ទំនុកតម្កើង 22 - អាល់គីតាបសំរែកសូមអង្វរ និងពាក្យអរគុណ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «ក្ដាន់ញីនៅពេលថ្ងៃរះ»។ ទំនុករបស់ស្ដេចទត។ 1 ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីបានជាទ្រង់បោះបង់ចោល ខ្ញុំដូច្នេះ? ហេតុអ្វីបានជាទ្រង់នៅឆ្ងាយ មិនព្រមសង្គ្រោះខ្ញុំ មិនព្រមស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំ។ 2 ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំស្រែកហៅរកទ្រង់នៅពេលថ្ងៃ តែទ្រង់មិនឆ្លើយតបទេ នៅពេលយប់ក៏ខ្ញុំស្រែកដែរ តែមិនបានធូរស្បើយឡើយ។ 3 ប៉ុន្តែ ទ្រង់ជាម្ចាស់ដ៏វិសុទ្ធដែលនៅលើបល្ល័ង្ក ហើយជនជាតិអ៊ីស្រអែលតែងនាំគ្នា សរសើរតម្កើងទ្រង់។ 4 បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើទ្រង់ ពួកគាត់ផ្ញើជីវិតលើទ្រង់ជានិច្ច ហើយទ្រង់ក៏បានរំដោះពួកគាត់។ 5 ពួកគាត់បានស្រែកអង្វររកទ្រង់ ពួកគាត់ក៏បានរួចពីខ្មាំងសត្រូវ ដោយផ្ញើជីវិតលើទ្រង់ ពួកគាត់នឹងមិនខកចិត្តសោះឡើយ។ 6 រីឯខ្ញុំវិញ គេលែងចាត់ទុកខ្ញុំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយខ្ញុំ។ 7 អស់អ្នកដែលឃើញខ្ញុំ គេចំអកឲ្យខ្ញុំគ្រប់ៗគ្នា គេពេបជ្រាយដាក់ខ្ញុំ ព្រមទាំងគ្រវីក្បាលដាក់ខ្ញុំផង។ 8 គេពោលថា “គាត់ផ្ញើវាសនាលើអុលឡោះតាអាឡាហើយ ឲ្យទ្រង់រំដោះគាត់ទៅ បើទ្រង់ស្រឡាញ់គាត់ ឲ្យទ្រង់សង្គ្រោះគាត់ទៅ!”។ 9 អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់បានយកខ្ញុំចេញពីផ្ទៃម្ដាយមក ហើយទ្រង់បានផ្ញើខ្ញុំ ទៅឲ្យអ្នកម្ដាយបំបៅ។ 10 កាលពីខ្ញុំកើតមក ទ្រង់បានទទួលខ្ញុំធ្វើជាកូន ទ្រង់ជាម្ចាស់របស់ខ្ញុំ តាំងតែពីមុនពេល ដែលខ្ញុំស្គាល់ពន្លឺថ្ងៃទៅទៀត។ 11 ពេលនេះ ខ្ញុំមានភ័យអាសន្ន គ្មាននរណាជួយខ្ញុំទេ សូមកុំនៅឆ្ងាយពីខ្ញុំឡើយ។ 12 សត្រូវរបស់ខ្ញុំជាច្រើននាក់ឡោមព័ទ្ធ ខ្ញុំ អ្នកទាំងនោះប្រៀបបានទៅនឹងគោបា ពួកគេនៅជុំវិញខ្ញុំ ដូចគោបាមកពីស្រុកបាសាន ។ 13 ពួកគេបើកមាត់ប្រឆាំងនឹងខ្ញុំ ដូចសត្វសិង្ហគ្រហឹមបម្រុងនឹងហែកស៊ី។ 14 កម្លាំងរបស់ខ្ញុំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងខ្ញុំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ខ្ញុំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។ 15 បំពង់ករបស់ខ្ញុំស្ងួតដូចដីបែកក្រហែង អណ្ដាតខ្ញុំស្អិតជាប់នឹងកន្លើត ទ្រង់បានទុកឲ្យខ្ញុំស្លាប់ក្នុងធូលីដី។ 16 មានពួកឆ្កែឡោមព័ទ្ធខ្ញុំ ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញខ្ញុំ ពួកគេចាក់ទម្លុះដៃជើងខ្ញុំ។ 17 ខ្ញុំអាចរាប់ឆ្អឹងទាំងប៉ុន្មាន របស់ខ្ញុំបាន ហើយសត្រូវរបស់ខ្ញុំនាំគ្នា សម្លក់សម្លឹងមើលខ្ញុំ។ 18 គេយកសម្លៀកបំពាក់ខ្ញុំទៅចែកគ្នា និងនាំគ្នាចាប់ឆ្នោតយកអាវវែងរបស់ខ្ញុំ ។ 19 រីឯទ្រង់វិញ ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំនៅឆ្ងាយពីខ្ញុំឡើយ! ទ្រង់ជាកម្លាំងនៃខ្ញុំ សូមមកសង្គ្រោះខ្ញុំជាប្រញាប់ផង!។ 20 សូមដោះលែងខ្ញុំឲ្យរួចផុតពីមុខដាវ សូមដោះលែងខ្ញុំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ! 21 សូមសង្គ្រោះខ្ញុំឲ្យរួចផុតពីមាត់សិង្ហ និងរួចផុតពីស្នែងក្របី! ទ្រង់ឆ្លើយតបមកខ្ញុំហើយ!។ 22 ខ្ញុំនឹងផ្សាយដំណឹងអំពីនាម របស់ទ្រង់ឲ្យបងប្អូនខ្ញុំស្គាល់ ខ្ញុំនឹងច្រៀងលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំ ។ 23 អ្នករាល់គ្នាដែលគោរពកោតខ្លាចអុលឡោះតាអាឡាអើយ ចូរសរសើរតម្កើងទ្រង់! អ្នកទាំងអស់គ្នាដែលជាពូជពង្ស យ៉ាកកូបអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ទ្រង់! អ្នកទាំងអស់គ្នាដែលជាពូជពង្ស អ៊ីស្រអែលអើយ ចូរញាប់ញ័រនៅចំពោះទ្រង់!។ 24 ពេលមនុស្សទុគ៌តមានទុក្ខវេទនា ទ្រង់មិនមាក់ងាយឬព្រងើយកន្តើយ ទ្រង់មិនលាក់មុខចំពោះគេឡើយ ពេលមនុស្សទុគ៌តស្រែកអង្វររកទ្រង់ ទ្រង់ស្តាប់គេ។ 25 ដោយទ្រង់បានប្រោសប្រណីដល់ខ្ញុំ ខ្ញុំអាចលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំដ៏ធំ ខ្ញុំនឹងលាបំណន់ នៅមុខអស់អ្នកគោរពកោតខ្លាចទ្រង់។ 26 មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកអុលឡោះតាអាឡា នឹងនាំគ្នាសរសើរតម្កើងទ្រង់។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ! 27 មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុក ដាច់ស្រយាលនៃផែនដី នឹងនឹកឃើញអុលឡោះតាអាឡា ហើយនាំគ្នាបែរចិត្តមករកទ្រង់ ប្រជាជាតិទាំងមូល នឹងនាំគ្នាក្រាប ថ្វាយបង្គំទ្រង់ 28 ដ្បិតអុលឡោះតាអាឡាជាស្តេច ទ្រង់គ្រប់គ្រងលើប្រជាជាតិនានា។ 29 ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំទ្រង់ អស់អ្នកដែលកើតពីធូលីដី គឺមនុស្សលោកដែលតែងតែស្លាប់ ក៏នឹងក្រាបថ្វាយបង្គំទ្រង់ដែរ។ 30 មនុស្សនៅជំនាន់ក្រោយនឹងគោរពបម្រើទ្រង់ ហើយគេនឹងថ្លែងអំពីអុលឡោះតាអាឡាប្រាប់កូនចៅ។ 31 គេនឹងប្រកាសប្រាប់ប្រជាជនដែលនឹងកើតមក តាមក្រោយ អំពីសេចក្ដីសុចរិតរបស់ទ្រង់ គឺអុលឡោះតាអាឡាបានជួយរំដោះប្រជារាស្ត្រ របស់ទ្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies