ទំនុកតម្កើង 25:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាល្អ ហើយទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គបង្រៀន មនុស្សបាបឲ្យស្គាល់ផ្លូវដែលត្រូវដើរ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាទ្រង់ល្អ ហើយទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គណែនាំមនុស្សបាបក្នុងផ្លូវត្រឹមត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស និងទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គបង្ហាញ ឲ្យមនុស្សបាបស្គាល់មាគ៌ាដែលគេត្រូវដើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ល្អ ហើយទៀងត្រង់ ដូច្នេះ ទ្រង់នឹងបង្ហាត់មនុស្សមានបាបឲ្យតាមផ្លូវទ្រង់វិញ អាល់គីតាប អុលឡោះតាអាឡាមានចិត្តសប្បុរស និងទៀងត្រង់ ហេតុនេះហើយបានជាទ្រង់បង្ហាញ ឲ្យមនុស្សបាបស្គាល់មាគ៌ាដែលគេត្រូវដើរ។ |
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
ដើម្បីសម្ដែងឲ្យឃើញថា ព្រះយេហូវ៉ាទៀងត្រង់ ព្រះអង្គជាថ្មដារបស់ខ្ញុំ ហើយគ្មានអំពើទុច្ចរិតណា នៅក្នុងព្រះអង្គឡើយ។
សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺព្រះអង្គ ឱព្រះដ៏ទៀងត្រង់អើយ ព្រះអង្គពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។
ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា «ចូរមក យើងឡើងទៅភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដំណាក់នៃព្រះរបស់យ៉ាកុបចុះ ព្រះអង្គនឹងបង្រៀនយើងរាល់គ្នាឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ យើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ព្រះអង្គ» ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម។
ចូរទៅរៀនពីន័យរបស់ពាក្យនេះថា "យើងចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ"។ ដ្បិតខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ តែមកហៅមនុស្សបាបវិញ»។
បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ ចុះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»?។
ដ្បិតព្រះដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត» ទ្រង់បានបំភ្លឺក្នុងចិត្តយើង ដើម្បីឲ្យយើងស្គាល់ពន្លឺសិរីល្អរបស់ព្រះ ដែលភ្លឺពីព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។