ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
បន្ទាប់មក ព្រះយេស៊ូវប្រាប់ពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យគេលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។ ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន នឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតខ្លួន ដោយព្រោះខ្ញុំ នឹងបានជីវិតវិញ។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
តែអ្វីៗដែលមានប្រយោជន៍ដល់ខ្ញុំពីមុននោះ ខ្ញុំបានរាប់ជាខាតវិញ ព្រោះតែព្រះគ្រីស្ទ។ លើសពីនេះទៀត ខ្ញុំរាប់អ្វីៗទាំងអស់ទុកដូចជាខាត ដោយសារតែសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ។ ដោយយល់ដល់ព្រះអង្គ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយខ្ញុំរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យខ្ញុំបានព្រះគ្រីស្ទវិញ
រួចព្រះអង្គមានព្រះបន្ទូលទៅមនុស្សទាំងអស់ថា៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់អំពីកម្លាំងរបស់អ្នក "។
ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ នោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ»។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំ មិនស័ក្ដិសមនឹងខ្ញុំទេ។ អ្នកណាដែលរកបានជីវិតរបស់ខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិតរបស់ខ្លួន ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ»។
អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងរបស់អ្នក។
មិនត្រូវប្រគល់អវយវៈរបស់អ្នករាល់គ្នា ទៅក្នុងអំពើបាប ទុកដូចជាឧបករណ៍បម្រើឲ្យសេចក្ដីទុច្ចរិតនោះឡើយ តែត្រូវប្រគល់ខ្លួនទៅព្រះ ដូចពួកអ្នកដែលបានរស់ពីស្លាប់ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាឧបករណ៍បម្រើឲ្យសុចរិតវិញ។
ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គឡើយ។
អ្នកនោះទូលថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង ហើយអស់ពីគំនិតអ្នក ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះនៅវាតែមួយដដែល តែបើស្រូវនោះងាប់ វានឹងបង្កើតផលបានជាច្រើន។ អ្នកណាដែលស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតរបស់ខ្លួននៅក្នុងពិភពលោកនេះ នឹងរក្សាជីវិតទុកឲ្យស្ថិតស្ថេរនៅរហូតអស់កល្បជានិច្ច។
អស់អ្នកដែលជារបស់ព្រះគ្រីស្ទយេស៊ូវ បានឆ្កាងសាច់ឈាម ព្រមទាំងតណ្ហា និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗរបស់សាច់ឈាមនោះចោលហើយ។
ដ្បិតបើអ្នករាល់គ្នារស់តាមសាច់ឈាម អ្នករាល់គ្នានឹងត្រូវស្លាប់ តែបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយ ដោយសារព្រះវិញ្ញាណ អ្នករាល់គ្នានឹងមានជីវិត
ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ត្រូវលមើលឲ្យដឹងពីសេចក្តីអ្វីដែលព្រះអម្ចាស់សព្វព្រះហឫទ័យចុះ។ កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។ ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសម្ងាត់ នោះសូម្បីតែនិយាយ ក៏គួរឲ្យខ្មាសទៅហើយ តែការទាំងអស់បានលាតត្រដាងឲ្យឃើញច្បាស់ ដោយសារពន្លឺ ដ្បិតគឺពន្លឺហើយដែលគេមើលឃើញអ្វីៗទាំងអស់។ ហេតុនេះហើយបានជាមានសេចក្ដីថ្លែងទុកមកថា «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក»។ ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។ ដូច្នេះ កុំល្ងង់ខ្លៅឡើយ តែត្រូវយល់ពីអ្វីដែលជាព្រះហឫទ័យរបស់ព្រះអម្ចាស់។ កុំស្រវឹងស្រា ដ្បិតស្រានាំឲ្យព្រើលចិត្ត តែចូរឲ្យបានពេញដោយព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
កុំស្រឡាញ់លោកីយ៍ ឬអ្វីៗនៅក្នុងលោកីយ៍នេះឡើយ បើអ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។ លោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងតែរសាត់បាត់ទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំរីករាយ នឹងធ្វើតាមព្រះហឫទ័យព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ នៅក្នុងចិត្តទូលបង្គំ»។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក" នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។
នៅស្ថានសួគ៌ តើទូលបង្គំមានអ្នកណា ក្រៅពីព្រះអង្គ? ហើយគ្មានអ្វីនៅលើផែនដី ដែលទូលបង្គំប្រាថ្នាចង់បាន ក្រៅពីព្រះអង្គឡើយ។ សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះអម្ចាស់ ហើយប្រសិនបើយើងស្លាប់ ក៏ស្លាប់ដើម្បីព្រះអម្ចាស់។ ដូច្នេះ ទោះជាយើងរស់ ឬស្លាប់ក្ដី ក៏យើងជារបស់ព្រះអម្ចាស់ដែរ។
៙ ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។ ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ ក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។
ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។
ព្រះអង្គបានសុគតជំនួសមនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលរស់នៅ លែងរស់សម្រាប់តែខ្លួនឯងទៀត គឺរស់សម្រាប់ព្រះអង្គដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។
ដើម្បីកុំឲ្យបង់ពេលដែលនៅសល់ ហើយរស់នៅខាងសាច់ឈាម តាមតែសេចក្តីប៉ងប្រាថ្នារបស់មនុស្សទៀត គឺតាមព្រះហឫទ័យរបស់ព្រះវិញ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំនៅតែរក្សាជំនឿជាប់ដដែល។ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គនោះដែរ។
ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។ ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។ សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។
ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរមើលក្រោយ អ្នកនោះមិនសមនឹងព្រះរាជ្យរបស់ព្រះឡើយ»។
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។
បន្ទាប់មក ខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ? តើអ្នកណានឹងទៅឲ្យយើង?» ខ្ញុំទូលឆ្លើយថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ!»។
មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្តិរបស់អ្នក ហើយយកលុយទៅចែកឲ្យអ្នកក្រទៅ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចហើយមកតាមខ្ញុំ»។
ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឯបទបញ្ជារបស់ព្រះអង្គ មិនមែនជាបន្ទុកធ្ងន់ទេ។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។ កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។
គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។
ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ ដែលតែងតែខូច តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលទៅ ហើយឲ្យគំនិតក្នុងចិត្តរបស់អ្នករាល់គ្នាបានកែប្រែជាថ្មីឡើង ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា "ព្រះអម្ចាស់! ព្រះអម្ចាស់!" តែមិនធ្វើតាមពាក្យខ្ញុំដូច្នេះ?
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
សូមបង្រៀនទូលបង្គំឲ្យធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបងំ្គ! សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ ដឹកនាំទូលបង្គំឲ្យដើរនៅលើដីរាបស្មើ!
ផ្ទុយទៅវិញ ដូចព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់បរិសុទ្ធយ៉ាងណា ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់យ៉ាងនោះដែរ។ ដ្បិតមានចែងទុកមកថា៖ «អ្នករាល់គ្នាត្រូវបរិសុទ្ធ ដ្បិតយើងបរិសុទ្ធ» ។
ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
យើងស្គាល់សេចក្ដីស្រឡាញ់ដោយសារសេចក្ដីនេះ គឺព្រះអង្គបានស៊ូប្តូរព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ដូច្នេះ យើងក៏ត្រូវប្តូរជីវិតរបស់យើងសម្រាប់បងប្អូនដែរ។
ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។ ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។ អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គណាស់ហ្ន៎! ទូលបង្គំរំពឹងគិតអំពីក្រឹត្យវិន័យ នោះដរាបរាល់ថ្ងៃ។
អ្នករាល់គ្នានឹងស្វែងរកយើង ហើយនឹងឃើញ គឺកាលណាអ្នកស្វែងរកយើងឲ្យអស់អំពីចិត្ត
ដូច្នេះ អ្នករាល់គ្នាក៏ត្រូវចាត់ទុកខ្លួនដូចជាបានស្លាប់ខាងឯបាប ហើយរស់ខាងឯព្រះវិញ នៅក្នុងព្រះគ្រីស្ទយេស៊ូវដែរ។
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះដែលបានរង្វាន់? ដូច្នេះ ចូររត់តាមរបៀបនោះដើម្បីឲ្យបានរង្វាន់ចុះ។ កីឡាករទាំងអស់សុទ្ធតែលត់ដំខ្លួនគ្រប់បែបយ៉ាង គេធ្វើដូច្នេះដើម្បីឲ្យបានទទួលភួងជ័យដែលនឹងពុករលួយ តែយើងវិញ យើងបានភួងជ័យដែលមិនចេះពុករលួយ។ ដូច្នេះ ខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនរត់ដោយឥតគោលដៅទេ ហើយខ្ញុំក៏មិនប្រដាល់ ដូចជាដាល់ខ្យល់នោះដែរ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយពីខ្ញុំបានប្រកាសប្រាប់អ្នកដទៃហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវផាត់ចោលទៅវិញ។
និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។
ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកព្រះអង្គឃើញ ហើយអំពាវនាវដល់ព្រះអង្គ ក្នុងកាលដែលព្រះអង្គគង់នៅជិតចុះ។ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមករកខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
«មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាកំណប់ កប់ទុកក្នុងចម្ការដែលមនុស្សម្នាក់បានរកឃើញ ហើយកប់ទុកវិញ។ បន្ទាប់មក គាត់ទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលគាត់មានដោយអំណរ ហើយទិញយកចម្ការនោះ។ មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាឈ្មួញម្នាក់ កំពុងស្វែងរកកែវមុក្តា ល្អៗ កាលបានឃើញកែវមុក្ដាមួយគ្រាប់ដ៏មានតម្លៃលើសលុប គាត់ក៏ទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន ហើយទិញយកកែវមុក្តានោះ»។
ព្រលឹងទូលបង្គំរឭក អើ ក៏នឹកដល់ទីលានរបស់ព្រះយេហូវ៉ា ជាពន់ពេក ចិត្ត និងសាច់ឈាមទូលបង្គំ ច្រៀងដោយអំណរថ្វាយព្រះដ៏មានព្រះជន្មរស់។
ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
ទូលបង្គំនឹងរត់តាមផ្លូវនៃបទបញ្ជារបស់ព្រះអង្គ ដ្បិតព្រះអង្គបានពង្រីកចិត្តទូលបង្គំ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលលះចោលផ្ទះសំបែង ប្រពន្ធកូន បងប្អូន ឬឪពុកម្តាយ ដោយយល់ដល់ព្រះរាជ្យរបស់ព្រះ នៅក្នុងក្រុងនោះ មានស្ត្រីមេម៉ាយម្នាក់ចេះតែមកនិយាយទទូចនឹងលោកនោះថា "សូមលោករកយុត្តិធម៌ឲ្យនាងខ្ញុំផង"។ អ្នកនោះមិនត្រឹមតែទទួលបានច្រើនក្នុងសម័យនេះឡើយ តែនឹងបានជីវិតរស់អស់កល្បជានិច្ចនៅឯបរលោកថែមទៀតផង»។
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយជាអ្នកបម្រើដែលយើងបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់យើង ព្រមទាំងយល់ថា គឺយើងនេះហើយ ឥតមានព្រះណាកើតមកមុនយើងទេ ហើយនៅក្រោយយើងក៏គ្មានដែរ។ គឺយើងនេះហើយជាយេហូវ៉ា ក្រៅពីយើង គ្មានអ្នកសង្គ្រោះណាទៀតឡើយ យើងបានថ្លែងទំនាយប្រាប់ យើងបានជួយសង្គ្រោះ យើងបានសម្ដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្ដាលអ្នករាល់គ្នាឡើយ ហេតុដូច្នោះ អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយគឺយើងនេះដែលជាព្រះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាយើងនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃយើងបានទេ ឯការដែលយើងធ្វើ តើអ្នកណានឹងឃាត់បាន? ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នករាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា ដោយយល់ដល់អ្នករាល់គ្នា នោះយើងចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទម្លាក់គេទាំងអស់គ្នា គេនឹងរត់រតាក់រតាយទៅ សូម្បីតែពួកខាល់ដេនៅក្នុងនាវា ដែលគេយកជាទីសប្បាយនោះដែរ។ យើងនេះ គឺយេហូវ៉ា យើងជាព្រះដ៏បរិសុទ្ធរបស់អ្នករាល់គ្នា គឺជាព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល ហើយជាមហាក្សត្ររបស់អ្នករាល់គ្នា។ ព្រះយេហូវ៉ាដែលធ្វើឲ្យមានផ្លូវក្នុងសមុទ្រ និងផ្លូវច្រកនៅទីទឹកធំ ជាព្រះដែលនាំរទេះចម្បាំង និងពលសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សស្ទាត់ជំនាញ ពួកគេដេកទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ ព្រះអង្គមានព្រះបន្ទូលថា អ្នករាល់គ្នាកុំនឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីកិច្ចការទាំងប៉ុន្មានពីដើមនោះ មើល៍! យើងនឹងធ្វើការមួយថ្មី ការនោះកំពុងលេចមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយនៅទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់។ កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
ហេតុនេះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ថែមកិរិយាល្អពីលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះពីលើកិរិយាល្អ បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ បន្ថែមសេចក្ដីខ្ជាប់ខ្ជួនពីលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពប្រតិបត្តិដល់ព្រះពីលើសេចក្ដីខ្ជាប់ខ្ជួន បន្ថែមការរាប់អានជាបងប្អូនពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើការរាប់អានគ្នាជាបងប្អូន។ ដ្បិតបើគុណសម្បត្តិទាំងនេះមានក្នុងចិត្តអ្នករាល់គ្នា ហើយចម្រើនឡើង គុណសម្បត្តិទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាមានសកម្មភាព និងបង្កើតផលខាងឯការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជាពិត។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
«មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។
ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ ហើយឲ្យព្រះគ្រីស្ទបានគង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។ ខ្ញុំអធិស្ឋានសូមឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចយល់បាន រួមជាមួយពួកបរិសុទ្ធទាំងអស់ ពីទទឹង បណ្តោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញ ដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ទាស់នឹងអ្នករាល់គ្នាដោយព្រោះខ្ញុំ។ ចូរអរសប្បាយ ហើយរីករាយឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះពួកហោរាដែលនៅមុនអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ និងផលដំបូងពីសេចក្ដីចម្រើនរបស់ឯង ទាំងអម្បាលម៉ានចុះ
ខ្ញុំចង់ស្គាល់ព្រះគ្រីស្ទ និងព្រះចេស្តានៃការរស់ឡើងវិញរបស់ព្រះអង្គ ព្រមទាំងរួមចំណែកក្នុងការរងទុក្ខ ដូចជាព្រះអង្គរងទុក្ខក្នុងការសុគតដែរ
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។
«មានពរហើយ អស់អ្នកដែលមាន សេចក្តីកម្សត់ខាងវិញ្ញាណ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។
ព្រះយេហូវ៉ានឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។
ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។
ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។
ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ហើយឲ្យបានមត៌ក ដែលមិនចេះពុករលួយ ឥតសៅហ្មង ក៏មិនចេះស្រពោន ជាមត៌កដែលបម្រុងទុកឲ្យអ្នករាល់គ្នានៅស្ថានសួគ៌។
ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ម៉ាថា! ម៉ាថាអើយ! នាងខ្វល់ខ្វាយ ហើយរវល់នឹងកិច្ចការច្រើនណាស់ មានសេចក្តីតែមួយទេ ដែលសម្រាប់ត្រូវការ ឯម៉ារា នាងបានរើសយកចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ»។
ខ្ញុំនឹងថ្វាយព្រះពរព្រះយេហូវ៉ា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញការដ៏អស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។
តែយើងដឹងថា ព្រះមិនបានរាប់មនុស្សជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ គឺដោយសារជំនឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនេះហើយបានយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យព្រះបានរាប់យើងជាសុចរិតដោយសារជំនឿក្នុងព្រះគ្រីស្ទ មិនមែនដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគ្មានអ្នកណាបានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។
ដ្បិតព្រះមិនមែនត្រាស់ហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកឡើយ គឺមកក្នុងភាពបរិសុទ្ធវិញ។
បើខ្ញុំមានអំណោយទានថ្លែងទំនាយ ហើយស្គាល់អស់ទាំងអាថ៌កំបាំង និងចំណេះគ្រប់យ៉ាង ហើយបើខ្ញុំមានគ្រប់ទាំងជំនឿ ល្មមនឹងរើភ្នំចេញបាន តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំគ្មានប្រយោជន៍សោះ។
ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
កុំឲ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍ឡើយ តែចូរដាក់ខ្លួន ហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញ។ ដ្បិតគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយសារតែការងាររបស់ព្រះគ្រីស្ទ គាត់បានប្រថុយជីវិត ដើម្បីជួយខ្ញុំជំនួសអ្នករាល់គ្នាដែលមិនអាចមកជួយបាន។ កុំឲ្យម្នាក់ៗស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃផង។
ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់ផ្លូវនៃច្បាប់របស់ព្រះអង្គ នោះទូលបង្គំនឹងកាន់តាមរហូតដល់ទីបំផុត។ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានកាន់តាម ក្រឹត្យវិន័យរបស់ព្រះអង្គ អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។
ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ សូមទូន្មានអ្នករាល់គ្នាឲ្យរស់នៅស័ក្ដិសមនឹងការត្រាស់ហៅ តាមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នានោះចុះ ព្រះអង្គដែលយាងចុះទៅនោះ ជាព្រះអង្គដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យព្រះអង្គបានបំពេញគ្រប់ទាំងអស់)។ ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន ដើម្បីនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ សម្រាប់កិច្ចការបម្រើ ហើយស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង រហូតដល់យើងទាំងអស់គ្នាបានរួបរួមនៅក្នុងជំនឿ ហើយបានស្គាល់ព្រះរាជបុត្រារបស់ព្រះ ទៅជាមនុស្សពេញវ័យ និងដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រីស្ទ។ ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់ទាំងខ្យល់នៃសេចក្តីបង្រៀនផាត់ចុះផាត់ឡើង ដោយសេចក្តីឆបោករបស់មនុស្ស និងដោយឧបាយកលដែលគេនាំឲ្យវង្វេងទៀតឡើយ។ ផ្ទុយទៅវិញ ដោយនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់ នោះយើងត្រូវចម្រើនឡើងគ្រប់ការទាំងអស់ក្នុងព្រះអង្គ គឺព្រះគ្រីស្ទជាសិរសា ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកពីព្រះអង្គ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនីមួយៗ នោះរូបកាយបានចម្រើនឡើង និងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់។ ដូច្នេះ ខ្ញុំនិយាយសេចក្តីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា មិនត្រូវឲ្យអ្នករាល់គ្នារស់នៅដូចសាសន៍ដទៃ ដែលរស់នៅតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយ។ គំនិតរបស់គេត្រូវងងឹត ហើយគេដាច់ចេញពីព្រះជន្មរបស់ព្រះ ដោយសារសេចក្តីល្ងង់ខ្លៅ និងចិត្តរឹងរូសរបស់គេ។ គេលែងខ្លាចបាប ហើយបានបណ្ដោយខ្លួនទៅតាមសេចក្តីអាសអាភាស ដើម្បីប្រព្រឹត្តអំពើស្មោកគ្រោកគ្រប់យ៉ាងមិនចេះស្កប់។ ទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។ សេចក្តីស្រឡាញ់មិនធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់ជាការសម្រេចតាមក្រឹត្យវិន័យ។ ក្រៅពីនេះ ត្រូវដឹងថា នេះជាវេលាណា គឺដល់ម៉ោងដែលត្រូវភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ ការសង្គ្រោះនៅជិតយើងជាងកាលយើងទើបនឹងជឿ យប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។ ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។ ដូច្នេះ អ្នកណាដែលតាំងខ្លួនប្រឆាំងនឹងអំណាចនោះ ឈ្មោះថាប្រឆាំងនឹងអ្វីដែលព្រះបានតាំងឡើងដែរ ហើយអស់អ្នកដែលប្រឆាំង នោះនឹងត្រូវជាប់ទោស។
សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
ឱព្រះយេហូវ៉ាអើយ សូមបង្ហាញទូលបង្គំ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមបង្រៀនទូលបង្គំអំពីផ្លូវច្រក របស់ព្រះអង្គផង សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
ប៉ុន្តែ ពេលវេលានោះ នឹងមកដល់ គឺឥឡូវនេះហើយ អ្នកថ្វាយបង្គំពិតប្រាកដ នឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ព្រោះព្រះវរបិតាស្វែងរកអ្នកថ្វាយបង្គំព្រះអង្គយ៉ាងនោះឯង។ ព្រះជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។
ដូច្នេះ ទោះជាយើងនៅជ្រកកោន ឬឃ្លាតពីរូបកាយនេះក្តី យើងមានបំណងចង់ឲ្យបានគាប់ព្រះហឫទ័យព្រះអង្គ។
ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងជាសំឡេងតែមួយ ថ្វាយសិរីល្អដល់ព្រះ និងជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
យើងស្រឡាញ់ដល់អស់អ្នក ដែលស្រឡាញ់យើង ហើយអស់ពួកអ្នកដែលស្វែងរកអស់ពីចិត្ត នោះនឹងបានជួប
ផ្ទុយទៅវិញ សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚
កុំរវល់នឹងរឿងព្រេងឥតខ្លឹមសាររបស់ស្ត្រីចាស់ៗឡើយ តែត្រូវបង្ហាត់ខ្លួនខាងឯការគោរពប្រតិបត្តិដល់ព្រះវិញ ដ្បិតការបង្ហាត់ខ្លួនប្រាណមានប្រយោជន៍បន្តិចបន្តួចប៉ុណ្ណោះ តែឯការគោរពប្រតិបត្តិដល់ព្រះ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ក៏មានសេចក្ដីសន្យា ទាំងសម្រាប់ជីវិតនៅបច្ចុប្បន្ន ទាំងសម្រាប់ជីវិតនៅបរលោក។
គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះឡើយ គឺអ្នកដែលហ៊ានប្តូរជីវិតជំនួសពួកសម្លាញ់របស់ខ្លួននោះទេ
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
មានពរហើយ អស់អ្នកដែលផ្លូវប្រព្រឹត្ត របស់ខ្លួនបានគ្រប់លក្ខណ៍ ជាអ្នកដែលដើរតាមក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា! ទូលបង្គំបានស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំឲ្យទូលបង្គំវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គឡើយ។ ទូលបង្គំយល់ដឹងជាងមនុស្សចាស់ ដ្បិតទូលបង្គំប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ ទូលបង្គំបានបង្ខាំងជើង ឲ្យវៀរចាកពីអស់ទាំងផ្លូវអាក្រក់ ដើម្បីនឹងប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំមិនបានបែរចេញ ពីវិន័យរបស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ។ ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់អណ្ដាតទូលបង្គំណាស់ហ្ន៎ គឺផ្អែមដល់មាត់ទូលបង្គំជាងទឹកឃ្មុំទៅទៀត! ទូលបង្គំមានយោបល់ដោយសារ ព្រះឱវាទរបស់ព្រះអង្គ ហេតុនេះហើយបានជាទូលបង្គំ ស្អប់ដល់អស់ទាំងផ្លូវភូតភរ។ ៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។ ទូលបង្គំបានស្បថ ហើយបានសម្រេចតាមថា ទូលបង្គំនឹងប្រតិបត្តិតាមវិន័យ ដ៏សុចរិតរបស់ព្រះអង្គ។ ទូលបង្គំមានទុក្ខព្រួយខ្លាំងណាស់ ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង! ឱព្រះយេហូវ៉ាអើយ សូមទទួល តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ ហើយសូមបង្រៀនទូលបង្គំ ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។ ជីវិតទូលបង្គំមានអន្តរាយឥតឈប់ឈរ តែទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។ មនុស្សអាក្រក់បានដាក់អន្ទាក់ ចាំចាប់ទូលបង្គំ ប៉ុន្តែ ទូលបង្គំមិនបានវង្វេងចេញ ពីព្រះឱវាទរបស់ព្រះអង្គឡើយ។ សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាមត៌ករបស់ទូលបង្គំជាដរាប ដ្បិតសេចក្ដីទាំងនោះ ធ្វើឲ្យចិត្តទូលបង្គំមានអំណរ។ ទូលបង្គំដាក់ចិត្តដើម្បីធ្វើតាមច្បាប់ របស់ព្រះអង្គជាដរាប រហូតដល់ចុងបំផុត។ ៙ ទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម បទបញ្ជារបស់ព្រះនៃខ្ញុំ។ សូមទ្រទ្រង់ទូលបង្គំតាម ព្រះបន្ទូលរបស់ព្រះអង្គ ឲ្យទូលបង្គំបានរស់នៅ សូមកុំឲ្យទូលបង្គំត្រូវខ្មាស ដោយព្រោះសេចក្ដីសង្ឃឹមរបស់ទូលបង្គំឡើយ! សូមធ្វើជាបង្អែករបស់ទូលបង្គំ ឲ្យទូលបង្គំបានសេចក្ដីសុខ ហើយបានគោរពរាប់អានច្បាប់ របស់ព្រះអង្គជានិច្ច! ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេងចេញ ពីច្បាប់របស់ព្រះអង្គ ដ្បិតឧបាយកលរបស់គេ ជាសេចក្ដីឥតប្រយោជន៍។ ព្រះអង្គផាត់មនុស្សអាក្រក់បាត់ចេញពីផែនដី ដូចគេផាត់សំរាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គមានពរ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គផង! រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។ ៙ ទូលបង្គំបានប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ សូមកុំប្រគល់ទូលបង្គំទៅឲ្យពួកអ្នក ដែលសង្កត់សង្កិនឡើយ។ សូមធានាឲ្យអ្នកបម្រើរបស់ព្រះអង្គ បានសេចក្ដីល្អ សូមកុំឲ្យមនុស្សព្រហើនសង្កត់សង្កិន ទូលបង្គំឡើយ។ ភ្នែកទូលបង្គំស្រវាំង ដោយរង់ចាំមើល ការសង្គ្រោះទូលបង្គំរបស់ព្រះអង្គ និងរង់ចាំមើលព្រះបន្ទូលសន្យាដ៏សុចរិត របស់ព្រះអង្គបានសម្រេច។ សូមប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ផង ដើម្បីឲ្យទូលបង្គំបានស្គាល់ សេចក្ដីបន្ទាល់របស់ព្រះអង្គ! នេះជាពេលដែលព្រះយេហូវ៉ា ចាត់វិធានការហើយ ដ្បិតគេបានប្រព្រឹត្តល្មើស នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ ហេតុនេះ ទូលបង្គំស្រឡាញ់ បទបញ្ជារបស់ព្រះអង្គលើសជាងមាស គឺលើសជាងមាសសុទ្ធទៅទៀត។ ហេតុនេះ ទូលបង្គំរាប់ថា ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់គ្រប់ទាំងផ្លូវភូតភរ។ ៙ សេចក្ដីបន្ទាល់របស់ព្រះអង្គសុទ្ធតែអស្ចារ្យ ហេតុនេះហើយបានជាព្រលឹងទូលបង្គំ ប្រតិបត្តិតាម។ បបូរមាត់ទូលបង្គំប្រកាសពីគ្រប់ទាំងវិន័យ ដែលចេញមកពីព្រះឧស្ឋរបស់ព្រះអង្គ។ ការបើកសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ប្រទានឲ្យមានពន្លឺ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។ ទូលបង្គំហាមាត់ ដកដង្ហើមធំ ព្រោះទូលបង្គំចង់បានបទបញ្ជា របស់ព្រះអង្គណាស់។ សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ ដូចព្រះអង្គធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមព្រះអង្គផង។ សូមរក្សាជំហានទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច លើទូលបង្គំឡើយ។ សូមលោះទូលបង្គំឲ្យរួចពី ការសង្កត់សង្កិនរបស់មនុស្ស ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ សូមឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គផង។ ទឹកភ្នែកទូលបង្គំហូររហាម ព្រោះគេមិនប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ។ ៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសុចរិត ហើយវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ។ ព្រះអង្គបានតាំងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដោយសេចក្ដីសុចរិត និងដោយសេចក្ដីស្មោះត្រង់ទាំងអស់។ ទូលបង្គំមានចិត្តឈឺឆ្អាលជាខ្លាំង ព្រោះបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។ ទូលបង្គំរីករាយនឹងផ្លូវប្រព្រឹត្ត តាមសេចក្ដីបន្ទាល់របស់ព្រះអង្គ ដូចជាទូលបង្គំរីករាយ នឹងទ្រព្យសម្បត្តិគ្រប់យ៉ាង។ ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានសម្រិតសម្រាំងយ៉ាងល្អ ហើយអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។ ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយ ប៉ុន្តែ ទូលបង្គំមិនភ្លេចព្រះឱវាទ របស់ព្រះអង្គឡើយ។ សេចក្ដីសុចរិតរបស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។ ទុក្ខលំបាក និងភាពតានតឹង បានគ្របសង្កត់ទូលបង្គំ តែបទបញ្ជារបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។ សេចក្ដីបន្ទាល់របស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំនឹងបានរស់នៅ។ ៙ ទូលបង្គំស្រែករកព្រះអង្គយ៉ាងអស់ពីចិត្ត ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង ទូលបង្គំនឹងប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ ទូលបង្គំអំពាវនាវរកព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ។ ទូលបង្គំក្រោកពីដំណេកមុនព្រលឹមស្រាង ហើយស្រែករកជំនួយ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ភ្នែកទូលបង្គំមិនបានលង់លក់ នៅអស់ទាំងយាមយប់ ដើម្បីឲ្យទូលបង្គំបានសញ្ជឹងគិត អំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ សូមស្តាប់សំឡេងទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមសេចក្ដីយុត្តិធម៌របស់ព្រះអង្គ។ ទូលបង្គំនឹងសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ ហើយភ្នែកទូលបង្គំសម្លឹងមើលផ្លូវរបស់ព្រះអង្គ។ អស់អ្នកដែលបៀតបៀនទូលបង្គំ ដោយបំណងអាក្រក់ នាំគ្នាចូលមកជិត អ្នកទាំងនោះនៅឆ្ងាយពីក្រឹត្យវិន័យ របស់ព្រះអង្គ។ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅជិត ហើយបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតត្រង់។ តាំងពីយូរមកហើយ ទូលបង្គំបានដឹង ដោយសារសេចក្ដីបន្ទាល់របស់ព្រះអង្គថា ព្រះអង្គបានតាំងសេចក្ដីទាំងនោះមក ឲ្យនៅអស់កល្បជានិច្ច។ ៙ សូមទតមើលទុក្ខព្រួយរបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គទេ។ សូមការពាររឿងក្ដីរបស់ទូលបង្គំ ហើយលោះទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង! ការសង្គ្រោះស្ថិតនៅឆ្ងាយពីមនុស្សអាក្រក់ ដ្បិតគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គធំវិសេសណាស់ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមវិន័យរបស់ព្រះអង្គ។ អស់អ្នកដែលបៀតបៀន ហើយបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើន ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។ ទូលបង្គំមើលទៅមនុស្សក្បត់ដោយស្អប់ខ្ពើម ព្រោះគេមិនប្រតិបត្តិតាម ព្រះបន្ទូលរបស់ព្រះអង្គទេ។ សូមទតមើលថា ទូលបង្គំស្រឡាញ់ ព្រះឱវាទរបស់ព្រះអង្គយ៉ាងណា! ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំ មានជីវិតរស់ តាមព្រះហឫទ័យសប្បុរស របស់ព្រះអង្គ។ ទូលបង្គំមានចិត្តរីករាយនឹងច្បាប់របស់ព្រះអង្គ ទូលបង្គំមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។ បូករួមអស់ទាំងព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយគ្រប់ទាំងវិន័យដ៏សុចរិតរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ ពួកអ្នកធំបានបៀតបៀន ទូលបង្គំដោយឥតហេតុ ប៉ុន្តែ ចិត្តទូលបង្គំស្ញប់ស្ញែងនឹងព្រះបន្ទូល របស់ព្រះអង្គ។ ទូលបង្គំរីករាយនឹងព្រះបន្ទូលរបស់ព្រះអង្គ ប្រៀបដូចជាមនុស្សដែលប្រទះ នឹងរបឹបដ៏មានតម្លៃ។ ទូលបង្គំស្អប់ ហើយខ្ពើមពាក្យភូតភរ តែទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំសរសើរតម្កើងព្រះអង្គ មួយថ្ងៃប្រាំពីរដង ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។ អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ការសង្គ្រោះរបស់ព្រះអង្គ ហើយទូលបង្គំប្រព្រឹត្តតាម បទបញ្ជារបស់ព្រះអង្គ។ ព្រលឹងទូលបង្គំប្រតិបត្តិតាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ទូលបង្គំស្រឡាញ់សេចក្ដីបន្ទាល់នោះ យ៉ាងក្រៃលែង។ ទូលបង្គំប្រតិបត្តិតាមព្រះឱវាទ និងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដ្បិតផ្លូវដែលទូលបង្គំប្រព្រឹត្ត សុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។ ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសម្រែករបស់ទូលបង្គំ បានចូលទៅដល់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ តាមព្រះបន្ទូលរបស់ព្រះអង្គផង! ៙ សូមប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ បានប្រកបដោយគុណ ដើម្បីឲ្យទូលបង្គំបានរស់នៅ ហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ សូមឲ្យពាក្យអង្វររបស់ទូលបង្គំ បានចូលទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ បបូរមាត់ទូលបង្គំនឹងហូរចេញជាពាក្យសរសើរ ដ្បិតព្រះអង្គបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ អណ្ដាតទូលបង្គំនឹងច្រៀង អំពីព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតគ្រប់ទាំងបទបញ្ជារបស់ព្រះអង្គ សុទ្ធតែសុចរិតទាំងអស់។ សូមឲ្យព្រះហស្តរបស់ព្រះអង្គ បានប្រុងប្រៀបនឹងជួយទូលបង្គំ ដ្បិតទូលបង្គំបានជ្រើសរើសយក ព្រះឱវាទរបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំចង់ឃើញការសង្គ្រោះរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។ សូមឲ្យព្រលឹងទូលបង្គំរស់នៅ ហើយសរសើរតម្កើងព្រះអង្គ ហើយសូមឲ្យវិន័យរបស់ព្រះអង្គ ជួយទូលបង្គំផង។ ទូលបង្គំបានវង្វេងទៅ ដូចចៀមដែលបាត់បង់ សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ។ សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញការដ៏អស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។ ទូលបង្គំជាមនុស្សស្នាក់អាស្រ័យ បណ្ដោះអាសន្ននៅលើផែនដី សូមកុំលាក់បទបញ្ជារបស់ព្រះអង្គ នឹងទូលបង្គំឡើយ! មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត
ម៉ារាពោលថា៖ «មើល៍! ខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាក៏ចេញពីនាងទៅ។
ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រីស្ទក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ទាំងទុកតម្រាប់ឲ្យអ្នករាល់គ្នាដើរតាមលម្អានរបស់ព្រះអង្គ។