១ ធីម៉ូថេ 6:1 - Khmer Christian Bible ចូរឲ្យអស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើចាត់ទុកចៅហ្វាយខ្លួនថាជាអ្នកដែលស័ក្ដិសមទទួលកិត្ដិយសគ្រប់បែបយ៉ាង ដើម្បីកុំឲ្យគេប្រមាថព្រះនាម និងសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ឡើយ។ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើ ត្រូវចាត់ទុកចៅហ្វាយរបស់ខ្លួនថាស័ក្ដិសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យព្រះនាមរបស់ព្រះ និងសេចក្ដីបង្រៀន ត្រូវបានប្រមាថឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្រាប់អស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើ ត្រូវគោរពចៅហ្វាយរបស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យគេប្រមាថដល់ព្រះនាមរបស់ព្រះ និងសេចក្ដីបង្រៀននេះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះបងប្អូនដែលជាទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យនរណាម្នាក់និយាយមួលបង្កាច់ព្រះនាមនៃព្រះជាម្ចាស់ និងមួលបង្កាច់សេចក្ដីបង្រៀនរបស់យើងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអស់អ្នកទាំងប៉ុន្មាន ដែលនៅក្រោមនឹមជាបាវបំរើគេ នោះត្រូវរាប់ចៅហ្វាយខ្លួន ទុកជាគួរនឹងគោរពប្រតិបត្តិគ្រប់យ៉ាងចុះ ដើម្បីកុំឲ្យគេប្រមាថដល់ព្រះនាមព្រះ នឹងសេចក្ដីបង្រៀននេះឡើយ អាល់គីតាប ចំពោះបងប្អូនដែលជាទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្ដិយសគ្រប់យ៉ាង ដើម្បីកុំឲ្យនរណាម្នាក់និយាយមួលបង្កាច់នាមនៃអុលឡោះ និងមួលបង្កាច់សេចក្ដីបង្រៀនរបស់យើងបានឡើយ។ |
ដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? អ្នកនាំព្រះបន្ទូលឬ? មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះវិសេសជាងអ្នកនាំព្រះបន្ទូលទៅទៀត
ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សថា៖ «សេចក្ដីដែលនាំឲ្យជំពប់ដួលត្រូវតែកើតមាន ប៉ុន្ដែវេទនាដល់អ្នកណាដែលនាំឲ្យមានសេចក្ដីជំពប់ដួល
ពួកគេឆ្លើយថា៖ «លោកកូនេលាសជានាយទាហាន ជាមនុស្សសុចរិត ជាអ្នកកោតខ្លាចព្រះជាម្ចាស់ និងមានកេរ្ដិ៍ឈ្មោះល្អនៅក្នុងចំណោមជនជាតិយូដាទាំងអស់ គាត់បានទទួលការបើកសំដែងពីទេវតាបរិសុទ្ធឲ្យមកអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់ព្រះបន្ទូលពីលោក»។
កាលទេវតាដែលបាននិយាយមកលោកកូនេលាសចេញផុតទៅ គាត់ក៏ហៅបាវបម្រើពីរនាក់ និងទាហានម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ពីក្នុងចំណោមពួកអ្នកចាំបម្រើគាត់ឲ្យមក។
ឥឡូវនេះ ចុះហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះជាម្ចាស់ដោយដាក់នឹមនៅករបស់ពួកសិស្សដូច្នេះ ដែលសូម្បីតែដូនតារបស់យើង និងខ្លួនយើងផ្ទាល់ក៏មិនអាចទ្រាំទ្របានផង?
ដូចមានសេចក្ដីចែងទុកស្រាប់គឺ «ព្រះនាមរបស់ព្រះជាម្ចាស់ត្រូវបានប្រមាថនៅក្នុងចំណោមជនជាតិនានា ដោយព្រោះអ្នករាល់គ្នា»។
សូមកុំឲ្យក្រុមជំនុំរបស់ព្រះជាម្ចាស់ជំពប់ដួលឡើយ ទាំងជនជាតិយូដា និងជនជាតិក្រេក
ព្រះគ្រិស្ដបានដោះយើងឲ្យរួច ដើម្បីឲ្យយើងមានសេរីភាព ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនចុះ ហើយកុំឲ្យជាប់នឹមនៃភាពជាបាវបម្រើទៀតឡើយ។
ដូច្នេះ ខ្ញុំចង់ឲ្យស្រ្ដីមេម៉ាយក្មេងៗរៀបការ បង្កើតកូន និងគ្រប់គ្រងផ្ទះសំបែងទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសនិយាយបង្ខូចបានឡើយ។
ឲ្យដឹងខុសត្រូវ បរិសុទ្ធ ធ្វើជាមេផ្ទះដ៏ល្អ ចុះចូលនឹងប្ដីរបស់ខ្លួន ដើម្បីកុំឲ្យអ្នកណាប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។
ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយមួលបង្កាច់អ្នករាល់គ្នាទុកដូចជាអ្នកប្រព្រឹត្ដអាក្រក់ក៏ដោយ។
ប៉ុន្ដែចូរឆ្លើយប្រាប់គេដោយទន់ភ្លន់ និងដោយគោរពកោតខ្លាច ហើយត្រូវមានមនសិការល្អ ដើម្បីឲ្យពួកអ្នកដែលនិយាយមួលបង្កាច់អ្នករាល់គ្នាត្រង់ចំណុចណាមួយនោះត្រូវអាម៉ាស់មុខ គឺពួកអ្នកដែលនិយាយបង្ខូចអំពីអាកប្បកិរិយាល្អរបស់អ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដ