«គឺយើងនេះហើយ ដែលបានអភិសេកស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
សាការី 8:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់ព្រះអម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘យើងនឹងត្រឡប់មកស៊ីយ៉ូន ហើយស្នាក់នៅកណ្ដាលយេរូសាឡិម នោះយេរូសាឡិមនឹងត្រូវបានហៅថា “ទីក្រុងនៃសេចក្ដីពិត” ហើយភ្នំរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងត្រូវបានហៅថា “ភ្នំដ៏វិសុទ្ធ”’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានវិលមកក្រុងស៊ីយ៉ូន ហើយអាស្រ័យនៅកណ្ដាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញបានវិលមកឯក្រុងស៊ីយ៉ូន ហើយក៏នឹងអាស្រ័យនៅកណ្តាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា: យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។ |
«គឺយើងនេះហើយ ដែលបានអភិសេកស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ដែលត្រូវតែលើកតម្កើងឲ្យខ្ពង់ខ្ពស់បំផុត នៅក្នុងបុរីព្រះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។
ហេតុដូចម្ដេចបានជាបុរីដ៏ស្មោះត្រង់ បែរជាខូច អស់បែបនេះ? ពីមុន នៅក្នុងទីក្រុង មានពេញដោយយុត្តិធម៌ សេចក្ដីសុចរិតក៏ស្ថិតនៅក្នុងទីក្រុងនេះដែរ។ ប៉ុន្តែ ឥឡូវនេះ អ្នកគ្រប់គ្រង សុទ្ធតែជាឃាតក!
យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នក បានដូចចៅក្រមនៅជំនាន់ដើម ហើយធ្វើឲ្យទីប្រឹក្សារបស់អ្នក បានដូចទីប្រឹក្សានៅជំនាន់មុនដែរ។ ពេលនោះ គេនឹងហៅអ្នកថា “ក្រុងដ៏សុចរិត” “បុរីដ៏ស្មោះត្រង់”។
ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅក្នុងស្រុកក៏មានសុទ្ធតែមនុស្សដែលស្គាល់ ព្រះអម្ចាស់យ៉ាងនោះដែរ។
អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម!
ពេលនោះ អ្នកនៅតាមវាលរហោស្ថាន នឹងរស់នៅដោយយុត្តិធម៌ ហើយអ្នកនៅតាមចម្ការ ក៏នឹងរស់នៅដោយសុចរិតដែរ។
កូនចៅរបស់ពួកដែលបានសង្កត់សង្កិនអ្នក នឹងនាំគ្នាមកឱនកាយនៅចំពោះមុខអ្នក ពួកដែលបានជេរប្រមាថអ្នក នឹងនាំគ្នាមកក្រាបនៅទៀបជើងអ្នក គេនឹងហៅអ្នកថា “ក្រុងរបស់ព្រះអម្ចាស់” “ក្រុងស៊ីយ៉ូនរបស់ព្រះដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រាអែល”។
ពេលនោះ ចចក និងកូនចៀម នឹងស៊ីស្មៅជាមួយគ្នា សត្វសិង្ហនឹងស៊ីស្មៅដូចគោ។ រីឯសត្វពស់ វានឹងស៊ីធូលីដីជាអាហារ។ គេនឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នា នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកថ្វាយព្រះអម្ចាស់។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រាអែលធ្លាប់យកតង្វាយ ដាក់លើជើងពានដ៏បរិសុទ្ធមកថ្វាយ នៅក្នុងព្រះដំណាក់ដែរ។
នៅស្រុកអ៊ីស្រាអែល ខ្ញុំ និងកូនដែលព្រះអម្ចាស់ប្រទានឲ្យខ្ញុំ រួមគ្នាធ្វើជាទីសម្គាល់ និងជាប្រផ្នូល មកពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅលើភ្នំស៊ីយ៉ូន។
ហេតុអ្វីបានជាព្រះអង្គធ្វើហាក់ដូចជា មនុស្សគ្មានកម្លាំងកំហែង ឬដូចវីរបុរសដែលពុំអាចជួយសង្គ្រោះ អ្នកដទៃទៀតដូច្នេះ? ឱព្រះអម្ចាស់អើយ ព្រះអង្គគង់នៅ កណ្ដាលចំណោមយើងខ្ញុំស្រាប់ហើយ យើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ សូមកុំបោះបង់ចោលយើងខ្ញុំឡើយ។
«នៅរជ្ជកាលព្រះបាទហេសេគា ជាស្ដេចស្រុកយូដា លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត បានថ្លែងព្រះបន្ទូលប្រាប់ប្រជាជនយូដាទាំងអស់ដូចតទៅ: ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា គេនឹងភ្ជួររាស់ក្រុងស៊ីយ៉ូនដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក ភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។
ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «នៅពេលដែលយើងស្ដារស្រុកទេសឡើងវិញ ប្រជាជនក្នុងស្រុកយូដា និងក្នុងក្រុងទាំងឡាយនឹងពោលថា: “អ្នកជាព្រះដំណាក់ដ៏សុចរិត និងជាភ្នំដ៏វិសុទ្ធ សូមព្រះអម្ចាស់ប្រទានពរអ្នក!”
នៅគ្រានោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ក្រុងយេរូសាឡឹមនឹងមានសន្តិសុខ។ គេនឹងដាក់ឈ្មោះក្រុងនោះថា “ព្រះអម្ចាស់ជាសេចក្ដីសុចរិតរបស់យើង”»។
ប្រវែងជុំវិញមានទាំងអស់មួយម៉ឺនប្រាំបីពាន់ហត្ថ។ ចាប់ពីថ្ងៃនេះតទៅ ទីក្រុងនឹងមានឈ្មោះថា «ព្រះអម្ចាស់គង់នៅទីនេះ»។
ឱព្រះអម្ចាស់អើយ អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែសុចរិតទាំងអស់ ហេតុនេះ សូមបំបែរព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ចេញពីក្រុងយេរូសាឡឹម និងចេញពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គទៅ ដ្បិតសាសន៍ទាំងឡាយដែលនៅជុំវិញយើងខ្ញុំ នាំគ្នាមាក់ងាយក្រុងយេរូសាឡឹម និងប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះតែអំពើបាបរបស់យើងខ្ញុំ និងកំហុសរបស់បុព្វបុរសយើងខ្ញុំ។
«ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងស្ថិតនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន ក្រុងនេះទៀត។
យើងនឹងចាត់ទុកប្រជាជននេះ ថាគ្មានទោសទៀតឡើយ។ យើងជាព្រះអម្ចាស់ នឹងគង់នៅក្រុងស៊ីយ៉ូន»។
ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើកភ្នំ ដែលមានព្រះដំណាក់របស់ព្រះអង្គ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។
ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ លែងប្រព្រឹត្តបទល្មើស លែងនិយាយកុហក និងលែងនិយាយបោកបញ្ឆោតទៀតហើយ ពួកគេរស់នៅយ៉ាងសុខសាន្ត គ្មាននរណាមកបំភ័យពួកគេទៀតឡើយ»។
ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកម្ទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។
ទឹកដីទាំងមូល គឺចាប់ពីកេបារហូតដល់រីម៉ូន ដែលនៅខាងត្បូងក្រុងយេរូសាឡឹម នឹងទៅជាវាលទំនាប។ គេនឹងសង់ក្រុងយេរូសាឡឹមឡើងវិញ នៅលើកន្លែងដដែល គឺចាប់តាំងពីទ្វារបេនយ៉ាមីន រហូតដល់កន្លែងដែលមានទ្វារកាលពីមុន និងរហូតដល់ទ្វារមុម ហើយចាប់តាំងពីប៉មហាណានាល រហូតដល់កន្លែងជាន់ផ្លែទំពាំងបាយជូរ របស់ហ្លួង។
ចូរនាំគ្នាប្រតិបត្តិតាមសេចក្ដីទាំងនេះ ចូរនិយាយការពិតចំពោះគ្នាទៅវិញទៅមក។ នៅពេលកាត់ក្ដីត្រូវវិនិច្ឆ័យតាមសេចក្ដីពិត ហើយសម្រុះសម្រួលគ្នាតាមយុត្តិធម៌។
«ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: ពិធីតមអាហារនៅខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់ នឹងប្រែទៅជាពិធីបុណ្យដ៏សប្បាយរីករាយសម្រាប់កូនចៅយូដា គឺជាឱកាសមួយប្រកបដោយអំណរដ៏មហោឡារិក។ ក៏ប៉ុន្តែ អ្នករាល់គ្នាត្រូវស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។
ព្រះបន្ទូលបានកើតមកជាមនុស្ស ហើយគង់នៅ ក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត។
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និងខ្ញុំ ក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។
តើព្រះវិហារ*របស់ព្រះជាម្ចាស់ និងព្រះក្លែងក្លាយចូលគ្នាចុះឬទេ? យើងទាំងអស់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដូចព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងស្ថិតនៅជាមួយពួកគេ ព្រមទាំងរស់នៅជាមួយពួកគេដែរ។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ដ្រ របស់យើង» ។
ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ត។
ទេវតានោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់។
គ្មានអ្វីមួយមិនបរិសុទ្ធអាចចូលមកក្នុងក្រុងនោះឡើយ ហើយអ្នកប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬអ្នកកុហក ក៏ពុំអាចចូលដែរ គឺមានតែអ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងនៃបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបអាចចូលបាន។
ខ្ញុំឮសំឡេងបន្លឺយ៉ាងខ្លាំងៗចេញពីបល្ល័ង្កមកថា៖ «មើលហ្ន៎ ព្រះពន្លា របស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោកហើយ! ព្រះអង្គនឹងស្ថិតនៅក្នុងចំណោមពួកគេ ពួកគេនឹងទៅជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងគង់ជាមួយពួកគេ។