មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន គឺអ្នកដែលមិនបណ្ដោយខ្លួនទៅថ្វាយបង្គំ ព្រះក្លែងក្លាយ និងនិយាយស្បថស្បែបំពាន។
១ ធីម៉ូថេ 1:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្តបរិសុទ្ធ* ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។ ព្រះគម្ពីរខ្មែរសាកល គោលបំណងនៃសេចក្ដីបង្គាប់នេះ គឺសេចក្ដីស្រឡាញ់ដែលចេញពីចិត្តបរិសុទ្ធ ពីសតិសម្បជញ្ញៈត្រឹមត្រូវ និងពីជំនឿឥតពុតត្បុត។ Khmer Christian Bible គោលបំណងរបស់សេចក្ដីបង្គាប់នេះ គឺឲ្យមានសេចក្ដីស្រឡាញ់ដែលកើតចេញពីចិត្ដបរិសុទ្ធ ពីមនសិការល្អ និងពីជំនឿដ៏ឥតពុតត្បុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដែលហាមយ៉ាងដូច្នោះ នោះគឺប្រយោជន៍ចង់ឲ្យបានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីបញ្ញាចិត្តជ្រះថ្លា ហើយពីសេចក្ដីជំនឿដ៏ស្មោះត្រង់វិញ អាល់គីតាប ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្ដបរិសុទ្ធ ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។ |
មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន គឺអ្នកដែលមិនបណ្ដោយខ្លួនទៅថ្វាយបង្គំ ព្រះក្លែងក្លាយ និងនិយាយស្បថស្បែបំពាន។
ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឲ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យេរូសាឡឹមអើយ! ចូរជម្រះអំពើអាក្រក់ចេញពីចិត្តរបស់អ្នក ដើម្បីទទួលការសង្គ្រោះ! តើអ្នកទុកឲ្យគំនិតអាស្រូវនេះ នៅក្នុងខ្លួនអ្នកដល់កាលណាទៀត?
យើងគិតថា “អ្នករាល់គ្នាគង់តែកោតខ្លាច និងព្រមទទួលការស្ដីប្រដៅពីយើង ដូច្នេះ ទីលំនៅអ្នករាល់គ្នាមុខជាមិនត្រូវ វិនាសអន្តរាយទេ”។ ប៉ុន្តែ ពេលណាយើងដាក់ទោសពួកគេ ពួកគេគិតតែពីរូតរះប្រព្រឹត្តអំពើថោកទាប គ្រប់បែបយ៉ាង។
មនុស្សល្អតែងប្រព្រឹត្តល្អ ព្រោះគេមានសុទ្ធតែគំនិតល្អនៅក្នុងខ្លួន រីឯមនុស្សអាក្រក់វិញ តែងប្រព្រឹត្តអាក្រក់ ព្រោះគេមានសុទ្ធតែគំនិតអាក្រក់នៅក្នុងខ្លួន។
អ្នកណាមានចិត្តបរិសុទ្ធ* អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់!
ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺព្រះអង្គបានសម្អាតចិត្តគេឲ្យបានបរិសុទ្ធ* ដោយជំនឿ។
លោកប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំដឹងថា អំពើដែលខ្ញុំប្រព្រឹត្ត នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រហូតមកទល់សព្វថ្ងៃនេះ សុទ្ធតែត្រឹមត្រូវទាំងអស់»។
ហេតុនេះហើយបានជាខ្ញុំបាទខំប្រឹងធ្វើយ៉ាងណា ឲ្យមានចិត្តស្អាតបរិសុទ្ធ*គ្រប់ចំពូក ចំពោះព្រះជាម្ចាស់ និងចំពោះមនុស្សលោក។
ក្រឹត្យវិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះគ្រិស្ត ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។
ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។
ប្រសិនបើអ្នកនាំឲ្យបងប្អូនអ្នកពិបាកចិត្តព្រោះតែរឿងអាហារ នោះបានសេចក្ដីថា អ្នកមិនប្រព្រឹត្តតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើឲ្យនរណាម្នាក់វិនាសបាត់បង់ឲ្យសោះ ព្រោះព្រះគ្រិស្តបានសោយទិវង្គតសម្រាប់គេហើយ។
ខ្ញុំសូមនិយាយសេចក្ដីពិត ដោយរួមជាមួយព្រះគ្រិស្ត ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមនសិការរបស់ខ្ញុំផ្ទាល់ ជាសាក្សី និងដោយមានព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺថា
ទោះបីខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវតាក្ដី បើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំប្រៀបដូចជាសំឡេងគងដែលលាន់ឮឡើង ឬដូចជាស្គរដែលឮរំពងឡើងតែប៉ុណ្ណោះ។
សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្តចំពោះបងប្អូនដោយចិត្តស្មោះសរ និងដោយសុទ្ធចិត្តចេញមកពីព្រះជាម្ចាស់។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមព្រះគុណរបស់ព្រះជាម្ចាស់វិញ ត្រង់នេះហើយដែលធ្វើឲ្យយើងបានខ្ពស់មុខ។
រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្ដោសមេត្តា ជំនឿ
ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រិស្តយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះ មិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំឲ្យប្រព្រឹត្តអំពើផ្សេងៗដោយចិត្តស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។
ឥឡូវនេះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នក សព្វព្រះហឫទ័យឲ្យអ្នកគោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយឲ្យអ្នកស្រឡាញ់ និងគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។
ធីម៉ូថេ កូនសម្លាញ់អើយ ខ្ញុំសូមផ្ដាំផ្ញើមកអ្នក ស្របតាមព្រះបន្ទូលដែលគេថ្លែងទុកអំពីអ្នកស្រាប់។ ចូរពឹងផ្អែកលើព្រះបន្ទូលនេះ ដើម្បីពុះពារតយុទ្ធឲ្យបានល្អប្រសើរ
ដោយមានជំនឿ និងមានមនសិការល្អ។ អ្នកខ្លះលែងមានមនសិការល្អបែបនេះ បណ្ដាលឲ្យជំនឿរបស់គេលិចលង់។
ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលខ្ញុំគោរពបម្រើបន្ដពីបុព្វបុរស* ដោយមនសិការបរិសុទ្ធ* ហើយរាល់ពេលខ្ញុំអធិស្ឋាន* ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។
ខ្ញុំក៏នៅនឹកចាំពីជំនឿ ឥតលាក់ពុតរបស់អ្នក គឺជាជំនឿដែលលោកយាយឡូអ៊ីស ជាជីដូន និងអ្នកស្រីអឺនីស ជាម្ដាយរបស់អ្នក ធ្លាប់មានមុនអ្នក ខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។
ចូរគេចចេញឲ្យផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលគោរពព្រះអម្ចាស់ដោយចិត្តបរិសុទ្ធ*នោះវិញ។
ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្តសៅហ្មង និងមិនជឿ អ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់គេសុទ្ធតែសៅហ្មង។
យើងត្រូវនាំគ្នាចូលទៅជិតព្រះអង្គដោយចិត្តទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្តបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកដ៏បរិសុទ្ធផង។
សូមអធិស្ឋាន*ឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការល្អ និងមានឆន្ទៈចង់ប្រព្រឹត្តយ៉ាងល្អត្រឹមត្រូវ ក្នុងគ្រប់កាលៈទេសៈ
ចំណង់បើព្រះលោហិតរបស់ព្រះគ្រិស្តវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ខ្លាំងយ៉ាងណាទៅទៀត? គឺដោយសារព្រះវិញ្ញាណដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រិស្តបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ ទុកដូចជាយញ្ញបូជាឥតសៅហ្មង។
សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបរិសុទ្ធ*ទៅ! មនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តគំនិតឲ្យបានស្អាតឡើង!
បងប្អូនបានជម្រះព្រលឹងឲ្យបរិសុទ្ធ*ដោយស្ដាប់តាមសេចក្ដីពិត ដើម្បីឲ្យបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តទៅ។
ប៉ុន្តែ ត្រូវឆ្លើយទៅគេ ដោយទន់ភ្លន់ ដោយគោរព និងដោយមានមនសិការល្អ ដើម្បីឲ្យអស់អ្នកដែលចង់មួលបង្កាច់កិរិយាល្អរបស់បងប្អូន ជាអ្នកជឿព្រះគ្រិស្ត* ត្រង់ចំណុចណាមួយ បែរជាត្រូវខ្មាសទៅវិញ។
នេះជានិមិត្តរូបនៃពិធីជ្រមុជទឹក*ដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារព្រះយេស៊ូគ្រិស្តមានព្រះជន្មរស់ឡើងវិញ
ជាបឋម ត្រូវមានចិត្តស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលុប។
បន្ថែមភាតរភាពពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើភាតរភាព។
ត្រង់ហ្នឹងហើយ ដែលបង្ហាញឲ្យឃើញច្បាស់ថា អ្នកណាជាបុត្ររបស់ព្រះជាម្ចាស់ អ្នកណាជាកូនចៅរបស់មារ*។ អ្នកណាមិនប្រព្រឹត្តអំពើសុចរិត* អ្នកនោះមិនមែនកើតមកពីព្រះជាម្ចាស់ទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូន អ្នកនោះក៏មិនមែនកើតមកពីព្រះអង្គដែរ។
រីឯបទបញ្ជា*របស់ព្រះអង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមបទបញ្ជាដែលព្រះអង្គប្រទានមកយើង។
អ្នកណាមានសេចក្ដីសង្ឃឹមលើព្រះអង្គបែបនេះ អ្នកនោះបានជម្រះខ្លួនឲ្យបរិសុទ្ធ* ដូចព្រះអង្គបរិសុទ្ធដែរ។