១ យ៉ូហាន 5:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសក្ខីភាពរបស់ព្រះអង្គនៅក្នុងខ្លួន អ្នកណាមិនជឿព្រះជាម្ចាស់ទេ អ្នកនោះចាត់ទុកថា ព្រះអង្គកុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលព្រះជាម្ចាស់បានប្រទានមក ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលជឿលើព្រះបុត្រារបស់ព្រះ មានទីបន្ទាល់នេះនៅក្នុងខ្លួន រីឯអ្នកដែលមិនជឿព្រះ បានធ្វើឲ្យព្រះអង្គទៅជាអ្នកភូតភរ ពីព្រោះអ្នកនោះមិនបានជឿលើទីបន្ទាល់ដែលព្រះបានធ្វើបន្ទាល់អំពីព្រះបុត្រារបស់ព្រះអង្គ។ Khmer Christian Bible អ្នកណាដែលជឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសេចក្ដីបន្ទាល់នៅក្នុងខ្លួន រីឯអ្នកណាដែលមិនជឿលើព្រះជាម្ចាស់ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រលប់ជាអ្នកកុហកហើយ ព្រោះមិនបានជឿលើសេចក្ដីបន្ទាល់ ដែលព្រះជាម្ចាស់បានធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលជឿដល់ព្រះរាជបុត្រារបស់ព្រះ អ្នកនោះមានទីបន្ទាល់នៅក្នុងខ្លួនហើយ។ អ្នកណាដែលមិនជឿព្រះ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រឡប់ជាអ្នកកុហកវិញ ព្រោះគេមិនបានជឿដល់ទីបន្ទាល់ដែលព្រះបានធ្វើ អំពីព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលជឿដល់ព្រះរាជបុត្រានៃព្រះ នោះមានសេចក្ដីបន្ទាល់នៅក្នុងខ្លួនហើយ តែអ្នកណាដែលមិនជឿដល់ព្រះសោះ នោះឈ្មោះថា បានធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ពីព្រោះមិនបានជឿដល់សេចក្ដីបន្ទាល់ ដែលទ្រង់បានធ្វើពីដំណើរព្រះរាជបុត្រានៃទ្រង់ អាល់គីតាប អ្នកណាជឿលើបុត្រារបស់អុលឡោះ អ្នកនោះមានសក្ខីភាពរបស់ទ្រង់នៅក្នុងខ្លួន អ្នកណាមិនជឿអុលឡោះទេ អ្នកនោះចាត់ទុកថា ទ្រង់កុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលអុលឡោះបានប្រទានមក ស្ដីអំពីបុត្រារបស់ទ្រង់។ |
ព្រះអម្ចាស់តែងតែសម្តែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រី របស់ព្រះអង្គ។
ដ្បិតព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងមនុស្សខិលខូចទេ តែព្រះអង្គស្និទ្ធស្នាលជាមួយមនុស្សទៀងត្រង់។
ប្រជាជនតបថា តើនរណាជឿ សេចក្ដីដែលគេប្រាប់យើង? តើព្រះអម្ចាស់បានសម្តែងឫទ្ធិបារមី ចំពោះនរណា?
ហេតុអ្វីបានជាទូលបង្គំចេះតែឈឺចុកចាប់ ជានិច្ចបែបនេះ? ហេតុអ្វីបានជាមុខរបួសទូលបង្គំ មិនព្រមជាសះដូច្នេះ? ព្រះអង្គពិតជាធ្វើឲ្យទូលបង្គំខកចិត្ត ដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ!
ព្រះជាម្ចាស់មិនមែនដូចមនុស្សលោកទេ ព្រះអង្គមិនចេះកុហកឡើយ ព្រះអង្គក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់លោកអដាំ ដែរ! ព្រះអង្គមានព្រះបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ព្រះអង្គតែងតែសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានថ្លែង។
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។
អ្នកជឿលើព្រះបុត្រាមិនត្រូវទទួលទោសទេ រីឯអ្នកមិនជឿបានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។
អ្នកដែលទទួលសក្ខីភាពរបស់ព្រះអង្គបានបញ្ជាក់ថា ព្រះជាម្ចាស់បានសម្តែងសេចក្ដីពិតមែន។
អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងចិត្តទេ ព្រោះអ្នករាល់គ្នាពុំជឿអ្នកដែលព្រះបិតាបានចាត់ឲ្យមក។
លោកភីលីពមានប្រសាសន៍ទៅលោកមន្ត្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្តនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ត្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូគ្រិស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់»។
គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខីភាពឲ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្ររបស់ព្រះជាម្ចាស់មែន។
ខ្ញុំសូមជម្រាបថា ដរាបណាកូនដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ គេមិនខុសពីខ្ញុំបម្រើទេ ថ្វីដ្បិតតែគេជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ
បងប្អូនពិតជាបុត្ររបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា «អប្បា ! ឱព្រះបិតា!»។
ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយព្រះគ្រិស្ត ក្នុងព្រះជាម្ចាស់ដែរ។
ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្តអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។
យើងក៏មានពាក្យព្យាការី*បានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បើបងប្អូនផ្ចង់ចិត្តទៅកាន់ពាក្យនេះ ពិតជាត្រឹមត្រូវហើយ ព្រោះពាក្យនេះប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើង ក្នុងចិត្តបងប្អូន។
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះដូចជាយើងចោទថា ព្រះជាម្ចាស់កុហកទៅវិញ ហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។
អ្នកណាជឿថាព្រះយេស៊ូពិតជាព្រះគ្រិស្ត អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។
នាគក្ដៅក្រហាយនឹងស្ត្រីនោះយ៉ាងខ្លាំង វាក៏ចេញទៅធ្វើសឹកនឹងកូនចៅរបស់នាងដែលនៅសល់ គឺធ្វើសឹកនឹងអស់អ្នកដែលប្រតិបត្តិតាមបទបញ្ជា*ទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ និងអស់អ្នកដែលបានជឿសក្ខីភាពរបស់ព្រះយេស៊ូ។
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យនំម៉ាណាដ៏លាក់កំបាំងទៅអ្នកនោះ ព្រមទាំងប្រគល់ក្រួសពណ៌សមួយដុំឲ្យដែរ នៅលើដុំក្រួសនោះមានចារឹកឈ្មោះមួយថ្មី ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ វៀរលែងតែអ្នកដែលបានទទួលនោះចេញ”»។
អ្នកនោះមានអំណាចដូចអំណាចដែលយើងបានទទួលពីព្រះបិតារបស់យើង ហើយយើងនឹងប្រគល់ផ្កាយព្រឹកឲ្យអ្នកនោះ។