១ ពេត្រុស 4:1 - Khmer Christian Bible ដូច្នេះ ដោយព្រះគ្រិស្ដបានរងទុក្ខខាងសាច់ឈាមរួចហើយ នោះអ្នករាល់គ្នាក៏ត្រូវពាក់គ្រឿងសឹកផ្ទាល់ទាំងមានគំនិតដូច្នោះដែរ ព្រោះអ្នកដែលបានរងទុក្ខខាងសាច់ឈាម អ្នកនោះឈប់ពាក់ព័ន្ធនឹងបាបទៀតហើយ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ដោយព្រះគ្រីស្ទបានរងទុក្ខក្នុងរូបកាយ អ្នករាល់គ្នាក៏ត្រូវប្រដាប់ខ្លួនដោយបំណងដូចព្រះអង្គដែរ ដ្បិតអ្នកណាដែលរងទុក្ខក្នុងរូបកាយ អ្នកនោះបានឈប់ពាក់ព័ន្ធនឹងបាបហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដោយព្រោះព្រះគ្រីស្ទបានរងទុក្ខខាងសាច់ឈាម នោះត្រូវឲ្យអ្នករាល់គ្នាប្រដាប់ខ្លួនដោយគំនិតដូច្នោះដែរ ដ្បិតអ្នកណាដែលបានរងទុក្ខខាងសាច់ឈាម អ្នកនោះបានឈប់ពីអំពើបាបហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ បើព្រះគ្រិស្តបានរងទុក្ខលំបាក កាលព្រះអង្គមានឋានៈជាមនុស្ស បងប្អូនត្រូវប្រកាន់ចិត្តគំនិតដូចព្រះអង្គដែរ ដ្បិតអ្នកណាស៊ូទ្រាំរងទុក្ខលំបាកខាងរូបកាយ អ្នកនោះលែងទាក់ទាមអ្វីនឹងបាប*ទៀតហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដែលព្រះគ្រីស្ទទ្រង់បានរងទុក្ខក្នុងសាច់ឈាម ជំនួសយើងរួចហើយ នោះត្រូវឲ្យអ្នករាល់គ្នាមានគំនិតដូច្នោះដែរ ទុកជាគ្រឿងការពារខ្លួន ដ្បិតអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម នោះបានឈប់ខាងឯអំពើបាបហើយ អាល់គីតាប ហេតុនេះ បើអាល់ម៉ាហ្សៀសបានរងទុក្ខលំបាក កាលគាត់មានឋានៈជាមនុស្ស បងប្អូនត្រូវប្រកាន់ចិត្ដគំនិតដូចគាត់ដែរ ដ្បិតអ្នកណាស៊ូទ្រាំរងទុក្ខលំបាកខាងរូបកាយ អ្នកនោះលែងទាក់ទាមអ្វីនឹងបាបទៀតហើយ |
ដូច្នេះ ចូរអ្នករាល់គ្នារាប់ខ្លួនទុកដូចជាស្លាប់ខាងឯបាបរួចហើយដែរ ប៉ុន្ដែរស់នៅក្នុងព្រះគ្រិស្ដយេស៊ូខាងឯព្រះជាម្ចាស់វិញ។
មិនមែនដូច្នោះទេ! យើងដែលបានស្លាប់ខាងឯបាបរួចហើយ តើឲ្យយើងរស់នៅក្នុងបាបតទៅទៀតយ៉ាងដូចម្ដេចកើត?
ដូច្នេះ មិនមែនខ្ញុំទេដែលរស់នៅ គឺព្រះគ្រិស្ដវិញ ដែលរស់នៅក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់នៅក្នុងសាច់ឈាមនាពេលឥឡូវនេះ ខ្ញុំរស់ដោយសារជំនឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលបានស្រឡាញ់ខ្ញុំ និងបានប្រគល់អង្គទ្រង់សម្រាប់ខ្ញុំ
អស់អ្នកដែលជារបស់ព្រះគ្រិស្ដយេស៊ូ ពួកគេបានឆ្កាងសាច់ឈាមជាមួយសេចក្តីប៉ងប្រាថ្នា ព្រមទាំងចំណង់តណ្ហាទាំងឡាយរួចហើយ
ហេតុនេះ ចូរអ្នករាល់គ្នាយកគ្រប់គ្រឿងសឹករបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចតទល់បាននៅថ្ងៃដ៏អាក្រក់នោះ រួចឈរបានក្រោយពីតទល់សព្វគ្រប់ហើយ។
ចូរឲ្យមានគំនិតដូច្នេះនៅក្នុងចំណោមអ្នករាល់គ្នាចុះ ព្រោះគំនិតដូច្នេះក៏មាននៅក្នុងព្រះគ្រិស្ដយេស៊ូដែរ
ដូច្នេះ ចូរពិចារណាអំពីព្រះអង្គដែលបានស៊ូទ្រាំនឹងការប្រឆាំងរបស់មនុស្សបាបទាស់នឹងព្រះអង្គចុះ ដើម្បីកុំឲ្យអ្នករាល់គ្នានឿយណាយ និងបាក់ទឹកចិត្តឡើយ។
ដ្បិតអ្នកណាដែលបានចូលទៅក្នុងការសម្រាករបស់ព្រះអង្គ អ្នកនោះក៏បានសម្រាកពីកិច្ចការទាំងឡាយរបស់ខ្លួន ដូចដែលព្រះជាម្ចាស់បានសម្រាកពីកិច្ចការរបស់ព្រះអង្គដែរ។
ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រិស្ដក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ដើម្បីទុកគំរូឲ្យអ្នករាល់គ្នាដើរតាមលំអានរបស់ព្រះអង្គ
ដ្បិតព្រះគ្រិស្ដក៏បានរងទុក្ខម្ដងដោយព្រោះបាបដែរ គឺព្រះអង្គសុចរិតបានសោយទិវង្គតជំនួសមនុស្សទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះជាម្ចាស់ ព្រះអង្គត្រូវគេសម្លាប់ខាងឯសាច់ឈាម ប៉ុន្ដែត្រូវបានប្រោសឲ្យរស់ឡើងវិញខាងឯព្រះវិញ្ញាណ