យេរេមា 48:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នឹងមានគ្រាមកដល់ ដែលយើងចាត់មនុស្សទៅឯគេ ដែលនឹងចាក់ផ្ទេរចេញឲ្យដបនៅទទេ ហើយបំបែកដបឲ្យខ្ទេចខ្ទីដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ នៅគ្រាខាងមុខ យើងនឹងចាត់មនុស្សឲ្យមកផ្ទេរម៉ូអាប់ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- អ្នកទាំងនោះនឹងចាក់ម៉ូអាប់ចេញពីដប ហើយបំបែកពាងរបស់ពួកគេចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងចាត់ប្រើមនុស្សទៅឯគេ ដែលនឹងចាក់ផ្ទេរចេញឲ្យដបនៅទទេ ហើយនឹងបំបែកដបឲ្យខ្ទេចខ្ទីដែរ អាល់គីតាប ហេតុនេះ នៅគ្រាខាងមុខ យើងនឹងចាត់មនុស្សឲ្យមកផ្ទេរម៉ូអាប់ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា- អ្នកទាំងនោះនឹងចាក់ម៉ូអាប់ចេញពីដប ហើយបំបែកពាងរបស់ពួកគេចោល។ |
ដ្បិតពួកកូនស្រីសាសន៍ម៉ូអាប់ នឹងនៅត្រង់ផ្លូវឆ្លងស្ទឹងអើណូន ប្រៀបដូចជាសត្វស្លាបដែលហើរទៅមក ហើយដូចជាកូនសត្វដែលពង្រាត់ពីសម្បុក។
ហើយព្រះអង្គនឹងបំបែកទៅ ដូចជាគេបំបែកឆ្នាំងនៃជាងស្មូន គឺនឹងបំបែកឲ្យខ្ទេចខ្ទី ឥតប្រណីឡើយ ទាល់តែរកបំណែកណាមួយ ល្មមនឹងដាក់រងើកភ្លើងពីជើងក្រាន ឬនឹងដួសយកទឹកពីពាងមិនបានផង។
ពួកអ្នកធំរបស់គេចាត់អ្នកបម្រើឲ្យទៅរកទឹក គេក៏ទៅដល់ស្រះទាំងប៉ុន្មាន តែរកទឹកគ្មានសោះ គេត្រឡប់ទៅវិញដោយក្អមទទេ គេត្រូវខ្មាស ហើយជ្រប់មុខ ក៏ឃ្លុំក្បាល
ឱពួកគង្វាលអើយ ចូរស្រែកទ្រហោយំចុះ ឱពួកម្ចាស់ហ្វូងចៀមអើយ ចូរដេកននៀលក្នុងផេះទៅ ដ្បិតគ្រាដែលត្រូវសម្លេះ និងកម្ចាត់កម្ចាយអ្នករាល់គ្នាបានមកដល់ហើយ អ្នករាល់គ្នានឹងត្រូវធ្លាក់បែកដូចជាភាជនៈមានតម្លៃ។
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។
សាសន៍ម៉ូអាប់បាននៅដោយឥតកង្វល់តាំងពីក្មេងមក គេបានរងនៅលើកករបស់គេ ឥតដែលចាក់ផ្ទេរពីដបមួយទៅដល់ដបមួយទៀត ក៏មិនដែលត្រូវនាំទៅជាឈ្លើយឡើយ ហេតុនោះបានជាគេមានរសជាតិនៅដូចដដែល ហើយក្លិនរបស់គេក៏មិនបានផ្លាស់ប្រែទៅដែរ។
ពេលនោះ ម៉ូអាប់នឹងខ្មាសចំពោះព្រះកេម៉ូស ដូចជាពួកវង្សអ៊ីស្រាអែលបានខ្មាសចំពោះបេត-អែល ជាទីទុកចិត្តរបស់គេដែរ។
ស្រុកម៉ូអាប់ត្រូវខូចបង់ហើយ ទីក្រុងរបស់គេបានហុយឡើងជាផ្សែង ពួកកំលោះៗដ៏ក្លាហានរបស់គេនឹងត្រូវគេសម្លាប់ នេះជាព្រះបន្ទូលនៃមហាក្សត្រដែលព្រះអង្គព្រះនាមថា ព្រះយេហូវ៉ានៃពួកពលបរិវារ។
នៅលើដំបូលផ្ទះ និងនៅក្នុងផ្លូវនៃស្រុកម៉ូអាប់ មានឮសុទ្ធតែសូរទំនួញគ្រប់កន្លែង ដ្បិតយើងបានបំបែកសាសន៍ម៉ូអាប់ ដូចជាភាជនៈដែលឥតមានអ្នកណាចូលចិត្តឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
មានមេបំផ្លាញមកលើគ្រប់ទាំងទីក្រុង ឥតមានណាមួយរួចឡើយ ឯច្រកភ្នំនឹងត្រូវវិនាសទៅ ហើយស្រុកវាលនឹងត្រូវបំផ្លាញដែរ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។
(ព្រោះព្រះយេហូវ៉ាកំពុងតាំងសេចក្ដីរុងរឿង របស់យ៉ាកុបឡើងវិញ ដូចជាអ៊ីស្រាអែលដែរ ដ្បិតពួកចោរប្លន់បានបំផ្លាញខ្នែង ទំពាំងបាយជូររបស់គេអស់)។