ព្រះអម្ចាស់ជាព្រះមហាក្សត្ររបស់ ជនជាតិអ៊ីស្រាអែល គឺព្រះអម្ចាស់នៃពិភពទាំងមូល ដែលបានលោះជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា យើងនៅមុនគេ ហើយនៅក្រោយគេបំផុត ក្រៅពីយើង គ្មានព្រះណាទៀតឡើយ។
១ យ៉ូហាន 5:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ព្រះអង្គប្រទានប្រាជ្ញាឲ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហើយដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរខ្មែរសាកល យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះបានយាងមក ព្រមទាំងប្រទានការយល់ដឹងដល់យើង ដើម្បីឲ្យយើងស្គាល់ព្រះអង្គដ៏ពិត។ យើងស្ថិតនៅក្នុងព្រះអង្គដ៏ពិត គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ។ ព្រះអង្គនេះហើយ ជាព្រះពិត និងជាជីវិតអស់កល្បជានិច្ច។ Khmer Christian Bible ហើយយើងក៏ដឹងថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទាំងបានប្រទានប្រាជ្ញាដល់យើង ដើម្បីឲ្យស្គាល់ព្រះដ៏ពិត ហើយយើងជាអ្នកនៅក្នុងព្រះដ៏ពិតនោះ គឺនៅក្នុងព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះរាជបុត្រានេះហើយជាព្រះដ៏ពិត និងជាជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងដឹងថា ព្រះរាជបុត្រារបស់ព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងមានប្រាជ្ញា ដើម្បីឲ្យយើងបានស្គាល់ព្រះអង្គដែលពិតប្រាកដ ហើយយើងនៅក្នុងព្រះអង្គដែលពិតប្រាកដ គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះអង្គជាព្រះដ៏ពិតប្រាកដ និងជាជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងក៏ដឹងថា ព្រះរាជបុត្រានៃព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងរាល់គ្នាមានប្រាជ្ញា ដើម្បីឲ្យបានស្គាល់ព្រះដ៏ពិតប្រាកដ យើងរាល់គ្នាជាអ្នកនៅក្នុងព្រះដ៏ពិតប្រាកដនោះ គឺក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ព្រះអង្គនោះឯងជាព្រះពិតប្រាកដ ហើយជាជីវិតអស់កល្បជានិច្ចផង។ អាល់គីតាប យើងក៏ដឹងដែរថា បុត្រារបស់អុលឡោះបានមក គាត់ប្រទានប្រាជ្ញាឲ្យយើងស្គាល់ម្ចាស់ដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងម្ចាស់ដ៏ពិតប្រាកដ ដោយរួមក្នុងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ គឺទ្រង់នេះហើយ ដែលជាម្ចាស់ដ៏ពិតប្រាកដ ទ្រង់ជាជីវិតអស់កល្បជានិច្ច។ |
ព្រះអម្ចាស់ជាព្រះមហាក្សត្ររបស់ ជនជាតិអ៊ីស្រាអែល គឺព្រះអម្ចាស់នៃពិភពទាំងមូល ដែលបានលោះជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា យើងនៅមុនគេ ហើយនៅក្រោយគេបំផុត ក្រៅពីយើង គ្មានព្រះណាទៀតឡើយ។
ស្វាមីរបស់អ្នក គឺព្រះអង្គដែលបានបង្កើតអ្នក! ព្រះអង្គមានព្រះនាមថា «ព្រះអម្ចាស់នៃពិភពទាំងមូល»។ ព្រះដែលបានលោះអ្នកមកនោះ គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះនាមថា «ព្រះជាម្ចាស់នៃផែនដីទាំងមូល»។
ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមក សម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គ មកយើងហើយ។ បុត្រនោះទទួលអំណាចគ្រប់គ្រង គេនឹងថ្វាយព្រះនាមថា: “ព្រះដ៏គួរស្ងើចសរសើរ ព្រះប្រកបដោយព្រះប្រាជ្ញាញាណ ព្រះដ៏មានឫទ្ធិចេស្ដា ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត”។
រីឯព្រះអម្ចាស់វិញ ព្រះអង្គជាព្រះនៃសេចក្ដីពិត ព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ជាព្រះមហាក្សត្រដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច។ ពេលព្រះអង្គសម្តែងព្រះពិរោធ នោះផែនដីត្រូវញាប់ញ័រ។ ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹង ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គទេ។
នៅរជ្ជកាលរបស់ស្ដេចនោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ជនជាតិអ៊ីស្រាអែលនឹងរស់យ៉ាងសុខសាន្ត។ គេថ្វាយព្រះនាមស្ដេចនោះថា “ព្រះអម្ចាស់ជាសេចក្ដីសុចរិតរបស់យើង”»។
ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យ*នៃស្ថានបរមសុខ* រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានឲ្យយល់ឡើយ។
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំងអាចប្រកែកតទល់នឹងអ្នករាល់គ្នាឡើយ។
ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ឡើយ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា ។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និងខ្ញុំ ក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ ម្ដេចអ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ហេតុដូចម្ដេចបានជាអ្នកថា សូមបង្ហាញព្រះបិតាឲ្យយើងខ្ញុំឃើញផងដូច្នេះ?
ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់គ្នាពុំអាចបង្កើតផលបានទាល់តែសោះ។
ទូលបង្គំបានប្រទានព្រះបន្ទូលរបស់ព្រះអង្គឲ្យគេ តែមនុស្សលោកស្អប់គេ ពីព្រោះគេមិនកើតពីនិស្ស័យលោកីយ៍ទេ ដូចជាទូលបង្គំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។
ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។
រីឯជីវិតអស់កល្បជានិច្ចនោះគឺឲ្យគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់ព្រះយេស៊ូគ្រិស្ត* ដែលព្រះអង្គចាត់ឲ្យមក។
លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន!»។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្តឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមក។
ដូច្នេះ សូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំនុំរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
មានបុព្វបុរស ហើយព្រះគ្រិស្តក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច អាម៉ែន!
គឺព្រះអង្គហើយ ដែលបានប្រោសឲ្យបងប្អូនមានតម្លៃ ដោយចូលរួមជាមួយព្រះគ្រិស្តយេស៊ូ ដែលបានទៅជាប្រាជ្ញាមកពីព្រះជាម្ចាស់ សម្រាប់យើង។ ព្រះអង្គប្រទានឲ្យយើងបានសុចរិត* បានវិសុទ្ធ* និងលោះយើងឲ្យមានសេរីភាព។
ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ព្រះអង្គក៏បានបំភ្លឺចិត្តគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់នូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលភ្លឺចាំងពីព្រះភ័ក្ត្ររបស់ព្រះគ្រិស្តដែរ។
ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្ត អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។
ដើម្បីឲ្យបងប្អូនមានសមត្ថភាពអាចយល់ រួមជាមួយប្រជាជនដ៏វិសុទ្ធ*ទាំងមូល នូវទទឹង បណ្ដោយ ជម្រៅ និងកម្ពស់
និងឲ្យតែខ្ញុំបានរួមជាមួយព្រះអង្គ។ ខ្ញុំមិនមែនសុចរិតដោយកាន់តាមក្រឹត្យវិន័យនោះឡើយ គឺសុចរិតដោយជឿលើព្រះគ្រិស្ត ហើយសេចក្ដីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់ គឺថា: ព្រះជាម្ចាស់បានបង្ហាញឲ្យយើង ស្គាល់ព្រះគ្រិស្តក្នុងឋានៈជាមនុស្ស ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យសុចរិត ដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ គេប្រកាសអំពីព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះគ្រិស្ត ព្រះជាម្ចាស់បានលើកព្រះអង្គឡើង ឲ្យមានសិរីរុងរឿង។
ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រិស្ត ជាព្រះជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះសង្គ្រោះនៃយើង យាងមកប្រកបដោយសិរីរុងរឿង។
ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ ។
អ្នកណាមិនទទួលស្គាល់ព្រះបុត្រា អ្នកនោះក៏គ្មានព្រះបិតាគង់ជាមួយដែរ រីឯអ្នកដែលទទួលស្គាល់ព្រះបុត្រា ទើបមានព្រះបិតាគង់ជាមួយ។
ចំពោះអ្នករាល់គ្នាវិញ ចូរទុកឲ្យសេចក្ដីដែលអ្នករាល់គ្នាធ្លាប់បានឮ តាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏ស្ថិតនៅជាប់នឹងព្រះបុត្រា និងព្រះបិតាដែរ។
គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។
រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រាឲ្យយាងមកសង្គ្រោះមនុស្សលោក។
រីឯយើងវិញ យើងបានស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។
បងប្អូនអាចស្គាល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បាននៅត្រង់នេះ គឺអ្នកណា ប្រកាសជំនឿថា ព្រះយេស៊ូគ្រិស្ត*បានយាងមកកើតជាមនុស្ស អ្នកនោះមានព្រះវិញ្ញាណមកពីព្រះជាម្ចាស់មែន
អ្នកណាជឿថាព្រះយេស៊ូពិតជាព្រះគ្រិស្ត អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។
បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់យើង ទោះបីយើងទូលសូមអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសូមនោះរួចហើយ។
យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ព្រះអង្គការពារអ្នកនោះ ហើយមារ*កំណាចពុំអាចយាយីគេឡើយ។
តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។
ហើយនាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងចម្រៀងរបស់កូនចៀមថា៖ «ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ ព្រះអង្គដែលគង់នៅលើសេះនោះ មានព្រះនាមថា «ព្រះដ៏ស្មោះត្រង់ ព្រះដ៏ពិតប្រាកដ» ព្រះអង្គវិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្តិធម៌។
«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ*នៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ ព្រះអាម៉ែន ជាបន្ទាល់ដ៏ស្មោះត្រង់ និងពិតប្រាកដ ហើយជាដើមកំណើតនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ទ្រង់មានព្រះបន្ទូលថា:
«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ*នៅក្រុងភីឡាដិលភាដូចតទៅនេះ៖ ព្រះដ៏វិសុទ្ធ ព្រះដ៏ពិតប្រាកដព្រះអង្គដែលកាន់កូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មាននរណាបិទបាន បើព្រះអង្គបិទ គ្មាននរណាបើកបាន ទ្រង់មានព្រះបន្ទូលថា:
អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថា: «ឱព្រះដ៏ជាចៅហ្វាយ ព្រះដ៏វិសុទ្ធ* និងស្មោះត្រង់អើយ! តើពេលណាព្រះអង្គរកយុត្តិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។