តើគេយកអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ? តើគេអង្វររកអុលឡោះ គ្រប់ពេលវេលាឬទេ?
អេសេគាល 20:31 - អាល់គីតាប អ្នករាល់គ្នាធ្វើឲ្យខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់អ្នករាល់គ្នារហូតមកទល់សព្វថ្ងៃ។ អ្នករាល់គ្នាយកសំណែន និងយកកូនរបស់ខ្លួនទៅដុតជាយញ្ញបូជាសែនព្រះទាំនោះ។ អ៊ីស្រអែលអើយ តើអ្នករាល់គ្នាស្មានថា យើងផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឬ? ទេយើងមិនផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឡើយ។ យើងជាម្ចាស់ដែលមានជីវិតអស់កល្ប! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកាលណាអ្នករាល់គ្នាថ្វាយតង្វាយរបស់ខ្លួន កាលណាធ្វើឲ្យកូនខ្លួនឆ្លងកាត់ភ្លើង គឺអ្នកធ្វើឲ្យខ្លួនស្មោកគ្រោក ដោយសាររូបព្រះទាំងប៉ុន្មានរបស់អ្នក ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើយើងនឹងឲ្យអ្នករាល់គ្នាសួរដល់យើងឬ? ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងមិនឲ្យអ្នករាល់គ្នាសួរដល់យើងទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាធ្វើឲ្យខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់អ្នករាល់គ្នារហូតមកទល់សព្វថ្ងៃ។ អ្នករាល់គ្នាយកសំណែន និងយកកូនរបស់ខ្លួនទៅដុតជាយញ្ញបូជាសែនព្រះទាំងនោះ។ អ៊ីស្រាអែលអើយ តើអ្នករាល់គ្នាស្មានថា យើងផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឬ? ទេយើងមិនផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឡើយ។ យើងជាព្រះដែលមានជីវិតគង់នៅ! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកាលណាឯងរាល់គ្នាថ្វាយដង្វាយរបស់ខ្លួន កាលណាធ្វើឲ្យកូនខ្លួនឆ្លងកាត់ភ្លើង នោះគឺឯងធ្វើឲ្យខ្លួនស្មោកគ្រោក ដោយសាររូបព្រះទាំងប៉ុន្មានរបស់ឯង ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើអញនឹងឲ្យឯងរាល់គ្នាសួរដល់អញឬ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនឲ្យឯងរាល់គ្នាសួរដល់អញទេ |
តើគេយកអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ? តើគេអង្វររកអុលឡោះ គ្រប់ពេលវេលាឬទេ?
អ្នកណាមិនព្រមស្តាប់តាមហ៊ូកុំរបស់អុលឡោះទេ សូម្បីតែពាក្យទូរអារបស់អ្នកនោះ ក៏គួរឲ្យស្អប់ខ្ពើមដែរ។
កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ យើងងាកមុខចេញ ទោះបីអ្នករាល់គ្នាទូរអាច្រើនយ៉ាងណាក្ដី ក៏យើងមិនព្រមស្ដាប់ដែរ ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
អ្នករាល់គ្នាថ្វាយបង្គំអារក្សព្រៃ នៅក្រោមដើមឈើ អ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញបូជា នៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។
ទោះបីពួកគេតមអាហារក្ដី ក៏យើងមិនស្ដាប់ពាក្យអង្វររបស់ពួកគេដែរ។ ទោះបីពួកគេជូនគូរបានដុត និងជំនូនផ្សេងៗទៀតក៏យើងមិនព្រមទទួលដែរ ដ្បិតយើងនឹងប្រហារពួកគេឲ្យវិនាស ដោយសារសង្គ្រាម ដោយសារទុរ្ភិក្ស និងដោយសារអាសន្នរោគ»។
ពួកគេសង់ទីសក្ការៈ ដើម្បីយកកូនប្រុសរបស់ខ្លួនទៅបូជា សែនព្រះបាល ជាអំពើមួយដែលយើងពុំបានបង្គាប់សោះ ហើយយើងក៏មិនដែលនឹកឃើញបែបនេះដែរ។
ពួកគេបានសង់ទីសក្ការៈនៅតូផេត ក្នុងជ្រលងភ្នំហ៊ីនណម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួនទៅដុតធ្វើជាយញ្ញបូជា។ យើងពុំដែលបង្គាប់ឲ្យពួកគេធ្វើអំពើបែបនេះសោះ ហើយយើងក៏មិនដែលនឹកឃើញអំពីការនេះដែរ។
នាងពុំស្កប់ចិត្តនឹងអំពើពេស្យាចារទេ គឺនាងបានយកកូនប្រុសកូនស្រីដែលនាងបានបង្កើតឲ្យយើង ទៅធ្វើយញ្ញបូជាដល់រូបទាំងនោះទៀតផង!
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: នាងបើកកេរខ្មាស យករូបកាយរបស់ខ្លួនទៅប្រព្រឹត្តអំពើពេស្យាចារជាមួយពួកសហាយរបស់នាង និងព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់នាង ហើយយកឈាមកូនរបស់ខ្លួនទៅសែនព្រះទាំងនោះ។
យើងធ្វើឲ្យពួកគេទៅជាសៅហ្មង ដោយសារជំនូនរបស់ខ្លួន គឺនៅពេលដែលគេយកកូនច្បងរបស់ខ្លួនទៅដុតជាយញ្ញបូជា។ យើងចង់ឲ្យពួកគេវិនាសហិនហោច ដើម្បីឲ្យពួកគេទទួលស្គាល់ ថាយើងពិតជាអុលឡោះតាអាឡាមែន។
«កូនមនុស្សអើយ ចូរប្រាប់អះលីជំអះរបស់ជនជាតិអ៊ីស្រអែលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: “តើអ្នករាល់គ្នាមកនេះ ដើម្បីរកយើងមានបន្ទូលឆ្លើយតបឬ? អ្នករាល់គ្នានឹកស្មានថា យើងនឹងផ្តល់ចម្លើយឲ្យអ្នករាល់គ្នាឬ? យើងជាម្ចាស់ដែលមានជីវិតអស់កល្ប យើងនឹងមិនផ្តល់ចម្លើយឲ្យអ្នករាល់គ្នាជាដាច់ខាត” - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ដ្បិតនាងទាំងពីរបានប្រព្រឹត្តអំពើផិតក្បត់ ហើយដៃប្រឡាក់ទៅដោយឈាម។ ពួកនាងបានប្រព្រឹត្តអំពើផិតក្បត់ជាមួយព្រះក្លែងក្លាយ ព្រមទាំងយកកូនដែលនាងបានបង្កើតឲ្យយើងទៅដុត សែនព្រះទាំងនោះទៀតផង។
កូនមនុស្សអើយ ប្រជាជនរបស់អ្នកនាំគ្នានិយាយពីអ្នកនៅតាមកំពែងក្រុង និងតាមមាត់ទ្វារផ្ទះ ពួកគេបបួលគ្នាថា “មក! យើងទៅស្ដាប់សេចក្ដីដែលអុលឡោះតាអាឡាមានបន្ទូល”។
ពួកគេនឹងដើរចុះឡើង ពីសមុទ្រមួយ ទៅសមុទ្រមួយ ត្រាច់ចរពីទិសខាងជើង ទៅទិសខាងកើត ដើម្បីស្វែងរកបន្ទូលរបស់អុលឡោះតាអាឡា តែរកមិនឃើញឡើយ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា “ពេលយើងហៅរកពួកគេ ពួកគេពុំព្រមស្ដាប់យើងទេ ហេតុនេះពេលពួកគេហៅរកយើង យើងក៏ពុំព្រមស្ដាប់ពួកគេដែរ។