ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ ក៏មានសេចក្ដីអរសប្បាយយ៉ាងដូច្នេះដែរ ចំពោះមនុស្សបាបម្នាក់ដែលបានប្រែចិត្ដ»។
១ ធីម៉ូថេ 1:16 - Khmer Christian Bible ប៉ុន្ដែព្រះអង្គអាណិតមេត្ដាដល់ខ្ញុំដូច្នេះ គឺដើម្បីឲ្យព្រះគ្រិស្ដយេស៊ូបង្ហាញសេចក្ដីអត់ធ្មត់ដ៏ពេញលេញរបស់ព្រះអង្គដល់ខ្ញុំ ដែលជាមនុស្សបាបបំផុត និងទុកជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ នេះជាហេតុដែលខ្ញុំបានទទួលសេចក្ដីមេត្តា គឺដើម្បីឲ្យព្រះគ្រីស្ទយេស៊ូវបានសម្ដែងការអត់ធ្មត់ដ៏ពេញលេញក្នុងខ្ញុំដែលជាមេនៃមនុស្សបាប ដើម្បីជាគំរូដល់អ្នកដែលរៀបនឹងជឿទុកចិត្តលើព្រះអង្គដើម្បីបានជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយហេតុនេះ ព្រះមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទ បានសម្តែងព្រះហឫទ័យអត់ធ្មត់របស់ព្រះអង្គក្នុងខ្ញុំ ដែលជាអ្នកលេខមួយនេះ ឲ្យខ្ញុំបានធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿដល់ព្រះអង្គ សម្រាប់ជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឲ្យព្រះគ្រិស្តយេស៊ូសម្តែងព្រះហឫទ័យអត់ធ្មត់គ្រប់ចំពូកដល់ខ្ញុំមុនគេ និងឲ្យខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គ ហើយទទួលជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយហេតុនោះបានជាទ្រង់អាណិតមេត្តាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទបានសំដែងចេញ គ្រប់ទាំងសេចក្ដីអត់ធន់របស់ទ្រង់ក្នុងខ្លួនខ្ញុំ ដែលជាអ្នកលេខ១នោះ ឲ្យខ្ញុំបានធ្វើជាក្បួនដល់ពួកអ្នក ដែលនឹងជឿដល់ទ្រង់ ប្រយោជន៍ឲ្យគេបានជីវិតអស់កល្បជានិច្ច អាល់គីតាប អុលឡោះមេត្ដាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឲ្យអាល់ម៉ាហ្សៀសអ៊ីសាសំដែងចិត្តអត់ធ្មត់គ្រប់ជំពូក ដល់ខ្ញុំមុនគេ និងឲ្យខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើគាត់ ហើយទទួលជីវិតអស់កល្បជានិច្ច។ |
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ ក៏មានសេចក្ដីអរសប្បាយយ៉ាងដូច្នេះដែរ ចំពោះមនុស្សបាបម្នាក់ដែលបានប្រែចិត្ដ»។
ព្រះអង្គមានបន្ទូលទៅគាត់វិញថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះអ្នកនឹងនៅស្ថានសួគ៌ជាមួយខ្ញុំ»។
ហេតុនេះខ្ញុំប្រាប់អ្នកថា នាងមានសេចក្ដីស្រឡាញ់ច្រើន ព្រោះនាងបានទទួលការលើកលែងទោសបាបជាច្រើនរបស់នាងហើយ ប៉ុន្ដែចំពោះអ្នកណាដែលមានសេចក្ដីស្រឡាញ់តិចនោះ ព្រោះបានទទួលការលើកលែងទោសតិចដែរ»។
ប៉ុន្ដែសេចក្ដីទាំងនេះបានចែងទុកមក ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូជាព្រះគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ និងដើម្បីឲ្យអ្នករាល់គ្នាមានជីវិតក្នុងព្រះនាមរបស់ព្រះអង្គដោយសារជំនឿនោះ។
ដូច្នេះអ្នកណាជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច ប៉ុន្ដែអ្នកណាមិនស្ដាប់បង្គាប់ព្រះរាជបុត្រា អ្នកនោះនឹងមិនបានទទួលជីវិតទេ ផ្ទុយទៅវិញ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នៅជាប់នឹងអ្នកនោះ»។
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាស្តាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច មិនជាប់សេចក្ដីជំនុំជម្រះទេ គឺត្រូវបានចម្លងឲ្យផុតពីសេចក្តីស្លាប់ទៅឯជីវិតវិញ។
អស់អ្នកដែលព្រះវរបិតាប្រទានឲ្យខ្ញុំ នឹងមកឯខ្ញុំ ហើយអស់អ្នកដែលមកឯខ្ញុំ ខ្ញុំនឹងមិនបោះបង់ចោលឡើយ
ដ្បិតនេះហើយជាបំណងរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រាហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច រីឯខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ»។
អ្នកណាបរិភោគសាច់ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ
ហើយដោយសារព្រះអង្គ អស់អ្នកដែលជឿក៏បានរាប់ជាសុចរិតពីគ្រប់ការទាំងអស់ ដែលតាមគម្ពីរវិន័យរបស់លោកម៉ូសេអ្នករាល់គ្នាមិនអាចត្រូវរាប់ជាសុចរិតបានឡើយ។
ដ្បិតសេចក្ដីទាំងឡាយដែលបានចែងទុកកាលពីមុន គឺបានចែងទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសង្ឃឹមតាមរយៈការស៊ូទ្រាំ និងតាមរយៈការលើកទឹកចិត្ដពីបទគម្ពីរ។
ដ្បិតឈ្នួលរបស់បាបជាសេចក្ដីស្លាប់ តែអំណោយទានរបស់ព្រះជាម្ចាស់ ជាជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។
រីឯមនុស្សមិនទាន់រៀបការ ខ្ញុំគ្មានសេចក្ដីបង្គាប់មកពីព្រះអម្ចាស់ទេ ប៉ុន្ដែខ្ញុំជូនគំនិតក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារព្រះអម្ចាស់មេត្តា
ហេតុនេះ ដោយសារយើងបានទទួលសេចក្ដីមេត្ដាករុណា ទើបយើងមានមុខងារបម្រើនេះ យើងមិនរសាយចិត្ដទេ
ដើម្បីឲ្យយើងដែលជាអ្នកមានសង្ឃឹមនៅក្នុងព្រះគ្រិស្ដមុនគេបានសរសើរសិរីរុងរឿងរបស់ព្រះអង្គ។
សម្រាប់ការសរសើរសិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានសព្វព្រះហឫទ័យចំពោះយើងនៅក្នុងព្រះមួយអង្គដ៏ជាទីស្រឡាញ់
ដើម្បីឲ្យព្រះអង្គបង្ហាញជំនាន់ខាងមុខឲ្យឃើញពីព្រះគុណដ៏បរិបូរលើសលប់របស់ព្រះអង្គ ដែលបានប្រទានដល់យើងដោយសេចក្ដីសប្បុរសក្នុងព្រះគ្រិស្ដយេស៊ូ
នៅពេលដែលព្រះអង្គយាងមក ដើម្បីទទួលការលើកតម្កើងនៅក្នុងចំណោមពួកបរិសុទ្ធ និងដើម្បីទទួលការស្ងើចសរសើរនៅក្នុងចំណោមពួកអ្នកជឿទាំងអស់នៅថ្ងៃនោះ ព្រោះអ្នករាល់គ្នាបានជឿសេចក្ដីបន្ទាល់របស់យើងហើយ។
ទោះបីកាលពីដើម ខ្ញុំជាអ្នកប្រមាថព្រះជាម្ចាស់ ជាអ្នកបៀតបៀន ហើយជាមនុស្សព្រហើនក៏ដោយ ក៏ព្រះអង្គបានអាណិតមេត្ដាដល់ខ្ញុំដែរ ព្រោះខ្ញុំបានប្រព្រឹត្ដដោយមិនយល់ និងដោយគ្មានជំនឿ។
ហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះអស់អ្នកដែលចូលទៅជិតព្រះជាម្ចាស់តាមរយៈព្រះអង្គបានជាដរាប ព្រោះព្រះអង្គមានព្រះជន្មរស់ជានិច្ច ដើម្បីជួយទូលអង្វរជំនួសពួកគេ។
គឺជាពួកអ្នកមិនស្ដាប់បង្គាប់កាលពីដើម នៅពេលដែលព្រះជាម្ចាស់បានរង់ចាំដោយអត់ធ្មត់នៅជំនាន់លោកណូអេ ពេលដែលទូកធំកំពុងសាងសង់ ហើយនៅក្នុងទូកធំមានមនុស្សបន្ដិចបន្ដួចប៉ុណ្ណោះ គឺមានមនុស្សប្រាំបីនាក់ ដែលបានរួចជីវិតដោយសារទឹក។
ហើយចូរយល់ថាសេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើងជាសេចក្ដីសង្គ្រោះ ដូចដែលលោកប៉ូលជាបងប្អូនជាទីស្រឡាញ់របស់យើង បានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញា ដែលព្រះជាម្ចាស់បានប្រទានឲ្យគាត់
ព្រះអម្ចាស់មិនយឺតនឹងធ្វើតាមសេចក្ដីសន្យារបស់ព្រះអង្គ ដូចជាអ្នកខ្លះគិតថាយឺតនោះទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា មិនចង់ឲ្យអ្នកណាម្នាក់ត្រូវវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្ដវិញ