អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងរបស់អ្នក។
ប៉ុន្ដែ បើអ្នករាល់គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះយេហូវ៉ាទេ ចូររើសយកព្រះណាដែលអ្នករាល់គ្នាចង់គោរពបម្រើនៅថ្ងៃនេះទៅ ទោះបើជាព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពបម្រើនៅខាងនាយទន្លេ ឬព្រះរបស់សាសន៍អាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាកំពុងរស់នៅនេះក្តី រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។
សូមអ្នករាល់គ្នាបានកោតខ្លាចព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ព្រះអង្គ ដោយស្មោះត្រង់អស់អំពីចិត្តប៉ុណ្ណោះ ដ្បិតចូរពិចារណាមើលការដ៏ធំធេង ដែលព្រះអង្គបានប្រោសដល់អ្នករាល់គ្នា។
កុំឲ្យសេចក្ដីមេត្តា និងសេចក្ដីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្ដីទាំងពីរនោះនៅកឯងចុះ ហើយចារឹកទុកនៅដួងចិត្តឯងដែរ។ បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ កុំច្រណែននឹងមនុស្សច្រឡោតឡើយ ក៏កុំរើសយកផ្លូវប្រព្រឹត្តណាមួយរបស់គេដែរ ដ្បិតមនុស្សវៀចជាទីខ្ពើមឆ្អើមដល់ព្រះយេហូវ៉ា តែឯមនុស្សទៀងត្រង់ ព្រះអង្គជាមិត្តនឹងគេវិញ។ បណ្ដាសារបស់ព្រះយេហូវ៉ា នោះនៅក្នុងផ្ទះនៃមនុស្សអាក្រក់ តែព្រះអង្គប្រទានពរដល់ទីលំនៅ របស់មនុស្សសុចរិតវិញ។ ព្រះអង្គតែងមើលងាយ ដល់ពួកអ្នកដែលមើលងាយ តែព្រះអង្គផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។ មនុស្សមានប្រាជ្ញានឹងគ្រងបានសិរីល្អទុកជាមត៌ក តែសេចក្ដីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ ដល់មនុស្សឆោតល្ងង់វិញ។ យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ និងបំណងល្អចំពោះព្រះ ហើយមនុស្សផង។
ឥឡូវនេះ ឱអ៊ីស្រាអែលអើយ តើព្រះយេហូវ៉ាជាព្រះរបស់អ្នក ទារចង់បានអ្វីពីអ្នក? គឺឲ្យអ្នកកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក និងដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ហើយឲ្យស្រឡាញ់ព្រះអង្គ ព្រមទាំងគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក
ឱអស់អ្នកដែលជាពួកបរិសុទ្ធ របស់ព្រះអង្គអើយ ចូរស្រឡាញ់ព្រះយេហូវ៉ា ព្រះយេហូវ៉ាការពារមនុស្សស្មោះត្រង់ តែព្រះអង្គសងដល់មនុស្សព្រហើនជាបរិបូរ។
ដូច្នេះ សូមឲ្យចិត្តអ្នករាល់គ្នាបានគ្រប់លក្ខណ៍ចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ដើម្បីឲ្យបានប្រព្រឹត្តតាមបញ្ញត្តិ ហើយកាន់តាមក្រឹត្យព្រះអង្គទាំងប៉ុន្មានដូចជាមានសព្វថ្លៃនេះ»។
ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គឡើយ។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក"
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។
ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គទ្រង់បានឡើយ។
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។
មនុស្សស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន តើអ្នកណានឹងរកមនុស្សទៀងត្រង់ សូម្បីតែម្នាក់បាន?
ឱព្រះអម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតទូលបង្គំបានដើរតាមផ្លូវ របស់ទូលបង្គំយ៉ាងត្រឹមត្រូវ ក៏បានទុកចិត្តនឹងព្រះយេហូវ៉ា ឥតល្អៀងឡើយ។
ត្រូវដើរតាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រូវកោតខ្លាចព្រះអង្គ ហើយកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ត្រូវស្តាប់តាមសូរសៀងរបស់ព្រះអង្គ និងត្រូវគោរពប្រតិបត្តិដល់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គ។
អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ហើយផឹកពីពែងរបស់អារក្សផងបានទេ។ អ្នករាល់គ្នាក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយអារក្សផងបានដែរ។
៙ ទូលបង្គំនឹងមើលទៅមនុស្សស្មោះត្រង់ នៅក្នុងស្រុក ដោយសន្ដោស ដើម្បីឲ្យគេបានរស់នៅជាមួយទូលបង្គំ អ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ អ្នកនោះនឹងបម្រើទូលបង្គំ។
ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីសម្ដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់។ ដ្បិតពីនេះទៅមុខ នឹងមានចម្បាំងជានិច្ច»។
មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះនាមខ្ញុំ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ នឹងបានសង្គ្រោះ។
ចូរអ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្តសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយ ហើយបានឮអំពីអ្នករាល់គ្នាក្តី នោះខ្ញុំនឹងដឹងថា អ្នករាល់គ្នាបានឈរមាំមួន ដោយមានចិត្តគំនិតតែមួយ ទាំងតតាំងជាមួយគ្នាដើម្បីជំនឿលើដំណឹងល្អ
ប៉ុន្ដែ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីមេកំណាច។
៙ ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។ ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ ក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។
កុំស្រឡាញ់លោកីយ៍ ឬអ្វីៗនៅក្នុងលោកីយ៍នេះឡើយ បើអ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។
ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តដោយក្លាហាន ចូរមានកម្លាំងឡើង។
កុំខ្លាចការដែលអ្នកត្រូវរងទុក្ខវេទនានោះឡើយ មើល៍! អារក្សវាបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីនឹងល្បងល ហើយអ្នកនឹងត្រូវវេទនាអស់ដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
ទូលបង្គំបានស្បថ ហើយបានសម្រេចតាមថា ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតរបស់ព្រះអង្គ។
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះអម្ចាស់ ហើយប្រសិនបើយើងស្លាប់ ក៏ស្លាប់ដើម្បីព្រះអម្ចាស់។ ដូច្នេះ ទោះជាយើងរស់ ឬស្លាប់ក្ដី ក៏យើងជារបស់ព្រះអម្ចាស់ដែរ។
អ្នកណាដែលស្មោះត្រង់ក្នុងកិច្ចការតូចបំផុត នោះឈ្មោះថា ស្មោះត្រង់ក្នុងកិច្ចការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងកិច្ចការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងកិច្ចការធំដែរ។
ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា សុទ្ធតែប្រកបដោយ ព្រះហឫទ័យសប្បុរស និងសេចក្ដីស្មោះត្រង់ ចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីបន្ទាល់របស់ព្រះអង្គ។
ចូរស្ដាប់បង្គាប់ព្រះយេហូវ៉ា ជាព្រះរបស់បុត្រ ចូរប្រព្រឹត្តតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងស្ដាប់តាមបញ្ជា តាមបញ្ញត្តិ និងបន្ទាល់របស់ព្រះអង្គ ដូចដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ដើម្បីឲ្យបុត្រមានជោគជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងនៅកន្លែងណាដែលបុត្រទៅ។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ឱប្រជាជនអើយ ចូរទុកចិត្តដល់ព្រះអង្គគ្រប់ពេលវេលា ចូរថ្លែងរៀបរាប់នៅចំពោះព្រះអង្គចុះ ដ្បិតព្រះជាទីពឹងជ្រកសម្រាប់យើង។ –បង្អង់
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ សូមបង្រួមចិត្តទូលបង្គំ ឲ្យកោតខ្លាចព្រះនាមព្រះអង្គ។
បន្ទាប់មក ព្រះយេស៊ូវប្រាប់ពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យគេលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរមើលក្រោយ អ្នកនោះមិនសមនឹងព្រះរាជ្យរបស់ព្រះឡើយ»។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
អ្នកណាដែលមានចិត្តវៀច នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែព្រះអង្គគាប់ព្រះហឫទ័យអ្នកណា ដែលប្រព្រឹត្តគ្រប់លក្ខណ៍ក្នុងផ្លូវខ្លួន។
ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ សូមទូន្មានអ្នករាល់គ្នាឲ្យរស់នៅស័ក្ដិសមនឹងការត្រាស់ហៅ តាមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នានោះចុះ
ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរមានចិត្តឧស្សាហ៍ ដើម្បីឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងរស់នៅដោយសុខសាន្ត។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
មនុស្សស្មោះត្រង់នឹងបានពរជាបរិបូរ តែអ្នកណាដែលប្រញាប់ប្រញាល់ ឲ្យបានជាអ្នកមាន នោះនឹងមិនរួចចាកពីទោសឡើយ។
ព្រះយេហូវ៉ាលោះជីវិត ពួកអ្នកបម្រើរបស់ព្រះអង្គ ហើយក្នុងចំណោមអស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ គ្មានអ្នកណាម្នាក់នឹងត្រូវទោសឡើយ។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
ហេតុនេះ សូមកុំបោះបង់ចោលចិត្តជឿជាក់របស់អ្នករាល់គ្នា ដែលនឹងធ្វើឲ្យអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនោះឡើយ។
មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ អ្នកនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់សន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
ប៉ុន្ដែ យើងដែលជាពួកថ្ងៃ យើងត្រូវដឹងខ្លួន ទាំងយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ជាអាវក្រោះ ហើយយកសេចក្ដីសង្ឃឹមនៃការសង្គ្រោះ មកពាក់ជាមួកសឹក។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំនៅតែរក្សាជំនឿជាប់ដដែល។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
៙ ចំពោះអ្នកដែលមានចិត្តមេត្តា ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកមានចិត្តមេត្តា ចំពោះអ្នកដែលមានចិត្តស្មោះស ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកមានចិត្តស្មោះស
ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ ហើយផ្លូវទូលាយ នោះនាំទៅរកសេចក្តីវិនាស ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។ រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម
ប្រសិនបើយើងកាន់ខ្ជាប់តាមចិត្តជឿជាក់ដែលយើងមានតាំងពីដំបូង រហូតដល់ចុងបំផុតមែន នោះយើងពិតជាមានចំណែកជាមួយព្រះគ្រីស្ទហើយ
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។ ចូរតស៊ូនឹងវា ដោយមានជំនឿមាំមួន ទាំងដឹងថា បងប្អូនរួមជំនឿរបស់អ្នករាល់គ្នា នៅក្នុងពិភពទាំងមូល ក៏កំពុងរងទុក្ខលំបាកដូចអ្នករាល់គ្នាដែរ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ គេមានចិត្តរឹងប៉ឹង ដោយទុកចិត្តដល់ព្រះយេហូវ៉ា។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
ចូរឲ្យភ្នែកឯងមើលចំទៅមុខ ហើយត្របកភ្នែកឯងទៅត្រង់ទៅមុខដែរ។ ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯង បានត្រឹមត្រូវចុះ ។ កុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ត្រូវឲ្យជើងឯងចៀសចេញពីសេចក្ដីអាក្រក់វិញ។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ដ្បិតព្រះមិនមែនត្រាស់ហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកឡើយ គឺមកក្នុងភាពបរិសុទ្ធវិញ។
ដូច្នេះ ចូរប្រុងប្រៀបគំនិតរបស់អ្នករាល់គ្នាឲ្យមានសកម្មភាពឡើង ទាំងដឹងខ្លួន ហើយមានចិត្តសង្ឃឹមទាំងស្រុងលើព្រះគុណ ដែលព្រះយេស៊ូវគ្រីស្ទនឹងផ្តល់មកអ្នករាល់គ្នា នៅថ្ងៃដែលព្រះអង្គលេចមក។
ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។
តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះដែលបានរង្វាន់? ដូច្នេះ ចូររត់តាមរបៀបនោះដើម្បីឲ្យបានរង្វាន់ចុះ។
ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។
ហេតុនេះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ថែមកិរិយាល្អពីលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះពីលើកិរិយាល្អ បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ បន្ថែមសេចក្ដីខ្ជាប់ខ្ជួនពីលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពប្រតិបត្តិដល់ព្រះពីលើសេចក្ដីខ្ជាប់ខ្ជួន បន្ថែមការរាប់អានជាបងប្អូនពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើការរាប់អានគ្នាជាបងប្អូន។
ហេតុនេះ ត្រូវប្រើគ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់ក្នុងថ្ងៃអាក្រក់បាន ហើយក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំរីករាយ នឹងធ្វើតាមព្រះហឫទ័យព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ នៅក្នុងចិត្តទូលបង្គំ»។
ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រលឹងទូលបង្គំតាមព្រះអង្គប្រកិត ព្រះហស្តស្តាំរបស់ព្រះអង្គ ក៏ទ្រទ្រង់ទូលបង្គំ។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
សូមព្រះប្រទានឲ្យអ្នករាល់គ្នាមានចិត្តរឹងប៉ឹងដោយបរិសុទ្ធ ឥតសៅហ្មង នៅចំពោះព្រះ ជាព្រះវរបិតារបស់យើង ក្នុងពេលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងយាងមក ជាមួយពួកបរិសុទ្ធទាំងអស់របស់ព្រះអង្គ។
យើងនឹងមកនៅពេលឆាប់ៗ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាដណ្តើមយកមកុដរបស់អ្នកបាន។