ដ្បិតខ្ញុំនឹកចាំពីជំនឿស្មោះត្រង់ដែលនៅក្នុងអ្នក ជំនឿនោះមាននៅក្នុងលោកយាយឡូអ៊ីស ជាជីដូនរបស់អ្នកពីដំបូង រួចក៏អ្នកស្រីអ៊ើនីស ជាម្តាយរបស់អ្នក ហើយខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។
អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។
ឱ កូនទាំងឡាយអើយ ចូរនាំគ្នាមក ហើយស្តាប់ខ្ញុំ ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា ពីការកោតខ្លាចព្រះយេហូវ៉ា។
កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន របស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស របស់ព្រះអង្គដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់ ព្រះអង្គក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។
តែយើងផ្តល់សេចក្ដីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង។
៙ សូមឲ្យកូនប្រុសៗរបស់យើង បានដូចជារុក្ខជាតិ ដុះលូតលាស់ពេញកម្លាំង ក្នុងវ័យនៅក្មេងរបស់គេ ហើយកូនស្រីៗរបស់យើង បានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង។
ផ្ទះសំបែង និងទ្រព្យសម្បត្តិ ជាមត៌កមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
យើងបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះទ្រង់ជាសេចក្ដីស្រឡាញ់ ហើយអ្នកណាដែលស្ថិតនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះ ហើយព្រះក៏ស្ថិតនៅជាប់ក្នុងអ្នកនោះដែរ។
៙ សូមព្រះយេហូវ៉ាប្រទានពរ ឲ្យអ្នករាល់គ្នាបានចម្រើនឡើង គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា!
ទោះបើខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវតាក៏ដោយ តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំប្រៀបដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹងដែលឮទ្រហឹងប៉ុណ្ណោះ។
នាងមានកម្លាំងនឹងលម្អជាគ្រឿងអម្ពរ ក៏នឹកសើចពីហេតុណា ដែលកើតបាននៅខាងមុខ។ នាងពោលដោយប្រាជ្ញា ហើយនៅអណ្ដាតនាងមានសេចក្ដីសប្បុរស
ឯសេចក្ដីសម្អប់ នោះបណ្ដាលឲ្យកើតមាន ហេតុទាស់ទែងគ្នា តែសេចក្ដីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស។
លោកថើបបងៗទាំងអស់ ហើយយំទាំងអស់គ្នា រួចមក បងប្អូនរបស់លោកក៏សំណេះសំណាលជាមួយលោក។
ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។
ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដូចព្រះគ្រីស្ទបានទទួលយើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។
ខ្ញុំឲ្យឱវាទមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។
កូនប្រុសៗដែលកើតមកកាលឪពុកនៅក្មេង នោះប្រៀបដូចជាព្រួញ នៅក្នុងដៃរបស់មនុស្សខ្លាំងពូកែ។ មានពរហើយអ្នកណា ដែលមានព្រួញពេញបំពង់! កាលណាអ្នកនោះនិយាយ នឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសឡើយ។
មនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់របស់ខ្លួន កូនចៅរបស់អ្នកនោះមានពរតរៀងទៅ។
ឯកូនចៅទាំងប៉ុន្មានរបស់អ្នក នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។
«ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។
ផ្ទុយទៅវិញ ដោយនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់ នោះយើងត្រូវចម្រើនឡើងគ្រប់ការទាំងអស់ក្នុងព្រះអង្គ គឺព្រះគ្រីស្ទជាសិរសា
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។
ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
កុំធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញ ដោយដឹងថា ព្រះបានត្រាស់ហៅអ្នករាល់គ្នាឲ្យប្រព្រឹត្តដូច្នេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមត៌ក។
ការដែលសង់ផ្ទះឡើងបាន ក៏ដោយសារប្រាជ្ញា និងដោយសារយោបល់ ដែលផ្ទះនោះបានតាំងនៅជាមាំមួន
ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ព្រះអង្គនឹងប្រទានពរអស់អ្នក ដែលកោតខ្លាចព្រះយេហូវ៉ា ទាំងអ្នកតូច ទាំងអ្នកធំ។
តើស្ត្រីអាចនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? គេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។
បងប្អូនអើយ ព្រះបានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាព តែសូមកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាឱកាសសម្រាប់សាច់ឈាមឡើយ គឺត្រូវបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។
៙ មនុស្សជំនាន់មួយនឹងសរសើរ ពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់មនុស្សជំនាន់មួយទៀត ហើយគេនឹងប្រកាសពីកិច្ចការ ដ៏អស្ចារ្យរបស់ព្រះអង្គ។
មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។
ការកើតទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អមួយម៉ាត់នឹងធ្វើឲ្យរីករាយឡើង។
ពាក្យសម្ដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង។
សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ តែការថ្លែងទំនាយនោះនឹងត្រូវផុតទៅ ការនិយាយភាសាដទៃនឹងត្រូវចប់ ហើយចំណេះដឹងក៏នឹងត្រូវសាបសូន្យទៅដែរ។
អ្នកណាដែលមានមិត្តភក្តិច្រើន អាចនាំឲ្យខ្លួនវិនាស ប៉ុន្តែ មានមិត្តសម្លាញ់ម៉្យាង ដែលនៅជាប់ជាងបងប្អូនទៅទៀត។
រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ។
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
យើងបានទទួលបទបញ្ជានេះមកពីព្រះអង្គថា អ្នកណាដែលស្រឡាញ់ព្រះ អ្នកនោះក៏ត្រូវតែស្រឡាញ់បងប្អូនរបស់ខ្លួនដែរ។
យើងម្នាក់ៗត្រូវបំពេញចិត្តអ្នកជិតខាងខ្លួន ដើម្បីជាការល្អសម្រាប់ស្អាងចិត្តឡើង
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។ សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
ស៊ូឲ្យមានតែបន្លែជាម្ហូបនៅកន្លែងណា ដែលមានសេចក្ដីស្រឡាញ់ ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់ ហើយមានសេចក្ដីសម្អប់វិញ។
មើល៍ ការដែលបងប្អូនរស់នៅជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!
អ្នកណាដែលនាំឲ្យកើតវឹកវរក្នុងផ្ទះខ្លួន នោះនឹងគ្រងបានខ្យល់ជាមត៌ក ហើយមនុស្សល្ងីល្ងើនឹងធ្វើជាបាវបម្រើ ដល់មនុស្សមានប្រាជ្ញា។
ទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់
សេចក្ដីទាំងនេះដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ត្រូវនៅជាប់ក្នុងចិត្តរបស់អ្នកជានិច្ច។ ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅរបស់អ្នក ហើយត្រូវដំណាលសេចក្ដីទាំងនេះ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលដើរតាមផ្លូវ ពេលដេក និងពេលក្រោកឡើងផង។
កូនរបស់នាងទាំងប៉ុន្មានក្រោកឈរឡើង គោរពដល់ម្តាយ ថាជាអ្នកមានពរ ប្តីក៏ក្រោកឈរឡើងសរសើរដល់នាងដែរថា៖
យ៉ាងនោះ គេមិនមែនពីរនាក់ទៀតទេ គឺជាសាច់តែមួយវិញ។ ដូច្នេះ អ្វីដែលព្រះបានផ្សំផ្គុំហើយ មិនត្រូវឲ្យអ្នកណាមកពង្រាត់គេឡើយ»។
សេចក្តីស្រឡាញ់មិនធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់ជាការសម្រេចតាមក្រឹត្យវិន័យ។
ប៉ុន្តែ អ្នករាល់គ្នាម្នាក់ៗត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយប្រពន្ធក៏ត្រូវគោរពប្តីរបស់ខ្លួនដែរ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។
ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ
ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅឡើយ តែត្រូវអប់រំវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ។
ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។
មិត្តសម្លាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសម្រាប់គ្រាលំបាកដែរ។
ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ អ្នកនោះមកពីព្រះ ហើយក៏ស្គាល់ព្រះដែរ។
មើល៍ កូនចៅជាមត៌កមកពីព្រះយេហូវ៉ា ហើយផលដែលកើតពីផ្ទៃ ជារង្វាន់ដែលព្រះអង្គប្រទាន។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។
ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។
ហើយសូមឲ្យព្រះអម្ចាស់ ប្រទានឲ្យអ្នករាល់គ្នាចម្រើនកាន់តែច្រើនឡើងជាបរិបូរ ខាងឯសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងដល់មនុស្សទាំងអស់ ដូចជាយើងស្រឡាញ់អ្នករាល់គ្នាដែរ។
ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសារបស់បុរសគ្រប់រូប ប្ដីជាក្បាលរបស់ប្រពន្ធ ហើយព្រះជាសិរសារបស់ព្រះគ្រីស្ទ។
គ្មានអ្នកណាដែលឃើញព្រះឡើយ តែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះទ្រង់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ព្រះអង្គក៏នឹងពេញខ្នាតនៅក្នុងយើងដែរ។
ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
អ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ត្រូវប្រព្រឹត្តចំពោះគេយ៉ាងនោះដែរ»។
ឥឡូវនេះ នៅមានជំនឿ សេចក្ដីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំងបីមុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺសេចក្តីស្រឡាញ់។
ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្តី តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស នោះប្រៀបដូចជាសេចក្ដីពុករលួយ នៅក្នុងឆ្អឹងរបស់ប្តីវិញ។
ហើយបទបញ្ជាទីពីរក៏សំខាន់ដូចគ្នា គឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង"
ប្រពន្ធរបស់អ្នកនឹងបានដូចជា ដើមទំពាំងបាយជូរមានផ្លែ នៅក្នុងផ្ទះរបស់អ្នក កូនៗរបស់អ្នកនឹងបានដូចជា ដើមអូលីវនៅជុំវិញតុរបស់អ្នក។
ប៉ុន្តែ ចូរប្រយ័ត្នខ្លួន ហើយរក្សាចិត្តឲ្យមែនទែន ក្រែងភ្លេចអស់ទាំងការដែលភ្នែករបស់អ្នកបានឃើញ ក្រែងនៅក្នុងជីវិតអ្នក ការទាំងនោះបានឃ្លាតចេញពីចិត្តរបស់អ្នកទៅ។ ចូរប្រាប់ពីការទាំងនោះដល់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងតរៀងទៅ
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ
ដ្បិតព្រះបានបង្គាប់ថា៖ "ចូរគោរពឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ នឹងត្រូវស្លាប់ជាមិនខាន" ។
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
ឪពុករបស់មនុស្សសុចរិត នឹងមានចិត្តរីករាយយ៉ាងខ្លាំង ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា នោះនឹងមានអំណរដោយសារកូននោះ។
ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។
ដូច្នេះ ប្តីត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ឲ្យដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯងហើយ។
ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃ ជាជាងពួកត្បូងទទឹមទៅទៀត។
រីឯប្ដីក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួន ដោយយល់ថា ស្ត្រីជាភាជនៈដែលខ្សោយជាង ហើយត្រូវគោរពនាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមត៌ករួមគ្នា ដើម្បីកុំឲ្យមានអ្វីរាំងរាសេចក្តីអធិស្ឋានរបស់អ្នកឡើយ។
តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ
មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។