អេសេគាល 13:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ាងនោះដែលយើងនឹងរំលំកំផែងដែលអ្នករាល់គ្នាបានបូកបាយអនោះ យើងនឹងរលំចុះដល់ដី គ្រឹះត្រូវរលើងឡើង កំផែងនោះនឹងរំលំចុះ ហើយអ្នករាល់គ្នានឹងត្រូវវិនាសនៅក្នុងនោះដែរ ពេលនោះ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងកម្ទេចជញ្ជាំងដែលអ្នករាល់គ្នាបូកបាយអពីលើ យើងនឹងធ្វើឲ្យជញ្ជាំងនោះរលំដល់ដី គ្រឹះរបស់វានឹងរលើង ហើយជញ្ជាំងរលំសង្កត់លើអ្នករាល់គ្នា។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះដែលអញនឹងរំលំកំផែង ដែលឯងរាល់គ្នាបានបូកដោយល្បាប់នោះ អញនឹងរលំចុះដល់ដី ឲ្យឫសបានបើកឲ្យឃើញ កំផែងនោះនឹងរំលំចុះ ហើយឯងរាល់គ្នានឹងសាបសូន្យទៅ នៅកណ្តាលនោះផង ដូច្នេះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត អាល់គីតាប យើងនឹងកំទេចជញ្ជាំងដែលអ្នករាល់គ្នាបូកបាយអពីលើ យើងនឹងធ្វើឲ្យជញ្ជាំងនោះរលំដល់ដី គ្រឹះរបស់វានឹងរលើង ហើយជញ្ជាំងរលំសង្កត់លើអ្នករាល់គ្នា។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ |
មានពេលសម្រាប់សម្លាប់ ពេលសម្រាប់មើលឲ្យជា មានពេលសម្រាប់រំលំរំលាយ និងពេលសង់ឡើង
យើងនឹងយកសេចក្ដីយុត្តិធម៌ធ្វើជាខ្សែបន្ទាត់ ហើយសេចក្ដីសុចរិតជាខ្សែប្រយោល រួចព្យុះព្រឹលនឹងបោសរំលីងទីជ្រកនៃសេចក្ដីភូតភរទៅ ហើយទឹកនឹងជន់ឡើងលិចទីពួនអស់។
បានជាអំពើទុច្ចរិតនេះ នឹងបានដូចជាកំផែងបាក់បែក ដែលហៀបនឹងរលំដល់អ្នករាល់គ្នា ជាកន្លែងទ្រេតក្នុងកំផែងយ៉ាងខ្ពស់ ស្រាប់តែបាក់ចុះមកភ្លាមមួយរំពេច។
ដូច្នេះ ឯពួកហោរាដែលថ្លែងទំនាយដោយនូវឈ្មោះយើង ដោយយើងមិនបានចាត់ប្រើឡើយ ជាអ្នកដែលថាដាវ និងអំណត់មិនមកក្នុងស្រុកនេះទេ នោះព្រះយេហូវ៉ាមានព្រះបន្ទូលពីពួកហោរានោះថា៖ គេនឹងត្រូវវិនាស ដោយសារដាវ និងអំណត់នោះឯង
ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលពីដំណើរពួកហោរាដូច្នេះថា៖ មើល៍! យើងនឹងចិញ្ចឹមគេដោយស្លែង ហើយឲ្យគេផឹកទឹកពុល ដ្បិតមានសេចក្ដីល្មើសចំពោះព្រះ បានចេញពីពួកហោរានៅក្រុងយេរូសាឡិម ទៅពេញក្នុងស្រុកហើយ។
កាលគេបានប្រព្រឹត្តការគួរស្អប់ខ្ពើម នោះតើគេមានសេចក្ដីខ្មាសឬទេ? ទេ គេមិនបានខ្មាសសោះ ក៏មិនទាំងឡើងមុខក្រហម ដូច្នេះ គេនឹងដួលទៅជាមួយពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅវេលាដែលយើងធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត។
កាលគេបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម តើគេមានសេចក្ដីខ្មាសឬទេ? ទេ គេឥតមានសេចក្ដីខ្មាសឡើយ ក៏មិនឡើងមុខក្រហមផង ហេតុនោះបានជាគេនឹងដួលជាមួយពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅវេលាដែលយើងធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត។
គឺយ៉ាងនោះដែលយើងនឹងសម្រេចសេចក្ដីក្រោធរបស់យើង នៅលើកំផែងនោះ ហើយលើពួកអ្នកដែលបានបូកបាយអដែរ យើងនឹងនិយាយមកអ្នករាល់គ្នាថា កំផែងនោះមិនមានទៀតទេ ព្រមទាំងពួកអ្នកដែលបូកផង។
យើងនឹងហែកស្បៃរបស់អ្នករាល់គ្នាដែរ ព្រមទាំងជួយឲ្យប្រជារាស្ត្ររបស់យើងរួចពីកណ្ដាប់ដៃអ្នករាល់គ្នាផង នោះគេនឹងមិននៅក្នុងកណ្ដាប់ដៃអ្នករាល់គ្នា ឲ្យអ្នកដេញចាប់ទៀតឡើយ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
ហេតុនោះ អ្នករាល់គ្នានឹងមិនឃើញនិមិត្តកំភូត ឬថ្លែងទំនាយទំនាយទៀតឡើយ យើងនឹងជួយប្រជារាស្ត្ររបស់យើងឲ្យរួចពីកណ្ដាប់ដៃរបស់អ្នក នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
យើងនឹងប្រហារពួកហោរា ដែលឃើញនិមិត្តកំភូត ហើយដែលថ្លែងទំនាយកុហកនោះ គេនឹងមិននៅក្នុងពួកប្រឹក្សារបស់ប្រជារាស្ត្ររបស់យើងឡើយ ក៏មិនបានកត់ទុកក្នុងបញ្ជី នៃពូជពង្សអ៊ីស្រាអែល ឬចូលទៅក្នុងស្រុកអ៊ីស្រាអែលដែរ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
ហើយយើងនឹងតាំងមុខទាស់នឹងអ្នកនោះ ព្រមទាំងធ្វើឲ្យជាទីស្រឡាំងកាំង ជាទីសម្គាល់ និងជាពាក្យទំនៀម យើងក៏នឹងកាត់អ្នកនោះចេញពីកណ្ដាលប្រជារាស្ត្ររបស់យើងទៅ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត
ដូច្នេះ យើងនឹងធ្វើឲ្យក្រុងសាម៉ារីដូចជាគំនរនៅទីវាល ជាកន្លែងសម្រាប់ធ្វើចម្ការទំពាំងបាយជូរ យើងនឹងចាក់ថ្មទាំងប៉ុន្មាននៃទីក្រុងទៅក្នុងច្រកភ្នំ ហើយនឹងបើកឲ្យឃើញឫសជញ្ជាំង។
ព្រះអង្គបានយាងចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ គឺដើម្បីសង្គ្រោះអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង។ ព្រះអង្គបានវាយអ្នកកំពូលលើវង្សមនុស្សអាក្រក់ឲ្យរបួស ក៏បំផ្លាញចាប់តាំងពីជើងរហូតដល់ក្បាលផង។ -បង្អង់-
ចំណែកអ្នកដែលឮ ហើយមិនប្រព្រឹត្តតាម នោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដី ដោយគ្មានគ្រឹះ។ លុះទឹកហូរគំហុកមកប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំភ្លាម ហើយត្រូវខូចខាតយ៉ាងធ្ងន់»។