អេសេគាល 28:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាល ស៊ីដូនអើយ យើងទាស់នឹងអ្នក ហើយយើងនឹងបានតម្កើងឡើងនៅកណ្ដាលអ្នក នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានសម្រេច សេចក្ដីយុត្តិធម៌ដល់វា ហើយបានញែកជាបរិសុទ្ធនៅក្នុងវាដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវពោលថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ក្រុងស៊ីដូនអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងទទួលសិរីរុងរឿងនៅក្នុងអ្នក។ ពេលណាយើងសម្រេចការវិនិច្ឆ័យទោសក្រុងនេះហើយ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ ហើយយើងនឹងសម្តែងឲ្យអ្នកក្រុងនេះឃើញថា យើងជាព្រះដ៏វិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះម្នាល ស៊ីដូនអើយ អញទាស់នឹងឯង ហើយអញនឹងបានដំកើងឡើងនៅកណ្តាលឯង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានសំរេចសេចក្ដីយុត្តិធម៌ដល់វា ហើយបានញែកជាបរិសុទ្ធ នៅក្នុងវាដែរ អាល់គីតាប ត្រូវពោលថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ក្រុងស៊ីដូនអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងទទួលសិរីរុងរឿងនៅក្នុងអ្នក។ ពេលណាយើងសម្រេចការវិនិច្ឆ័យទោសក្រុងនេះហើយ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា ហើយយើងនឹងសំដែងឲ្យអ្នកក្រុងនេះឃើញថា យើងជាម្ចាស់ដ៏វិសុទ្ធ។ |
ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់
យើងនឹងធ្វើឲ្យសាសន៍អេស៊ីព្ទមានចិត្តរឹងទទឹង ឲ្យគេចូលតាមក្រោយអ្នករាល់គ្នា ដូច្នេះ យើងនឹងបានកិត្តិសព្ទដោយបំបាក់ផារ៉ោន កងទ័ពរបស់ស្ដេចទាំងអស់ រទេះចម្បាំង និងពួកពលសេះរបស់ស្ដេចផង។
ពេលនោះ សាសន៍អេស៊ីព្ទនឹងដឹងថា យើងជាព្រះយេហូវ៉ា នៅពេលយើងបានកិត្តិសព្ទដោយបំបាក់ផារ៉ោន រទេះចម្បាំង និងពួកពលសេះរបស់ស្ដេច»។
យើងនឹងធ្វើឲ្យផារ៉ោនមានចិត្តរឹងទទឹង ហើយដេញតាមគេ តែយើងនឹងបានកិត្តិសព្ទដោយសារបំបាក់ផារ៉ោន និងកងទ័ពទាំងប៉ុន្មានរបស់ស្ដេច នោះសាសន៍អេស៊ីព្ទនឹងដឹងថា យើងជាព្រះយេហូវ៉ា»។ គេក៏ធ្វើដូច្នោះ។
លោកស្រីម៉ារាមក៏ច្រៀងឆ្លើយនឹងគេថា៖ «ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានបោះទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ»។
ប៉ុន្តែ យើងបានទុកឲ្យអ្នកនៅរស់ ដើម្បីឲ្យអ្នកបានឃើញឫទ្ធិបារមីរបស់យើង ហើយឲ្យកេរ្តិ៍ឈ្មោះរបស់យើងឮសុះសាយពាសពេញផែនដី។
ឱក្រុងស៊ីដូនអើយ ចូរមានសេចក្ដីខ្មាសចុះ ដ្បិតសមុទ្របានពោលហើយ គឺទីមាំមួននៃសមុទ្របានថា យើងមិនបានឈឺចាប់ ឬសម្រាលកូនឡើយ ក៏មិនបានចិញ្ចឹមមនុស្សកំលោះ ឬស្រីក្រមុំដែរ
ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមព្រះអង្គជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់គេផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះអង្គជាព្រះយេហូវ៉ា គឺព្រះអង្គតែមួយអង្គទេ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ អ្នកដែលអាស្រ័យនៅច្រកភ្នំ ជាថ្មដានៅវាលអើយ យើងទាស់នឹងអ្នកហើយ អ្នកអួតថា តើអ្នកណានឹងចុះមកទាស់នឹងយើង ឬអ្នកណានឹងចូលមកក្នុងទីលំនៅរបស់យើងបាន?
ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ «នែ៎ អ្នកឆ្មើងឆ្មៃយ៉ាងខ្លាំងអើយ យើងទាស់នឹងអ្នក ដ្បិតថ្ងៃកំណត់របស់អ្នកបានមកដល់ហើយ គឺជាវេលាដែលយើងនឹងធ្វើទោសដល់អ្នក។
យើងនឹងទទួលអ្នករាល់គ្នា ទុកដូចជាក្លិនក្រអូប ក្នុងកាលដែលយើងបាននាំអ្នកចេញពីពួកសាសន៍ដទៃ ហើយប្រមូលអ្នកពីអស់ទាំងស្រុកដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ យើងនឹងបានបរិសុទ្ធក្នុងពួកអ្នករាល់គ្នា នៅចំពោះភ្នែកអស់ទាំងសាសន៍ដទៃ។
ហើយប្រាប់ដល់ស្រុកអ៊ីស្រាអែលថា: ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងទាស់ទទឹងនឹងអ្នក យើងនឹងហូតដាវរបស់យើងចេញពីស្រោម ហើយកាត់ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតចេញពីអ្នកផង។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា មានព្រះបន្ទូលដូច្នេះថា ម្នាលទីរ៉ុសអើយ យើងទាស់នឹងអ្នក យើងនឹងបណ្ដាលឲ្យ សាសន៍ជាច្រើនឡើងមកទាស់នឹងអ្នក ដូចជាសមុទ្រកម្រើករលកឡើងដែរ
ដូច្នេះ មើល៍ យើងទាស់នឹងអ្នក ហើយទាស់នឹងទន្លេទាំងប៉ុន្មានរបស់អ្នក យើងនឹងធ្វើឲ្យស្រុកអេស៊ីព្ទទៅជាទីខូចបង់អស់រលីង ហើយចោលស្ងាត់ ចាប់តាំងពីប៉មស៊ីយេនរហូតដល់ព្រំប្រទល់ស្រុកអេធីយ៉ូពី ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ជាសត្វសម្បើមដែលដេក នៅកណ្ដាលទន្លេរបស់ខ្លួនអើយ យើងទាស់នឹងអ្នក ដ្បិតអ្នកថា ទន្លេនេះជារបស់យើង យើងបានបង្កើតសម្រាប់តែខ្លួនយើង។
គឺយ៉ាងនោះដែលយើងនឹងសម្រេច សេចក្ដីយុត្តិធម៌ដល់ស្រុកអេស៊ីព្ទ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
យើងនឹងញែកឈ្មោះដ៏ធំរបស់យើង ដែលត្រូវបង្អាប់នៅកណ្ដាលអស់ទាំងសាសន៍ ដែលអ្នករាល់គ្នាបានបង្អាប់នៅក្នុងពួកគេ ជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានញែកជាបរិសុទ្ធក្នុងពួកអ្នក នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
អ្នកនឹងឡើងមកទាស់នឹងអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ដូចជាពពកដែលគ្របស្រុក គឺនៅគ្រាចុងក្រោយបំផុត យើងនឹងនាំអ្នកមកទាស់នឹងស្រុកយើង ដើម្បីឲ្យអស់ទាំងសាសន៍បានស្គាល់យើង ឱសាសន៍កុកអើយ គឺក្នុងកាលដែលយើងបានតាំងជាបរិសុទ្ធ នៅក្នុងអ្នកចំពោះភ្នែកគេ»។
យើងនឹងតម្កើងខ្លួនយើង ហើយតាំងខ្លួនយើងជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើនស្គាល់យើងនៅនឹងមុខ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាលអើយ យើងទាស់នឹងអ្នក
អើ មនុស្សទាំងអស់នៅស្រុកនោះនឹងធ្វើការបញ្ចុះសពគេ ហើយការនោះនឹងបានជាល្បីដល់គេ ក្នុងថ្ងៃដែលយើងបានតម្កើងឡើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា គឺយើងនេះហើយ បានទាស់នឹងអ្នក យើងនឹងសម្រេចសេចក្ដីយុត្តិធម៌ នៅកណ្ដាលអ្នក ឲ្យសាសន៍ដទៃបានឃើញដែរ។
លោកម៉ូសេក៏និយាយទៅលោកអើរ៉ុនថា៖ «នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកថា "ត្រូវឲ្យអស់អ្នកដែលចូលមកជិតយើង បានលើកយើងជាបរិសុទ្ធ ហើយត្រូវឲ្យយើងបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ"» ដូច្នេះ លោកអើរ៉ុនក៏នៅស្ងៀម។
តើមានអ្នកណាអាចនឹងឈរនៅមុខ សេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបាន? តើអ្នកណានឹងធន់នៅបានក្នុងពេលដែល សេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះអង្គឆួលឡើង? ឯសេចក្ដីក្រោធរបស់ព្រះអង្គក៏ចាក់ចេញដូចជាភ្លើង ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកខ្ចាយ ដោយសារព្រះអង្គ។
មើល៍! យើងទាស់នឹងឯង យើងនឹងដុតអស់ទាំងរទេះចម្បាំងរបស់ឯង ឲ្យទៅជាផេះ ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង យើងនឹងបំបាត់ការចាប់រំពារបស់ឯងពីផែនដី ហើយសំឡេងរបស់ពួកទូតឯង នឹងឥតមានអ្នកណាឮទៀតឡើយ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នែ៎ យើងទាស់នឹងឯង យើងនឹងសើយសំពត់ឯងឡើងគ្របមុខឯង ហើយនឹងបង្ហាញឲ្យពួកសាសន៍ទាំងប៉ុន្មាន ឃើញកាយអាក្រាត និងឲ្យអស់ទាំងនគរ ឃើញកេរខ្មាសរបស់ឯង។