អុលឡោះតាអាឡាឃើញថា មនុស្សលោកនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ នៅលើផែនដី ហើយពីព្រឹកដល់ល្ងាច ចិត្តរបស់គេចេះតែលំអៀងទៅប្រព្រឹត្តអំពើអាក្រក់។
លូកា 11:39 - អាល់គីតាប អ៊ីសាជាអម្ចាស់ក៏មានប្រសាសន៍ទៅគាត់ថា៖ «ពួកផារីស៊ីអើយ អ្នករាល់គ្នាសំអាតពែង និងចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្ដកេងប្រវ័ញ្ច និងគំនិតអាក្រក់។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់ក៏មានបន្ទូលនឹងគាត់ថា៖“ឥឡូវនេះ អ្នករាល់គ្នាជាពួកផារិស៊ី អ្នករាល់គ្នាសម្អាតពែង និងចានតែខាងក្រៅ រីឯខាងក្នុងរបស់អ្នករាល់គ្នាវិញ ពោរពេញទៅដោយការលោភលន់ និងគំនិតអាក្រក់។ Khmer Christian Bible ប៉ុន្ដែព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «អ្នករាល់គ្នាជាអ្នកខាងគណៈផារិស៊ីសំអាតពែង និងចានតែខាងក្រៅ ប៉ុន្ដែខាងក្នុងអ្នករាល់គ្នាវិញ ពេញដោយសេចក្ដីលោភលន់ និងសេចក្ដីអាក្រក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា៖ «អ្នករាល់គ្នា ជាពួកផារិស៊ី អ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅទេ តែចំណែកខាងក្នុង អ្នករាល់គ្នាមានពេញដោយចិត្តលោភ និងគំនិតអាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ពួកផារីស៊ីអើយ អ្នករាល់គ្នាសម្អាតពែង និងចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា ឯអ្នករាល់គ្នា ជាពួកផារិស៊ី អ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅទេ តែចំណែកខាងក្នុងរបស់អ្នករាល់គ្នា មានពេញដោយការឆស៊ី នឹងអំពើអាក្រក់វិញ |
អុលឡោះតាអាឡាឃើញថា មនុស្សលោកនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ នៅលើផែនដី ហើយពីព្រឹកដល់ល្ងាច ចិត្តរបស់គេចេះតែលំអៀងទៅប្រព្រឹត្តអំពើអាក្រក់។
ស្តេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ចិត្តអុលឡោះតាអាឡា តែមិនមែនដោយស្មោះអស់ពីចិត្តទេ។
សំដីផ្អែមល្ហែម តែចិត្តអាក្រក់ ប្រៀបដូចជាប្រាក់ដែលស្រោបលើភាជន៍ធ្វើពីដីឥដ្ឋ។
កាលណាគេនិយាយដោយទន់ភ្លន់ កុំទុកចិត្តគេឲ្យសោះ ដ្បិតចិត្តរបស់គេមានពេញទៅដោយការស្អប់ខ្ពើមគ្រប់យ៉ាង។
ជនប្រភេទខ្លះស្មានថា ខ្លួនជាមនុស្សបរិសុទ្ធ ក៏ប៉ុន្តែ គេមិនដែលជម្រះអំពើសៅហ្មងចេញពីខ្លួនឡើយ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យេរូសាឡឹមអើយ! ចូរជម្រះអំពើអាក្រក់ចេញពីចិត្តរបស់អ្នក ដើម្បីទទួលការសង្គ្រោះ! តើអ្នកទុកឲ្យគំនិតអាស្រូវនេះ នៅក្នុងខ្លួនអ្នកដល់កាលណាទៀត?
ណាពីរបស់អ្នកឃុបឃិតគ្នានៅក្នុងក្រុងនេះ ដូចសិង្ហគ្រហឹមបម្រុងហែករំពាស៊ី។ ពួកគេប្រហារជីវិតមនុស្ស ដើម្បីរឹបអូសយកទ្រព្យសម្បត្តិ និងរបស់របរដ៏មានតម្លៃ ពួកគេធ្វើឲ្យស្ត្រីមេម៉ាយកើនចំនួនច្រើនឡើងៗនៅក្នុងទីក្រុង។
មេដឹកនាំរបស់ក្រុងនេះប្រៀបបាននឹងចចកដែលហែករំពាស៊ី គឺពួកគេនាំគ្នាបង្ហូរឈាម និងប្រហារជីវិតមនុស្សដណ្ដើមយកទ្រព្យសម្បត្តិ។
មេដឹកនាំរបស់ពួកគេប្រៀបបាននឹងសត្វសិង្ហ ដែលគិតតែពីគ្រហឹម។ ចៅក្រមរបស់ពួកគេប្រៀបបាននឹងចចក ដែលរកស៊ីនៅពេលល្ងាច ហើយឥតទុកអ្វីឲ្យនៅសល់សម្រាប់កកេរ នៅពេលព្រឹកឡើយ។
ដ្បិតគំនិតអាក្រក់ ការកាប់សម្លាប់ អំពើផិតក្បត់ កាមគុណថោកទាប ការលួចប្លន់ ពាក្យកុហក ពាក្យត្មះតិះដៀល សុទ្ធតែចេញមកពីចិត្ដមនុស្សទាំងអស់
«ចូរប្រយ័ត្ននឹងពួកណាពីក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្ដសាហាវដូចចចក។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាតែងតែសំដែងឫកពាឲ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្តែ អុលឡោះឈ្វេងយល់ចិត្ដអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ អុលឡោះចាត់ទុកថាជាការគួរឲ្យស្អប់ខ្ពើម។
កាលអ៊ីសាជាអម្ចាស់ឃើញស្ដ្រីមេម៉ាយនោះ គាត់អាណិតអាសូរគាត់យ៉ាងខ្លាំង។ អ៊ីសាប្រាប់ទៅគាត់ថា៖ «សូមកុំយំអី!»។
រួចចាត់ឲ្យទៅសួរអ៊ីសាជាអម្ចាស់ថា៖ «តើតួនជាអាល់ម៉ាហ្សៀសដែលត្រូវមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។
គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្ដទុកដាក់នឹងអ្នកក្រទេ គឺមកពីគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ដែលគេដាក់ក្នុងថង់នោះ។
ពេលនោះ អ៊ីសា និងពួកសិស្សកំពុងបរិភោគអាហារ អ៊ីព្លេសបានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់អ៊ីសា។
ពេត្រុសនិយាយទៅគាត់ថា៖ «អាណាណាសអើយ! ហេតុដូចម្ដេចបានជាអ៊ីព្លេសហ្សៃតននៅពេញក្នុងចិត្ដអ្នក រហូតដល់ទៅកុហករសអុលឡោះដ៏វិសុទ្ធ ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ?
ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និងជាជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្ដខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។
គេសំដែងអាការៈខាងក្រៅជាអ្នកគោរពប្រណិប័តន៍អុលឡោះ ប៉ុន្ដែ គេបដិសេធមិនទទួលស្គាល់អំណាច ដែលបានមកពីការគោរពប្រណិប័តន៍ទ្រង់នោះឡើយ។ ចូរចៀសចេញឲ្យឆ្ងាយ ពីមនុស្សប្រភេទនេះទៅ។
ចំពោះអ្នកដែលមានចិត្ដបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្ដសៅហ្មង និងមិនជឿអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់គេសុទ្ធតែសៅហ្មង។
សូមចូលទៅជិតអុលឡោះ នោះទ្រង់នឹងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធទៅ! មនុស្សមានចិត្ដពីរអើយ ចូរជម្រះចិត្ដគំនិតឲ្យបានស្អាតឡើង!