ជីវិតរបស់អ្នកគ្រប់ដំណាក់កាល ព្រះទ្រង់ជ្រាបច្បាស់ណាស់។ អ្វីដែលបានកន្លងផុតទៅ អំពើល្អ អំពើអាក្រក់ ព្រះទ្រង់ស្គាល់ទាំងអស់។ ព្រះទ្រង់តែងតែចង់ប្រទានពរដល់អ្នក ដូច្នេះហើយទើបព្រះទ្រង់សង្កេតមើលអំពើរបស់អ្នក ហើយចាប់ផ្ដើមប្រទានរង្វាន់ដល់អ្នកចំពោះអំពើល្អដែលអ្នកបានធ្វើ។
កុំអស់កម្លាំងក្នុងការធ្វើល្អ កុំឲ្យអ្វីមករារាំងអ្នកឡើយ។ ពេលដែលអ្នកណាម្នាក់ត្រូវការជំនួយពីអ្នក ហើយអ្នកអាចជួយបាន ចូរធ្វើវាទៅដោយមិនស្ទាក់ស្ទើរ ព្រោះថ្ងៃណាមួយអ្នកនឹងទទួលបានផលដែលអ្នកបានសាបព្រោះ ហើយមនុស្សជាទីស្រលាញ់របស់អ្នកក៏នឹងទទួលបានផលពីអំពើល្អរបស់អ្នកដែរ។
កុំគិតថាព្រះទ្រង់ភ្លេចអ្នកអី ព្រះទ្រង់ល្អ និងសុចរិត សេចក្ដីស្មោះត្រង់របស់ព្រះទ្រង់គង់នៅអស់កល្បជានិច្ច ហើយព្រះទ្រង់តែងតែធ្វើតាមសេចក្ដីសន្យារបស់ព្រះទ្រង់។ អ្នកនឹងឃើញរង្វាន់ពីព្រះទ្រង់នៅក្នុងជីវិតនេះ ទាំងក្នុងតម្រូវការខាងរូបកាយ គ្រួសារ ហិរញ្ញវត្ថុ ឬក្នុងផ្នែកផ្សេងៗទៀត។
ចូរសម្រាក ហើយរង់ចាំព្រះទ្រង់ដោយអំណរ កុំបាក់ទឹកចិត្ត ជាពិសេសប្រសិនបើអ្នកបានធ្វើអំពើល្អដោយស្មោះសរ និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។
ចូរអ្នករាល់គ្នាប្រយ័ត្ន ដើម្បីកុំឲ្យបាត់ផលដែលអ្នករាល់គ្នាបានធ្វើ គឺឲ្យបានទទួលរង្វាន់ពេញលេញវិញ។
ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយពួកទេវតារបស់លោក ហើយពេលនោះ លោកនឹងសងដល់គ្រប់គ្នា តាមការដែលខ្លួនបានប្រព្រឹត្ត។
ចៅហ្វាយពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
មើល៍! យើងមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីចែកឲ្យគ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំនៅតែរក្សាជំនឿជាប់ដដែល។ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គនោះដែរ។
ចូរអរសប្បាយ ហើយរីករាយឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះពួកហោរាដែលនៅមុនអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
ហេតុនេះ សូមកុំបោះបង់ចោលចិត្តជឿជាក់របស់អ្នករាល់គ្នា ដែលនឹងធ្វើឲ្យអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនោះឡើយ។
ផលនៃសេចក្ដីសុភាព និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា គឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។
អ្នកណាឲ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់ក្មេងម្នាក់ ក្នុងចំណោមក្មេងទាំងនេះ ក្នុងនាមជាសិស្សរបស់ខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនឡើយ»។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ប៉ុន្តែ ពេលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ បិទទ្វារ ហើយអធិស្ឋានដល់ព្រះវរបិតារបស់អ្នក ដែលគង់នៅទីស្ងាត់កំបាំងចុះ នោះព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]។
ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។
មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃព្រះអង្គនឹងកាន់កាប់ត្រួតត្រាឲ្យព្រះអង្គ ព្រះអង្គនាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលព្រះអង្គសងដល់គេក៏នៅចំពោះព្រះអង្គ។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។ អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។ យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
៙ ព្រះយេហូវ៉ាបានប្រទានរង្វាន់ដល់ខ្ញុំ តាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គបានសងខ្ញុំ តាមអំពើបរិសុទ្ធដែលដៃខ្ញុំធ្វើ។
ក្រោយហេតុការណ៍ទាំងនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមក្នុងនិមិត្តមួយថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ យើងជាខែលរបស់អ្នក អ្នកនឹងបានទទួលរង្វាន់ដ៏ធំក្រៃលែង»។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
កុំខ្លាចការដែលអ្នកត្រូវរងទុក្ខវេទនានោះឡើយ មើល៍! អារក្សវាបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីនឹងល្បងល ហើយអ្នកនឹងត្រូវវេទនាអស់ដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
មនុស្សនឹងពោលថា ប្រាកដជាមានរង្វាន់ សម្រាប់មនុស្សសុចរិតមែន ប្រាកដជាមានព្រះមួយព្រះអង្គ ដែលជំនុំជម្រះនៅលើផែនដីមែន។
មនុស្សអាក្រក់បានកម្រៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។
មួយទៀត ទូលបង្គំជាអ្នកបម្រើព្រះអង្គ ក៏ចេះប្រយ័ត្ន ដោយសារសេចក្ដីទាំងនោះ ហើយដែលកាន់តាមនោះមានរង្វាន់យ៉ាងធំ។
ខ្ញុំចង់និយាយដូច្នេះថា អ្នកណាដែលព្រោះដោយកំណាញ់ អ្នកនោះនឹងច្រូតបានដោយកំណាញ់ ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានដោយសទ្ធាដែរ។
ប៉ុន្ដែ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អ ហើយឲ្យគេខ្ចី ដោយកុំសង្ឃឹមចង់បានអ្វីមកវិញឡើយ។ អ្នករាល់គ្នានឹងបានរង្វាន់យ៉ាងធំ ហើយអ្នករាល់គ្នានឹងធ្វើជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកត្តញ្ញូ និងមនុស្សអាក្រក់ដែរ។
អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ! អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។
ដូច្នេះ ហេតុអ្វីបានជាអ្នកថ្កោលទោសបងប្អូនរបស់ខ្លួន? ឬហេតុអ្វីបានជាអ្នកមើលងាយបងប្អូនរបស់ខ្លួន? ដ្បិតយើងទាំងអស់គ្នានឹងត្រូវឈរនៅចំពោះទីជំនុំជម្រះរបស់ព្រះ។ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ដូចយើងមានព្រះជន្មរស់នៅយ៉ាងណា នោះគ្រប់ទាំងជង្គង់នឹងត្រូវលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្តាតនឹងត្រូវសរសើរដល់ព្រះយ៉ាងនោះដែរ» ។ ដូច្នេះ យើងម្នាក់ៗនឹងត្រូវរៀបរាប់ទូលថ្វាយព្រះពីគ្រប់ទាំងអំពើដែលខ្លួនបានប្រព្រឹត្ត។
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំ ចូរសរសើរតម្កើងព្រះនាម ដ៏បរិសុទ្ធរបស់ព្រះអង្គ! ព្រះអង្គមិនប្រព្រឹត្តនឹងយើង តាមតែអំពើបាបរបស់យើងនោះឡើយ ក៏មិនសងតាមតែអំពើទុច្ចរិតរបស់យើងដែរ។ ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះអស់អ្នក ដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។ ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ ៙ រីឯមនុស្សវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកប៉ះ នោះក៏សូន្យបាត់ទៅ ហើយកន្លែងរបស់វា លែងស្គាល់វាទៀតឡើយ។ តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គ ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។ ៙ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ក របស់ព្រះអង្គនៅស្ថានសួគ៌ ហើយរាជ្យព្រះអង្គក៏គ្រប់គ្រងលើអ្វីៗទាំងអស់។ ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច! អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នៅគ្រប់ទីកន្លែងដែលព្រះអង្គគ្រប់គ្រងអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! ដែលព្រះអង្គអត់ទោស គ្រប់ទាំងអំពើទុច្ចរិតរបស់ឯង ក៏ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យបានជា ព្រះអង្គជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា បំពាក់ជាមកុដដល់ឯង ព្រះអង្គប្រោសប្រទានឲ្យជីវិតឯង បានស្កប់ស្កល់ដោយរបស់ល្អ ដើម្បីឲ្យវ័យក្មេងរបស់ឯងបានកែឡើងជាថ្មី ដូចសត្វឥន្ទ្រី។
យើងក៏នឹកក្នុងចិត្តថា ព្រះនឹងជំនុំជម្រះទាំងពួកអ្នកសុចរិត និងទុច្ចរិតផង ដ្បិតមានពេលសម្រាប់គ្រប់ទាំងបំណងដែលប៉ងធ្វើ និងកិច្ចការទាំងប៉ុន្មាន។
សេចក្ដីអាក្រក់ដេញជាប់តាមមនុស្សមានបាប តែមនុស្សសុចរិត នឹងបានរង្វាន់ជាសេចក្ដីល្អវិញ។
ឱព្រះហឫទ័យសប្បុរស របស់ព្រះអង្គបរិបូរក្រៃលែង ព្រះអង្គបានបម្រុងទុកសម្រាប់អស់អ្នកដែល កោតខ្លាចព្រះអង្គ សម្រាប់អស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ នៅចំពោះមុខពួកកូនមនុស្ស។
អ្នកណាដែលដេញតាមសេចក្ដីសុចរិត និងសេចក្ដីសប្បុរស អ្នកនោះនឹងរកបានជីវិត សេចក្ដីសុចរិត និងកិត្តិយស។
យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកទេ តែនៅពេលមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងទទួលបានការតបស្នងវិញ»។
ឯអស់អ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូន ឬស្រែចម្ការ ដោយព្រោះនាមខ្ញុំ អ្នកនោះនឹងបានទទួលមួយជាមួយរយ ព្រមទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមត៌កទៀតផង។
ដ្បិតដោយសារជំនឿ យើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិត តាមរយៈព្រះវិញ្ញាណ។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
៙ ចូរថយចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅជារៀងដរាប។ ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។ មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក ហើយរស់នៅក្នុងទឹកដីនោះជារៀងរហូត។
ហេតុនេះ សូមកុំបោះបង់ចោលចិត្តជឿជាក់របស់អ្នករាល់គ្នា ដែលនឹងធ្វើឲ្យអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនោះឡើយ។ ដ្បិតអ្នករាល់គ្នាត្រូវមានចិត្តស៊ូទ្រាំ ដើម្បីកាលណាអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះរួចហើយ អ្នករាល់គ្នានឹងទទួលបានតាមព្រះបន្ទូលសន្យា។
យើងនឹងមកនៅពេលឆាប់ៗ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាដណ្តើមយកមកុដរបស់អ្នកបាន។
ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
មនុស្សនឹងបានស្កប់ចិត្តនឹងសេចក្ដីល្អ ដោយសារផលដែលកើតពីមាត់ខ្លួន ហើយកិច្ចការដែលដៃមនុស្សធ្វើនោះ នឹងបានសងដល់អ្នកនោះវិញ។
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។
ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គសងដល់មនុស្សទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត។
អ្នកដែលដាំ និងអ្នកដែលស្រោចទឹក មានគោលដៅតែមួយដូចគ្នា ហើយម្នាក់ៗនឹងទទួលរង្វាន់តាមការដែលខ្លួនបានធ្វើ។
មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
ចៅហ្វាយរបស់គាត់ ពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។
អ្នករាល់គ្នានឹងបានចំណែកមួយជាពីរ ជំនួសសេចក្ដីខ្មាសរបស់អ្នក ហើយមានសេចក្ដីរីករាយ ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្ដីអាប់យស ដូច្នេះ អ្នកនឹងបានពីរចំណែកនៅក្នុងស្រុករបស់អ្នក ហើយមានអំណរនៅអស់កល្បជានិច្ច។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ដោយសារជំនឿ ពេលលោកធំហើយ លោកមិនព្រមឲ្យគេហៅលោកថា ជាកូនរបស់បុត្រីផារ៉ោនទេ លោកស៊ូរងទុក្ខលំបាកជាមួយប្រជារាស្ត្ររបស់ព្រះ ជាជាងមានអំណរខាងអំពើបាប ដែលនៅតែមួយភ្លែត ។ លោកបានរាប់ពាក្យត្មះតិះដៀលដោយព្រោះព្រះគ្រីស្ទ ថាជាសម្បត្តិដែលប្រសើរជាងទ្រព្យសម្បិត្តដ៏វិសេសនៅស្រុកអេស៊ីព្ទទៅទៀត ដ្បិតលោកសម្លឹងទៅឯរង្វាន់ដែលនៅខាងមុខ។
បើគេស្តាប់តាម ហើយគោរពប្រតិបត្តិដល់ព្រះអង្គ នោះគេនឹងរស់នៅអស់ទាំងថ្ងៃនៃអាយុគេ ដោយសេចក្ដីរុងរឿង ហើយអស់ទាំងឆ្នាំគេដោយអំណរ។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ធ្វើជាអ្នកមានខាងការល្អ ជាមនុស្សមានចិត្តសទ្ធា ហើយប្រុងប្រៀបនឹងចែករំលែកផង។ ធ្វើដូច្នេះ គេនឹងប្រមូលទ្រព្យសម្បត្ដិ ដែលជាគ្រឹះដ៏ល្អ ទុកសម្រាប់ខ្លួននៅពេលអនាគត ដើម្បីឲ្យគេចាប់បានជីវិតដ៏ពិតប្រាកដ។
ចូរអរសប្បាយនៅថ្ងៃនោះ ហើយលោតដោយអំណរចុះ ដ្បិតមើល៍ អ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះបុព្វបុរសរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
៙ សូមព្រះអង្គប្រោសប្រទាន តាមបំណងប្រាថ្នារបស់ព្រះករុណា ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន របស់ព្រះករុណាបានសម្រេច!
ប្រាកដជា ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា នឹងតាមជាប់ជាមួយខ្ញុំ រាល់ថ្ងៃដរាបអស់មួយជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ជារៀងរហូត ។
ហើយឲ្យបានមត៌ក ដែលមិនចេះពុករលួយ ឥតសៅហ្មង ក៏មិនចេះស្រពោន ជាមត៌កដែលបម្រុងទុកឲ្យអ្នករាល់គ្នានៅស្ថានសួគ៌។
ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចជារបស់ព្រះ
ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងមានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធ តើមិនប្រព្រឹត្តដូច្នោះទេឬ? បើអ្នករាល់គ្នារាក់ទាក់តែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីប្លែកពីគេ? សូម្បីតែពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូច្នោះទេឬ?
អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។
ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សម្រាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ជាស្ថានដែលគ្មានចោរចូលទៅជិត ឬកន្លាតស៊ីបំផ្លាញឡើយ។ ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា ចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះដែរ»។
តែខ្ញុំបានពោលថា ខ្ញុំបានខំប្រឹងធ្វើជាឥតប្រយោជន៍ ខ្ញុំបានបង់កម្លាំងខ្ញុំទៅទទេៗជាអសារឥតការ ប៉ុន្តែ សេចក្ដីយុត្តិធម៌ដែលគួរដល់ខ្ញុំ នោះនៅនឹងព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅនឹងព្រះនៃខ្ញុំដែរ។
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ អ្នកនោះប្រៀបដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកមិនចេះស្រពោន ឡើយ កិច្ចការអ្វីដែលអ្នកនោះធ្វើ សុទ្ធតែចម្រុងចម្រើនទាំងអស់។
ឱព្រះយេហូវ៉ាអើយ សូមសម្ដែងសេចក្ដីល្អ ដល់អស់អ្នកដែលជាមនុស្សល្អ និងដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង។
ដ្បិតយើងទាំងអស់គ្នាត្រូវឈរនៅមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះនៅឡើយ ទោះល្អ ឬអាក្រក់ក្តី។
មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។ អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។
ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ តែមាត់មនុស្សអាក្រក់បង្ហូរចេញ ជាសេចក្ដីអាក្រក់វិញ។
គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ី ហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង ខ្ញុំក៏បានឃើញដែរថា ការនេះមកពីព្រះហស្តនៃព្រះទេ
ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
ពេលនោះ ពេត្រុសទូលសួរថា៖ «មើល៍ យើងខ្ញុំបានលះចោលអ្វីៗទាំងអស់មកតាមព្រះអង្គហើយ។ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីទៅ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ ក៏នឹងអង្គុយលើបល្ល័ង្កដប់ពីរ ហើយជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរដែរ។ ឯអស់អ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូន ឬស្រែចម្ការ ដោយព្រោះនាមខ្ញុំ អ្នកនោះនឹងបានទទួលមួយជាមួយរយ ព្រមទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមត៌កទៀតផង។
ដ្បិតព្រះអង្គប្រោសព្រលឹង ដែលស្រេកឲ្យបានស្កប់ ហើយព្រះអង្គចម្អែតព្រលឹងដែលឃ្លាន ដោយសេចក្ដីល្អ។
ឥឡូវនេះ កូនតូចៗអើយ ចូរនៅជាប់ក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក នោះយើងនឹងមានទំនុកចិត្ត ហើយមិនត្រូវខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ។
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ដ្បិតប្រសិនបើយើងនៅជាខ្មាំងសត្រូវនៅឡើយ យើងបានជានាជាមួយព្រះ តាមរយៈការសុគតរបស់ព្រះរាជបុត្រាព្រះអង្គទៅហើយ ចុះចំណង់បើឥឡូវនេះ ដែលយើងបានជានាហើយ នោះយើងប្រាកដជាបានសង្គ្រោះ ដោយសារព្រះជន្មរបស់ព្រះអង្គ លើសជាងទៅទៀតមិនខាន។ មិនតែប៉ុណ្ណោះសោត យើងថែមទាំងអួតនៅក្នុងព្រះផង តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គហើយ។ ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។ មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងពិភពលោករួចទៅហើយ តែពេលមិនទាន់មានក្រឹត្យវិន័យ បាបមិនទាន់រាប់ជាមានទោសទេ។ ប៉ុន្តែ ចាប់តាំងពីលោកអ័ដាម រហូតមកដល់លោកម៉ូសេ សេចក្តីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ សូម្បីតែពួកអ្នកដែលមិនបានធ្វើបាប ដូចជាអំពើរំលងរបស់លោកអ័ដាមក៏ដោយ ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក។ ប៉ុន្តែ អំណោយទានមិនដូចជាអំពើរំលងទេ ដ្បិតបើមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ទៅហើយ នោះចំណង់បើព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណនេះ ដែលមកដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ ប្រាកដជានឹងបានចម្រើនដល់មនុស្សជាច្រើន លើលជាងទៅទៀតមិនខាន។ ឯអំណោយទាននោះ ក៏មិនដូចជាលទ្ធផលនៃអំពើបាបរបស់មនុស្សម្នាក់នោះដែរ ដ្បិតការជំនុំជម្រះ ដែលកើតមកដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យជាប់ទោស តែអំណោយទាន ដែលកើតមកដោយព្រោះអំពើរំលងជាច្រើន នោះនាំឲ្យបានសុចរិតវិញ។ បើព្រោះតែអំពើរំលងរបស់មនុស្សម្នាក់នោះ សេចក្តីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទាននៃសេចក្តីសុចរិត ប្រាកដជានឹងបានសោយរាជ្យក្នុងជីវិត តាមរយៈមនុស្សម្នាក់នោះដែរ គឺព្រះយេស៊ូវគ្រីស្ទ លើសជាងទៅទៀតមិនខាន។ ដូច្នេះ ដូចដែលអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យមនុស្សទាំងអស់ត្រូវទោសយ៉ាងណា នោះអំពើសុចរិតរបស់មនុស្សម្នាក់ ក៏នាំឲ្យមនុស្សទាំងអស់បានសុចរិត និងបានជីវិតយ៉ាងនោះដែរ។ ដ្បិត ដូចដែលមនុស្សជាច្រើនបានត្រឡប់ជាមានបាប ដោយសារការមិនស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារការស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងនោះដែរ។ តាមរយៈព្រះអង្គ និងដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយយើងអួតដោយសង្ឃឹមថានឹងមានសិរីល្អរបស់ព្រះ។
តែអស់អ្នកដែលកាន់ខាងសេចក្ដីសុចរិត របស់ទូលបង្គំ សូមឲ្យគេបានស្រែកហ៊ោឡើងដោយអំណរ ហើយសប្បាយរីករាយវិញ សូមឲ្យគេពោលឡើងជានិច្ចថា «ព្រះយេហូវ៉ាប្រសើរឧត្ដម ព្រះអង្គសព្វព្រះហឫទ័យ ឲ្យអ្នកបម្រើព្រះអង្គបានចម្រុងចម្រើន!»។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំព្រះហស្តរបស់ព្រះនោះវិញ។ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។ ក្នុងសណ្ឋាននោះ គ្មានសាសន៍ក្រិក និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ពួកជនជាតិភាគតិច អ្នកបម្រើ ឬអ្នកជាទៀតឡើយ គឺព្រះគ្រីស្ទជាគ្រប់ទាំងអស់ ហើយគង់នៅក្នុងគ្រប់ទាំងអស់! ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។ ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។ ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។ ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។ ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលចំពោះប្តីរបស់ខ្លួន ព្រោះជាការត្រឹមត្រូវនៅក្នុងព្រះអម្ចាស់។ ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ ចូរគិតពីអ្វីៗដែលនៅខាងលើ កុំគិតពីអ្វីៗដែលនៅផែនដីឡើយ
អ្នកណាទទួលហោរា ក្នុងនាមជាហោរា អ្នកនោះនឹងទទួលរង្វាន់របស់ហោរា ហើយអ្នកណាទទួលមនុស្សសុចរិត ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់របស់មនុស្សសុចរិតនោះ។
លោកបានរាប់ពាក្យត្មះតិះដៀលដោយព្រោះព្រះគ្រីស្ទ ថាជាសម្បត្តិដែលប្រសើរជាងទ្រព្យសម្បិត្តដ៏វិសេសនៅស្រុកអេស៊ីព្ទទៅទៀត ដ្បិតលោកសម្លឹងទៅឯរង្វាន់ដែលនៅខាងមុខ។
៙ តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះយេហូវ៉ា ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ?
តែព្រះយេហូវ៉ាសព្វព្រះហឫទ័យ នឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ គឺនឹងអស់អ្នកដែលសង្ឃឹមដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
ការដែលប្រព្រឹត្តដោយយុត្តិធម៌ នោះជាអំណរដល់មនុស្សសុចរិត តែនោះជាសេចក្ដីវិនាសដល់មនុស្ស ដែលប្រព្រឹត្តទុច្ចរិតវិញ។
ដ្បិតការបង្ហាត់ខ្លួនប្រាណមានប្រយោជន៍បន្តិចបន្តួចប៉ុណ្ណោះ តែឯការគោរពប្រតិបត្តិដល់ព្រះ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ក៏មានសេចក្ដីសន្យា ទាំងសម្រាប់ជីវិតនៅបច្ចុប្បន្ន ទាំងសម្រាប់ជីវិតនៅបរលោក។
ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន
ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្តសម្លាញ់ដល់ខ្លួន ដើម្បីកាលណាទ្រព្យនោះរលាយសូន្យទៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ។
អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
កុំធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញ ដោយដឹងថា ព្រះបានត្រាស់ហៅអ្នករាល់គ្នាឲ្យប្រព្រឹត្តដូច្នេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមត៌ក។
ក្រុងនោះលែងមានបណ្ដាសាទៀតហើយ បល្ល័ង្ករបស់ព្រះ និងបល្ល័ង្ករបស់កូនចៀមនឹងស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបម្រើរបស់ព្រះអង្គនឹងថ្វាយបង្គំព្រះអង្គ។ គេនឹងឃើញព្រះភក្ត្រព្រះអង្គ និងព្រះនាមព្រះអង្គនៅលើថ្ងាសរបស់គេ
ហើយបើអ្នកផ្តល់សេចក្ដីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចម្អែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់អ្នកនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្ដីងងឹតរបស់អ្នកនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់
អ្នកណាដែលថែទាំដើមល្វា អ្នកនោះនឹងបានផ្លែបរិភោគ ហើយអ្នកណាដែលបម្រើចៅហ្វាយខ្លួនដោយល្អ នោះនឹងបានកិត្តិសព្ទ។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ពួកអ្នកដែលប្រព្រឹត្តអំពើល្អដោយចិត្តស៊ូទ្រាំ ស្វែងរកសិរីល្អ កិត្តិយស និងសេចក្តីមិនពុករលួយ ព្រះអង្គនឹងប្រទានជីវិតអស់កល្បជានិច្ច
គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ ហើយនៅវេលាអំណត់ គេនឹងមានជាបរិបូរ។
ដ្បិតឈ្នួលរបស់បាប ជាសេចក្តីស្លាប់ តែអំណោយទានរបស់ព្រះវិញ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។ ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ ទុកក្នុងចិត្តឡើយ ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់ និងការសង្គ្រោះរបស់ព្រះអង្គវិញ ក៏មិនបានបំបិទព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។ ដ្បិតមានសេចក្ដីអាក្រក់ច្រើនឥតគណនា ព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ ទូលបង្គំមើលមិនឃើញទេ អំពើទាំងនោះច្រើនជាងសរសៃសក់ លើក្បាលទូលបង្គំទៅទៀត ហើយចិត្តទូលបង្គំ ក៏លែងមានសង្ឃឹមទៀតដែរ។ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គសព្វព្រះហឫទ័យរំដោះទូលបង្គំផង ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង! សូមឲ្យអស់អ្នកដែលចង់ឆក់យកជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលនិយាយមកទូលបង្គំថា «ន៏ ន៏!» ឲ្យគេត្រូវញាប់ញ័រ ព្រោះតែភាពអាម៉ាស់របស់គេទៅ! រីឯអស់អ្នកដែលស្វែងរកព្រះអង្គ សូមឲ្យគេបានអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ បានពោលជានិច្ចថា «ព្រះយេហូវ៉ាប្រសើរឧត្តម!» រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ! ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។ ព្រះអង្គបានដាក់បទចម្រៀងថ្មីនៅក្នុងមាត់ខ្ញុំ ជាបទចម្រៀងនៃការសរសើរដល់ព្រះនៃយើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាច គេនឹងទុកចិត្តដល់ព្រះយេហូវ៉ា។
អ្នកណាដែលមានចិត្តរសាយថយទៅ នោះនឹងបានឆ្អែតដោយផលនៃផ្លូវរបស់ខ្លួន តែមនុស្សល្អក៏នឹងបានស្កប់ស្កល់ ដោយផលនៃផ្លូវរបស់ខ្លួនដែរ។
ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»
ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងស្តាំថា "អស់អ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ! ចូរមកទទួលព្រះរាជ្យ ដែលបានរៀបចំទុកជាមត៌កសម្រាប់អ្នករាល់គ្នាតាំងពីកំណើតពិភពលោកមក
ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ?