ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 35:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​កម្លា​ចិត្ត​អ្នក​ដែល​ភ័យ​តក់‌ស្លុត​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! មើល៍‌ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា! ព្រះអង្គ​យាង​មក​សង‌សឹក ព្រះអង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​លើ​អ្នក​រាល់​គ្នា គឺ​ព្រះអង្គ​ផ្ទាល់ យាង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​និយាយ​នឹង​ពួកអ្នកដែល​មាន​ចិត្ត​តក់ស្លុត​ថា​៖ “ចូរ​មានកម្លាំងឡើង កុំ​ខ្លាច​ឡើយ​! មើល៍! ព្រះ​របស់អ្នករាល់គ្នា​! ព្រះអង្គ​នឹង​យាង​មក​ដោយ​មាន​ការសងសឹក ដោយមាន​សំណង​របស់​ព្រះ​។ ព្រះអង្គ​នឹង​យាង​មក ហើយ​សង្គ្រោះ​អ្នករាល់គ្នា”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​មាន​កម្លាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល៍ ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​យាង​មក​សង‌សឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ព្រះ‌អង្គ​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​ឲ្យ​មាន​កំឡាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​យាង​មក​សង‌សឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ទ្រង់​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា។

សូមមើលជំពូក

អាល់គីតាប

ចូរ​កម្លា​ចិត្ត​អ្នក​ដែល​ភ័យ​តក់‌ស្លុត​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! មើល៍‌ហ្ន៎ ម្ចាស់​របស់​អ្នក​រាល់​គ្នា! គាត់​មក​សង‌សឹក គាត់​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​លើ​អ្នក​រាល់​គ្នា គឺ​គាត់​ផ្ទាល់ មក​សង្គ្រោះ​អ្នក​រាល់​គ្នា។

សូមមើលជំពូក



អេសាយ 35:4
52 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្ដេច​សាឡូម៉ូន​ជា​បុត្រ​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ហើយ​បំពេញ​ការ‌ងារ​ឲ្យ​បាន​សម្រេច! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​បិតា​នឹង​គង់​ជា​មួយ​បុត្រ រហូត​ដល់​ការ‌ងារ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​សម្រេច​ចប់​សព្វ​គ្រប់ ព្រះអង្គ​មិន​បោះ​បង់​ចោល​បុត្រ​ឲ្យ​នៅ​តែ​ឯង​ឡើយ។


ពេល​ខ្ញុំ​មាន​ភ័យ​អាសន្ន ខ្ញុំ​ពោល​ឡើង​ថា យើង​មិន​អាច​ទុក​ចិត្ត​លើ​មនុស្ស ណា​ម្នាក់​បាន​ឡើយ ។


ព្រះអង្គ​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នា របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក ទូល‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។


ព្រះ​នៃ​យើង​ទ្រង់​យាង​មក​ហើយ ព្រះអង្គ​មិន​សម្ងំ​នៅ​ស្ងៀម​ឡើយ មាន​ភ្លើង​សន្ធោ‌សន្ធៅ​នៅ​ពី​មុខ​ព្រះអង្គ ហើយ​ជុំ‌វិញ​ព្រះអង្គ មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង។


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​តែងតែ​សង‌សឹក ឱ​ព្រះ​ដែល​តែងតែ​សង‌សឹក សូម​សម្តែង​ឫទ្ធិ‌បារមី!


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ដណ្ដើម​យក​ជ័យ‌ជម្នះ​ពី​បច្ចា‌មិត្ត​របស់​យើង ហើយ​យើង​នឹង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​យើង!


នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖ «ព្រះ‌ជាម្ចាស់​ជា​ព្រះ​នៃ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ហើយ​ព្រះអង្គ​សង្គ្រោះ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​មែន! ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង ដ្បិត​ព្រះអង្គ​សង្គ្រោះ​យើង!»។


ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​យក​ថ្ម​មួយ​ដុំ​មក​ដាក់​ធ្វើ​ជា​គ្រឹះ នៅ​ក្រុង​ស៊ីយ៉ូន ដើម្បី​ល្បង​មើល​អ្នក​រាល់​គ្នា។ ថ្ម​នោះ​ជា​ថ្ម​ដ៏​សំខាន់ និង​មាន​តម្លៃ ហើយ​ជា​គ្រឹះ​ដ៏​មាំ។ អ្នក​ណា​ពឹង​ផ្អែក​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​បាន​រឹង‌ប៉ឹង​មិន​ខាន។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការពារ ក្រុង​យេរូ‌សាឡឹម ដូច​បក្សី​ត្រដាង​ស្លាប​ការពារ​កូន​របស់​វា។ ព្រះអង្គ​ការពារ និង​រំដោះ​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​សង្គ្រោះ​ក្រុង​នេះ មិន​ឲ្យ​វិនាស​អន្តរាយ​ឡើយ។


អស់​អ្នក​ដែល​មិន​សូវ​មាន​ប្រាជ្ញា​វាង‌វៃ បែរ​ជា​ចាប់​ផ្ដើម​យល់ ហើយ​អស់​អ្នក​ដែល​និយាយ​ត្រដិត បែរ​ជា​និយាយ​លឿន និង​ច្បាស់​ទៀត​ផង។


ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​យើង ព្រះអង្គ​ប្រទាន​ច្បាប់​ទម្លាប់​មក​យើង ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​យើង មាន​តែ​ព្រះអង្គ​ទេ​ដែល​សង្គ្រោះ​យើង។


ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់ សង‌សឹក​ខ្មាំង​សត្រូវ ហើយ​នៅ​ឆ្នាំ​នោះ ព្រះអង្គ​ជម្រះ​បញ្ជី​ពួក​គេ ជំនួស​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន។


ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សានហេ‌រីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដឹង​ថា មាន​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌អម្ចាស់!»។


ហើយ​លោក​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ទូល​ព្រះ‌ករុណា​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ីរី​ប្រមាថ​មាក់‌ងាយ​យើង​នោះ​ឡើយ។


ចូរ​លើក​ទឹក​ចិត្ត​អ្នក​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រកាស​ប្រាប់​គេ​ថា ពេល​វេលា​ដែល​ខ្មាំង​បង្ខំ​ឲ្យ​គេ​ធ្វើ​ការ យ៉ាង​ធ្ងន់​នោះ បាន​ចប់​សព្វ​គ្រប់​ហើយ! គេ​រង​ទុក្ខ​ទោស​គ្រប់​គ្រាន់​ហើយ! ព្រះ‌អម្ចាស់​បាន​ដាក់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​គេ​ក៏​បាន​រង​ទុក្ខ​ទោស​នោះ មួយ​ទ្វេ​ជា​ពីរ​ដែរ!»។


ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​អ្នក ព្រះអង្គ​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ព្រះអង្គ​ដែល​ជួយ​អ្នក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង យេស៊ូ‌រូន ​ដែល​យើង​បាន​ស្រោច​ស្រង់​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!


មនុស្ស‌ម្នា​នឹង​ឃើញ​កេរ‌ខ្មាស​របស់​អ្នក គេ​នឹង​ឃើញ​ភាព​អាម៉ាស់​របស់​អ្នក យើង​នឹង​សង‌សឹក​អ្នក យើង​នឹង​ប្រហារ​អ្នក ឥត​មាន​នរណា​ឃាត់​យើង​បាន​ឡើយ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ពិត​មែន​ហើយ អ្វីៗ​ដែល​អ្នក​ចម្បាំង​ដ៏​ជំនាញ រឹប​អូស​យក​ទៅ មុខ​ជា​ត្រូវ​ដណ្ដើម​យក​មក​វិញ​បាន រីឯ​មនុស្ស​ដែល​ជន​កំណាច​ចាប់​យក​ទៅ ក៏​នឹង​ត្រូវ​រំដោះ​រួច​ចេញ​មក​វិញ​ដែរ។ យើង​នឹង​រក​រឿង​បច្ចា‌មិត្ត​ដែល​រក​រឿង​អ្នក ហើយ​យើង​នឹង​សង្គ្រោះ​កូន​ចៅ​របស់​អ្នក។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ តែ​បែរ​ជា​ឥត​អំពើ ខ្ញុំ​ខាត​កម្លាំង​ជា​អសារ‌បង់ ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ។ ប៉ុន្តែ តាម​ពិត ព្រះ‌អម្ចាស់​នៅ​តែ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ព្រះ​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ។


ព្រះអង្គ​ដាក់​ទោស​ម្នាក់ៗ​តាម​អំពើ ដែល​ខ្លួន​ប្រព្រឹត្ត។ ព្រះអង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ និង​បច្ចា‌មិត្ត​យ៉ាង​ខ្លាំង សូម្បី​តែ​ជាតិ​សាសន៍​ដែល​នៅ​ឆ្ងាយៗ ក៏​ព្រះអង្គ​ដាក់​ទោស​ដែរ។


ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​សម្តែង ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ពី​ថ្ងៃ​កំណត់​ដែល​ព្រះ​របស់​យើង ដាក់​ទោស​មនុស្ស​អាក្រក់ ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ


យើង​បាន​គ្រោង​ទុក​ថា នឹង​ដាក់​ទោស​ពួក​គេ​នៅ​ថ្ងៃ​នេះ ឆ្នាំ​កំណត់​ដែល​យើង​ត្រូវ​លោះ ប្រជា‌រាស្ត្រ​របស់​យើង ក៏​បាន​មក​ដល់​ហើយ។


មើល ព្រះ‌អម្ចាស់​កំពុង​តែ​យាង​មក ព្រះអង្គ​យាង​មក​ក្នុង​ភ្លើង រាជ‌រថ​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ខ្យល់​កួច។ ព្រះអង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ ព្រះអង្គ​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោស ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ ព្រមាន​ទុក​ជា​មុន។


ត្រូវ​ប្រាប់​ស្ដេច​ថា សូម​ព្រះ‌ករុណា​កុំ​ខ្វល់​ព្រះ‌ហឫទ័យ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សូម​កុំ​តក់‌ស្លុត នៅ​ចំពោះ​កំហឹង​របស់ ស្ដេច​រេស៊ីន និង​ពួក​ស៊ីរី ព្រម​ទាំង​ស្ដេច​ពេកា​ឲ្យ​សោះ។ ស្ដេច​ទាំង​ពីរ​នេះ​ប្រៀប​បាន​នឹង​កន្ទុយ​អុស ដែល​ហុយ​ផ្សែង ជិត​រលត់។


ពេល​នោះ លោក​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស បាន​ពាល់​ខ្ញុំ​សា​ជា​ថ្មី ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ។


រួច​ហើយ​លោក​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ភ័យ​ខ្លាច​អី ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត! ចូរ​មាន​កម្លាំង​មាំ‌មួន​ឡើង!»។ ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ជម្រាប​លោក​ថា៖ «សូម​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ប្របាទ​ចុះ ព្រោះ​លោក​ម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ប្របាទ​មាន​កម្លាំង​ហើយ»។


ប៉ុន្តែ យើង​អាណិត​អាសូរ​កូន​ចៅ​យូដា។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​នឹង​សង្គ្រោះ​ពួក​គេ​ដោយ​ដៃ​យើង​ផ្ទាល់ គឺ​មិន​មែន​ដោយ​ប្រើ​ធ្នូ ដាវ សង្គ្រាម សេះ​ចម្បាំង ឬ​ដោយ​កង‌ពល​សេះ​ឡើយ»។


និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នឹង​សម្រេច​ជា​រូប​រាង នៅ​គ្រា​ដែល​បាន​កំណត់​ទុក គឺ​នឹង​មាន​ព្រឹត្តិ‌ការណ៍​កើត​ឡើង ស្រប​តាម​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ឥត​ខុស​ត្រង់​ណា​ឡើយ។ ប្រសិន​បើ​ក្រ​មក​ដល់ ចូរ​ទន្ទឹង​រង់‌ចាំ ដ្បិត​ព្រឹត្តិ‌ការណ៍​ពិត​ជា​កើត​មាន ជាក់​ជា​មិន​ខាន។


ឥឡូវ​នេះ សូរ៉ូ‌បាបិល​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ប្រជា‌ជន​ទាំង​មូល​ដែល​នៅ​ក្នុង​ស្រុក​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​នាំ​គ្នា​ធ្វើ​ការ​ទៅ ដ្បិត​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ហើយ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។ រំពេច​នោះ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​យាង​ចូល​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ។ រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ កំពុង​តែ​មក​ហើយ»។


កាល​ណា​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​មាន ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី‌ព្រោះ​ព្រះ‌ជាម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។


មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង​ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ និង​ដោយ‌សារ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។


បងប្អូន​អើយ យើង​សូម​ដាស់‌តឿន​បងប្អូន​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​រស់​គ្មាន​សណ្ដាប់‌ធ្នាប់ ចូរ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ទ្រ‌ទ្រង់​អស់​អ្នក​ទន់​ខ្សោយ និង​មាន​ចិត្ត​អត់‌ធ្មត់ ចំពោះ​មនុស្ស​ទួទៅ​ផង។


ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​ព្រះ‌គុណ​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ។


ព្រះ‌គ្រិស្ត​ក៏​បាន​ថ្វាយ​ព្រះ‌ជន្ម​របស់​ព្រះអង្គ​តែ​មួយ​ដង ធ្វើ​ជា​យញ្ញ‌បូជា ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​យាង​មក​ម្ដង​ទៀត តែ​លើក​នេះ គ្មាន​ទាក់​ទាម​អ្វី​នឹង​បាប​ទេ គឺ​ព្រះអង្គ​យាង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ។


មើល៍! ព្រះអង្គ​យាង​មក​នៅ​កណ្ដាល​ពពក*។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ព្រះអង្គ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​ព្រះអង្គ ក៏​នឹង​ឃើញ​ព្រះអង្គ​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ ព្រោះ​តែ​ព្រះអង្គ។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ែន!។


កុំ​ខ្លាច​ទុក្ខ​លំបាក​ដែល​អ្នក​ត្រូវ​ជួប​ប្រទះ​នោះ​ឡើយ។ តោង​ដឹង​ថា មារ*​នឹង​ចាប់​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​ទៅ​ឃុំ‌ឃាំង ដើម្បី​ល្បង‌ល​មើល​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​រង‌ទុក្ខ​វេទនា​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ នោះ​យើង​នឹង​ប្រគល់​ជីវិត​មក​អ្នក​ទុក​ជា​មកុដ។


ព្រះអង្គ​ដែល​បាន​បញ្ជាក់​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ!»។ អាម៉ែន! ព្រះ‌អម្ចាស់‌យេស៊ូ​អើយ សូម​យាង​មក!​ ។


ដោយ​ពោល​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ព្រះ‌បាទ​សូល ជា​បិតា​ខ្ញុំ មិន​អាច​ធ្វើ​អ្វី​លោក​ប្អូន​ទេ ដ្បិត​លោក​ប្អូន​នឹង​សោយ​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​បន្ទាប់​ពី​លោក​ប្អូន​ប៉ុណ្ណោះ។ ព្រះ‌បាទ​សូល​ជា​បិតា​ខ្ញុំ ក៏​ជ្រាប​ការ​នេះ​ដែរ»។