ហេព្រើរ 4 - Khmer Christian Bible1 ដូច្នេះ កាលដែលសេចក្ដីសន្យាអំពីការចូលក្នុងការសម្រាករបស់ព្រះអង្គនៅមាននៅឡើយ ចូរយើងខ្លាចចុះ ដើម្បីកុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមិនបានចូលនោះឡើយ 2 ដ្បិតដំណឹងល្អដែលយើងបានឮនោះ ក៏ជាដំណឹងល្អដែលពួកគេបានឮដែរ ប៉ុន្ដែព្រះបន្ទូលដែលពួកគេឮ គ្មានប្រយោជន៍សម្រាប់ពួកគេទេ ព្រោះព្រះបន្ទូលដែលពួកគេបានឮនោះ មិនបានជ្រួតជ្រាបទៅក្នុងពួកគេដោយជំនឿទេ។ 3 រីឯយើងដែលជាអ្នកជឿនឹងបានចូលក្នុងការសម្រាកនោះ ដូចដែលព្រះជាម្ចាស់មានបន្ទូលថា៖ «យើងស្បថដោយកំហឹងរបស់យើងថា ពួកគេនឹងមិនបានចូលទៅក្នុងការសម្រាករបស់យើងឡើយ»។ ទោះជាយ៉ាងណា កិច្ចការទាំងឡាយបានសម្រេចតាំងពីដើមកំណើតពិភពលោកមកហើយ។ 4 ដ្បិតមានកន្លែងមួយដែលព្រះអង្គបានមានបន្ទូលអំពីថ្ងៃទីប្រាំពីរដូច្នេះថា៖ «ព្រះជាម្ចាស់បានសម្រាកពីកិច្ចការទាំងឡាយរបស់ព្រះអង្គនៅថ្ងៃទីប្រាំពីរ» 5 ហើយមានបន្ទូលនៅកន្លែងនេះទៀតថា៖ «ពួកគេនឹងមិនបានចូលទៅក្នុងការសម្រាករបស់យើងឡើយ»។ 6 ដូច្នេះហើយ នៅតែឲ្យអ្នកខ្លះចូលទៅក្នុងការសម្រាកនោះបាន ប៉ុន្ដែពួកអ្នកដែលឮដំណឹងល្អកាលពីមុនមិនបានចូលដោយព្រោះការមិនស្ដាប់បង្គាប់ 7 នោះព្រះអង្គក៏កំណត់ថ្ងៃមួយទៀតទុក គឺថ្ងៃនេះ ដោយបានមានបន្ទូលតាមរយៈស្ដេចដាវីឌជាយូរក្រោយមកទៀត ដូចដែលបានមានបន្ទូលកាលពីមុនថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងរបស់ព្រះអង្គ ចូរកុំមានចិត្តរឹងរូស»។ 8 ដ្បិតបើលោកយ៉ូស្វេឲ្យពួកគេបានសម្រាកមែន នោះព្រះអង្គមិនមានបន្ទូលអំពីថ្ងៃផ្សេងទៀតនៅពេលក្រោយឡើយ 9 ដូច្នេះហើយ នៅតែមានការសម្រាកទុកសម្រាប់រាស្ដ្ររបស់ព្រះអង្គ។ 10 ដ្បិតអ្នកណាដែលបានចូលទៅក្នុងការសម្រាករបស់ព្រះអង្គ អ្នកនោះក៏បានសម្រាកពីកិច្ចការទាំងឡាយរបស់ខ្លួន ដូចដែលព្រះជាម្ចាស់បានសម្រាកពីកិច្ចការរបស់ព្រះអង្គដែរ។ 11 ដូច្នេះ ចូរយើងខិតខំព្យាយាមឲ្យបានចូលទៅក្នុងការសម្រាកនោះ ដើម្បីកុំឲ្យមានអ្នកណាម្នាក់ដួលចុះ តាមគំរូមិនស្ដាប់បង្គាប់ដដែលនោះឡើយ។ 12 ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត មានអំណាច ហើយមុតជាងដាវមុខពីរដែលចាក់ទម្លុះរហូតដល់កាត់ព្រលឹង និងវិញ្ញាណ ព្រមទាំងសន្លាក់ឆ្អឹង និងខួរឆ្អឹងឲ្យដាច់ចេញពីគ្នា រួចវិនិច្ឆ័យទាំងគំនិត និងបំណងចិត្តទៀតផង។ 13 អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក គ្មានអ្វីអាចលាក់បាំងពីព្រះភក្ដ្រព្រះអង្គបានឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅទទេឥតបិតបាំងសោះឡើយនៅចំពោះព្រះនេត្ររបស់ព្រះអង្គ ដែលយើងត្រូវរាយរាប់ប្រាប់។ 14 ដូច្នេះ ដោយព្រោះយើងមានសម្ដេចសង្ឃដ៏ធំបំផុតដែលបានយាងកាត់ស្ថានសួគ៌ គឺព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ចូរយើងកាន់តាមជំនឿដែលយើងបានប្រកាសនោះឲ្យបានខ្ជាប់ខ្ជួនចុះ 15 ព្រោះសម្ដេចសង្ឃដែលយើងមាននោះ មិនមែនមិនចេះអាណិតអាសូរដល់ភាពទន់ខ្សោយរបស់យើងទេ ដ្បិតព្រះអង្គក៏ធ្លាប់ត្រូវល្បួងគ្រប់បែបយ៉ាងដូចយើងដែរ ប៉ុន្ដែព្រះអង្គគ្មានបាបឡើយ។ 16 ដូច្នេះ ចូរយើងចូលជិតបល្ល័ង្កនៃព្រះគុណដោយចិត្ដក្លាហាន ដើម្បីទទួលសេចក្ដីមេត្ដាករុណា និងទទួលបានព្រះគុណសម្រាប់ជាជំនួយនៅពេលត្រូវការ។ |
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.