ព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូល ព្រះអង្គដែលជាថ្មដាការពារអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលមកខ្ញុំថា៖ ស្ដេចណាគ្រប់គ្រងប្រជាជនដោយសុចរិត គឺស្ដេចដែលគ្រប់គ្រងប្រជាជន ដោយគោរពកោតខ្លាចព្រះជាម្ចាស់
១ ពង្សាវតារក្សត្រ 10:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រោសប្រណីព្រះករុណា ហើយជ្រើសរើសព្រះករុណា ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែលជានិច្ច ហេតុនេះហើយបានជាព្រះអង្គជ្រើសរើសព្រះករុណាឲ្យធ្វើជាស្ដេច ដើម្បីគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់ទ្រង់ប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ាបានស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ដើម្បីឲ្យសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត »។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់បានប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ា ទ្រង់ស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ប្រយោជន៍ឲ្យបានសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត អាល់គីតាប សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ដែលបានប្រោសប្រណីស្តេច ហើយជ្រើសរើសស្តេច ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល។ អុលឡោះតាអាឡាស្រឡាញ់ជនជាតិអ៊ីស្រអែលជានិច្ច ហេតុនេះហើយបានជាទ្រង់ជ្រើសរើសស្តេចឲ្យធ្វើជាស្តេច ដើម្បីគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌»។ |
ព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូល ព្រះអង្គដែលជាថ្មដាការពារអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលមកខ្ញុំថា៖ ស្ដេចណាគ្រប់គ្រងប្រជាជនដោយសុចរិត គឺស្ដេចដែលគ្រប់គ្រងប្រជាជន ដោយគោរពកោតខ្លាចព្រះជាម្ចាស់
ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះអម្ចាស់តែងតាំងស្ដេចឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ហើយព្រះអង្គក៏ប្រោសប្រទានឲ្យរាជសម្បត្តិរបស់ស្ដេចបានចម្រុងចម្រើនឡើង ព្រោះតែអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែរ។
ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ទ្រង់គ្រប់គ្រងលើប្រជារាស្ត្រ ដោយសុចរិត និងយុត្តិធម៌។
ប្រជាជនអ៊ីស្រាអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ព្រះបាទសាឡូម៉ូន ហើយពួកគេនាំគ្នាគោរពកោតខ្លាចព្រះរាជា ព្រោះពួកគេយល់ឃើញថា ព្រះជាម្ចាស់ប្រទានប្រាជ្ញាញាណមកស្ដេច ដើម្បីកាត់ក្ដីនេះ។
កាលព្រះបាទហ៊ីរ៉ាមទទួលសារពីព្រះបាទសាឡូម៉ូន ទ្រង់មានអំណរជាខ្លាំង រួចមានរាជឱង្ការថា៖ «ថ្ងៃនេះ សូមលើកតម្កើងព្រះអម្ចាស់ ដែលបានប្រោសប្រទានបុត្រមួយអង្គប្រកបដោយប្រាជ្ញាឈ្លាសវៃដល់ព្រះបាទដាវីឌ ដើម្បីគ្រប់គ្រងលើប្រជាជនដ៏ច្រើននេះ»។
ព្រះអម្ចាស់អើយ! ព្រះអង្គបានជ្រើសរើសជនជាតិអ៊ីស្រាអែល ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ ហើយព្រះអង្គក៏បានទៅជាព្រះរបស់ពួកគេ។
ព្រះបាទហ៊ីរ៉ាម ជាស្ដេចស្រុកទីរ៉ុស ផ្ញើសារមួយឆ្លើយទៅព្រះបាទសាឡូម៉ូនវិញថា៖ «ព្រះអម្ចាស់ពិតជាស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ បានជាព្រះអង្គតែងតាំងព្រះករុណាឲ្យឡើងគ្រងរាជ្យលើពួកគេ»។
ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។
គេពោលថា “គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយ ឲ្យព្រះអង្គរំដោះគាត់ទៅ បើព្រះអង្គស្រឡាញ់គាត់ ឲ្យព្រះអង្គសង្គ្រោះគាត់ទៅ!”។
ដើម្បីឲ្យព្រះរាជាអាចគ្រប់គ្រង ប្រជារាស្ត្ររបស់ព្រះអង្គ ដោយសុចរិត ហើយគ្រប់គ្រងជនក្រីក្រដោយយុត្តិធម៌។
ព្រះអម្ចាស់មានព្រះបន្ទូលថា: លោកនេះហើយជាអ្នកបម្រើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់វិញ្ញាណរបស់យើងលើលោក។ លោកនឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ ស្គាល់ការវិនិច្ឆ័យ។
គេនឹងលែងហៅអ្នកថា “ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយ គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា “ដីដែលគេបោះបង់ចោលដែរ”។ ផ្ទុយទៅវិញ គេនឹងហៅអ្នកថា “ព្រលឹងមាសបង!” ហើយគេនឹងហៅទឹកដីរបស់អ្នកថា “ភរិយាសម្លាញ់ចិត្ត” ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងបានដូចជា ស្ត្រីដែលជានានឹងប្ដីឡើងវិញ។
ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមក សម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គ មកយើងហើយ។ បុត្រនោះទទួលអំណាចគ្រប់គ្រង គេនឹងថ្វាយព្រះនាមថា: “ព្រះដ៏គួរស្ងើចសរសើរ ព្រះប្រកបដោយព្រះប្រាជ្ញាញាណ ព្រះដ៏មានឫទ្ធិចេស្ដា ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត”។
ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទ ដាវីឌ និងនគររបស់ព្រះអង្គ មានសេចក្ដីសុខសាន្តរហូតតទៅ។ ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។
ពួកគេពោលថា ព្រះអម្ចាស់បានសម្តែងព្រះអង្គ ឲ្យខ្ញុំឃើញពីចម្ងាយ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់ ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។ ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នក ព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ព្រះអង្គស្រឡាញ់យើងខ្ញុំ?”។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - ទោះបីអេសាវជាបងរបស់យ៉ាកុបក្ដី ក៏យើងស្រឡាញ់យ៉ាកុបជាង
ព្រះអង្គជ្រើសរើសអ្នករាល់គ្នា មកពីព្រះអង្គស្រឡាញ់អ្នករាល់គ្នា ហើយសព្វព្រះហឫទ័យគោរពតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នករាល់គ្នា។ ហេតុនេះហើយបានជាព្រះអម្ចាស់ប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ ដើម្បីនាំអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាធ្វើជាទាសករ ព្រះអង្គរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។