១ សាំយូអែល 15:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលមានរាជឱង្ការទៅសាសន៍កែនថា៖ «ចូរអ្នករាល់គ្នាថយចេញពីកណ្ដាលពួកអាម៉ាឡេកទៅ ក្រែងត្រូវស្លាប់ជាមួយគេដែរ ដ្បិតអ្នករាល់គ្នាបានសម្ដែងសេចក្ដីសប្បុរស ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក្នុងកាលដែលគេឡើងចេញពីស្រុកអេស៊ីព្ទមក»។ ដូច្នេះ ពួកសាសន៍កែនក៏ថយចេញពីកណ្ដាលពួកអាម៉ាឡេកទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការទៅជនជាតិកែនថា៖ «ចូរដកខ្លួនថយចេញពីពួកអាម៉ាឡេក ហើយរត់ចេញពីចំណោមពួកគេទៅ ក្រែងលោយើងសម្លាប់អ្នករាល់គ្នាជាមួយពួកគេដែរ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែល ដោយចិត្តសប្បុរស កាលពួកគេចាកចេញពីស្រុកអេស៊ីប»។ ដូច្នេះ ជនជាតិកែនចាកចេញពីចំណោមជនជាតិអាម៉ាឡេក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រាប់ដល់ពួកសាសន៍កែនថា ចូរអ្នករាល់គ្នាថយចុះចេញពីកណ្តាលពួកអាម៉ាលេកទៅ ក្រែងត្រូវស្លាប់ជាមួយនឹងគេដែរ ដ្បិតអ្នករាល់គ្នាបានសំដែងសេចក្ដីសប្បុរស ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក្នុងកាលដែលគេឡើងចេញពីស្រុកអេស៊ីព្ទមក នោះពួកសាសន៍កែនក៏ថយចេញពីកណ្តាលពួកអាម៉ាលេកទៅ អាល់គីតាប បន្ទាប់មកស្តេចសូលបានបញ្ជាទៅជនជាតិកែនថា៖ «ចូរដកខ្លួនថយចេញពីពួកអាម៉ាឡេក ហើយរត់ចេញពីចំណោមពួកគេទៅ ក្រែងលោយើងសម្លាប់អ្នករាល់គ្នា ជាមួយពួកគេដែរ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រអែលដោយចិត្តសប្បុរស កាលពួកគេចាកចេញពីស្រុកអេស៊ីប»។ ដូច្នេះ ជនជាតិកែនចាកចេញពីចំណោមជនជាតិអាម៉ាឡេក។ |
ព្រះអង្គមិនគួរប្រព្រឹត្តដូច្នោះទេ សូមកុំប្រហារមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឡើយ យ៉ាងនោះឈ្មោះថា មនុស្សសុចរិតក៏ដូចជាមនុស្សអាក្រក់ដែរ សូមព្រះអង្គកុំធ្វើដូច្នោះឡើយ! ព្រះដ៏ជាចៅក្រមនៃផែនដីទាំងមូល តើព្រះអង្គនឹងមិនប្រព្រឹត្តដោយយុត្តិធម៌ទេឬ?»
ព្រមទាំងគ្រួពួកស្មៀនទាំងប៉ុន្មាន ដែលនៅក្រុងយ៉ាបេស គឺពួកធីរ៉ាត ពួកស៊ីមាត និងពួកស៊ូកាត នេះសុទ្ធតែជាពួកកែនដែលកើតពីហាម៉ាត ជាឪពុកនៃជំនួរវង្សរបស់រេកាប។
ឥឡូវនេះ ចូរស្តាប់ពុកសិន ពុកនឹងទូន្មានកូន ក៏សូមឲ្យព្រះគង់ជាមួយកូនផង! កូនត្រូវធ្វើជាតំណាងឲ្យប្រជាជននៅចំពោះព្រះ ហើយយករឿងរបស់គេទៅទូលថ្វាយព្រះ
ចូរលះចោលសេចក្ដីល្ងង់ខ្លៅ ចេញនោះនឹងបានរស់នៅ រួចដើរក្នុងផ្លូវនៃការចេះដឹងវិញចុះ»។
កាលប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជុំវិញឮសម្រែករបស់អ្នកទាំងនោះ គេក៏នាំគ្នារត់ចេញ ដោយពោលថា៖ «ក្រែងដីស្រូបយើងទៅដែរ»។
លោកបានធ្វើបន្ទាល់ដោយពាក្យជាច្រើន ហើយបានបន្ដដាស់តឿនពួកគេទៀតថា៖ «សូមអ្នករាល់គ្នាសង្គ្រោះខ្លួនចេញពីតំណមនុស្សវៀចនេះទៅ»។
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា
សូមព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាករុណា ដល់គ្រួសាររបស់លោកអូនេសិភ័រ ដ្បិតគាត់បានធ្វើឲ្យចិត្តខ្ញុំធូរស្បើយជាញឹកញាប់ ក៏មិនខ្មាសដោយសារចំណងរបស់ខ្ញុំដែរ
ពួកឈ្មួញពោលទៅក្រុងនោះថា៖ «អស់ទាំងផលផ្លែ ដែលចិត្តអ្នកប្រាថ្នាចង់បាននោះ បានចេញពីអ្នកហើយ ឯអស់ទាំងរបស់មានតម្លៃ និងរបស់ដ៏រុងរឿងទាំងប៉ុន្មានរបស់អ្នក ត្រូវបាត់បង់អស់ រកមិនឃើញទៀតឡើយ!»។
ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ បានចាកចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅតំបន់ណេកិប ជិតស្រុកអើរ៉ាត ជាមួយពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយពួកអ្នកស្រុកនោះ។
រីឯហេប៊ើរជាសាសន៍កែន បានបែកចេញពីពួកសាសន៍កែន គេជាកូនចៅរបស់ហូបាប់ ឪពុកក្មេករបស់លោកម៉ូសេ។ គាត់បានមកបោះជំរំក្បែរដើមម៉ៃសាក់ នៅស្អាណានីម ដែលនៅជិតកេដេស។
នាងយ៉ាអែលជាប្រពន្ធហេប៊ើរ សាសន៍កែន នាងមានពរលើសជាងអស់ទាំងស្ត្រី គឺនាងមានពរលើសជាងអស់ទាំងស្ត្រីដែលនៅក្នុងត្រសាល។
ពេលព្រះបាទអ័គីសសួរថា៖ «តើអ្នកបានវាយលុកចូលស្រុកណាខ្លះនៅថ្ងៃនេះ?» ដាវីឌតែងតែទូលថា៖ «បានទៅតំបន់ណេកិប ស្រុកយូដា» ឬ «តំបន់ណេកិបរបស់ពួកយេរ៉ាម្អែល» ឬក៏ «តំបន់ណេកិបរបស់ពួកកែន»។