លោកអ័ប្រាហាំមានវ័យកាន់តែចាស់ មានអាយុវែង ហើយព្រះយេហូវ៉ាបានប្រទានពរលោកអ័ប្រាហាំក្នុងគ្រប់ការទាំងអស់។
លោកុប្បត្តិ 26:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកបានសាបព្រោះនៅស្រុកនោះ ហើយនៅឆ្នាំនោះ លោកច្រូតបានមួយជាមួយរយ។ ព្រះយេហូវ៉ាប្រទានពរលោក ព្រះគម្ពីរខ្មែរសាកល អ៊ីសាកសាបព្រោះនៅទឹកដីនោះ ហើយក្នុងឆ្នាំដដែលនោះ គាត់ច្រូតបានផលមួយជាមួយរយ ពីព្រោះព្រះយេហូវ៉ាបានប្រទានពរគាត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកសាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតព្រះអម្ចាស់ប្រទានពរឲ្យលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកគាត់ក៏សាបព្រោះនៅស្រុកនោះហើយនៅឆ្នាំនោះឯងគាត់បានផល១ជា១រយភាគឡើង ដោយព្រះយេហូវ៉ាទ្រង់ប្រទានពរឲ្យ អាល់គីតាប អ៊ីសាហាក់សាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតអុលឡោះតាអាឡាប្រទានពរឲ្យគាត់។ |
លោកអ័ប្រាហាំមានវ័យកាន់តែចាស់ មានអាយុវែង ហើយព្រះយេហូវ៉ាបានប្រទានពរលោកអ័ប្រាហាំក្នុងគ្រប់ការទាំងអស់។
ព្រះយេហូវ៉ាបានប្រទានពរចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺព្រះអង្គបានប្រទានឲ្យលោកមានហ្វូងចៀម ហ្វូងគោ ប្រាក់ មាស បាវបម្រើប្រុសស្រី អូដ្ឋ និងលាជាច្រើន។
ក្រោយពីលោកអ័ប្រាហាំស្លាប់ទៅ ព្រះបានប្រទានពរឲ្យលោកអ៊ីសាក កូនប្រុសរបស់លោក ហើយលោកអ៊ីសាកក៏តាំងទីលំនៅត្រង់អណ្តូងឡាហាយ-រយ។
អ្នកនឹងមិនប្រព្រឹត្តអ្វីទាស់នឹងយើង ដូចជាយើងក៏មិនបានប៉ះពាល់ ហើយធ្វើអ្វីដល់អ្នកដែរ គឺមានតែប្រព្រឹត្តល្អ ហើយបានឲ្យអ្នកចេញមកដោយសុខសាន្តប៉ុណ្ណោះ។ ឥឡូវនេះ អ្នកជាមនុស្សមានពររបស់ព្រះយេហូវ៉ាមែន»។
ចូរស្នាក់នៅក្នុងស្រុកនេះហើយ យើងនឹងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងប្រគល់ស្រុកទាំងនេះដល់អ្នក និងពូជពង្សរបស់អ្នក ហើយយើងនឹងសម្រេចតាមពាក្យសម្បថ ដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
ដ្បិតមុនដែលខ្ញុំមក លោកឪពុកមានបន្តិចបន្តួចទេ តែឥឡូវនេះ វាបានចម្រើនឡើងយ៉ាងសន្ធឹក ហើយព្រះយេហូវ៉ាបានប្រទានពរលោកឪពុកដោយសារខ្ញុំ។ ឥឡូវនេះ តើពេលណាទៀតទើបឲ្យខ្ញុំផ្គត់ផ្គង់ដល់គ្រួសាររបស់ខ្ញុំផង?»
ព្រះយេហូវ៉ាបានប្រទានពរដល់យ៉ូប នៅពេលក្រោយនេះ លើសជាងមុនទៅទៀត លោកក៏មានចៀមមួយម៉ឺនបួនពាន់ អូដ្ឋប្រាំមួយពាន់ គោមួយពាន់នឹម និងលាញីមួយពាន់។
៙ ផែនដីបានបង្កើតភោគផលចម្រើនឡើង ហើយព្រះ គឺព្រះនៃយើងខ្ញុំ ព្រះអង្គនឹងប្រទានពរយើងខ្ញុំ។
សូមឲ្យមានស្រូវជាបរិបូរនៅក្នុងស្រុក ភោគផលទាំងនោះទ្រេតចុះឡើងនៅលើកំពូលភ្នំ សូមឲ្យដើមឈើមានផលផ្លែ ដូចដើមឈើនៅភ្នំល្បាណូន ហើយសូមឲ្យមនុស្សចម្រើនឡើងនៅក្នុងទីក្រុង ដូចស្មៅនៅតាមទីវាល!
នៅពេលព្រឹក ចូរព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចម្រើនឡើង ទោះបើខាងនេះ ឬខាងនោះក្តី ឬបើទាំងពីរនឹងចម្រើនបានល្អដូចគ្នា។
ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ហើយដើមទំពាំងបាយជូរនឹងបង្កើតផល ដីក៏ចម្រើនផល ផ្ទៃមេឃនឹងទម្លាក់សន្សើមមក ហើយយើងនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមត៌ក។
រីឯពូជដែលធ្លាក់ទៅលើដីល្អវិញ នេះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយបានជាមួយរយ មួយជាហុកសិប ហើយមួយទៀតជាសាមសិប»។
តែពូជខ្លះទៀតធ្លាក់ទៅលើដីល្អ ហើយឲ្យផល ខ្លះបានមួយជាមួយរយ ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាសាមសិប។
តែពូជខ្លះទៀត ធ្លាក់ទៅលើដីល្អ ហើយដុះឡើងបង្កើតផល ក៏ចម្រើនឡើង រួចឲ្យផល ខ្លះបានមួយជាសាមសិប ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាមួយរយ»។