សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍ នឹងតម្រង់ផ្លូវខ្លួន តែមនុស្សអាក្រក់នឹងដួល ដោយសារអំពើអាក្រក់របស់ខ្លួនវិញ។
ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង ព្រះដំណាក់របស់ព្រះអង្គបាន? តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធ របស់ព្រះអង្គបាន? គឺអ្នកដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តអំពើសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្ត។
អ្នកណាដែលដេញតាមសេចក្ដីសុចរិត និងសេចក្ដីសប្បុរស អ្នកនោះនឹងរកបានជីវិត សេចក្ដីសុចរិត និងកិត្តិយស។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ប៉ុន្តែ ចំពោះអ្នកវិញ ឱអ្នកសំណព្វរបស់ព្រះអើយ ចូរចៀសចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពប្រតិបត្តិដល់ព្រះ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ និងចិត្តស្លូតបូតវិញ។
តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកម្លាំង។
មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ជាអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលវេលា។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
គឺអ្នកណាដែលដើរដោយសុចរិត ហើយពោលសេចក្ដីទៀងត្រង់ ជាអ្នកដែលស្អប់កម្រៃដែលបានមកដោយសង្កត់សង្កិន ហើយរាដៃមិនព្រមទទួលសំណូក ក៏ចុកត្រចៀកមិនស្តាប់រឿងពីការកម្ចាយឈាម ហើយដែលធ្មេចភ្នែកមិនព្រមមើលការអាក្រក់ផង។ អ្នកនោះនឹងបាននៅក្នុងទីខ្ពស់ ទីពំនាក់របស់អ្នកនោះនឹងនៅលើថ្មដាដ៏មាំមួន ឯអាហារនឹងបានប្រទានមកអ្នកនោះ ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ»។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
មិនត្រូវប្រគល់អវយវៈរបស់អ្នករាល់គ្នា ទៅក្នុងអំពើបាប ទុកដូចជាឧបករណ៍បម្រើឲ្យសេចក្ដីទុច្ចរិតនោះឡើយ តែត្រូវប្រគល់ខ្លួនទៅព្រះ ដូចពួកអ្នកដែលបានរស់ពីស្លាប់ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាឧបករណ៍បម្រើឲ្យសុចរិតវិញ។
ចូរភ្ញាក់ដឹងខ្លួន រស់នៅដោយសុចរិត ហើយឈប់ធ្វើបាប ដ្បិតអ្នកខ្លះមិនស្គាល់ព្រះទេ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាខ្មាស។
៙ មាត់របស់មនុស្សសុចរិត ពោលចេញជាប្រាជ្ញា ហើយអណ្ដាតរបស់គេ ស្រដីចេញជាពាក្យយុត្តិធម៌។
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។
កុំឲ្យសេចក្ដីមេត្តា និងសេចក្ដីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្ដីទាំងពីរនោះនៅកឯងចុះ ហើយចារឹកទុកនៅដួងចិត្តឯងដែរ។ បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ កុំច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។ បណ្ដាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែព្រះអង្គប្រទានពរដល់ទីលំនៅ របស់មនុស្សសុចរិតវិញ។ ព្រះអង្គតែងមើលងាយ ដល់ពួកអ្នកដែលមើលងាយ តែព្រះអង្គផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។ មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមត៌ក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ ដល់មនុស្សឆោតល្ងង់វិញ។ យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ និងបំណងល្អចំពោះព្រះ ហើយមនុស្សផង។
ប្រសិនបើអ្នករាល់គ្នាដឹងថា ព្រះអង្គសុចរិត នោះអ្នកអាចនឹងប្រាកដថា អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នោះសុទ្ធតែបានកើតមកពីព្រះអង្គទាំងអស់។
មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
ការដែលប្រព្រឹត្តតាមសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ នោះជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ា ជាជាងយញ្ញបូជាទៅទៀត។
អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ កុំខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ។
ដ្បិតព្រះយេហូវ៉ាសុចរិត ព្រះអង្គស្រឡាញ់អំពើសុចរិត មនុស្សទៀងត្រង់នឹងបានឃើញ ព្រះភក្ត្រព្រះអង្គ។
គឺសេចក្តីសុចរិតរបស់ព្រះ តាមរយៈជំនឿដល់ព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ ដ្បិតគ្មានអ្វីខុសគ្នាឡើយ
សូមឲ្យសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់ រក្សាទូលបង្គំ ដ្បិតទូលបង្គំសង្ឃឹម រង់ចាំព្រះអង្គហើយ។
៙ តើមនុស្សកំលោះធ្វើដូចម្ដេច ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ? គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។
ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ត្រូវលមើលឲ្យដឹងពីសេចក្តីអ្វីដែលព្រះអម្ចាស់សព្វព្រះហឫទ័យចុះ។ កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។ ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសម្ងាត់ នោះសូម្បីតែនិយាយ ក៏គួរឲ្យខ្មាសទៅហើយ តែការទាំងអស់បានលាតត្រដាងឲ្យឃើញច្បាស់ ដោយសារពន្លឺ ដ្បិតគឺពន្លឺហើយដែលគេមើលឃើញអ្វីៗទាំងអស់។ ហេតុនេះហើយបានជាមានសេចក្ដីថ្លែងទុកមកថា «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក»។ ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។ ដូច្នេះ កុំល្ងង់ខ្លៅឡើយ តែត្រូវយល់ពីអ្វីដែលជាព្រះហឫទ័យរបស់ព្រះអម្ចាស់។ កុំស្រវឹងស្រា ដ្បិតស្រានាំឲ្យព្រើលចិត្ត តែចូរឲ្យបានពេញដោយព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
សេចក្ដីសុចរិតតែងតែការពារអ្នកណា ដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។
មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត
៙ ចូរថយចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅជារៀងដរាប។ ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។
ទាំងបង្ហាត់បង្រៀនយើងឲ្យលះចោលសេចក្ដីទមិឡល្មើស និងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពប្រតិបត្តិដល់ព្រះ
ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
មានពន្លឺភ្លឺឡើងក្នុងទីងងឹត សម្រាប់មនុស្សទៀងត្រង់ ជាអ្នកមានចិត្តប្រណីសន្ដោស មេត្តាករុណា និងសុចរិត។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
កូនតូចៗរាល់គ្នាអើយ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះអង្គដែលសុចរិតដែរ។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំរីករាយ នឹងធ្វើតាមព្រះហឫទ័យព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ នៅក្នុងចិត្តទូលបង្គំ»។
ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។
ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ ដែលតែងតែខូច តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលទៅ ហើយឲ្យគំនិតក្នុងចិត្តរបស់អ្នករាល់គ្នាបានកែប្រែជាថ្មីឡើង ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
ចូរគេចចេញឲ្យផុតពីតណ្ហាយុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលអំពាវនាវរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធវិញ។
ព្រះអង្គបម្រុងទុកសេចក្ដីដែលមានប្រយោជន៍ សម្រាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នក ដែលដើរក្នុងសេចក្ដីទៀងត្រង់ ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រក នៃសេចក្ដីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ព្រះអង្គ។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
«ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាធ្វើទាន នៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញនោះឡើយ ដ្បិតធ្វើដូច្នោះ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឡើយ។
ទ្រព្យសម្បត្តិដែលបានមកដោយអំពើអាក្រក់ នោះគ្មានប្រយោជន៍ទេ តែសេចក្ដីសុចរិត នោះរមែងជួយឲ្យរួចពីស្លាប់។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។ ព្រះអង្គនឹងឲ្យសេចក្ដីសុចរិត របស់អ្នកផ្សាយចេញដូចពន្លឺ ហើយអំពើយុត្តិធម៌របស់អ្នក ដូចពន្លឺនៅពេលថ្ងៃត្រង់។
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។
ដូច្នេះ អ្នកណាស្គាល់អំពើល្អដែលត្រូវធ្វើ តែមិនព្រមធ្វើ នោះរាប់ជាមានបាបដល់អ្នកនោះហើយ។
ជីវិតស្ថិតនៅក្នុងផ្លូវនៃសេចក្ដីសុចរិត ហើយក្នុងផ្លូវច្រកនោះ គ្មានសេចក្ដីស្លាប់ឡើយ។
ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ដូច្នេះ ចូរឈរឲ្យមាំ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតជាអាវក្រោះ។
មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ ជាអ្នកដែលដើរតាមក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា!
ប៉ុន្តែ បើអ្នករាល់គ្នាត្រូវរងទុក្ខ ដោយព្រោះសេចក្តីសុចរិតវិញ នោះអ្នករាល់គ្នាមានពរហើយ។ មិនត្រូវភ័យខ្លាចចំពោះការបំភ័យរបស់គេ ក៏កុំច្រួលច្របល់ឡើយ
គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។
ព្រះអង្គជាប្រភពនៃជីវិតរបស់យើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានត្រឡប់ជាប្រាជ្ញាមកពីព្រះ ជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើង
ឱព្រះយេហូវ៉ាអើយ សូមនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គ ដោយព្រោះពួកខ្មាំងសត្រូវរបស់ទូលបង្គំ សូមធ្វើឲ្យផ្លូវរបស់ព្រះអង្គ ត្រង់នៅមុខទូលបង្គំផង។
ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែព្រះអង្គស្រឡាញ់ចំពោះអ្នកណា ដែលដើរតាមសេចក្ដីសុចរិតវិញ។
មនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់របស់ខ្លួន កូនចៅរបស់អ្នកនោះមានពរតរៀងទៅ។
តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបម្រើដល់ព្រះអង្គ អ្នករាល់គ្នាបានផលជាសេចក្ដីបរិសុទ្ធ ហើយចុងបំផុតគឺជីវិតអស់កល្បជានិច្ច។
ព្រះនេត្រព្រះយេហូវ៉ា ទតឆ្ពោះទៅរកមនុស្សសុចរិត ហើយព្រះកាណ៌ព្រះអង្គ ផ្ទៀងស្តាប់សម្រែករបស់គេ។
មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន?
គ្មានមនុស្សណាបានតាំងមាំមួនឡើង ដោយសារអំពើអាក្រក់ទេ តែឫសរបស់មនុស្សសុចរិត មិនត្រូវរលើងឡើយ។
ដើម្បីឲ្យសេចក្ដីសុចរិតដែលក្រឹត្យវិន័យបង្គាប់មក បានសម្រេចនៅក្នុងយើង ដែលមិនរស់នៅតាមសាច់ឈាម តែរស់នៅតាមព្រះវិញ្ញាណ។
ដ្បិតព្រះមិនមែនត្រាស់ហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកឡើយ គឺមកក្នុងភាពបរិសុទ្ធវិញ។
តែបើយើងដើរក្នុងពន្លឺវិញ ដូចព្រះអង្គដែលគង់នៅក្នុងពន្លឺ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះអង្គ ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។
ព្រះអង្គនាំមនុស្សសុភាព ឲ្យប្រព្រឹត្តតាមមាគ៌ាដ៏ត្រឹមត្រូវ ហើយបង្រៀនមនុស្សរាបសារ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ។
ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ (ដ្បិតផលផ្លែនៃពន្លឺ មាននៅក្នុងគ្រប់សេចក្ដីល្អ សេចក្តីសុចរិត និងសេចក្តីពិត)។
កុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ត្រូវឲ្យជើងឯងចៀសចេញពីសេចក្ដីអាក្រក់វិញ។
រីឯមនុស្សសុចរិតរបស់យើង គេនឹងរស់នៅដោយសារជំនឿ តែបើអ្នកណាដកថយទៅវិញ ចិត្តយើងគ្មានអំណរនឹងអ្នកនោះឡើយ» ។
ដ្បិតព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសអន្តរាយ។
តែព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានតម្កើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធបានរាប់ជាបរិសុទ្ធ ដោយសេចក្ដីសុចរិតវិញ។
គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាថ្លឹងចិត្ត។
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
៙ ព្រះយេហូវ៉ាជ្រាបអស់ទាំងថ្ងៃ របស់មនុស្សទៀងត្រង់ ហើយមត៌ករបស់គេនឹងនៅជាប់ជាដរាប គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ ហើយនៅវេលាអំណត់ គេនឹងមានជាបរិបូរ។
ព្រះអង្គក៏បានប្រទានតាមសំណូមរបស់គេ តែក៏ចាត់ឲ្យមានសេចក្ដីក្រៀមស្ងួត នៅក្នុងចិត្តគេវិញ។
កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។
៙ ទូលបង្គំនឹងមើលទៅមនុស្សស្មោះត្រង់ នៅក្នុងស្រុក ដោយសន្ដោស ដើម្បីឲ្យគេបានរស់នៅជាមួយទូលបង្គំ អ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ អ្នកនោះនឹងបម្រើទូលបង្គំ។
កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាប។ ប៉ុន្ដែ ប្រសិនបើអ្នកណាធ្វើបាប នោះយើងមានព្រះដ៏ជួយការពារមួយអង្គ ដែលគង់នៅជាមួយព្រះវរបិតា គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត។
«មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។
មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។
ពេលនោះ ទើបពន្លឺរបស់អ្នក នឹងលេចមកដូចជាអរុណរស្មី ហើយសេចក្ដីសុខស្រួលរបស់អ្នក នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់អ្នក នឹងនាំមុខអ្នក ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារអ្នក។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។
៙ ព្រះយេហូវ៉ាបានប្រទានរង្វាន់ដល់ខ្ញុំ តាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គបានសងខ្ញុំ តាមអំពើបរិសុទ្ធដែលដៃខ្ញុំធ្វើ។
ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ សូមទូន្មានអ្នករាល់គ្នាឲ្យរស់នៅស័ក្ដិសមនឹងការត្រាស់ហៅ តាមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នានោះចុះ
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកម្រៃច្រើន តែមានអំពើទុច្ចរិតវិញ។
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ»។
អ្នកនឹងបានតាំងមាំមួននៅដោយសេចក្ដីសុចរិត ហើយនឹងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតអ្នកនឹងមិនខ្លាចអ្វីសោះ ក៏នឹងនៅឆ្ងាយពីសេចក្ដីស្ញែងខ្លាចដែរ ព្រោះសេចក្ដីនោះនឹងមិនមកជិតអ្នកឡើយ។
មនុស្សក្រីក្រដែលប្រព្រឹត្តតាម ផ្លូវទៀងត្រង់របស់ខ្លួន នោះវិសេសជាងមនុស្សក្រវិចក្រវៀន ក្នុងគ្រប់ទាំងផ្លូវរបស់គេ ទោះបើជាអ្នកមានក៏ដោយ។
ជាអ្នកដែលមិនបញ្ចេញប្រាក់ខ្លួន ដើម្បីយកការសោះ ក៏មិនទទួលសំណូកទាស់នឹងមនុស្ស ឥតទោសដែរ។ អ្នកណាដែលប្រព្រឹត្តយ៉ាងដូច្នេះ អ្នកនោះនឹងមិនរង្គើឡើយ។
ដូច្នេះ ចូរបង់ជូនអស់លោកទាំងនោះ តាមអ្វីដែលអ្នកត្រូវបង់ចុះ គឺបង់ពន្ធជូនលោកណាដែលអ្នកត្រូវបង់ បង់អាករដល់លោកណាដែលអ្នកត្រូវបង់ ត្រូវកោតខ្លាចចំពោះលោកណាដែលអ្នកត្រូវកោតខ្លាច ហើយត្រូវគោរពដល់លោកណាដែលអ្នកត្រូវគោរព។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។
ក៏មានពេញដោយផលនៃសេចក្តីសុចរិត មកតាមរយៈព្រះយេស៊ូវគ្រីស្ទ សម្រាប់ជាសិរីល្អ និងជាការសរសើរដល់ព្រះ។
អណ្ដាតទូលបង្គំនឹងច្រៀង អំពីព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតគ្រប់ទាំងបទបញ្ជារបស់ព្រះអង្គ សុទ្ធតែសុចរិតទាំងអស់។
តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា
ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។
អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់អារក្ស ត្រូវបានបង្ហាញឲ្យឃើញច្បាស់ដោយសារសេចក្ដីនេះ គឺអ្នកណាដែលមិនប្រព្រឹត្តអំពើសុចរិត អ្នកនោះមិនមែនមកពីព្រះទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនមកពីព្រះដែរ។
យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គវិញ។
ហេតុនេះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ថែមកិរិយាល្អពីលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះពីលើកិរិយាល្អ បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ បន្ថែមសេចក្ដីខ្ជាប់ខ្ជួនពីលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពប្រតិបត្តិដល់ព្រះពីលើសេចក្ដីខ្ជាប់ខ្ជួន បន្ថែមការរាប់អានជាបងប្អូនពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើការរាប់អានគ្នាជាបងប្អូន។
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។
សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។
ចូរលាងចេញ ចូរជម្រះខ្លួនឲ្យស្អាតចុះ ចូរបំបាត់អំពើអាក្រក់ដែលអ្នករាល់គ្នា ប្រព្រឹត្តពីចំពោះភ្នែកយើងចេញ ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅទៀត។ ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្ស ដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្ត្រីមេម៉ាយចុះ។
ត្រូវឲ្យបងប្អូនរបស់យើងរៀនធ្វើការល្អឲ្យអស់ពីចិត្ត ដើម្បីបំពេញសេចក្ដីត្រូវការដ៏ចាំបាច់ ប្រយោជន៍កុំឲ្យគេទៅជាមនុស្សដែលឥតបង្កើតផល។
៙ មនុស្សសុចរិតនឹងលូតលាស់ឡើង ដូចដើមលម៉ើ ក៏ចម្រើនឡើង ដូចដើមតាត្រៅ នៅលើភ្នំល្បាណូន។ គេដូចជាដើមឈើដែលដុះ នៅក្នុងដំណាក់នៃព្រះយេហូវ៉ា គេលូតលាស់នៅក្នុងទីលានរបស់ព្រះនៃយើង។
កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីការអាក្រក់ទៅ ។
ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក ដោយអ្នករាល់គ្នាបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យអ្នករាល់គ្នាស្គាល់ព្រះកាន់តែច្បាស់ឡើង។
ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។
ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់ ជាជីវិតដែលព្រះបានត្រាស់ហៅអ្នកមកទទួល ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅមុខស្មរបន្ទាល់ជាច្រើន។
ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយពួកទេវតារបស់លោក ហើយពេលនោះ លោកនឹងសងដល់គ្រប់គ្នា តាមការដែលខ្លួនបានប្រព្រឹត្ត។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
ផ្លូវរបស់មនុស្សណាដែលផ្ទុកដោយ ទោសច្រើន នោះជាផ្លូវវៀចណាស់ តែចំណែកមនុស្សសុចរិតវិញ ការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់។
ចៅហ្វាយពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។
៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសុចរិត ហើយវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ។
សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។
ព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត ។ ពួកអ្នកដែលប្រព្រឹត្តអំពើល្អដោយចិត្តស៊ូទ្រាំ ស្វែងរកសិរីល្អ កិត្តិយស និងសេចក្តីមិនពុករលួយ ព្រះអង្គនឹងប្រទានជីវិតអស់កល្បជានិច្ច
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
ព្រះអង្គជំនុំជម្រះមនុស្សលោក ដោយសេចក្ដីសុចរិត ព្រះអង្គវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយយុត្តិធម៌។
ហើយអ្វីក៏ដោយដែលយើងទូលសូមពីព្រះអង្គ នោះយើងនឹងទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ហើយប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។
មនុស្សល្អ បង្កើតជាសេចក្តីល្អ ចេញពីកំណប់ល្អដែលនៅក្នុងចិត្តរបស់គេ រីឯមនុស្សអាក្រក់វិញ បង្កើតជាសេចក្តីអាក្រក់ ចេញពីកំណប់អាក្រក់របស់ខ្លួន ដ្បិតមាត់របស់គេស្រដីចេញពីសេចក្តីបរិបូរ ដែលនៅក្នុងចិត្តរបស់ខ្លួន»។
ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកព្រះអង្គឃើញ ហើយអំពាវនាវដល់ព្រះអង្គ ក្នុងកាលដែលព្រះអង្គគង់នៅជិតចុះ។ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។
ដ្បិតយើងទាំងអស់គ្នាត្រូវឈរនៅមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះនៅឡើយ ទោះល្អ ឬអាក្រក់ក្តី។
ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។
ព្រះអង្គស្រឡាញ់សេចក្ដីសុចរិត និងយុត្តិធម៌ ផែនដីមានពេញដោយព្រះហឫទ័យសប្បុរស របស់ព្រះយេហូវ៉ា។
«ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។
គឺអ្នកណាដែលពោលថា ខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែដើរដូចព្រះអង្គដែរ។
អ្នកណាដែលប្រព្រឹត្តដោយទៀតត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ។
គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបណ្ដោយឲ្យព្រលឹងខ្លួន ទៅតាមសេចក្ដីភូតភរ ក៏មិនពោលពាក្យស្បថបំពានឡើយ។ អ្នកនោះនឹងទទួលព្រះពរពីព្រះយេហូវ៉ា និងសេចក្ដីសុចរិតពីព្រះ ដ៏ជួយសង្គ្រោះរបស់ខ្លួន។
ដូច្នេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
ប៉ុន្ដែ ខ្ញុំសូមជម្រាបថា ចូរដើរដោយព្រះវិញ្ញាណ មិនត្រូវបំពេញសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
៙ សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា ។ ៙ ចូរឲ្យសាសន៍អ៊ីស្រាអែលពោលថា៖ «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច»។ នេះហើយជាទ្វារនៃព្រះយេហូវ៉ា មនុស្សសុចរិតនឹងចូលតាមទ្វារនេះ។
ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។
សូមរក្សាជំហានទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច លើទូលបង្គំឡើយ។
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ នោះព្រះអង្គនឹងលើកតម្កើងអ្នក ឲ្យគ្រប់គ្រងទឹកដីជាមត៌ក អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ
មានផ្លូវមួយដែលមើលទៅ ដូចជាត្រឹមត្រូវល្អដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះជាសេចក្ដីស្លាប់វិញ។