យ៉ូហាន 1:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះអង្គ ហើយគ្មានអ្វីណាមួយកើតមកក្រៅពីព្រះអង្គឡើយ។ ព្រះគម្ពីរខ្មែរសាកល អ្វីៗទាំងអស់បានកើតមកតាមរយៈព្រះអង្គ ហើយក្នុងអ្វីៗដែលកើតមកនោះ គ្មានអ្វីមួយកើតមកដោយគ្មានព្រះអង្គឡើយ។ Khmer Christian Bible គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះបន្ទូល ហើយក្នុងបណ្ដារបស់ដែលបានកើតមកទាំងឡាយ បើគ្មានព្រះបន្ទូលទេ គ្មានរបស់ណាមួយកើតមកឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ អាល់គីតាប អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារបន្ទូលនៃអុលឡោះ គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីបន្ទូលនៃអុលឡោះបង្កើតនោះឡើយ។ |
ព្រះមានព្រះបន្ទូលថា៖ «ចូរយើងបង្កើតមនុស្ស ឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយចូរឲ្យគេមានអំណាចលើត្រីសមុទ្រ លើសត្វហើរលើអាកាស លើសត្វជើងបួន និងលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារ ដែលវារនៅលើផែនដីផង»។
កាលដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ត របស់ព្រះអង្គដែរ។
ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល របស់ព្រះយេហូវ៉ា ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើងដោយសារខ្យល់ដង្ហើម ចេញពីព្រះឧស្ឋរបស់ព្រះអង្គដែរ។
នៅគ្រានោះ ខ្ញុំនៅជិតព្រះអង្គដូចជាមេជាង ហើយខ្ញុំជាទីគាប់ព្រះហឫទ័យព្រះអង្គរាល់ថ្ងៃ ទាំងមានសេចក្ដីរីករាយ នៅចំពោះព្រះអង្គជានិច្ច
យើងបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃយើងដែលបានលាតផ្ទៃមេឃ ហើយយើងបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ។
ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលព្រះអង្គសូនធ្វើ ហើយប្រតិស្ឋានផែនដីឲ្យមានឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «គឺយើងនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ។
ព្រះអង្គបានគង់នៅក្នុងពិភពលោក ហើយពិភពលោកកើតមកដោយសារព្រះអង្គ តែមនុស្សលោកមិនស្គាល់ព្រះអង្គទេ។
តែសម្រាប់យើង យើងមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីព្រះអង្គ ហើយយើងមានជីវិតសម្រាប់ព្រះអង្គ យើងមានព្រះអម្ចាស់តែមួយ គឺព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតក៏ដោយសារព្រះអង្គដែរ។
ហើយដើម្បីធ្វើឲ្យមនុស្សទាំងអស់បានឃើញផែនការ ពីអាថ៌កំបាំងដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលបានបង្កើតរបស់សព្វសារពើ
ដោយសារជំនឿ យើងយល់ថា ពិភពលោកបានកើតមកដោយសារព្រះបន្ទូលរបស់ព្រះ ដូច្នេះ អ្វីៗដែលមើលឃើញ មិនមែនកើតចេញពីរបស់ដែលមើលឃើញនោះឡើយ។
អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ ហើយអស់អ្នកណាដែលស្រឡាញ់ព្រះវរបិតា អ្នកនោះក៏ស្រឡាញ់អស់អ្នកដែលកើតមកពីព្រះអង្គដែរ។
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងឡៅឌីសេថា៖ ព្រះដ៏ជាអាម៉ែន ជាស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ ជាដើមកំណើតនៃអ្វីៗដែលព្រះបានបង្កើតមក ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា
«ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ស័ក្តិសមនឹងទទួលសិរីល្អ ព្រះកិត្តិនាម និងព្រះចេស្តា ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយរបស់ទាំងនោះសុទ្ធតែបានកើតមក និងស្ថិតស្ថេរនៅ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។