«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
បើមនុស្សសង្ឃឹម និងរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ។
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ
ឯព្រះយេហូវ៉ា ព្រះអង្គគង់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអង្គវិញ ចូរឲ្យផែនដីទាំងមូលស្ងៀមនៅចំពោះព្រះអង្គ។
ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ ដោយស្ងៀមស្ងាត់ ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។
មនុស្សទាំងឡាយអើយ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាចុះ ដ្បិតព្រះអង្គបានតើនឡើង ចេញពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គហើយ។
ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត និងជាសេចក្ដីទុកចិត្តជារៀងរហូតតទៅ។ ឯប្រជារាស្ត្ររបស់យើង នឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្តិសុខ ក្នុងផ្ទះសំបែងមាំមួន ជាទីសម្រាកក្សេមក្សាន្ត។
ចូរខឹងចុះ តែកុំប្រព្រឹត្តអំពើបាបឡើយ ចូរសញ្ជឹងគិតក្នុងដំណេករបស់អ្នក ហើយនៅស្ងៀមចុះ។ -បង្អង់
ប៉ុន្ដែ ទូលបង្គំបានរម្ងាប់ចិត្ត ហើយធ្វើឲ្យព្រលឹងទូលបង្គំស្ងប់ ដូចកូនក្មេងដែលនៅជាប់នឹងទ្រូងម្តាយ គឺព្រលឹងនៅក្នុងខ្លួនទូលបង្គំ ដូចកូនក្មេងដែលបៅឆ្អែតស្កប់ស្កល់ ។
ប៉ុន្តែ ពេលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ បិទទ្វារ ហើយអធិស្ឋានដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅទីស្ងាត់កំបាំងចុះ នោះព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]។
បន្ទាប់ពីការកក្រើកដី មានភ្លើងឆេះ តែព្រះយេហូវ៉ាមិនគង់នៅក្នុងភ្លើងនោះទេ ក្រោយពីភ្លើង មានឮសំឡេងតូចរហៀងៗ។
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។
តែត្រូវតុបតែងខាងក្នុងជម្រៅចិត្ត ដោយគ្រឿងលម្អដែលមិនចេះពុករលួយនៃវិញ្ញាណសម្លូត និងរម្យទម ដែលមានតម្លៃវិសេសបំផុតនៅចំពោះព្រះវិញ។
ឱកោះទាំងប៉ុន្មានអើយ ចូរនៅស្ងៀមនៅមុខយើងចុះ ហើយឲ្យប្រជាជាតិទាំងឡាយបានចម្រើនកម្លាំងឡើង ត្រូវឲ្យគេចូលមកជិត រួចឲ្យគេនិយាយចុះ ចូរយើងមូលគ្នាមកវិនិច្ឆ័យសម្រេចក្តីយើង។
ព្រះអង្គឲ្យខ្ញុំដេកសម្រាកនៅលើវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
ទូលបង្គំពោលថា «ឱ សូមឲ្យទូលបង្គំមានស្លាប ដូចជាព្រាបទៅអេះ! នោះទូលបង្គំនឹងហើរទៅឲ្យបាត់ ហើយឲ្យបានសម្រាក
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
ចូរស្ងាត់ស្ងៀមចំពោះព្រះអម្ចាស់យេហូវ៉ាចុះ! ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ានៅជិតបង្កើយ ព្រះយេហូវ៉ាបានរៀបចំយញ្ញបូជា ព្រះអង្គបានញែកភ្ញៀវ ដែលចូលរួមជប់លៀងឲ្យបានបរិសុទ្ធ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ហើយខំប្រឹងរស់នៅដោយស្រគត់ស្រគំ គិតតែកិច្ចការរបស់ខ្លួន និងធ្វើការដោយដៃខ្លួនឯង ដូចយើងបានបង្គាប់អ្នករាល់គ្នាហើយ
សម្រាប់ស្តេច និងអ្នកកាន់អំណាចទាំងប៉ុន្មានផង ដើម្បីឲ្យយើងបានរស់នៅដោយសុខសាន្ត និងស្ងប់ស្ងាត់ ទាំងគោរពប្រតិបត្តិដល់ព្រះ ហើយមានជីវិតថ្លៃថ្នូរគ្រប់ជំពូក។
អ្នកនោះចូលទៅក្នុងសេចក្ដីសុខសាន្ត គេសម្រាកនៅលើដំណេករបស់ខ្លួន គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។
ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅរក ទីសម្រាករបស់ខ្លួនវិញទៅ ដ្បិតព្រះយេហូវ៉ាបានប្រព្រឹត្តនឹងអ្នក ដោយព្រះគុណហើយ។
សូម្បីតែមនុស្សឆ្កួត បើវានៅមាត់ស្ងៀម នោះគេរាប់ថាជាអ្នកមានប្រាជ្ញាដែរ ពេលគេបិតបបូរមាត់ខ្លួនទុក នោះក៏រាប់ជាអ្នកឆ្លៀវឆ្លាតហើយ។
មានពេលសម្រាប់ហែកចោល ពេលសម្រាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម និងពេលសម្រាប់និយាយ។
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
អស់អ្នកដែលពឹងដល់ព្រះអង្គ គេមានអំណរព្រោងព្រាយ ហើយមុខរបស់គេ មិនដែលខ្មាសឡើយ។
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
សូមបង្រៀនខ្ញុំចុះ នោះខ្ញុំនឹងឈប់និយាយហើយ សូមពន្យល់ឲ្យខ្ញុំដឹងជាបានធ្វើខុសឆ្គងអ្វី។
សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង រាប់ជាការចម្កួតហើយ ក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង។
កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះគង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ អ្នកត្រូវមានសម្ដីតិចវិញ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ពេលទូលបង្គំភ័យខ្លាច ទូលបង្គំទុកចិត្តដល់ព្រះអង្គ។ ៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។
ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង
ទូលបង្គំនឹងច្រៀងពីព្រះហឫទ័យសប្បុរស របស់ព្រះយេហូវ៉ា ជារៀងរហូត មាត់ទូលបង្គំនឹងប្រកាស ពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ឲ្យមនុស្សគ្រប់ជំនាន់បានស្គាល់តរៀងទៅ។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា។
ពេលទូលបង្គំនឹកដល់ព្រះអង្គនៅក្នុងដំណេក ហើយសញ្ជឹងគិតពីព្រះអង្គ នៅវេលាយាមយប់
ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ តែមាត់មនុស្សអាក្រក់បង្ហូរចេញ ជាសេចក្ដីអាក្រក់វិញ។
ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកព្រះអង្គឃើញ ហើយអំពាវនាវដល់ព្រះអង្គ ក្នុងកាលដែលព្រះអង្គគង់នៅជិតចុះ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ដូច្នេះ ចូរអ្នករាល់គ្នាឈរនឹងនៅ ចាំមើលការដ៏ធំ ដែលព្រះយេហូវ៉ានឹងធ្វើនៅចំពោះភ្នែកអ្នករាល់គ្នាចុះ។
ព្រះអម្ចាស់យេហូវ៉ាបានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី និងជ្រោងមនុស្សគ្រាកចិត្តឡើង ព្រះអង្គដាស់ខ្ញុំរាល់តែព្រឹក គឺព្រះអង្គដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
៙ ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
ទោះទាំងសេចក្ដីស្លាប់ និងជីវិត ក៏នៅក្នុងអំណាចនៃអណ្ដាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្ដាតនោះឯង។
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
បើគ្មានទេ សូមស្តាប់ខ្ញុំចុះ សូមលោកនៅស្ងៀម ខ្ញុំនឹងបង្រៀនឲ្យលោកមានប្រាជ្ញា»។
អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច ដោយព្រោះកិច្ចការដែលព្រះអង្គបានធ្វើ ទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមព្រះអង្គ ដ្បិតព្រះនាមព្រះអង្គល្អវិសេស នៅចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ។
យើងនឹងដឹងដោយសារសេចក្ដីនេះឯងថា យើងកើតមកពីសេចក្ដីពិត ហើយធ្វើឲ្យយើងមានទំនុកចិត្តនៅចំពោះព្រះអង្គ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។ ដ្បិតពេលណាចិត្តរបស់យើងដាក់ទោសយើង នោះព្រះទ្រង់ធំជាងចិត្តរបស់យើងទៅទៀត ហើយទ្រង់ជ្រាបគ្រប់ទាំងអស់។
អ្នកណាដែលរក្សាមាត់ និងអណ្ដាតខ្លួន ក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ។
ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។
៙ ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។ ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ ក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសម្រេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ និងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចម្រៀងចុះ ពីព្រោះព្រះយេហូវ៉ាបានប្រោសលោះ ពួកយ៉ាកុបទាំងអស់ហើយ ព្រះអង្គនឹងតម្កើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
ពេលនោះ គេនិយាយគ្នាថា៖ «យើងប្រព្រឹត្តដូច្នេះមិនល្អទេ ដ្បិតថ្ងៃនេះជាថ្ងៃមានដំណឹងល្អ តែយើងនៅស្ងៀម បើយើងនៅចាំរហូតដល់ព្រឹក នោះមុខជានឹងមានទោសមកទាន់ជាមិនខាន ដូច្នេះ ចូរយើងទៅប្រាប់ដល់ពួកដំណាក់ស្តេចឥឡូវនេះ»។
ចូរចៀសចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរស្វែងរកសេចក្ដីសុខ ហើយដេញតាមចុះ។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ឯពាក្យដែលចេញពីមាត់ របស់មនុស្សមានប្រាជ្ញា នោះសុទ្ធតែប្រកបដោយគុណ តែបបូរមាត់របស់មនុស្សល្ងីល្ងើនឹងពន្លិចខ្លួនវិញ កាលចាប់ផ្តើមបព្ចោញពាក្យ នោះសុទ្ធតែជាពាក្យល្ងីល្ងើ តែដល់ចុងបំផុតពាក្យសម្ដី វាជាសេចក្ដីចម្កួតយ៉ាងសហ័ស មនុស្សល្ងីល្ងើក៏ពង្រីកពាក្យពោលជាច្រើន ឯមនុស្សលោកគេមិនដឹងជានឹងកើតមានអ្វីទេ ហើយការអ្វីដែលនឹងកើតមកខាងក្រោយខ្លួន នោះតើអ្នកណានឹងថ្លែងប្រាប់បាន
ពាក្យសម្ដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាស ឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់។
មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះថាជាកូនរបស់ព្រះ។
ចុងបំផុតនៃរបស់ទាំងអស់ជិតដល់ហើយ ដូច្នេះ ចូរគ្រប់គ្រងចិត្ត ហើយមានគំនិតនឹងធឹងចុះ ដើម្បីជាប្រយោជន៍ដល់សេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា។
ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងថា អ្នករាល់គ្នាគួរឆ្លើយដល់មនុស្សគ្រប់គ្នាយ៉ាងណា។
ខ្ញុំបាននៅស្ងៀម ឥតនិយាយស្ដី គឺបើទោះជាការល្អ ក៏ខ្ញុំមិននិយាយដែរ ហើយទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង
មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។
បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។
ពួកល្ងីល្ងើសម្ដែងចេញ អស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរម្ងាប់ចេញវិញ។
អ្នកបម្រើរបស់ព្រះអម្ចាស់ មិនត្រូវឈ្លោះប្រកែកគ្នាឡើយ គឺត្រូវមានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់
ត្រូវបញ្ចៀសអណ្ដាតខ្លួនពីសេចក្ដីអាក្រក់ និងបបូរមាត់ កុំពោលពាក្យបោកបញ្ឆោត។
មនុស្សមានប្រាជ្ញា តែងប្រមូលចំណេះទុក តែឯងមាត់របស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីហិនវិនាសដែលនៅបង្កើយវិញ។
ការដែលស្តាប់ពាក្យរបស់មនុស្ស មានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសម្រែករបស់អ្នក ដែលគ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ។
អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។
ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ ទោះបើទឹកសមុទ្រគ្រហឹម ហើយពុះកញ្រ្ជោល ទោះបើភ្នំទាំងឡាយត្រូវកក្រើកញ័រ ដោយរលកដោលឡើងក្ដី។ –បង្អង់
ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត និងជាសេចក្ដីទុកចិត្តជារៀងរហូតតទៅ។
ដ្បិត «អ្នកណាដែលស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាល្អ អ្នកនោះត្រូវបញ្ចៀសអណ្តាតចេញពីសេចក្តីអាក្រក់ ហើយទប់បបូរមាត់ កុំនិយាយពាក្យបោកបញ្ឆោត។
៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គណាស់ហ្ន៎! ទូលបង្គំរំពឹងគិតអំពីក្រឹត្យវិន័យ នោះដរាបរាល់ថ្ងៃ។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។ មានឮសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ។ ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ។ តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
៙ ឱព្រះយេហូវ៉ាអើយ សូមការពារមាត់ទូលបង្គំ សូមថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង!
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។ ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។
ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
អ្នកដែលឃើញមនុស្សរហ័សនឹងបញ្ចេញសម្ដីឬ មានសេចក្ដីសង្ឃឹម ចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។
ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។
ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។
សូមឲ្យទូលបង្គំបានឮព្រះហឫទ័យសប្បុរស របស់ព្រះអង្គ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តដល់ព្រះអង្គ។ សូមប្រោសឲ្យទូលបង្គំ ស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំលើកព្រលឹងទូលបង្គំ ទៅរកព្រះអង្គ។
ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។
សូមការពាររក្សាទូលបង្គំដូចប្រស្រីភ្នែក សូមបាំងទូលបង្គំក្រោមម្លប់ នៃចំអេងស្លាបរបស់ព្រះអង្គ
ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត
អ្នកណាដែលមានតម្រិះ រមែងសំចៃទុកនូវពាក្យសម្ដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ។
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាមានប្រាជ្ញា និងយោបល់ឬទេ? ត្រូវឲ្យអ្នកនោះសម្តែងចេញជាកិរិយាល្អ តាមរយៈអំពើដែលខ្លួនប្រព្រឹត្ត ដោយចិត្តស្លូតបូត ប្រកបដោយប្រាជ្ញាចុះ។
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្តេចទេ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបាន។
អ្នកណាដែលស្រឡាញ់សេចក្ដីបរិសុទ្ធ ហើយមានបបូរមាត់ប្រកបដោយគុណដ៏ល្អ ស្តេចនឹងសូមអ្នកនោះធ្វើជាមិត្តសម្លាញ់។
ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។
ប៉ុន្តែ ប្រាជ្ញាដែលមកពីស្ថានលើ ដំបូងបង្អស់គឺបរិសុទ្ធ បន្ទាប់មក មានចិត្តសន្តិភាព សុភាពរាបសា មានអធ្យាស្រ័យ មានពេញដោយចិត្តមេត្តាករុណា និងផលល្អ ឥតរើសមុខ ឥតពុតមាយា។ អស់អ្នកដែលផ្សះផ្សាគេ តែងសាបព្រោះសន្តិភាព ហើយគេច្រូតបានផលជាសេចក្ដីសុចរិត។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតាជានិច្ច ក្នុងគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
មានពរហើយ អ្នកណាដែលស្តាប់យើង ដោយចាំយាមនៅមាត់ទ្វារយើងរាល់ថ្ងៃ គឺដែលរង់ចាំនៅក្របទ្វារផ្ទះរបស់យើង
មនុស្សទាំងអស់នៅចុងផែនដីអើយ ចូរមើលមកយើង ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតយើងនេះជាព្រះ ឥតមានព្រះណាទៀតឡើយ។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ម៉ាថា! ម៉ាថាអើយ! នាងខ្វល់ខ្វាយ ហើយរវល់នឹងកិច្ចការច្រើនណាស់ មានសេចក្តីតែមួយទេ ដែលសម្រាប់ត្រូវការ ឯម៉ារា នាងបានរើសយកចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ»។
កាលព្រះអង្គប្រាប់ឲ្យបណ្តាជនចេញផុតអស់ហើយ ទ្រង់ក៏យាងឡើងលើភ្នំតែមួយអង្គឯង ដើម្បីអធិស្ឋាន។ លុះដល់ពេលព្រលប់ ព្រះអង្គគង់នៅទីនោះតែមួយព្រះអង្គឯង
ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។ សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ព្រះអង្គហ្នឹងហើយ វិញ្ញាណនៅក្នុងខ្លួនទូលបង្គំនឹងស្វែងរកព្រះអង្គដោយខ្មីឃ្មាតដែរ ដ្បិតកំពុងដែលសេចក្ដីយុត្តិធម៌របស់ព្រះអង្គនៅលើផែនដី នោះពួកមនុស្សនៅលោកីយ គេរៀនតាមសេចក្ដីសុចរិត។
ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
តែអ្នកណាដែលស្តាប់តាមយើង នោះនឹងនៅដោយសេចក្ដីសុខពិត ហើយនឹងមានសេចក្ដីសម្រាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។
ទូលបង្គំនឹងសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ ហើយភ្នែកទូលបង្គំសម្លឹងមើលផ្លូវរបស់ព្រះអង្គ។
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
ព្រះអង្គជាប្រភពនៃជីវិតរបស់យើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានត្រឡប់ជាប្រាជ្ញាមកពីព្រះ ជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើង
យើងស្រឡាញ់ដល់អស់អ្នក ដែលស្រឡាញ់យើង ហើយអស់ពួកអ្នកដែលស្វែងរកអស់ពីចិត្ត នោះនឹងបានជួប
ការអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងឃើញក្នុងខ្ញុំនោះ ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយអ្នករាល់គ្នា។
ឱព្រះអើយ ព្រះតម្រិះរបស់ព្រះអង្គ មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ គឺមានច្រើនឥតគណនា!
កុំធ្វើដូចគេឡើយ ដ្បិតព្រះវរបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។
បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់នឹងអ្នករាល់គ្នា ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខាន។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ សូមបង្រួមចិត្តទូលបង្គំ ឲ្យកោតខ្លាចព្រះនាមព្រះអង្គ។
ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ ហើយឲ្យព្រះគ្រីស្ទបានគង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។ ៙ មាត់របស់មនុស្សសុចរិត ពោលចេញជាប្រាជ្ញា ហើយអណ្ដាតរបស់គេ ស្រដីចេញជាពាក្យយុត្តិធម៌។ ក្រឹត្យវិន័យរបស់ព្រះនៃគេ ដក់ជាប់ក្នុងចិត្តគេ ហើយជំហានរបស់គេមិនរអិលឡើយ។ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយសម្លាប់គេ។ ប៉ុន្ដែ ព្រះយេហូវ៉ាមិនបោះបង់គេទៅក្នុង កណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោស នៅពេលត្រូវជំនុំជម្រះដែរ។ ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ នោះព្រះអង្គនឹងលើកតម្កើងអ្នក ឲ្យគ្រប់គ្រងទឹកដីជាមត៌ក អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។ យើងបានឃើញមនុស្សអាក្រក់មានអំណាច ហើយលេចត្រដែតឡើង ដូចដើមតាត្រាវនៅភ្នំល្បាណូន។ ប៉ុន្ដែ គេទៅបាត់ ហើយមើល៍ គេមិននៅទៀតឡើយ ទោះបើយើងបានស្វែងរកគេ តែរកគេមិនឃើញសោះ។ ៙ ចូរចំណាំមើលមនុស្សឥតសៅហ្មង ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះ នឹងបានសុខសាន្ត។ រីឯមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ចុងបំផុតរបស់មនុស្សអាក្រក់ នឹងត្រូវកាត់ចេញ។ ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។ ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
ដូច្នេះ ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។