ បើភ្នែកអ្នកល្អ រូបកាយអ្នកទាំងមូលនឹងមានពេញដោយពន្លឺ តែបើភ្នែកអ្នកមិនល្អវិញ រូបកាយអ្នកទាំងមូល នឹងមានពេញដោយសេចក្តីងងឹត។ ដូច្នេះ បើពន្លឺនៅក្នុងអ្នក ជាសេចក្តីងងឹតទៅហើយ ចុះសេចក្តីងងឹតនោះនឹងសូន្យសុងយ៉ាងណាទៅ!»
មនុស្សល្អ បង្កើតជាសេចក្តីល្អ ចេញពីកំណប់ល្អដែលនៅក្នុងចិត្តរបស់គេ រីឯមនុស្សអាក្រក់វិញ បង្កើតជាសេចក្តីអាក្រក់ ចេញពីកំណប់អាក្រក់របស់ខ្លួន ដ្បិតមាត់របស់គេស្រដីចេញពីសេចក្តីបរិបូរ ដែលនៅក្នុងចិត្តរបស់ខ្លួន»។
ដ្បិតអស់អ្នកដែលរស់នៅតាមសាច់ឈាម គិតតែពីការរបស់សាច់ឈាម តែអស់អ្នកដែលរស់នៅតាមព្រះវិញ្ញាណ នោះគិតតែពីការរបស់ព្រះវិញ្ញាណ។ គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។
តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះដែលបានរង្វាន់? ដូច្នេះ ចូររត់តាមរបៀបនោះដើម្បីឲ្យបានរង្វាន់ចុះ។ កីឡាករទាំងអស់សុទ្ធតែលត់ដំខ្លួនគ្រប់បែបយ៉ាង គេធ្វើដូច្នេះដើម្បីឲ្យបានទទួលភួងជ័យដែលនឹងពុករលួយ តែយើងវិញ យើងបានភួងជ័យដែលមិនចេះពុករលួយ។ ដូច្នេះ ខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនរត់ដោយឥតគោលដៅទេ ហើយខ្ញុំក៏មិនប្រដាល់ ដូចជាដាល់ខ្យល់នោះដែរ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយពីខ្ញុំបានប្រកាសប្រាប់អ្នកដទៃហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវផាត់ចោលទៅវិញ។
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានបំណងមួយ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅរកអ្វីៗខាងមុខទៀត ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយសូមឲ្យវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូល បានបម្រុងទុកជាឥតសៅហ្មង រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។ ព្រះដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនេះ។
ប៉ុន្តែ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានត្រាចារឹកថា «ព្រះអម្ចាស់ស្គាល់អស់អ្នកដែលជារបស់ព្រះអង្គ» ហើយថា «ចូរឲ្យអស់អ្នកដែលហៅព្រះនាមព្រះអម្ចាស់ ថយចេញពីអំពើទុច្ចរិតទៅ» ។
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។
សូមឲ្យមនុស្សទាំងអស់លើកតម្លៃអាពាហ៍ពិពាហ៍ ហើយសូមឲ្យការរួមដំណេកបានជាឥតសៅហ្មង ដ្បិតព្រះនឹងជំនុំជម្រះមនុស្សសហាយស្មន់ និងមនុស្សផិតក្បត់។
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ ជាអ្នកដែលដើរតាមក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា! ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គឡើយ។ ទូលបង្គំយល់ដឹងជាងមនុស្សចាស់ ដ្បិតទូលបង្គំប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ ទូលបង្គំបានបង្ខាំងជើង ឲ្យវៀរចាកពីអស់ទាំងផ្លូវអាក្រក់ ដើម្បីនឹងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំមិនបានបែរចេញ ពីវិន័យរបស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ។ ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់អណ្ដាតទូលបង្គំណាស់ហ្ន៎ គឺផ្អែមដល់មាត់ទូលបង្គំជាងទឹកឃ្មុំទៅទៀត! ទូលបង្គំមានយោបល់ដោយសារ ព្រះឱវាទរបស់ព្រះអង្គ ហេតុនេះហើយបានជាទូលបង្គំ ស្អប់ដល់អស់ទាំងផ្លូវភូតភរ។ ៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។ ទូលបង្គំបានស្បថ ហើយបានសម្រេចតាមថា ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតរបស់ព្រះអង្គ។ ទូលបង្គំមានទុក្ខព្រួយខ្លាំងណាស់ ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង! ឱព្រះយេហូវ៉ាអើយ សូមទទួល តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ ហើយសូមបង្រៀនទូលបង្គំ ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។ ជីវិតទូលបង្គំមានអន្តរាយឥតឈប់ឈរ តែទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។ មនុស្សអាក្រក់បានដាក់អន្ទាក់ ចាំចាប់ទូលបង្គំ ប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញ ពីព្រះឱវាទរបស់ព្រះអង្គឡើយ។ សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាមត៌ករបស់ទូលបង្គំជាដរាប ដ្បិតសេចក្ដីទាំងនោះ ធ្វើឲ្យចិត្តទូលបង្គំមានអំណរ។ ទូលបង្គំដាក់ចិត្តដើម្បីធ្វើតាមច្បាប់ របស់ព្រះអង្គជាដរាប រហូតដល់ចុងបំផុត។ ៙ ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម បទបញ្ជារបស់ព្រះនៃខ្ញុំ។ សូមទ្រទ្រង់ទូលបង្គំតាម ព្រះបន្ទូលរបស់ព្រះអង្គ ឲ្យទូលបង្គំបានរស់នៅ សូមកុំឲ្យទូលបង្គំត្រូវខ្មាស ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ! សូមធ្វើជាបង្អែករបស់ទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ ហើយបានគោរពរាប់អានច្បាប់ របស់ព្រះអង្គជានិច្ច! ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេងចេញ ពីច្បាប់របស់ព្រះអង្គ ដ្បិតឧបាយកលរបស់គេ ជាសេចក្ដីឥតប្រយោជន៍។ ព្រះអង្គផាត់មនុស្សអាក្រក់បាត់ចេញពីផែនដី ដូចគេផាត់សំរាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គមានពរ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គផង! រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។ ៙ ទូលបង្គំបានប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ សូមកុំប្រគល់ទូលបង្គំទៅឲ្យពួកអ្នក ដែលសង្កត់សង្កិនឡើយ។ សូមធានាឲ្យអ្នកបម្រើរបស់ព្រះអង្គ បានសេចក្ដីល្អ សូមកុំឲ្យមនុស្សព្រហើនសង្កត់សង្កិន ទូលបង្គំឡើយ។ ភ្នែកទូលបង្គំស្រវាំង ដោយរង់ចាំមើល ការសង្គ្រោះទូលបង្គំរបស់ព្រះអង្គ និងរង់ចាំមើលព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គបានសម្រេច។ សូមប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ផង ដើម្បីឲ្យទូលបង្គំបានស្គាល់ សេចក្ដីបន្ទាល់របស់ព្រះអង្គ! នេះជាពេលដែលព្រះយេហូវ៉ា ចាត់វិធានការហើយ ដ្បិតគេបានប្រព្រឹត្តល្មើស នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ ហេតុនេះ ទូលបង្គំស្រឡាញ់ បទបញ្ជារបស់ព្រះអង្គលើសជាងមាស គឺលើសជាងមាសសុទ្ធទៅទៀត។ ហេតុនេះ ទូលបង្គំរាប់ថា ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់គ្រប់ទាំងផ្លូវភូតភរ។ ៙ សេចក្ដីបន្ទាល់របស់ព្រះអង្គសុទ្ធតែអស្ចារ្យ ហេតុនេះហើយបានជាព្រលឹងទូលបង្គំ ប្រតិបត្តិតាម។ បបូរមាត់ទូលបង្គំប្រកាសពីគ្រប់ទាំងវិន័យ ដែលចេញមកពីព្រះឧស្ឋរបស់ព្រះអង្គ។ ការបើកសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ប្រទានឲ្យមានពន្លឺ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។ ទូលបង្គំហាមាត់ ដកដង្ហើមធំ ព្រោះទូលបង្គំចង់បានបទបញ្ជា របស់ព្រះអង្គណាស់។ សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ ដូចព្រះអង្គធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមព្រះអង្គផង។ សូមរក្សាជំហានទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច លើទូលបង្គំឡើយ។ សូមលោះទូលបង្គំឲ្យរួចពី ការសង្កត់សង្កិនរបស់មនុស្ស ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ សូមឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គផង។ ទឹកភ្នែកទូលបង្គំហូររហាម ព្រោះគេមិនប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ។ ៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសុចរិត ហើយវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ។ ព្រះអង្គបានតាំងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដោយសេចក្ដីសុចរិត និងដោយសេចក្ដីស្មោះត្រង់ទាំងអស់។ ទូលបង្គំមានចិត្តឈឺឆ្អាលជាខ្លាំង ព្រោះបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំរីករាយនឹងផ្លូវប្រព្រឹត្ត តាមសេចក្ដីបន្ទាល់របស់ព្រះអង្គ ដូចជាទូលបង្គំរីករាយ នឹងទ្រព្យសម្បត្តិគ្រប់យ៉ាង។ ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានសម្រិតសម្រាំងយ៉ាងល្អ ហើយអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។ ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយ ប៉ុន្តែ ទូលបង្គំមិនភ្លេចព្រះឱវាទ របស់ព្រះអង្គឡើយ។ សេចក្ដីសុចរិតរបស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។ ទុក្ខលំបាក និងភាពតានតឹង បានគ្របសង្កត់ទូលបង្គំ តែបទបញ្ជារបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។ សេចក្ដីបន្ទាល់របស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំនឹងបានរស់នៅ។ ៙ ទូលបង្គំស្រែករកព្រះអង្គយ៉ាងអស់ពីចិត្ត ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង ទូលបង្គំនឹងប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ ទូលបង្គំអំពាវនាវរកព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ។ ទូលបង្គំក្រោកពីដំណេកមុនព្រលឹមស្រាង ហើយស្រែករកជំនួយ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ភ្នែកទូលបង្គំមិនបានលង់លក់ នៅអស់ទាំងយាមយប់ ដើម្បីឲ្យទូលបង្គំបានសញ្ជឹងគិត អំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ សូមស្តាប់សំឡេងទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមសេចក្ដីយុត្តិធម៌របស់ព្រះអង្គ។ ទូលបង្គំនឹងសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ ហើយភ្នែកទូលបង្គំសម្លឹងមើលផ្លូវរបស់ព្រះអង្គ។ អស់អ្នកដែលបៀតបៀនទូលបង្គំ ដោយបំណងអាក្រក់ នាំគ្នាចូលមកជិត អ្នកទាំងនោះនៅឆ្ងាយពីក្រឹត្យវិន័យ របស់ព្រះអង្គ។ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅជិត ហើយបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតត្រង់។ តាំងពីយូរមកហើយ ទូលបង្គំបានដឹង ដោយសារសេចក្ដីបន្ទាល់របស់ព្រះអង្គថា ព្រះអង្គបានតាំងសេចក្ដីទាំងនោះមក ឲ្យនៅអស់កល្បជានិច្ច។ ៙ សូមទតមើលទុក្ខព្រួយរបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គទេ។ សូមការពាររឿងក្ដីរបស់ទូលបង្គំ ហើយលោះទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង! ការសង្គ្រោះស្ថិតនៅឆ្ងាយពីមនុស្សអាក្រក់ ដ្បិតគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គធំវិសេសណាស់ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមវិន័យរបស់ព្រះអង្គ។ អស់អ្នកដែលបៀតបៀន ហើយបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើន ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។ ទូលបង្គំមើលទៅមនុស្សក្បត់ដោយស្អប់ខ្ពើម ព្រោះគេមិនប្រតិបត្តិតាម ព្រះបន្ទូលរបស់ព្រះអង្គទេ។ សូមទតមើលថា ទូលបង្គំស្រឡាញ់ ព្រះឱវាទរបស់ព្រះអង្គយ៉ាងណា! ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំ មានជីវិតរស់ តាមព្រះហឫទ័យសប្បុរស របស់ព្រះអង្គ។ ទូលបង្គំមានចិត្តរីករាយនឹងច្បាប់របស់ព្រះអង្គ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។ បូករួមអស់ទាំងព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយគ្រប់ទាំងវិន័យដ៏សុចរិតរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ ពួកអ្នកធំបានបៀតបៀន ទូលបង្គំដោយឥតហេតុ ប៉ុន្តែ ចិត្តទូលបង្គំស្ញប់ស្ញែងនឹងព្រះបន្ទូល របស់ព្រះអង្គ។ ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ ប្រៀបដូចជាមនុស្សដែលប្រទះ នឹងរបឹបដ៏មានតម្លៃ។ ទូលបង្គំស្អប់ ហើយខ្ពើមពាក្យភូតភរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំសរសើរតម្កើងព្រះអង្គ មួយថ្ងៃប្រាំពីរដង ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។ អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ការសង្គ្រោះរបស់ព្រះអង្គ ហើយទូលបង្គំប្រព្រឹត្តតាម បទបញ្ជារបស់ព្រះអង្គ។ ព្រលឹងទូលបង្គំប្រតិបត្តិតាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ទូលបង្គំស្រឡាញ់សេចក្ដីបន្ទាល់នោះ យ៉ាងក្រៃលែង។ ទូលបង្គំប្រតិបត្តិតាមព្រះឱវាទ និងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដ្បិតផ្លូវដែលទូលបង្គំប្រព្រឹត្ត សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។ ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសម្រែករបស់ទូលបង្គំ បានចូលទៅដល់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ តាមព្រះបន្ទូលរបស់ព្រះអង្គផង! ៙ សូមប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ បានប្រកបដោយគុណ ដើម្បីឲ្យទូលបង្គំបានរស់នៅ ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ សូមឲ្យពាក្យអង្វររបស់ទូលបង្គំ បានចូលទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ បបូរមាត់ទូលបង្គំនឹងហូរចេញជាពាក្យសរសើរ ដ្បិតព្រះអង្គបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ អណ្ដាតទូលបង្គំនឹងច្រៀង អំពីព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតគ្រប់ទាំងបទបញ្ជារបស់ព្រះអង្គ សុទ្ធតែសុចរិតទាំងអស់។ សូមឲ្យព្រះហស្តរបស់ព្រះអង្គ បានប្រុងប្រៀបនឹងជួយទូលបង្គំ ដ្បិតទូលបង្គំបានជ្រើសរើសយក ព្រះឱវាទរបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំចង់ឃើញការសង្គ្រោះរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។ សូមឲ្យព្រលឹងទូលបង្គំរស់នៅ ហើយសរសើរតម្កើងព្រះអង្គ ហើយសូមឲ្យវិន័យរបស់ព្រះអង្គ ជួយទូលបង្គំផង។ ទូលបង្គំបានវង្វេងទៅ ដូចចៀមដែលបាត់បង់ សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ។ សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញការដ៏អស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំជាមនុស្សស្នាក់អាស្រ័យ បណ្ដោះអាសន្ននៅលើផែនដី សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ នឹងទូលបង្គំឡើយ! មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត
តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង។ ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។
មនុស្សដែលសុចរិតជាអ្នកបង្ហាញផ្លូវ ដល់អ្នកជិតខាងខ្លួន តែផ្លូវរបស់មនុស្សអាក្រក់នាំឲ្យគេវង្វេងវិញ។
ចូរលាងចេញ ចូរជម្រះខ្លួនឲ្យស្អាតចុះ ចូរបំបាត់អំពើអាក្រក់ដែលអ្នករាល់គ្នា ប្រព្រឹត្តពីចំពោះភ្នែកយើងចេញ ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅទៀត។ ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្ស ដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្ត្រីមេម៉ាយចុះ។
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយជាអ្នកបម្រើដែលយើងបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់យើង ព្រមទាំងយល់ថា គឺយើងនេះហើយ ឥតមានព្រះណាកើតមកមុនយើងទេ ហើយនៅក្រោយយើងក៏គ្មានដែរ។ គឺយើងនេះហើយជាយេហូវ៉ា ក្រៅពីយើង គ្មានអ្នកសង្គ្រោះណាទៀតឡើយ យើងបានថ្លែងទំនាយប្រាប់ យើងបានជួយសង្គ្រោះ យើងបានសម្ដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្ដាលអ្នករាល់គ្នាឡើយ ហេតុដូច្នោះ អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយគឺយើងនេះដែលជាព្រះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាយើងនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃយើងបានទេ ឯការដែលយើងធ្វើ តើអ្នកណានឹងឃាត់បាន? ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នករាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា ដោយយល់ដល់អ្នករាល់គ្នា នោះយើងចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទម្លាក់គេទាំងអស់គ្នា គេនឹងរត់រតាក់រតាយទៅ សូម្បីតែពួកខាល់ដេនៅក្នុងនាវា ដែលគេយកជាទីសប្បាយនោះដែរ។ យើងនេះ គឺយេហូវ៉ា យើងជាព្រះដ៏បរិសុទ្ធរបស់អ្នករាល់គ្នា គឺជាព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល ហើយជាមហាក្សត្ររបស់អ្នករាល់គ្នា។ ព្រះយេហូវ៉ាដែលធ្វើឲ្យមានផ្លូវក្នុងសមុទ្រ និងផ្លូវច្រកនៅទីទឹកធំ ជាព្រះដែលនាំរទេះចម្បាំង និងពលសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សស្ទាត់ជំនាញ ពួកគេដេកទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ ព្រះអង្គមានព្រះបន្ទូលថា អ្នករាល់គ្នាកុំនឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីកិច្ចការទាំងប៉ុន្មានពីដើមនោះ មើល៍! យើងនឹងធ្វើការមួយថ្មី ការនោះកំពុងលេចមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយនៅទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់។ កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
«មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! តើយើងខ្ញុំមិនបានថ្លែងទំនាយក្នុងព្រះនាមព្រះអង្គ ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គទេឬ?" ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេថា "យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឲ្យឆ្ងាយពីយើងទៅ" »។
ពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបាន? ដ្បិតមាត់តែងនិយាយចេញពីសេចក្តីបរិបូរដែលមាននៅក្នុងចិត្ត។ មនុស្សល្អ តែងបញ្ចេញសេចក្តីល្អ ពីកំណប់ដ៏ល្អដែលមានក្នុងចិត្ត រីឯមនុស្សអាក្រក់ ក៏តែងបញ្ចេញសេចក្តីអាក្រក់ ពីកំណប់អាក្រក់របស់គេដែរ។
ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ចូរស្អប់អ្វីដែលអាក្រក់ ហើយប្រកាន់ខ្ជាប់អ្វីដែលល្អ
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់
ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ ដែលតែងតែខូច តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលទៅ ហើយឲ្យគំនិតក្នុងចិត្តរបស់អ្នករាល់គ្នាបានកែប្រែជាថ្មីឡើង ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ ខាងវិញ្ញាណបថមសិក្សារបស់លោកីយ៍នេះមែន ចុះហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូចជារស់នៅជាប់ក្នុងលោកីយ៍នៅឡើយដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាចុះចូលនឹងបញ្ញត្តិទាំងឡាយ ដូចជាថា «កុំកាន់ កុំភ្លក់ កុំប៉ះពាល់» ដូច្នេះ? បញ្ញត្តិទាំងនោះជាអ្វីៗដែលវិនាសបាត់ទៅដោយការប្រើប្រាស់ ជាបទបញ្ជា និងសេចក្តីបង្រៀនរបស់មនុស្ស។ សេចក្តីទាំងនេះមើលទៅទំនងដូចជាមានប្រាជ្ញា ដោយបង្ខំខ្លួនឲ្យមានការគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ការដាក់ខ្លួន និងការលត់ដំរូបកាយ តែគ្មានតម្លៃនឹងទប់ទល់សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ដ្បិតព្រះមិនមែនត្រាស់ហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកឡើយ គឺមកក្នុងភាពបរិសុទ្ធវិញ។
ហេតុនេះហើយបានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងបានរាប់អ្នករាល់គ្នាជាស័ក្ដិសមនឹងការត្រាស់ហៅ ហើយឲ្យបានបំពេញគ្រប់ទាំងបំណងសម្រាប់ការល្អ និងកិច្ចការដែលធ្វើដោយជំនឿ ដោយព្រះចេស្តារបស់ព្រះអង្គ
ដូច្នេះ ខ្ញុំចង់ឲ្យបុរសៗលើកដៃបរិសុទ្ធឡើង ហើយអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតមានកំហឹង ឬឈ្លោះប្រកែកឡើយ។
ចូរសម្តែងខ្លួន ទុកជាគំរូពីអំពើល្អគ្រប់ជំពូក ទាំងបង្រៀនគេដោយចិត្តស្អាតស្អំ និងថ្លៃថ្នូរ
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។ អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់អារក្ស ត្រូវបានបង្ហាញឲ្យឃើញច្បាស់ដោយសារសេចក្ដីនេះ គឺអ្នកណាដែលមិនប្រព្រឹត្តអំពើសុចរិត អ្នកនោះមិនមែនមកពីព្រះទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនមកពីព្រះដែរ។ ដ្បិតនេះជាដំណឹងដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ មិនត្រូវឲ្យយើងដូចជាកាអ៊ីន ដែលមកពីមេកំណាច ហើយបានសម្លាប់ប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនរបស់ខ្លួនដូច្នេះ? ព្រោះអំពើដែលគាត់ប្រព្រឹត្តសុទ្ធតែអាក្រក់ ហើយអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត។ បងប្អូនអើយ ប្រសិនបើលោកីយ៍ស្អប់អ្នករាល់គ្នា នោះកុំឲ្យឆ្ងល់ឡើយ។ យើងដឹងហើយថា យើងបានកន្លងផុតពីសេចក្ដីស្លាប់ ទៅដល់ជីវិតហើយ ព្រោះយើងស្រឡាញ់ពួកបងប្អូន ឯអ្នកណាដែលមិនចេះស្រឡាញ់ អ្នកនោះនៅជាប់ក្នុងសេចក្ដីស្លាប់នៅឡើយ។ អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក ហើយអ្នករាល់គ្នាដឹងហើយថា គ្មានឃាតកណាមួយមានជីវិតរស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ។ យើងស្គាល់សេចក្ដីស្រឡាញ់ដោយសារសេចក្ដីនេះ គឺព្រះអង្គបានស៊ូប្តូរព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ដូច្នេះ យើងក៏ត្រូវប្តូរជីវិតរបស់យើងសម្រាប់បងប្អូនដែរ។ ប្រសិនបើអ្នកណាមានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្តេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន? ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។ យើងនឹងដឹងដោយសារសេចក្ដីនេះឯងថា យើងកើតមកពីសេចក្ដីពិត ហើយធ្វើឲ្យយើងមានទំនុកចិត្តនៅចំពោះព្រះអង្គ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។
ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។