ទំនុកតម្កើង 132 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លំនៅដ៏អស់កល្បជានិច្ចរបស់ព្រះនៅក្រុងស៊ីយ៉ូន ទំនុកច្រៀងតាមថ្នាក់។ 1 ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីព្រះបាទដាវីឌ និងពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក 2 ពីដំណើរដែលលោកបានស្បថ ចំពោះព្រះយេហូវ៉ា គឺបានស្បថចំពោះព្រះដ៏ខ្លាំងពូកែ របស់លោកយ៉ាកុបថា៖ 3 «ទូលបង្គំនឹងមិនចូលទៅក្នុងផ្ទះរបស់ទូលបង្គំ ឬឡើងទៅដេកនៅលើគ្រែរបស់ទូលបង្គំឡើយ 4 ទូលបង្គំនឹងមិនព្រមឲ្យភ្នែកទូលបង្គំដេក ឬឲ្យត្របកភ្នែកទូលបង្គំលង់លក់ឡើយ 5 រហូតទាល់តែទូលបង្គំរកបានទីកន្លែងមួយ ថ្វាយព្រះយេហូវ៉ា គឺជាព្រះពន្លាសម្រាប់ព្រះដ៏ខ្លាំងពូកែ របស់លោកយ៉ាកុប»។ 6 មើល៍ យើងខ្ញុំបានឮថា ហិបរបស់ព្រះអង្គ នៅភូមិអេប្រាតា យើងក៏បានរកឃើញហិបនេះនៅវាលយ៉ាអើរ។ 7 សូមឲ្យយើងខ្ញុំចូលទៅក្នុងព្រះពន្លារបស់ព្រះអង្គ សូមឲ្យយើងខ្ញុំក្រាបថ្វាយបង្គំ នៅទៀបកំណល់ព្រះបាទរបស់ព្រះអង្គ! 8 ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង សូមព្រះអង្គយាងចូលទៅក្នុងទីសម្រាក របស់ព្រះអង្គ ព្រមទាំងហិបនៃព្រះចេស្តារបស់ព្រះអង្គផង។ 9 សូមឲ្យពួកសង្ឃរបស់ព្រះអង្គបានប្រដាប់កាយ ដោយសេចក្ដីសុចរិត ហើយឲ្យពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ស្រែកហ៊ោដោយអំណរ។ 10 ដោយយល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ សូមកុំបោះបង់អ្នកដែលព្រះអង្គ បានចាក់ប្រេងតាំងឡើយ។ 11 ៙ ព្រះយេហូវ៉ាបានស្បថនឹងព្រះបាទដាវីឌ ដោយសេចក្ដីពិត ដែលព្រះអង្គនឹងមិនប្រែប្រួលឡើយថា៖ «ក្នុងចំណោមកូនប្រុសៗ ដែលកើតចេញពីខ្លួនអ្នក យើងនឹងតាំងម្នាក់ឲ្យអង្គុយលើបល្ល័ង្ករបស់អ្នក។ 12 ប្រសិនបើកូនៗរបស់អ្នកកាន់តាម សេចក្ដីសញ្ញារបស់យើង និងសេចក្ដីបន្ទាល់ដែលយើងនឹងបង្រៀនដល់គេ នោះកូនៗរបស់គេក៏នឹងអង្គុយលើបល្ល័ង្ក របស់អ្នកជារៀងរហូតដែរ»។ 13 ៙ ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសក្រុងស៊ីយ៉ូន ព្រះអង្គសព្វព្រះហឫទ័យចង់បានក្រុងនេះ សម្រាប់ជាលំនៅរបស់ព្រះអង្គ។ 14 «នេះជាទីសម្រាករបស់យើងរហូតតទៅ យើងនឹងអាស្រ័យនៅទីនេះ ដ្បិតយើងមានចិត្តចង់បានក្រុងនេះ។ 15 យើងនឹងឲ្យពរក្រុងនេះមានអ្វីៗជាបរិបូរ យើងនឹងឲ្យអ្នកក្រនៅក្រុងនេះ មានអាហារបរិភោគឆ្អែតស្កប់ស្កល់។ 16 ឯពួកសង្ឃរបស់ក្រុងនេះ យើងនឹងតាក់តែងដោយសេចក្ដីសង្គ្រោះ ហើយពួកបរិសុទ្ធនៅក្រុងនេះ នឹងស្រែកហ៊ោដោយអំណរ។ 17 នៅទីនេះ យើងនឹងធ្វើឲ្យស្នែង របស់ដាវីឌដុះពន្លកឡើង យើងបានរៀបចំចង្កៀងមួយសម្រាប់អ្នក ដែលយើងបានចាក់ប្រេងតាំង។ 18 យើងនឹងគ្របដណ្ដប់ខ្មាំងសត្រូវរបស់គេ ដោយសេចក្ដីខ្មាស តែនៅលើក្បាលលោកវិញ នឹងមានមកុដដ៏រុងរឿង»។ |
© 2016 United Bible Societies
Bible Society in Cambodia