Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ពង្សាវ‌តារ‌ក្សត្រ 10 - អាល់គីតាប


មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​មក​ជួប​ណាពី​ស៊ូឡៃ‌ម៉ាន

1 ភរិយា​របស់​ស្តេច​ស្រុក​សេបា​បាន​ឮ​អំពី​កិត្តិ‌នាម​ដ៏​ល្បី‌ល្បាញ​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​ទទួល​ពីអុលឡោះ‌តាអាឡា។ ដូច្នេះ​នាង​ក៏​មក​ជួប​ស៊ូឡៃ‌ម៉ាន​ដើម្បី​ល្បង​ប្រាជ្ញា ដោយ​ចោទ​សួរ​ប្រស្នា​ផ្សេងៗ។

2 នាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​អ្នក​បម្រើ​យ៉ាង​ច្រើន​ហែ‌ហម ព្រម​ទាំង​មាន​សត្វ​អូដ្ធ​ជា​ច្រើន​ដឹក​គ្រឿង​ក្រអូប មាស និង​ត្បូង​យ៉ាង​សន្ធឹក‌សន្ធាប់​ផង។ នាង​ចូល​ទៅ​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​ចោទ​សួរ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​រិះ‌គិត​ទុក​ជា​មុន។

3 ស្តេច​ស៊ូឡៃ‌ម៉ាន​ឆ្លើយ​នឹង​សំនួរ​របស់​នាង​ត្រូវ​ទាំង​អស់ ឥត​មាន​សំនួរ​ណា​មួយ​ដែល​គាត់​ឆ្លើយ​ពុំ​រួច​នោះ​ឡើយ។

4 ភរិយា​របស់​ស្តេច​ស្រុក​សេបា​សង្កេត​ឃើញ​ប្រាជ្ញា​ដ៏​ឈ្លាស‌វៃ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន និង​ឃើញ​វាំង​ដែល​គាត់​បាន​សង់

5 ព្រម​ទាំង​ឃើញ​ម្ហូប​អាហារ​នៅ​លើ​តុ​ស្តេច លំ‌នៅ​ដ្ឋាន​របស់​នាម៉ឺន​មន្ត្រី របៀប​របប និង​ឯក‌សណ្ឋាន​របស់​ពួក​អ្នក​បម្រើ ពួក​មហា‌តលឹក និង​ឃើញ​គូរបាន​ដុត ដែល​គាត់​ធ្វើ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នាង​ក៏​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង។

6 នាង​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ស៊ូឡៃ‌ម៉ាន​ថា៖ «ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ឮ​គេ​និយាយ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ ស្តី​អំពី​ស្តេច និង​អំពី​ប្រាជ្ញា​របស់​ស្តេច​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន!

7 មុន​ពេល​ខ្ញុំ​មក​ដល់ និង​មុន​ពេល​ខ្ញុំ​ឃើញ​ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​មិន​បាន​ជឿ​ពាក្យ​គេ​ទេ។ ឥឡូវ​នេះ ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​គេ​រៀប‌រាប់​នោះ បាន​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ។ ស្តេច​មាន​ប្រាជ្ញា ហើយ​ចំរុង‌ចំរើន លើស​ពី​សេចក្តី​ដែល​ខ្ញុំ​បាន​ឮ​ទៅ​ទៀត។

8 ពួក​អ្នក​បម្រើ និង​ពួក​នាម៉ឺន​មន្ត្រី​ដែល​នៅ​ជុំ‌វិញ​ស្តេច​ពិត​ជា​មាន​សុភ‌មង្គល​ហើយ ព្រោះ​ពួក​គេ​បាន​ស្តាប់​ប្រសាសន៍​ពោរ‌ពេញ​ដោយ​ប្រាជ្ញា​របស់​ស្តេច។

9 សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច ដែល​បាន​ប្រោស‌ប្រណី​ស្តេច ហើយ​ជ្រើស‌រើស​ស្តេច ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល។ អុលឡោះ‌តាអាឡា​ស្រឡាញ់​ជន‌ជាតិ​អ៊ីស្រ‌អែល​ជានិច្ច ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ជ្រើស​រើស​ស្តេច​ឲ្យ​ធ្វើ​ជា​ស្តេច ដើម្បី​គ្រប់‌គ្រង​ដោយ​សុចរិត និង​យុត្តិធម៌»។

10 ភរិយា​របស់​ស្តេច​ស្រុក​សេបា យក​មាស​ទម្ងន់​បួន​ពាន់​គីឡូ‌ក្រាម មក​ជូន​ស្តេច រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​យ៉ាង​ច្រើន​ផង។ តាំង​ពី​ពេល​នោះ​មក​ពុំ​មាន​អ្នក​ណា​យក​គ្រឿង​ក្រអូប​យ៉ាង​ច្រើន​មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន ដូច​ភរិយា​របស់​ស្តេច​ស្រុក​សេបា​ឡើយ។

11 កាល​សំពៅ​របស់​ស្តេច​ហ៊ីរ៉ាម ដឹក​មាស​ពី​ស្រុក​អូភារ​មក​នោះ គេ​ក៏​ដឹក​ឈើ​ខ្លឹម​ចន្ទន៍ និង​ត្បូង​យ៉ាង​ច្រើន​មក​ជា​មួយ​ដែរ។

12 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​យក​ឈើ​ខ្លឹម​ចន្ទន៍​នេះ មក​ធ្វើ​បង្កាន់​ដៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ដំណាក់​របស់​គាត់ ព្រម​ទាំង​ធ្វើ​ឧបករណ៍​ភ្លេង គឺ​មាន​ពិណ និង​ឃឹម សម្រាប់​ក្រុម​អ្នក​ចំរៀង។ រហូត​ដល់​សព្វ​ថ្ងៃ​គេ​ពុំ​ដែល​ឃើញ​មាន​នរណា​ម្នាក់ នាំ​ឈើ​ខ្លឹម​ចន្ទន៍​យ៉ាង​ច្រើន​បែប​នេះ ចូល​មក​ស្រុក​អ៊ីស្រ‌អែល​ឡើយ។

13 រីឯ​ស្តេច​ស៊ូឡៃ‌ម៉ាន​វិញ អ្វីៗ​ដែល​មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ចង់​បាន និង​សូម គាត់​ប្រគល់​ឲ្យ​ទាំង​អស់។ លើស​ពី​នេះ គាត់​ក៏​បាន​ជូន​រាជ្យ​ទ្រព្យ​ទៅ​នាង សម​នឹង​ឋានៈ​គាត់​ជា​ស្តេច​ដ៏​ឧត្តុង្គ​ឧត្តម។ បន្ទាប់​មក ភរិយា​របស់​ស្តេច និង​អ្នក​បម្រើ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​សេបា​វិញ។


រាជ‌ទ្រព្យ​របស់​ណាពី​ស៊ូឡៃ‌ម៉ាន

14 ក្នុង​មួយ​ឆ្នាំៗ ស្តេច​ស៊ូឡៃ‌ម៉ាន​ទទួល​បាន​មាស ទម្ងន់​ម្ភៃ​បី​តោន។

15 លើស​ពី​នោះ មាន​ចំណូល​ដែល​បាន​មក​ពី​ពន្ធដារ​នៃ​ទំនិញ​នាំ​ចូល ការ​ធ្វើ​ជំនួញ ព្រម​ទាំង​សួយ‌អាករ​របស់​ស្តេច​ទាំង‌ឡាយ​នៃ​ស្រុក​អារ៉ាប់ និង​ពួក​ចៅហ្វាយ​ខេត្ត​ថែម​ទៀត​ផង។

16 ស្តេច​ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​ធ្វើ​ខែល​ធំៗ​ពី​មាស​ចំនួន​ពីរ​រយ ខែល​នីមួយៗ​មាន​ទម្ងន់​ប្រាំ​មួយ​គីឡូ​ក្រាម

17 និង​ខែល​តូចៗ​ពី​មាស​ចំនួន​បី​រយ ខែល​នីមួយៗ​មាន​ទម្ងន់​មួយ​គីឡូ‌ក្រាម​កន្លះ។ គាត់​យក​ខែល​ទាំង​នោះ​ទៅ​ទុក​ក្នុង «ដំណាក់​ព្រៃ​ស្រុក​លីបង់»។

18 ស្តេច​ស៊ូឡៃ‌ម៉ាន​ធ្វើ​បល្ល័ង្ក​មួយ​ដ៏​ធំ​ពី​ភ្លុក ព្រម​ទាំង​ស្រោប​មាស​សុទ្ធ​ផង។

19 បល្ល័ង្ក​នេះ​ស្ថិត​នៅ​លើ​កំណល់​មួយ​ដែល​មាន​ជណ្តើរ​ប្រាំ​មួយ​ថ្នាក់ បង្អែក​របស់​បល្ល័ង្ក​មាន​រាង​មូល ព្រម​ទាំង​មាន​ដៃ​សង​ខាង ហើយ​មាន​រូប​ចម្លាក់​សឹង្ហ​ពីរ ឈរ​នៅ​ជាប់​នឹង​ដៃ​ទាំង​សង​ខាង​នោះ។

20 មាន​រូប​ចម្លាក់​សឹង្ហ​ដប់‌ពីរ ឈរ​អម​សង​ខាង​ជណ្តើរ​ទាំង​ប្រាំ​មួយ​ថ្នាក់​នោះ។ គេ​ពុំ​ដែល​ឃើញ​នគរ​ណា​មាន​បល្ល័ង្ក​បែប​នេះ​ឡើយ។

21 រីឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស៊ូឡៃ‌ម៉ាន សុទ្ធ​តែ​ធ្វើ​ពី​មាស ហើយ​ចាន​ដែល​ប្រើ​ប្រាស់​ក្នុង​ដំណាក់​ព្រៃ​ស្រុក​លីបង់ ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់។ គេ​ពុំ​បាន​ធ្វើ​គ្រឿង​ប្រដាប់​អ្វី​ពី​ប្រាក់​ទេ ដ្បិត​ក្នុង​រជ្ជកាល​ស្តេច​ស៊ូឡៃ‌ម៉ាន ប្រាក់​គ្មាន​តម្លៃ​ឡើយ។

22 ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​សំពៅ​ដើរ​សមុទ្រ សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​ឆ្ងាយ ជា​មួយ​សំពៅ​របស់​ស្តេច​ហ៊ីរ៉ាម។ បី​ឆ្នាំ​ម្តង សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។

23 ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​ទ្រព្យ‌សម្បត្តិ និង​ប្រាជ្ញា​លើស​ស្តេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី។

24 មនុស្ស​ទាំង​អស់​តែងតែ​ចង់​ចូល​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ដើម្បី​ស្តាប់​ការ​ណែនាំ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​អុលឡោះ​ប្រទាន​មក​គាត់។

25 រៀង​រាល់​ឆ្នាំ គេ​តែងតែ​នាំ​យក​ទ្រព្យ​មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន គឺ​មាន​វត្ថុ​ធ្វើ​ពី​មាស ធ្វើ​ពី​ប្រាក់ សម្លៀក‌បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា។

26 ស្តេច​ស៊ូឡៃ‌ម៉ាន​ប្រមូល​រទេះ​ចំបាំង និង​ពល​ទ័ព​សេះ​ទាំង​អស់​មក ឃើញ​មាន​រទេះ​ចំបាំង​ចំនួន​មួយ​ពាន់​បួន​រយ និង​ពល​ទ័ព​សេះ ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ គាត់​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​គាត់​ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា​ដែល​គាត់​បម្រុង​សម្រាប់​ទ័ព​ទាំង​នោះ។

27 ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម មាន​ប្រាក់​សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌​ដូច​ដើម​រាំង ដែល​ដុះ​នៅ​តាម​វាល​ទំនាប។

28 ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​គីលី‌គា មក​ជូន​ស្តេច​ស្តេច​ស៊ូឡៃ‌ម៉ាន។

29 រទេះ​មួយ​មក​ពី​ស្រុក​អេស៊ីប មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង និង​សេះ​មួយ​តម្លៃ​មួយ​រយ​ហា‌សិប​ស្លឹង។ ពួក​ឈ្មួញ​ក៏​បាន​នាំ​សេះ និង​រទេះ​ទៅ​លក់​ជូន​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​ហេត និង​ស្តេច​នៃ​ជន‌ជាតិ​ស៊ីរី​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម