២ ពង្សាវតារក្សត្រ 20:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ម្រដាក់-បាឡាដានជាបុត្របាឡាដាន ស្តេចស្រុកបាប៊ីឡូន បានផ្ញើសំបុត្រ និងតង្វាយមកថ្វាយស្ដេចហេសេគា ដោយព្រោះទ្រង់ឮថា ស្ដេចហេសេគាប្រឈួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាដដែលនោះ ស្ដេចស្រុកបាប៊ីឡូន គឺព្រះចៅម្រដាក់-បាឡាដាន ជាបុត្ររបស់ព្រះចៅបាឡាដាន បានផ្ញើរាជសារ និងតង្វាយមកថ្វាយព្រះបាទហេសេគា ដ្បិតស្ដេចជ្រាបដំណឹងថា ព្រះបាទហេសេគាទ្រង់ប្រឈួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ម្រដាក់-បាឡាដាន ជាបុត្របាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ នឹងដង្វាយ មកថ្វាយហេសេគា ដោយព្រោះទ្រង់ឮថា ហេសេគាបានប្រឈួន អាល់គីតាប នៅគ្រាដដែលនោះស្តេចស្រុកបាប៊ីឡូន គឺស្តេចម្រដាក់-បាឡាដានជាបុត្ររបស់ស្តេចបាឡាដាន បានផ្ញើសារ និងទ្រព្យមកជូនស្តេចហេសេគា ដ្បិតស្តេចជ្រាបដំណឹងថា ស្តេចហេសេគាមានជំងឺ។ |
ហេតុនេះហើយបានជាគេហៅឈ្មោះក្រុងនោះថា "បាបិល" ព្រោះនៅទីនោះ ព្រះយេហូវ៉ាបានបំភាន់ភាសារបស់មនុស្សទាំងអស់ ហើយធ្វើឲ្យគេបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដី។
ព្រះបាទដាវីឌព្រះតម្រិះថា៖ «យើងនឹងសម្ដែងសេចក្ដីសប្បុរសចំពោះហានូន កូនណាហាស ដូចបិតាលោកបានសម្ដែងដល់យើងដែរ»។ ដូច្នេះ ព្រះបាទដាវីឌបានចាត់ពួករាជទូត ឲ្យទៅជួយកម្សាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌក៏ចូលទៅក្នុងស្រុកនៃពួកកូនចៅអាំម៉ូន។
នោះក៏ចាត់យ៉ូរ៉ាមជាបុត្រា ឲ្យទៅជួបព្រះបាទដាវីឌ ដើម្បីទូលសួរពីសុខទុក្ខ និងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ និងលង្ហិនមកថ្វាយដែរ
ប៉ុន្តែ ព្រះបាទហេសេគាមិនបានសងព្រះគុណតាមដែលព្រះបានប្រោសដល់ទ្រង់នោះទេ ដ្បិតទ្រង់មានព្រះហឫទ័យអំនួត បានជាមានសេចក្ដីក្រោធមកគ្របលើទ្រង់ និងពួកយូដា ហើយពួកក្រុងយេរូសាឡិមវិញ។
ប៉ុន្តែ ក្នុងការដែលរាជទូតនៃស្តេចបាប៊ីឡូន បានមកស៊ើបសួរទ្រង់ ពីការអស្ចារ្យដែលកើតឡើងក្នុងស្រុក ព្រះបានទុកទ្រង់ចោល ដើម្បីនឹងល្បងលទ្រង់ ឲ្យបានជ្រាបគ្រប់ទាំងគំនិត ដែលមាននៅក្នុងព្រះហឫទ័យទ្រង់។
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ដែលហោរាអេសាយ ជាកូនអ័ម៉ូស បានឃើញពីស្រុកបាប៊ីឡូន។
នោះក្រុងបាប៊ីឡូនដែលជាសិរីល្អនៃអស់ទាំងនគរ ហើយជាទីលម្អនៃសេចក្ដីអំនួតរបស់សាសន៍ខាល់ដេ នឹងត្រូវដូចជាកាលព្រះបានរំលាងក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។
អ្នកនឹងពោលពាក្យចំអកនេះ ដាក់ស្តេចក្រុងបាប៊ីឡូនថា៖ ពួកសង្កត់សង្កិនបានឈប់ទ្រឹងយ៉ាងណាហ្ន៎ ទីក្រុងមាសបានរលត់ផុតយ៉ាងណាហ្ន៎!