យ៉ូហាន 7:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើគម្ពីរមិនបានចែងថា ព្រះគ្រីស្ទត្រូវកើតពីរាជវង្សព្រះបាទដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលព្រះបាទដាវីឌបានគង់នៅទេឬ?» ព្រះគម្ពីរខ្មែរសាកល តើបទគម្ពីរមិនបានចែងថា ព្រះគ្រីស្ទមកពីពូជពង្សរបស់ដាវីឌ និងពីបេថ្លេហិមជាភូមិដែលដាវីឌបានរស់នៅទេឬ?”។ Khmer Christian Bible តើគម្ពីរមិនចែងទេឬថា ព្រះគ្រិស្ដនឹងយាងមកពីពូជពង្សរបស់ស្ដេចដាវីឌ និងពីភូមិបេថ្លេហិមជាភូមិដែលស្តេចដាវីឌបានរស់នៅ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមានចែងទុកក្នុងគម្ពីរថា “ព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ហើយព្រះអង្គនឹងយាងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ព្រះបាទដាវីឌ”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើគម្ពីរមិនថា ព្រះគ្រីស្ទត្រូវកើតពីព្រះវង្សហ្លួងដាវីឌ ហើយក៏យាងមកពីភូមិបេថ្លេហិម ជាកន្លែងដែលហ្លួងដាវីឌបានគង់នៅទេឬអី អាល់គីតាប ដ្បិតមានចែងទុកក្នុងគីតាបថា “អាល់ម៉ាហ្សៀសជាពូជពង្សរបស់ទតជាស្តេចហើយគាត់នឹងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ទត”»។ |
៙ ព្រះយេហូវ៉ាបានស្បថនឹងព្រះបាទដាវីឌ ដោយសេចក្ដីពិត ដែលព្រះអង្គនឹងមិនប្រែប្រួលឡើយថា៖ «ក្នុងចំណោមកូនប្រុសៗ ដែលកើតចេញពីខ្លួនអ្នក យើងនឹងតាំងម្នាក់ឲ្យអង្គុយលើបល្ល័ង្ករបស់អ្នក។
"យើងនឹងតាំងពូជពង្សអ្នក ឲ្យនៅជាប់អស់កល្បជានិច្ច ក៏នឹងសង់បល្ល័ង្ករបស់អ្នក ឲ្យនៅគង់វង្សគ្រប់ជំនាន់តទៅ"» ។ -បង្អង់
មានលំពង់មួយនឹងដុះចេញពីគល់របស់អ៊ីសាយ ហើយមែកមួយ ដែលចេញពីឫសគាត់ នឹងកើតមានផលផ្លែ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងនឹងបង្កើតឲ្យដាវីឌមានលំពង់សុចរិតមួយ លំពង់នោះទ្រង់នឹងសោយរាជ្យទុកដូចជាស្តេច ហើយនឹងប្រព្រឹត្តដោយវាងវៃ ព្រមទាំងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុក។
តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងជាអ្នកតូចជាងគេក្នុងចំណោម អំបូរទាំងប៉ុន្មានរបស់យូដា នឹងមានម្នាក់កើតចេញពីឯងមកឲ្យយើង អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះមានតាំងពីបុរាណ គឺតាំងពីអស់កល្បរៀងមក។
នេះជាបញ្ជីពង្សាវតាររបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជវង្សព្រះបាទដាវីឌ និងជាជំនួរវង្សរបស់លោកអ័ប្រាហាំ។
គេទូលស្ដេចថា៖ «នៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដ្បិតហោរាបានចែងសេចក្តីទុកមកដូច្នេះថា
"ឯឯង បេថ្លេហិម ស្រុកយូដាអើយ! ឯងមិនមែនតូចជាងគេក្នុងចំណោម ពួកមេដឹកនាំនៅស្រុកយូដាទេ ដ្បិតនឹងមានមេដឹកនាំម្នាក់កើតចេញពីឯង អ្នកនោះនឹងឃ្វាលអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង"» ។
ដ្បិតនៅថ្ងៃនេះ មានព្រះសង្គ្រោះមួយអង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងព្រះបាទដាវីឌ គឺព្រះគ្រីស្ទជាព្រះអម្ចាស់។
រីឯយ៉ូសែប ក៏ធ្វើដំណើរពីភូមិណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅស្រុកយូដា ដល់ក្រុងរបស់ព្រះបាទដាវីឌ ឈ្មោះបេថ្លេហិម ព្រោះគាត់ជារាជវង្ស និងជាព្រះញាតិព្រះបាទដាវីឌ
យើងដឹងថាអ្នកនេះមកពីណាហើយ តែកាលណាព្រះគ្រីស្ទយាងមក នោះគ្មានអ្នកណាដឹងថាមកពីណាទេ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត? យើងលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរដាក់ប្រេងក្នុងស្នែងរបស់អ្នកឲ្យពេញ ហើយចេញទៅ យើងនឹងចាត់អ្នកទៅរកអ៊ីសាយនៅបេថ្លេហិម ដ្បិតយើងបានជ្រើសរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់យើង»។
មានយុវជនម្នាក់ទូលថា៖ «ទូលបង្គំបានឃើញម្នាក់ ជាកូនរបស់អ៊ីសាយ ក្នុងពួកក្រុងបេថ្លេហិម ជាអ្នកប្រសប់ក្នុងការលេងភ្លេងណាស់ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជំនាញក្នុងចម្បាំង ក៏មានវោហារអធិប្បាយ ព្រមទាំងរូបឆោមស្រស់ល្អផង ព្រះយេហូវ៉ាក៏គង់ជាមួយអ្នកនោះ»។
លោកសាំយូអែលបានធ្វើដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោក ហើយក៏បានទៅដល់បេថ្លេហិម។ ពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា៖ «តើលោកអញ្ជើញមកដោយមេត្រីទេឬ?»
ស្ដេចសូលមានរាជឱង្ការសួរថា៖ «អ្នកកំលោះអើយ តើឯងជាកូនអ្នកណា?» ដាវីឌទូលឆ្លើយថា៖ «ទូលបង្គំជាកូនរបស់លោកអ៊ីសាយជាអ្នកបម្រើរបស់ទ្រង់ ដែលនៅភូមិបេថ្លេហិម»។