ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 12:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាគ​ធំ​នោះ​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក គឺ​នាគ​ធំ​ហ្នឹង​ឯង​ជា​ពស់​ពី​បុរាណ ឈ្មោះ​មារ* ឬ​សាតាំង ដែល​បាន​នាំ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​ឲ្យ​វង្វេង។ វា​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​វា​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ជា​មួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ នាគ​ដ៏ធំ​នោះ​ក៏​ត្រូវបាន​ទម្លាក់ចុះ​។ វា​ជា​ពស់​ពីបុរាណ​ដែល​ហៅថា​មារ​ផង សាតាំង​ផង ជា​អ្នក​ដែល​បោកបញ្ឆោត​ពិភពលោក​ទាំងមូល​។ វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​របស់​វា​ក៏​ត្រូវបាន​ទម្លាក់ចុះ​ជាមួយ​វា​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

នោះ​នាគ​ដ៏​ធំ​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ហៅ​ថា​មេ​អារក្ស​ផង​ និង​សាតាំង​ផង​ ជា​អ្នក​ដែល​នាំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​វង្វេង​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ជាមួយ​វា​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាគ​ធំ​នោះ​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក គឺ​ពស់​ពី​បុរាណ ដែល​ហៅ​ថា​អារក្ស និង​សាតាំង ជា​មេ​បោក​បញ្ឆោត​ពិភព​លោក​ទាំង​មូល វា​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ជា​មួយ​វា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​នាគ​ធំ​ត្រូវ​បោះ​ទំលាក់​ទៅ គឺ​ជា​ពស់​ពី​បុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ ព្រម​ទាំង​ពួក​ទេវតា​របស់​វា​ផង។

សូមមើលជំពូក

អាល់គីតាប

នាគ​ធំ​នោះ ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក គឺ​នាគ​ធំ​ហ្នឹង​ឯង ជា​ពស់​ពី​បុរាណ​ឈ្មោះ​អ៊ីព្លេស ឬ​ហ្សៃតន​ដែល​បាន​នាំ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​ឲ្យ​វង្វេង។ វា​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​វា​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ជា​មួយ​ដែរ។

សូមមើលជំពូក



វិវរណៈ 12:9
68 ការដាក់ឲ្យឆ្លើយតបគ្នា  

ពស់​ជា​សត្វ​មួយ​មាន​កល‌ល្បិច​ជាង​គេ ក្នុង​ចំណោម​សត្វ​ព្រៃ​ទាំង​អស់​ដែល​ព្រះ‌ជា‌អម្ចាស់​បង្កើត​មក។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះ‌ជាម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​ពីរ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សួន​ឧទ្យាន​មែន​ឬ?»។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្ដេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។


មារ*​សាតាំង​បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ជំរុញ​ព្រះ‌បាទ​ដាវីឌ​ឲ្យ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល។


វិញ្ញាណ​នោះ​ទូល​ថា “ទូលបង្គំ​នឹង​បណ្ដាល​ចិត្ត​ព្យាការី​ទាំង​អស់​របស់​ស្ដេច ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ​សម្រាប់​ល្បួង​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។


សូម​ដាក់​មនុស្ស​កំណាច​ម្នាក់​ឲ្យ​ត្រួត ពី​លើ​អ្នក​នោះ ហើយ​ម្នាក់​ទៀត​ឈរ​នៅ​ខាង​ស្ដាំ ដើម្បី​ចោទ​ប្រកាន់ ។


ឱ​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​អើយ ម្ដេច​ក៏​អ្នក​ធ្លាក់​ពី​លើ​មេឃ​មក​ដូច្នេះ? អ្នក​ធ្លាប់​បង្ក្រាប​ប្រជា‌ជាតិ​ទាំង‌ឡាយ ម្ដេច​អ្នក​ដួល​ដល់​ដី​យ៉ាង​នេះ?


នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ប្រើ​ព្រះ‌ខ័ន​ដ៏​ធំ ហើយ​មុត និង​ប្រកប​ដោយ​មហិទ្ធិ‌ឫទ្ធិ ដើម្បី​ដាក់​ទោស​អារក្ស​ទឹក គឺ​ពស់​ដ៏​កំសាក ហើយ​មាន​កល‌ល្បិច ព្រះអង្គ​នឹង​សម្លាប់​សត្វ​នាគ​ដ៏​សម្បើម​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ។


ពេល​នោះ ចចក និង​កូន​ចៀម នឹង​ស៊ី​ស្មៅ​ជា​មួយ​គ្នា សត្វ​សិង្ហ​នឹង​ស៊ី​ស្មៅ​ដូច​គោ។ រីឯ​សត្វ​ពស់ វា​នឹង​ស៊ី​ធូលី​ដី​ជា​អាហារ។ គេ​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ការ​រីក​ចម្រើន​នៃ​ជំនួញ​របស់​អ្នក នាំ​ឲ្យ​អ្នក​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ និង​អំពើ​បាប។ ហេតុ​នេះ យើង​ដេញ​អ្នក​ចុះ​ពី​ភ្នំ​របស់​យើង ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​សាមញ្ញ។ ចេរូប៊ីន​ដែល​ជា​អ្នក​ការពារ​អើយ យើង​ដេញ​អ្នក​ចេញ​ពី​ចំណោម​ថ្ម​ដ៏​ភ្លឺ​ផ្លេក។


សត្រូវ​ដែល​សាប​ព្រោះ​ស្រងែ​គឺ​មារ រដូវ​ចម្រូត​គឺ​អវសាន‌កាល​នៃ​ពិភព​លោក ហើយ​អ្នក​ច្រូត​គឺ​ទេវតា*។


ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះ‌គ្រិស្ត ព្រម​ទាំង​មាន​ព្យាការី*​ក្លែង‌ក្លាយ​នាំ​គ្នា​សម្តែង​ទី​សម្គាល់​ធំ​អស្ចារ្យ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស រហូត​ដល់​ទៅ​នាំ​ពួក​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។


បន្ទាប់​មក ព្រះអង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ឆ្វេង​ថា: “ពួក​ត្រូវ​បណ្ដា‌សា​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ជា​ភ្លើង​បម្រុង​ទុក​សម្រាប់​ផ្ដន្ទា‌ទោស​មារ*​សាតាំង និង​បរិវារ​របស់​វា​នោះ​ទៅ!


ពេល​នោះ ព្រះ‌វិញ្ញាណ​នាំ​ព្រះ‌យេស៊ូ​ទៅ​វាល​រហោ‌ស្ថាន​ឲ្យ​មារ*​សាតាំង​ល្បួង


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មារ​ថា៖ «សាតាំង​អើយ! ចូរ​ថយ​ចេញ​ទៅ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះអង្គ​ប៉ុណ្ណោះ”»។


ពេល​នោះ មារ​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដ៏វិសុទ្ធ* ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះ‌វិហារ*


មារ​ក៏​នាំ​ព្រះអង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំង​ឲ្យ​ព្រះអង្គ​ឃើញ​ភោគ​ទ្រព្យ​របស់​នគរ​ទាំង​នោះ​ផង។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ឃើញ​មារ​សាតាំង*​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក ដូច​ផ្លេក​បន្ទោរ។


ឯ​ស្ត្រី​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ មារ​សាតាំង​បាន​ចង​នាង​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?»។


ពេល​នោះ មារ‌សាតាំង​បាន​ចូល​យូដាស ហៅ​អ៊ីស្កា‌រីយ៉ុត ជា​សិស្ស​ម្នាក់​ក្នុង​ក្រុម​ទាំង​ដប់‌ពីរ​រូប។


«ស៊ីម៉ូន! ស៊ីម៉ូន​អើយ! មារ​សាតាំង*​បាន​ទាម‌ទារ​សុំ​រែង​អ្នក​រាល់​គ្នា ដូច​គេ​រែង​អង្ករ។


មនុស្ស​ខ្លះ​ប្រៀប​បី​ដូច​ជា​ផ្លូវ​ដែល​គ្រាប់​ពូជ​ធ្លាក់ គេ​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​មារ​សាតាំង*​មក​ឆក់​យក​ពី​ចិត្ត​គេ ដើម្បី​កុំ​ឲ្យ​គេ​ជឿ និង​កុំ​ឲ្យ​គេ​រួច​ជីវិត។


ឥឡូវ​នេះ ដល់​ពេល​កាត់​ទោស​មនុស្ស​លោក​ហើយ ហើយ​ចៅហ្វាយ​របស់​មនុស្ស​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្រៅ។


ខ្ញុំ​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​មិន​បាន​ច្រើន​ទៀត​ទេ ព្រោះ​ចៅហ្វាយ​របស់​លោកីយ៍​កំពុង​តែ​មក វា​គ្មាន​អំណាច​អ្វី​លើ​ខ្ញុំ​សោះ។


អំពី​ការ​កាត់​ទោស ព្រោះ​ចៅហ្វាយ​របស់​មនុស្ស​លោក​នេះ​បាន​ទទួល​ទោស​រួច​ហើយ។


អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​មារ​សា‌តាំង* ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​ចំណង់​ចិត្ត​ឪពុក​អ្នក​រាល់​គ្នា។ តាំង​ពី​ដើម​រៀង​មក វា​បាន​សម្លាប់​មនុស្ស ហើយ​មិន​កាន់​តាម​សេចក្ដី​ពិត​ទេ ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​ខ្លួន​វា​សោះ។ ពេល​វា​និយាយ​កុហក នោះ​វា​និយាយ​ចេញ​ពី​គំនិត​វា​ផ្ទាល់ ព្រោះ​វា​ជា​មេ​កុហក ហើយ​ជា​ឪពុក​នៃ​អ្នក​កុហក។


ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​មារ*​សាតាំង បែរ​មក​រក​ព្រះ‌ជាម្ចាស់​វិញ ព្រម​ទាំង​ទទួល​ការ​អត់‌ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​វិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។


លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អាណា‌ណាស​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​មារ*​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក រហូត​ដល់​ទៅ​កុហក​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ទុក​ប្រាក់​ដែល​លក់​ដី​បាន​នោះ​មួយ​ចំណែក​ដូច្នេះ?


ដ្បិត​មនុស្ស​ប្រភេទ​នេះ​មិន​បម្រើ​ព្រះ‌គ្រិស្ត‌ជា‌អម្ចាស់​នៃ​យើង​ទេ គឺ​គេ​បម្រើ​ក្រពះ​របស់​គេ​វិញ ហើយ​បញ្ឆោត​អ្នក​ដែល​មាន​ចិត្ត​ស្លូត​ត្រង់ ដោយ​ប្រើ​ពាក្យ​សម្ដី​ពីរោះៗ និង​ពាក្យ​បញ្ចើច‌បញ្ចើ។


ព្រះ‌ជា‌ម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត នឹង​កម្ទេច​មារ*​សាតាំង​ឲ្យ​នៅ​ក្រោម​បាត​ជើង​របស់​បងប្អូន ក្នុង​ពេល​ឆាប់ៗ។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង។


ត្រង់​នេះ សូម​កុំ​ឆ្ងល់​អ្វី​ឡើយ សូម្បី​តែ​មារ*​សាតាំង​ផ្ទាល់​ក៏​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។


ប៉ុន្តែ ខ្ញុំ​ក៏​បារម្ភ​ថា ពស់​បាន​ល្បួង​នាង​អេវ៉ា ដោយ​កល‌ល្បិច​របស់​វា​យ៉ាង​ណា ចិត្ត​គំនិត​របស់​បងប្អូន​បែរ​ទៅ​ជា​សៅ‌ហ្មង លះ‌បង់​ចិត្ត​ស្មោះ‌សរ និង​ចិត្ត​បរិសុទ្ធ* ចំពោះ​ព្រះ‌គ្រិស្ត​យ៉ាង​នោះ​ដែរ


ព្រះ‌ជាម្ចាស់​បាន​ដាក់​បន្លា​មួយ​ក្នុង​រូប​កាយ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន ព្រោះ​តែ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​បំផុត​ដែល​ព្រះអង្គ​បាន​សម្តែង​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​មាន​តំណាង​របស់​មារ*​សាតាំង​មក​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ឡើយ។


ដើម្បី​កុំ​ឲ្យ​យើង​ចាញ់​បោក​មារ*​សា‌តាំង ដ្បិត​យើង​ស្គាល់​គម្រោង‌ការ​របស់​វា​ស្រាប់​ហើយ។


ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុងរឿង​នៃ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត ជា​តំណាង របស់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។


ដូច្នេះ យើង​មិន​មែន​ជា​កូន​ក្មេង​ដែល​រេរា ត្រូវ​ខ្យល់​នៃ​គោល‌លទ្ធិ​នានា​ផាត់​ចុះ​ផាត់​ឡើង​នោះ​ទៀត​ឡើយ ហើយ​ក៏​លែង​ចាញ់​បោក ឬ​ចាញ់​កល‌ល្បិច​មនុស្ស​ដែល​ពូកែ​នាំ​ឲ្យ​វង្វេង​នោះ​ទៀត​ដែរ។


កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​បងប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​ព្រះ‌អម្ចាស់​យាង​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះ‌បង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។


មិន​មែន​លោក​អដាំ​ទេ​ដែល​ចាញ់​បោក គឺ​នាង​អេវ៉ា​វិញ​ទេ​តើ​ដែល​ចាញ់​បោក ទាំង​រំលោភ​លើ​បញ្ញត្តិ​របស់​ព្រះ‌ជាម្ចាស់​ទៀត​ផង។


រីឯ​មនុស្ស​អាក្រក់ និង​អ្នក​បោក​ប្រាស់​វិញ គេ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ ទាំង​នាំ​អ្នក​ផ្សេង​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។


ដោយ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​ជា​មួយ​គ្នា ព្រះអង្គ​ក៏​បាន​យក​ឋានៈ​ជា​មនុស្ស​រួម​ជា​មួយ​គេ​ដែរ ហើយ​ព្រះអង្គ​សោយ​ទិវង្គត ដើម្បី​កម្ទេច​មារ*​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់


ត្រូវ​ភ្ញាក់​ខ្លួន ហើយ​ប្រុង​ស្មារតី​ជានិច្ច! ដ្បិត​មារ*​ជា​សត្រូវ​នឹង​បងប្អូន កំពុង​តែ​ក្រវែល​ជុំ‌វិញ​បងប្អូន ដូច​សិង្ហ​ក្រវែល ទាំង​គ្រហឹម រក​ត្របាក់​ស៊ី​អ្នក​ណា​ម្នាក់។


យើង​ដឹង​ថា យើង​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ រីឯ​មនុស្ស​លោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មារ​កំណាច។


នៅ​ពេល​មហា​ទេវតា​មីកែល​ប្រកែក​ជា​មួយ​នឹង​មារ* តវ៉ា​អំពី​សព​របស់​លោក​ម៉ូសេ​នោះ លោក​ក៏​ពុំ​ហ៊ាន​ដាក់​ទោស​វា​ដោយ​ជេរ​ប្រមាថ​ឡើយ គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង!» ។


ហេតុ​នេះ ស្ថាន​បរម‌សុខ* និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! រីឯ​ផែនដី និង​សមុទ្រ​វិញ អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន! ដ្បិត​មារ*​បាន​ចុះ​ទៅ​រក​អ្នក​រាល់​គ្នា ទាំង​មាន​កំរោល​ចូល​យ៉ាង​ខ្លាំង​ផង ព្រោះ​វា​ដឹង​ថា វា​នៅ​សល់​ពេល​តែ​បន្តិច​ប៉ុណ្ណោះ»។


មាន​ទី​សម្គាល់​មួយ​ទៀត​លេច​ចេញ​មក​នៅ​លើ​មេឃ​ដែរ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ​ដូច​ភ្លើង។ នាគ​នោះ​មាន​ក្បាល​ប្រាំ‌ពីរ និង​មាន​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ‌ពីរ​របស់​វា​មាន​មកុដ​ប្រាំ‌ពីរ​ដែរ។


ពេល​នោះ ក៏​មាន​ចម្បាំង​ផ្ទុះ​ឡើង នៅ​លើ​មេឃ គឺ​មហា​ទេវតា​មីកែល និង​ពួក​ទេវតា​របស់​លោក​នាំ​គ្នា​ច្បាំង​នឹង​នាគ ហើយ​នាគ​រួម​ជា​មួយ​ពួក​បរិវារ​វា​ក៏​ច្បាំង​តទល់​វិញ​ដែរ


ក៏​ប៉ុន្តែ វា​ច្បាំង​មិន​ឈ្នះ ហើយ​រក​កន្លែង​ស្នាក់​នៅ​លើ​មេឃ​មិន​បាន​ទៀត​ឡើយ។


វា​បាន​នាំ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​នេះ​ឲ្យ​វង្វេង ដោយ​ធ្វើ​ទី​សម្គាល់​ផ្សេងៗ​នៅ​មុខ​សត្វ​ទី​មួយ តាម​អំណាច​ដែល​វា​បាន​ទទួល។ វា​ប្រាប់​មនុស្ស​រស់​នៅ​លើ​ផែនដី​ឲ្យ​ឆ្លាក់​រូប​សត្វ ដែល​ត្រូវ​របួស​នឹង​មុខ​ដាវ ហើយ​បាន​រួច​ជីវិត​នោះ។


គឺ​ជា​វិញ្ញាណ​របស់​ពួក​អារក្ស។ វា​សម្តែង​ទី​សម្គាល់​ផ្សេងៗ និង​ចេញ​ទៅ​ប្រមូល​ស្ដេច​នៅ​លើ​ផែនដី​ទាំង​មូល​ឲ្យ​ធ្វើ​សឹក​សង្គ្រាម នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់


លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «រលំ​ហើយ! មហា​នគរ​បាប៊ី‌ឡូន​បាន​រលំ​ហើយ!។ ក្រុង​នេះ​បាន​ក្លាយ​ទៅ​ជា​លំ‌នៅ​របស់​ពួក​អារក្ស ជា​ជម្រក​របស់​វិញ្ញាណ​អាក្រក់​ទាំង​អស់ ហើយ​ក៏​ជា​ជម្រក​របស់​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ដែល​មិន​បរិសុទ្ធ គួរ​ឲ្យ​ខ្ពើម


ក្នុង​ឯង​លែង​មាន​ពន្លឺ​ចង្កៀង​ទៀត សំឡេង​គូ​ស្វាមី‌ភរិយា​ថ្មោង​ថ្មី​ក៏​លែង​ឮ​ទៀត​ដែរ ដ្បិត​ពួក​ឈ្មួញ​ដែល​រក​ស៊ី​ក្នុង​ឯង សុទ្ធ​តែ​ជា​អ្នក​ធំ​ជាង​គេ​នៅ​លើ​ផែនដី​នេះ វិជ្ជា​ធ្មប់​របស់​ឯង​បាន​នាំ​ជាតិ​សាសន៍​ទាំង​អស់​ឲ្យ​វង្វេង


សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ព្យាការី​ក្លែង‌ក្លាយ​ដែល​បាន​សម្តែង​ទី​សម្គាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ព្យាការី​ក្លែង‌ក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សម្គាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​ឲ្យ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែង‌ក្លាយ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។


“យើង​ស្គាល់​កន្លែង​អ្នក​រស់​នៅ​ហើយ គឺ​អ្នក​ស្ថិត​នៅ​ត្រង់​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​មារ*​សាតាំង។ អ្នក​នៅ​តែ​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​នឹង​យើង​ជានិច្ច​ សូម្បី​តែ​នៅ​គ្រា​ដែល​គេ​សម្លាប់​អាន់ទី‌ប៉ាស ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់​របស់​យើង ក៏​អ្នក​ពុំ​បាន​លះ‌បង់​ចោល​ជំនឿ​របស់​អ្នក​ចំពោះ​យើង​ដែរ។ គេ​បាន​សម្លាប់​គាត់​ក្នុង​ក្រុង​របស់​អ្នក​រាល់​គ្នា គឺ​នៅ​កន្លែង​ដែល​មារ​សាតាំង​នៅ។


ចំពោះ​អ្នក​មួយ​ចំនួន​ទៀត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​ក្រុង​ធាទេ‌រ៉ា ដែល​ពុំ​បាន​ជំពាក់​ចិត្ត​នឹង​លទ្ធិ​នោះ ហើយ​ក៏​ពុំ​បាន​ស្គាល់ “សេចក្ដី​ជ្រៅ​ជ្រះ​របស់​មារ​សាតាំង” ដូច​ពាក្យ​គេ​និយាយ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​លើ​អ្នក​រាល់​គ្នា​ទៀត​ទេ


“យើង​ស្គាល់​ទុក្ខ​វេទនា​របស់​អ្នក​ហើយ និង​ដឹង​ថា​អ្នក​កម្សត់​ទុគ៌ត តែ​តាម​ពិត អ្នក​ជា​អ្នក​មាន។ យើង​ក៏​ដឹង​ទៀត​ថា អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សាសន៍​យូដា បាន​ប្រមាថ​មាក់​ងាយ​អ្នក តែ​អ្នក​ទាំង​នោះ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​ជា​ទី​ប្រជុំ​របស់​មារ*​សាតាំង។


រីឯ​មារ​ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​នោះ​ឲ្យ​វង្វេង ក៏​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​មាន​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែង‌ក្លាយ​នៅ​ក្នុង​នោះ​ស្រាប់។ គេ​នឹង​រង‌ទុក្ខ​វេទនា​ទាំង​ថ្ងៃ ទាំង​យប់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


ហើយ​វា​ចេញ​ទៅ​បញ្ឆោត​ជាតិ​សាសន៍​នានា នៅ​ទិស​ទាំង​បួន​ឲ្យ​វង្វេង គឺ​វា​នាំ​ទាំង​សាសន៍​កុក ទាំង​សាសន៍​ម៉ាកុក​ ឲ្យ​វង្វេង​ដែរ ដើម្បី​ប្រមូល​គេ​មក​ធ្វើ​សឹក​សង្គ្រាម។ ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។


យើង​នឹង​ប្រគល់​អ្នក​ខ្លះ​ពី​សាលា​ប្រជុំ​របស់​មារ*​សាតាំង​មក​ឲ្យ​អ្នក។ ពួក​គេ​ថា​ខ្លួន​ជា​សាសន៍​យូដា តាម​ពិត គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​អ្នក​ទាំង​នោះ​មក​ក្រាប​នៅ​ទៀប​ជើង​អ្នក ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ស្រឡាញ់​អ្នក​មែន។


ទេវតា*​ទី​ប្រាំ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី ផ្កាយ​នោះ​ទទួល​កូន​សោ​រណ្ដៅ​នរក​អវិចី


រីឯ​មនុស្ស​ឯ​ទៀតៗ ដែល​មិន​បាន​ស្លាប់​ដោយ​គ្រោះ​កាច​ទាំង​នោះ ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឈប់​ប្រព្រឹត្ត​អំពើ​របស់​ខ្លួន​ទេ គឺ​គេ​ពុំ​ព្រម​ឈប់​ថ្វាយ‌បង្គំ​អារក្ស ថ្វាយ‌បង្គំ​រូប​សំណាក​របស់​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ពី​លង្ហិន ពី​ថ្ម និង​ធ្វើ​ពី​ឈើ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​ក៏​មិន​ចេះ​ដើរ​នោះ​ឡើយ។