២ ពង្សាវតារក្សត្រ 20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ស្តេចហេសេគាប្រឈួន 1 នៅគ្រានោះ ស្ដេចហេសេគាប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ ទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ"»។ 2 ពេលនោះ ទ្រង់បែរព្រះភក្ត្រទៅជញ្ជាំង អធិស្ឋានដល់ព្រះយេហូវ៉ាថា៖ 3 «ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើល្អ នៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចស្ដេចហេសេគាព្រះកន្សែងជាខ្លាំង។ 4 នៅពេលលោកអេសាយចេញទៅ មិនទាន់ដល់ទីធ្លាកណ្ដាលនៅឡើយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាក៏មកដល់លោកថា៖ 5 «ចូរត្រឡប់ទៅទូលដល់ហេសេគា ជាមេលើប្រជារាស្ត្ររបស់យើងថា "ព្រះយេហូវ៉ា ជាព្រះរបស់ដាវីឌបុព្វបុរសឯង ព្រះអង្គមានព្រះបន្ទូលដូច្នេះ យើងបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែករបស់ឯងហើយ យើងនឹងប្រោសឲ្យឯងបានជា ដល់ថ្ងៃទីបី ឯងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន។ 6 យើងនឹងចម្រើនអាយុឯងឡើងដប់ប្រាំឆ្នាំទៀត ហើយដោះឯង និងទីក្រុងនេះ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្តេចអាសស៊ើរ ព្រមទាំងការពារទីក្រុងនេះ រក្សាទុកសម្រាប់យើង គឺដោយយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើង"»។ 7 ហោរាអេសាយបានទូលថា៖ «សូមយកផ្លែល្វាមួយផែនមកបិទលើបូសនោះ នោះទ្រង់នឹងបានជា»។ 8 ស្ដេចហេសេគាមានរាជឱអង្ការសួរលោកអេសាយថា៖ «តើមានទីសម្គាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៅថ្ងៃទីបីបាន?» 9 ហោរាអេសាយទូលតបថា៖ «នេះជាទីសម្គាល់ពីព្រះយេហូវ៉ា ឲ្យទ្រង់បានជ្រាបថា ព្រះយេហូវ៉ានឹងសម្រេចតាមសេចក្ដីដែលមានព្រះបន្ទូលហើយ តើទ្រង់សព្វព្រះហឫទ័យឲ្យស្រមោលធ្លាក់ទៅមុខដប់កាំ ឬថយក្រោយដប់កាំ?» 10 ស្ដេចហេសេគាមានរាជឱង្ការឆ្លើយថា៖ «ដែលស្រមោលជ្រេទៅមុខដប់កាំនោះងាយទេ ដូច្នេះ សូមឲ្យបានថយមកក្រោយដប់កាំវិញ»។ 11 ដូច្នេះ ហោរាអេសាយលោកអំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់ក៏ធ្វើឲ្យស្រមោលដែលបានជ្រេទៅ នៅនាឡិកាថ្ងៃរបស់ស្តេចអ័ហាស បានថយមកក្រោយវិញដប់កាំ។ ស្តេចហេសេគាទទួលទូតរបស់ស្រុកបាប៊ីឡូន 12 នៅគ្រានោះ ម្រដាក់-បាឡាដានជាបុត្របាឡាដាន ស្តេចស្រុកបាប៊ីឡូន បានផ្ញើសំបុត្រ និងតង្វាយមកថ្វាយស្ដេចហេសេគា ដោយព្រោះទ្រង់ឮថា ស្ដេចហេសេគាប្រឈួន។ 13 ស្ដេចហេសេគាបានទទួលពួកគេ គឺទ្រង់បង្ហាញឃ្លាំងរបស់ព្រះរាជទ្រព្យទាំងប៉ុន្មាន គឺមានមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំង គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចរបស់ទ្រង់ទាំងអស់ដែលស្ដេចហេសេគាមិនបានបង្ហាញដល់គេនោះឡើយ។ 14 នោះហោរាអេសាយ លោកមកគាល់ស្តេចហេសេគា ទូលសួរថា៖ «អ្នកទាំងនោះបាននិយាយអ្វីខ្លះ ហើយមកពីណាដែលមកគាល់ទ្រង់ដូច្នេះ»។ ស្ដេចហេសេគាតបថា៖ «គេមកពីប្រទេសឆ្ងាយណាស់ គឺពីស្រុកបាប៊ីឡូន»។ 15 រួចលោកទូលសួរទៀតថា៖ «គេបានឃើញអ្វីខ្លះនៅក្នុងព្រះរាជវាំង?»។ ស្ដេចហេសេគាឆ្លើយថា៖ «គេបានឃើញរបស់ទាំងអស់ ដែលនៅក្នុងដំណាក់យើង ហើយក្នុងព្រះរាជទ្រព្យយើងទាំងអម្បាលម៉ាន គ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយ»។ 16 ពេលនោះ ហោរាអេសាយទូលស្ដេចហេសេគាថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសិន 17 នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យដែលនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលបុព្វបុរសរបស់ទ្រង់បានសន្សំទុក រហូតដល់សព្វថ្ងៃនេះ នាំទៅក្រុងបាប៊ីឡូន ឥតទុកឲ្យមានអ្វីសល់នៅឡើយ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ 18 ឯពួកបុត្រារបស់ទ្រង់ទាំងប៉ុន្មាន ក៏នឹងត្រូវគេនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់របស់ស្តេចស្រុកបាប៊ីឡូន»។ 19 ព្រះបាទហេសេគាមានរាជឱង្ការទៅលោកអេសាយថា៖ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលបានថានោះជាល្អហើយ» រួចមានរាជឱអង្ការទៀតថា៖ «បើមានសេចក្ដីសុខសាន្ត និងសេចក្ដីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ?» ស្ដេចហេសេគាសុគត 20 រីឯកិច្ចការផ្សេងទៀតរបស់ស្ដេចហេសេគា និងពីអំណាចរបស់ទ្រង់ទាំងប៉ុន្មាន ដែលទ្រង់បានធ្វើស្រះទឹក និងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ។ 21 ព្រះបាទហេសេគាបានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ រួចម៉ាណាសេ ជាបុត្រា បានឡើងសោយរាជ្យជំនួសបិតា។ |
© 2016 United Bible Societies
Bible Society in Cambodia